Royal Academy of Cambodia
ចេញផ្សាយថ្ងៃទី១ ខែ មេសា ឆ្នាំ ២០២០
វ៉ាស៊ីនតោនឌីស៊ី៖ ជំងឺរាតត្បាតកំពុងតែរាលដាលនៅពេសពេញពិភពលោក ហើយកំពុងតែបង្កគ្រោះថ្នាក់ដល់ជីវិត និងជីវភាពរស់នៅរបស់មនុស្សរាប់លាននាក់ ចំណែកលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trupm កំពុងតែគិតអំពីមធ្យោបាយធ្វើយ៉ាងណាឱ្យមានអំណាចជាងប្រទេសចិន។
ប៉ុន្តែ ការគិតមមៃរបស់គាត់ក្នុងការយកឈ្នះការប្រកួតប្រជែងមហាអំណាចពិភពលោក ដែលស្ដែងឡើងតាមរយៈរដ្ឋបាលរបស់គាត់ ក្នុងការហៅមេរោគ COVID-19 ថាជា «មេរោគចិន» ឬ «មេរោគអូហាន» កំពុងតែធ្វើឱ្យជ័យជំនះរបស់គាត់ហាក់ថមថយជារៀងរាល់ថ្ងៃ។
មិនមាននរណាម្នាក់នៅមានមន្ទិលថា មេរោគកូរ៉ូណា COVID-19 បានលេចឡើងជាលើកដំបូងនៅក្នុងប្រទេសចិននោះទេ ហើយក៏មិនមាននរណាម្នាក់បដិសេធថា ការិយាល័យធិបតេយ្យរបស់ចិនបានធ្វើខុសចំពោះការទប់ស្កាត់ព័ត៌មានអំពីជំងឺនេះនៅពេលកើតឡើងដំបូង ជាជាងការចាត់វិធានការភ្លាមៗដើម្បីគ្រប់គ្រងមេរោគនោះដែរ។
ទោះយ៉ាងណា សម្រាប់មនុស្សភាគច្រើននៅលើពិភពលោក បញ្ហាចម្បងគឺមិនមែនកន្លែងដែលមេរោគបានផ្ទុះឡើងនោះទេ ប៉ុន្តែថាតើមេរោគនេះនឹងត្រូវបានបញ្ចប់ទៅវិញដោយរបៀបណា។ ជាតថភាព ចិនកំពុងតែធ្វើការងារកាន់តែច្រើនជាងអាម៉េរិកដើម្បីជួយបញ្ឈប់ការរាតត្បាតនៃជំងឺនេះ។
ការឆ្លើយតបចំពោះ COVID-19៖ ចិន ប្រកួតប្រជែងជាមួយ អាម៉េរិក
ទោះបីជាចិនបានធ្វើកំហុសមួយនៅពេលដំបូងក៏ដោយ ក៏មេដឹកនាំរបស់ចិនមិនបានចំណាយពេលយូរដែរចំពោះការទទួលស្គាល់កំហុសកាលពីគ្រាដំបូងរបស់ខ្លួន ហើយបានចាត់វិធានការយ៉ាងម៉ឹងម៉ាត់។ រដ្ឋាភិបាលបានបិទតំបន់ដែលរងផលប៉ះពាល់ បិទការដើរហើររបស់ប្រជាជនក្នុងទ្រង់ទ្រាយធំ សាងសង់មន្ទីរពេទ្យសម្រាប់ព្យាបាលជំងឺ COVID-19 ហើយបង្កើនការផលិតបរិក្ខាចាំបាច់ ដែលរួមមានកញ្ចប់ឧបករណ៍ធ្វើតេស្ត ម៉ាស និងម៉ាស៊ីនផលិតអុកស៊ីសែនដែរ។
ការបិទខេត្តក្រុងអាចមានលក្ខណៈធ្ងន់ធ្ងរ ប៉ុន្តែ យុទ្ធសាស្រ្តរបស់ចិនហាក់ដូចជាមានប្រសិទ្ធភាព។ ក្នុងរយៈពេលត្រឹមតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ការចម្លងថ្មីៗបានថយចុះ ហើយការចម្លងក្នុងស្រុកត្រូវបានបញ្ឈប់។ វិធានការដែលត្រូវធ្វើនាពេលបច្ចុប្បន្ន គឺការបញ្ឈប់ការបិទទីក្រុងបានយ៉ាងងាយស្រួល។
ខុសពីប្រទេសចិន សហរដ្ឋអាម៉េរិកបានព្រមានជាច្រើនលើកច្រើនសារថា COVID-19 នឹងរាលដាលមកដល់អាម៉េរិក។ ប៉ុន្តែ លោក Trump មិនបានចាត់វិធានការភ្លាមៗទេ គាត់ថែមទាំងមើលស្រាលលើការគំរាមកំហែងនេះ ហើយមានភាពស្ទាក់ស្ទើរផងដែរ មុននឹងសម្រេចបំពេញតាមការសន្យារបស់គាត់ក្នុងការសម្រេចឱ្យប្រើច្បាប់ផលិតកម្មការពារជាតិ (Defense Production Act) ដើម្បីចាប់បង្ខំឱ្យក្រុមហ៊ុនឯកជនផលិតបរិក្ខាសំខាន់ៗ ហើយនៅតែបដិសេធមិនចេញបទបញ្ជាឱ្យពលរដ្ឋរបស់ខ្លួនស្នាក់នៅក្នុងលំនៅដ្ឋានទូទៅប្រទេស។
