ព័ត៌មាន

ខណៈអាម៉េរិកនៅបន្តលេងល្បែងសាចទឹកដាក់គ្នា ចិនកំពុងតែចាប់យកការដឹកនាំពិភពលោក ដោយ៖ Vali Nasr ប្រែសម្រួលដោយ លោក ជា ធារីទ្ធ, វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

2020-04-10 05:00:16 ថ្ងៃសុក្រ, 10 មេសា 2020, 05:00 AM
post_detail

ចេញផ្សាយថ្ងៃទី១ ខែ មេសា ឆ្នាំ ២០២០

វ៉ាស៊ីនតោនឌីស៊ី៖ ជំងឺរាតត្បាតកំពុងតែរាលដាលនៅពេសពេញពិភពលោក ហើយកំពុងតែបង្កគ្រោះថ្នាក់ដល់ជីវិត និង​ជីវភាពរស់នៅរបស់មនុស្សរាប់លាននាក់ ចំណែកលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trupm កំពុងតែគិតអំពីមធ្យោបាយធ្វើយ៉ាងណាឱ្យមានអំណាចជាងប្រទេសចិន។

ប៉ុន្តែ ការគិតមមៃរបស់គាត់ក្នុងការយកឈ្នះការប្រកួតប្រជែងមហាអំណាចពិភពលោក ដែលស្ដែងឡើងតាមរយៈរដ្ឋបាល​របស់គាត់ ក្នុងការហៅមេរោគ COVID-19 ថាជា «មេរោគចិន» ឬ «មេរោគអូហាន» កំពុងតែធ្វើឱ្យជ័យ​ជំនះ​របស់គាត់ហាក់ថមថយជារៀងរាល់ថ្ងៃ។

មិនមាននរណាម្នាក់នៅមានមន្ទិលថា មេរោគកូរ៉ូណា COVID-19 បានលេចឡើងជាលើកដំបូងនៅក្នុងប្រទេសចិននោះទេ ហើយក៏មិនមាននរណាម្នាក់បដិសេធថា ការិយាល័យធិបតេយ្យរបស់ចិនបានធ្វើខុសចំពោះការទប់ស្កាត់ព័ត៌មាន​អំពីជំងឺនេះនៅពេលកើតឡើងដំបូង ជាជាងការចាត់វិធានការភ្លាមៗដើម្បីគ្រប់គ្រងមេរោគនោះដែរ។

ទោះយ៉ាងណា សម្រាប់មនុស្សភាគច្រើននៅលើពិភពលោក បញ្ហាចម្បងគឺមិនមែនកន្លែងដែលមេរោគបានផ្ទុះឡើងនោះទេ ប៉ុន្តែថាតើមេរោគនេះនឹងត្រូវបានបញ្ចប់ទៅវិញដោយរបៀបណា។ ជាតថភាព ចិនកំពុងតែធ្វើការងារកាន់តែច្រើនជាងអាម៉េរិកដើម្បីជួយបញ្ឈប់ការរាតត្បាតនៃជំងឺនេះ។

ការឆ្លើយតបចំពោះ COVID-19៖ ចិន ប្រកួតប្រជែងជាមួយ អាម៉េរិក

ទោះបីជាចិនបានធ្វើកំហុសមួយនៅពេលដំបូងក៏ដោយ ក៏មេដឹកនាំរបស់ចិនមិនបានចំណាយពេលយូរដែរចំពោះការទទួលស្គាល់កំហុសកាលពីគ្រាដំបូងរបស់ខ្លួន ហើយបានចាត់វិធានការយ៉ាងម៉ឹងម៉ាត់។ រដ្ឋាភិបាលបានបិទតំបន់ដែល​រង​ផលប៉ះពាល់ បិទការដើរហើររបស់ប្រជាជនក្នុងទ្រង់ទ្រាយធំ សាងសង់មន្ទីរពេទ្យសម្រាប់ព្យាបាលជំងឺ COVID-19 ហើយបង្កើនការផលិតបរិក្ខាចាំបាច់ ដែលរួមមានកញ្ចប់ឧបករណ៍ធ្វើតេស្ត ម៉ាស និងម៉ាស៊ីនផលិតអុកស៊ីសែនដែរ។

