Royal Academy of Cambodia
ស្របពេលដែលពិភពលោកទាំងមូលកំពុងតែមានការប្រុងប្រយ័ត្ន និងភ័យខ្លាចចំពោះការឆ្លងវីរុសកូរ៉ូណានោះ ប្រទេសវៀតណាម ដែលជាប្រទេសជិតខាងកម្ពុជាបានប្រើឱកាសនៃការភ័យខ្លាចរបស់ពិភពលោកនេះ ដើម្បីពង្រឹងទំនាក់ទំនងការទូតរបស់ខ្លួនជាមួយប្រទេសផ្សេងទៀតក្នុងពិភពលោក ដែលមានដូចជាសហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប និងបណ្តាប្រទេសផ្សេងទៀតក្នុងសហគមអាស៊ាន ដោយរាប់ទាំងប្រទេសកម្ពុជា និងប្រទេសឡាវផងដែរ។
ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហោះសាររបស់លោកនៅតាមបណ្តាញសង្គម Twitter ដើម្បីថ្លែងអំណរគុណដល់ប្រទេសវៀតណាមដែលបានផ្តល់ជូនម៉ាស់ចំនួន ៤៥០,០០០។
យោងទៅតាមការចេញផ្សាយរបស់ការសែត The New York Times កាលពីថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២០ នេះ កន្លងមកប្រទេសវៀតណាមបានផ្តល់ម៉ាស់ជូនប្រទេសកម្ពុជាចំនួន ៣៩០, ០០០ ជូនប្រទេសឡាវចំនួន ៣៤០,០០០ ហើយបានជូនទៅប្រទេសមួយចំនួនក្នុងសហភាពអឺរ៉ុប ដែលមានដូចជា ប្រទេសបារាំង អាល្លឺមង៉ អ៊ីតាលី អេស្ប៉ាញ និងចក្រភពអង់គ្លេស ចំនួន ៥៥០,០០០។
កន្លងមក គេបានដឹងថា ប្រទេសចិន ដែលជាប្រទេសមួយ ដែលវីរុសកូរ៉ូណាកើតមានដំបូងគេនោះ បានដើរតួរជាអ្នកសង្គ្រោះពិភពលោកផ្តាច់មុខ តាមរយៈការបញ្ជូនអ្នកជំនាញចិន និងថ្នាំពេទ្យ ព្រមទាំងម៉ាស់ការពារជាច្រើនទៅកាន់បណ្តាប្រទេសក្នុងពិភពលោក ដែលកំពុងតែមានការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា។
ប្រទេសចិន គឺជាប្រទេសមួយដែលជាជនរងគ្រោះផង និងជាអ្នកជួយប្រទេសផ្សេងទៀតផង។ ពិភពលោកទាំងមូល រួមទាំងប្រទេសកម្ពុជាផងបានទទួលថ្នាំពេទ្យ និងអ្នកជំនាញចិនដែលបានមកជួយបណ្តុះបណ្តាល គ្រូពេទ្យកម្ពុជាឱ្យមានជំនាញកាន់តែខ្លាំងក្នុងប្រយុទ្ធប្រឆាំងជាមួយវីរុសដ៏កាចសាហាវនេះ។
បើទោះបីជាយ៉ាងណាក៏ដោយ នៅពេលនេះ គេសង្កេតឃើញថា មិនមែនមានតែប្រទេសចិននោះទេ ដែលជាអ្នកបានកំពុងតែផ្តល់ជំនួយទៅកាន់ប្រទេសផ្សេង ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណានេះ គឺមានប្រទេសវៀតណាមមួយទៀត ដែលជាអ្នកជិតខាងមិនសូវល្អជាមួយប្រទេសចិន ដែលបានកំពុងតែចែករំលែកធនធានរបស់ខ្លួនទៅកាន់បណ្តាប្រទេសដែលកំពុងតែត្រូវការជំនួយ។