ការបិទខេត្តក្រុងអាចមានលក្ខណៈធ្ងន់ធ្ងរ ប៉ុន្តែ យុទ្ធសាស្រ្តរបស់ចិនហាក់ដូចជាមានប្រសិទ្ធភាព។ ក្នុងរយៈពេលត្រឹម​តែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ការចម្លងថ្មីៗបានថយចុះ ហើយការចម្លងក្នុងស្រុកត្រូវបានបញ្ឈប់។ វិធានការដែលត្រូវធ្វើនាពេលបច្ចុប្បន្ន គឺការបញ្ឈប់ការបិទទីក្រុងបានយ៉ាងងាយស្រួល។

ខុសពីប្រទេសចិន សហរដ្ឋអាម៉េរិកបានព្រមានជាច្រើនលើកច្រើនសារថា COVID-19 នឹងរាលដាលមកដល់អា​ម៉េ​រិក​​។ ប៉ុន្តែ លោក Trump មិនបានចាត់វិធានការភ្លាមៗទេ គាត់ថែមទាំងមើលស្រាលលើការគំរាមកំហែងនេះ ហើយមាន​ភាពស្ទាក់ស្ទើរផងដែរ មុននឹងសម្រេចបំពេញតាមការសន្យារបស់គាត់ក្នុងការសម្រេចឱ្យប្រើច្បាប់ផលិតកម្មការ​ពារ​ជាតិ (Defense Production Act) ដើម្បីចាប់បង្ខំឱ្យក្រុមហ៊ុនឯកជនផលិតបរិក្ខាសំខាន់ៗ ហើយនៅតែបដិសេធមិនចេញបទបញ្ជាឱ្យពលរដ្ឋរបស់ខ្លួនស្នាក់នៅក្នុងលំនៅដ្ឋានទូទៅប្រទេស។

លើសពីនេះទៅទៀត ដោយភ័យខ្លាចចំពោះបេក្ខភាពសម្រាប់ការបោះឆ្នោតប្រធានាធិបតីសារជាថ្មីរបស់គាត់ ស្របពេល​កើតមានវិបត្តិសេដ្ឋកិច្ច លោក Trump បានប្រកាសពីចេតនារបស់ខ្លួនក្នុងការ «បើក» សេដ្ឋកិច្ចសហរដ្ឋអាម៉េរិកឡើងវិញត្រឹមពេលបុណ្យអ៊ីស្ទើរ៍ (Easter) ដើម្បីដោះយករួចខ្លួន ខណៈដែលចំនួនករណីអ្នកឆ្លងនិងអ្នកស្លាប់ដោយមេរោគនេះបានកើនឡើង។

និយាយឱ្យចំទៅ Trump បានផ្តល់អាទិភាពដល់នយោបាយជាងសុខភាពសាធារណៈ ពោលគឺអ្វី ដែលគាត់បានរិះគន់​មន្រ្តី​ចិនលើការងារដែលកំពុងធ្វើនៅពេលដែល COVID-19 បានផ្ទុះឡើង។ ការព្រមាននាពេលថ្មីៗរបស់អង្គការសុខភាពពិភពលោក ដែលថា សហរដ្ឋអាម៉េរិកអាចក្លាយជាចំណុចកណ្តាលនៃជំងឺរាតត្បាតថ្មី គឺហាក់ដូចជាមានភាពត្រឹមត្រូវ៖ ប្រទេសនេះមានករណីឆ្លងមេរោគនេះខ្ពស់ជាងគេនៅលើពិភពលោក។

មុខមាត់របស់ចិននៅលើឆាកអន្តរជាតិ

ទន្ទឹមនឹងនេះដែរ ផ្នែកខ្លះនៃទ្វីបអឺរ៉ុបកំពុងតស៊ូដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃមេរោគនេះ ដែលនៅក្នុងនោះដែរ អ៊ីតា​លី និងអេស្ប៉ាញ មានចំនួនអ្នកស្លាប់ដោយសារជំងឺនេះច្រើនជាងប្រទេសចិនទៅទៀត។

បូកផ្សំជាមួយនឹងបរាជ័យនៃការដឹកនាំរបស់លោក Trump កត្តានេះបានផ្ដល់នូវភាពជឿជាក់មួយថា គំរូនៃអភិបាលកិច្ចដឹកនាំរបស់ប្រទេសចិនមានភាពល្អប្រសើរជាងប្រព័ន្ធប្រជាធិបតេយ្យ ដែលជារឿយៗតែងជាប់គាំងនយោបាយនិងអសមត្ថភាពក្នុងការឆ្លើយទៅនឹង «black swans»(ភាពតក់ស្លុតដែលមិននឹកស្មានដល់)»។

សហរដ្ឋអាម៉េរិកអាចទទួលបានជោគជ័យក្នុងការប៉ុនប៉ងរារាំងសម្ព័ន្ធរបស់ខ្លួន ពីការទទួកយកបច្ចេកវិទ្យាទូរគម​នា​គមន៍​របស់ចិន ប៉ុន្តែ អាម៉េរិកមិនអាចបញ្ឈប់ពិភពលោកមិនឱ្យទទួលយកគំរូតាមវិធីសាស្រ្តរបស់ប្រទេសចិនចំពោះ​​សុខភាពសាធារណៈ ឬស្ថាប័នសង្គមបាននោះឡើយ ប្រសិនបើវាបង្ហាញថា វិធីសាស្រ្តរបស់ចិនមានប្រសិទ្ធ​ភាព​អំឡុងពេលមានកើតវិបត្តិជំងឺ COVID-19 នេះ ហើយ រហូតមកដល់ពេលនេះ កំណត់ត្រារបស់ចិនគឺគួរឱ្យជឿជាក់ខ្លាំងមែនទែន។

រូបថតយន្តហោះដឹកបរិក្ខាវេជ្ជសាស្រ្ត និងក្រុមវេជ្ជបណ្ឌិតរបស់ចិនបានទៅដល់ទីកន្លែងដូចជាទីក្រុងរ៉ូម និងទីក្រុង​​    តេ​អេរ៉ង់ ដែលបានផ្សព្វផ្សាយពាសពេញបណ្ដាញសង្គមទូទាំងពិភពលោក បានលើកមុខមាត់របស់ចិននៅលើឆាកអន្តរជាតិបន្ថែមទៀត។

ឥឡូវនេះ ប្រទេសជាច្រើនកំពុងស្វែងរកជំនួយពីប្រទេសចិន។ បន្ទាប់ពីសហគមន៍អឺរ៉ុបបានកាត់បន្ថយការនាំចេញបរិក្ខាវេជ្ជសាស្រ្ត លោក Aleksandar Vucic ប្រធានាធិបតីរបស់ប្រទេស ស៊ែប៊ី បានអំពាវនាវដល់ «មិត្តភក្តិនិងជាបងប្រុស» គឺលោក Xi Jinping ប្រធានាធិបតីចិនឱ្យជួយផ្ដល់នូវទំនិញចាំបាច់មកដល់ខ្លួន។ ប៉ុន្មានថ្ងៃក្រោយមក ប្រធានគណៈកម្មាធិការអឺរ៉ុប លោក Ursula von der Leyen បានថ្លែងអំណរគុណជាសាធារណៈដល់ប្រទេសចិនដែលចូលរួមផ្ដល់ជាវិភាគទានជួយសង្គ្រោះ។

អាម៉េរិកទីមួយ

គ្មាននរណាម្នាក់បានស្នើសុំអ្វីមួយពីអាម៉េរិកនោះទេ(អរគុណតែម្នាក់ឯង) ហើយអាម៉េរិកក៏មិនទាន់បានផ្ដល់ជូនអ្វីនោះដែរ ក្រៅពីការបើកឡានត្រឡប់ទៅផ្ទះវិញជាមួយនឹងភាពខ្វះក្តីមេត្តានៃផ្នែកមួយនៃរដ្ឋបាល «អាម៉េរិកទីមួយ» របស់លោក Trump។