នៅក្នុងវិស័យការទូត ឬនៅក្នុងជីវភាពនៃការរស់នៅប្រចាំថ្ងៃ អ្នកឱ្យ ឬអ្នកផ្តល់ជំនួយតែងតែបានទទួលការស្វាគមន៍ ការស្រលាញ់ និងការរាក់ទាក់ជាងអ្នកទទួលអំណោយ ឬអ្នកទទួលជំនួយ។ អ្វីដែលប្រទេសវៀតណាមកំពុងតែធ្វើនៅពេលនេះ គឺជារឿងមួយល្អណាស់ និងសំខាន់ណាស់ សម្រាប់វិស័យការទូត និង វិស័យជំនួញរបស់ខ្លួននៅថ្ងៃអនាគត។ ប្រទេសវៀតណាម គឺជាប្រទេសមួយដែលមានភាពឆ្លាតវៃក្នុងការប្រើប្រាស់គោលនយោបាយការទេស និងគោលនយោបាយការទូត ដោយប្រទេសនេះអាចរក្សាតុល្យភាពនៃទំនាក់ទំនងរបស់ខ្លួនជាមួយគ្រប់បណ្តាប្រទេសទាំងអស់ក្នុងពិភពលោក ហើយទំនិញរបស់វៀតណាមក៏ត្រូវបានលក់នៅគ្រប់ទីផ្សារសំខាន់ៗរបស់ពិភពលោកផងដែរ។
(បណ្ឌិត ស៊ឺន សម មន្ត្រីកិច្ចការសាធារណៈនៃរាជបណ្ឌិត្យសភាកម្ពុជា)
RAC Media
អ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក បានចាប់ផ្តើមមានទំនាក់ទំនងនឹងគ្នានៅឆ្នាំ១៩៥៣ តែទំនាក់ទំនងនេះពុំសូវមានភាពល្អូកល្អើននឹងគ្នាប៉ុន្មានទេ។ ក្រោយពីបដិវត្តន៍អ៊ិស្លាម អ៊ីរ៉ង់ទទួលបានជោគជ័យលើរបបស្តេច មហាម៉េដ រីហ្សា ផាហ...
នៅថ្ងៃទី៨ ខែសីហា ឆ្ឆាំ១៩៦៧ រដ្ឋចំនួនប្រាំបានបង្កើតអង្គការតំបន់មួយឈ្មោះថា សមាគមប្រជាជាតិអាស៊ីអាគេ្នយ៍ហៅកាត់ ថា អាស៊ាន នៅទីក្រុងបាងកក ប្រទេសថៃ។ តាមរយៈការប្រកាសជាផ្លូវការនូវសេចក្តីថ្លែងការអាស៊ាន។ អង្គការ...
សហរដ្ឋអាម៉េរិកគឺជាប្រទេសមហាអំណាចសេដ្ឋកិច្ចជាប់ចំណាត់ថ្នាក់លេខ១ ឯប្រទេសចិនជាប្រទេសមហាអំណាចសេដ្ឋកិច្ចជាប់ចំណាត់ថ្នាក់លេខ២នៅលើពិភពលោក។ ប្រទេសទាំងពីរតែងតែមានការប្រកួតប្រជែងខាងទីផ្សារពាណិជ្ជកម្ម ដែលចង់ឆ្ពោ...
នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានក្រុមជនជាតិជាច្រើនបានរស់នៅនិងធ្វើសមាហរណកម្មជាមួយជនជាតិខ្មែរ ព្រមទាំងបានក្លាយជាពលរដ្ឋខ្មែរស្របច្បាប់។ ក្រុមជនជាតិទាំងនោះរួមមាន ព្នង ចារ៉ាយ ទំពួន សួយ កួយ ស្អូច កាចក់ គ្រ...
កាលពីយប់ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២០ វិទ្យុសម្លេងសហរដ្ឋអាម៉េរិកបានផ្សាយអំពីការធ្វើសមយុទ្ធយោធារវាងប្រទេសកម្ពុជានិងប្រទេសចិន។ នៅក្នុងអត្តបទដែលផ្សាយនោះ វិទ្យុសម្លេងសហរដ្ឋអាម៉េរិកបានដកស្រង់ការយល់ឃើញរបស់អ្...