ជាក់ស្ដែង រដ្ឋបាលរបស់លោក Trump បានធ្វើឱ្យអន្តរាយដល់សមត្ថភាពរបស់ប្រទេសនានាក្នុងការឆ្លើយតបនឹង​វិបត្តិមនុស្សធម៌។ អាម៉េរិកមិនត្រឹមតែបានបដិសេធចំពោះការបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសគុយបា អេរ៉ង់ និង​វេណេហ្ស៊ុយអេឡាប៉ុណ្ណោះទេ អាម៉េរិកក៏ហាក់ដូចជាបានរួមចំណែកក្នុងការសម្រេចចិត្តរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលមិនព្រមផ្ដល់កម្ចីបន្ទាន់ចំនួន ៥ ពាន់លានដុល្លារដល់ប្រទេសវេណេហ្ស៊ុយអេឡាផងដែរ។

អ្វីដែលលោក Trump ហាក់ដូចជាមិនយល់នោះគឺថា ប្រទេសណាដែលបរាជ័យក្នុងការទប់ស្កាត់មេរោគ ប្រទេសនោះនឹងធ្វើឱ្យពិភពលោកទាំងមូលប្រឈមនឹងហានិភ័យ។ ការនៅរក្សាការដាក់ទណ្ឌកម្ម បានធ្វើឱ្យជាប់គាំងប្រព័ន្ធសុខា​ភិ​បាល ដូចជានៅប្រទេសអេរ៉ង់(ជាប្រទេសមានការចម្លងច្រើនជាងគេទី៣) វាមិនត្រឹមតែជាការគួរបន្ទោសលើផ្នែក​សីល​​ធម៌​ប៉ុណ្ណោះទេ ប៉ុន្តែវាបានបំផ្លាញផលប្រយោជន៍ខ្លួនឯងផ្ទាល់របស់អាម៉េរិកផងដែរ ទាំងការជំរុញឱ្យមេរោគនៅតែបន្តរាតត្បាត ហើយក៏កំពុងធ្វើឱ្យមុខមាត់របស់អាម៉េរិកហាក់ក្លាយជាប្រទេសដែលគ្មានមនុស្សធម៌ផងដែរ។

ទន្ទឹមនឹងនេះដែរ ប្រទេសចិនរួមជាមួយប្រទេសរុស្សី បានជំរុញឱ្យសហរដ្ឋអាម៉េរិក ផ្លាស់ប្ដូរវិធីសាស្រ្តរបស់ខ្លួន។ ប៉ុន្តែ សហរដ្ឋអាម៉េរិកមិនត្រឹមតែព្រងើយកន្តើយចំពោះការរងគ្រោះនៃដៃគូប្រជែងរបស់ខ្លួននោះទេ អាម៉េរិកក៏មានការព្រួយបារម្ភតិចតួចទៅលើសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ។ លើសពីការមិនផ្ដល់ជំនួយអ្វីទាំងអស់ដល់អឺរ៉ុបដែលជាដៃគូរបស់ខ្លួន រដ្ឋបាលរបស់លោក Trump បានហាមឃាត់យ៉ាងតក់ក្រហល់និងជាឯកតោភាគីចំពោះភ្ញៀវទេសចរជនជាតិអឺរ៉ុបមិនឱ្យចូលក្នុងទឹកដីអាម៉េរិកចំនួន៣០ថ្ងៃ ដែលទង្វើនេះបានធ្វើឱ្យមេដឹកនាំអឺរ៉ុបមានការភ្ញាក់ផ្អើល ហើយពួកគេបានធ្វើការថ្កោលទោសអាម៉េរិកយ៉ាងខ្លាំង។

លើសពីនេះទៀត ការធ្វើឱ្យកាន់តែខឹងសម្បារបន្ថែមទៀត គឺភាពគគ្លើននិងភាពកាចសាហាវរបស់លោក Trump ដែលត្រូវបានគេរាយការណ៍ថា លោកបានខិតខំការពារសិទ្ធិទទួលបាននូវវ៉ាក់សាំងការពារ COVID-19 ដែលបង្កើតឡើងដោយក្រុមហ៊ុន CureVac របស់អាល្លឺម៉ង់ (មន្រ្តីអាម៉េរិកហៅរបាយការណ៍នោះថាមាន «ការបំផ្លើសហួស​ហេតុ»។

មកទល់នឹងពេលនេះ អឺរ៉ុបទាំងមូលបានស៊ាំជាមួយនឹងទង្វើរបស់លោក Trump ទៅហើយ ប៉ុន្តែកាយវិការបែបនេះវាគឺជាស្ពានដ៏វែងអន្លាយមួយ ហើយវាក៏លែងមានមន្ទិលតទៅទៀតដែរ ដែលថាអឺរ៉ុបមិនអាចជឿទុកចិត្តលើអាម៉េរិកបានទៀតទេ គឺមានតែពឹងផ្អែកលើខ្លួនឯងនោះទើបជាការល្អ។ ទាំងចិន ទាំងរុស្សីបានសុបិនរួមគ្នាជាយូរណាស់មកហើយ ក្នុងការចង់ឃើញការប្រេះឆាក្នុងទ្វីបអាត្លង់ទិកបែបនេះ។

ខណៈដែលលោក Trump ប្រកាន់ខ្ជាប់នូវទស្សនៈក្នុងកិច្ចខិតខំប្រកបដោយការយកចិត្តទុកដាក់ និងដោយតម្លាភាព ដើម្បីគេចយករួចខ្លួនពីការស្ដីបន្ទោសទៅលើការដឹកនាំដែលគ្មានប្រសិទ្ធភាពរបស់ខ្លួន ប្រទេសចិនកំពុងតែសង្កត់គ្រឹះនៅតាមមូលដ្ឋានសម្រាប់ភាពជាអ្នកដឹកនាំពិភពលោកនៅក្នុងយុគសម័យក្រោយជំងឺ COVID-19 នេះ។ ជាការដឹងគុណចំពោះលោក Trump សហរដ្ឋអាម៉េរិកប្រាកដជានឹងបាត់បង់ការប្រកួតប្រជែងជាប្រទេសមហាអំណាច បូករួមទាំងអាយុជីវិតរបស់ប្រជាជនរាប់មិនអស់។

RAC Media

ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា


អត្ថបទទាក់ទង

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញចូលរួម និងថ្លែងចំណាប់អារម្មណ៍ក្នុងសិក្ខាសាលា "សប្ដាហ៍អប់រំភាសាចិនអន្តរជាតិ" ប្រចាំឆ្នាំ២០២១

(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក...

2021-12-14 14:10:09   Tue, 14,12,2021, 02:10 PM
Will Cambodia's ASEAN Chairmanship be able to help Myanmar resolve its crisis?

Prime Minister Hun Sen has announced that he will travel to Myanmar for a two-day visit on January 7-8 in an effort to restore normalcy to ASEAN proceedings by resolving the country's crisis and bring...

2021-12-14 04:20:58   Tue, 14,12,2021, 04:20 AM
បណ្ឌិតសភាចារ្យ សុខ ទូច៖ កម្ពុជាគួរផ្ដោតលើគោលដៅទេសចរណ៍សំខាន់៥ ដើម្បីជំរុញវឌ្ឍនភាពវិស័យទេសចរណ៍ និងកំណើនភ្ញៀវទេសចរ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «ដើម្បីជំរុញវឌ្ឍនភាពវិស័យទេសចរណ៍ និងកំណើនភ្ញៀវទេសចរ កម្ពុជាគួរផ្ដោតលើមុខព្រួញទេសចរណ៍សំខាន់៥» នេះគឺជាប្រសាសន៍លើកឡើងរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ​បណ្ឌិត្យសភាកម្ពុ...

2021-12-13 12:04:11   Mon, 13,12,2021, 12:04 PM
រាជបណ្ឌិត្យសភាកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសមាគមទេសចរណ៍កម្ពុជា និងសណ្ឋាគារធំៗចំនួន៤

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងរាជបណ្ឌិត្យសភាក...

2021-12-13 11:59:26   Mon, 13,12,2021, 11:59 AM
សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃ(លើកទី៣)ការផ្តត់ផ្គង់សម្ភារៈអេឡិចត្រូនិចសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

2021-12-13 07:47:13   Mon, 13,12,2021, 07:47 AM
«ឯកឧត្តមបណ្ឌិត យង់ ពៅ បានអញ្ជើញ ថ្លែងសុន្ទរកថាបើកវគ្គបណ្តុះបណ្តាលគ្រូបង្រៀនក្នុងតំបន់នៅកម្ពុជា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២១នេះ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់...

2021-12-06 05:19:49   Mon, 06,12,2021, 05:19 AM

សេចក្តីប្រកាស