លើសពីនេះទៅទៀត ដោយភ័យខ្លាចចំពោះបេក្ខភាពសម្រាប់ការបោះឆ្នោតប្រធានាធិបតីសារជាថ្មីរបស់គាត់ ស្របពេលកើតមានវិបត្តិសេដ្ឋកិច្ច លោក Trump បានប្រកាសពីចេតនារបស់ខ្លួនក្នុងការ «បើក» សេដ្ឋកិច្ចសហរដ្ឋអាម៉េរិកឡើងវិញត្រឹមពេលបុណ្យអ៊ីស្ទើរ៍ (Easter) ដើម្បីដោះយករួចខ្លួន ខណៈដែលចំនួនករណីអ្នកឆ្លងនិងអ្នកស្លាប់ដោយមេរោគនេះបានកើនឡើង។
និយាយឱ្យចំទៅ Trump បានផ្តល់អាទិភាពដល់នយោបាយជាងសុខភាពសាធារណៈ ពោលគឺអ្វី ដែលគាត់បានរិះគន់មន្រ្តីចិនលើការងារដែលកំពុងធ្វើនៅពេលដែល COVID-19 បានផ្ទុះឡើង។ ការព្រមាននាពេលថ្មីៗរបស់អង្គការសុខភាពពិភពលោក ដែលថា សហរដ្ឋអាម៉េរិកអាចក្លាយជាចំណុចកណ្តាលនៃជំងឺរាតត្បាតថ្មី គឺហាក់ដូចជាមានភាពត្រឹមត្រូវ៖ ប្រទេសនេះមានករណីឆ្លងមេរោគនេះខ្ពស់ជាងគេនៅលើពិភពលោក។
មុខមាត់របស់ចិននៅលើឆាកអន្តរជាតិ
ទន្ទឹមនឹងនេះដែរ ផ្នែកខ្លះនៃទ្វីបអឺរ៉ុបកំពុងតស៊ូដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃមេរោគនេះ ដែលនៅក្នុងនោះដែរ អ៊ីតាលី និងអេស្ប៉ាញ មានចំនួនអ្នកស្លាប់ដោយសារជំងឺនេះច្រើនជាងប្រទេសចិនទៅទៀត។
បូកផ្សំជាមួយនឹងបរាជ័យនៃការដឹកនាំរបស់លោក Trump កត្តានេះបានផ្ដល់នូវភាពជឿជាក់មួយថា គំរូនៃអភិបាលកិច្ចដឹកនាំរបស់ប្រទេសចិនមានភាពល្អប្រសើរជាងប្រព័ន្ធប្រជាធិបតេយ្យ ដែលជារឿយៗតែងជាប់គាំងនយោបាយនិងអសមត្ថភាពក្នុងការឆ្លើយទៅនឹង «black swans»(ភាពតក់ស្លុតដែលមិននឹកស្មានដល់)»។
សហរដ្ឋអាម៉េរិកអាចទទួលបានជោគជ័យក្នុងការប៉ុនប៉ងរារាំងសម្ព័ន្ធរបស់ខ្លួន ពីការទទួកយកបច្ចេកវិទ្យាទូរគមនាគមន៍របស់ចិន ប៉ុន្តែ អាម៉េរិកមិនអាចបញ្ឈប់ពិភពលោកមិនឱ្យទទួលយកគំរូតាមវិធីសាស្រ្តរបស់ប្រទេសចិនចំពោះសុខភាពសាធារណៈ ឬស្ថាប័នសង្គមបាននោះឡើយ ប្រសិនបើវាបង្ហាញថា វិធីសាស្រ្តរបស់ចិនមានប្រសិទ្ធភាពអំឡុងពេលមានកើតវិបត្តិជំងឺ COVID-19 នេះ ហើយ រហូតមកដល់ពេលនេះ កំណត់ត្រារបស់ចិនគឺគួរឱ្យជឿជាក់ខ្លាំងមែនទែន។
រូបថតយន្តហោះដឹកបរិក្ខាវេជ្ជសាស្រ្ត និងក្រុមវេជ្ជបណ្ឌិតរបស់ចិនបានទៅដល់ទីកន្លែងដូចជាទីក្រុងរ៉ូម និងទីក្រុង តេអេរ៉ង់ ដែលបានផ្សព្វផ្សាយពាសពេញបណ្ដាញសង្គមទូទាំងពិភពលោក បានលើកមុខមាត់របស់ចិននៅលើឆាកអន្តរជាតិបន្ថែមទៀត។
ឥឡូវនេះ ប្រទេសជាច្រើនកំពុងស្វែងរកជំនួយពីប្រទេសចិន។ បន្ទាប់ពីសហគមន៍អឺរ៉ុបបានកាត់បន្ថយការនាំចេញបរិក្ខាវេជ្ជសាស្រ្ត លោក Aleksandar Vucic ប្រធានាធិបតីរបស់ប្រទេស ស៊ែប៊ី បានអំពាវនាវដល់ «មិត្តភក្តិនិងជាបងប្រុស» គឺលោក Xi Jinping ប្រធានាធិបតីចិនឱ្យជួយផ្ដល់នូវទំនិញចាំបាច់មកដល់ខ្លួន។ ប៉ុន្មានថ្ងៃក្រោយមក ប្រធានគណៈកម្មាធិការអឺរ៉ុប លោក Ursula von der Leyen បានថ្លែងអំណរគុណជាសាធារណៈដល់ប្រទេសចិនដែលចូលរួមផ្ដល់ជាវិភាគទានជួយសង្គ្រោះ។
អាម៉េរិកទីមួយ
គ្មាននរណាម្នាក់បានស្នើសុំអ្វីមួយពីអាម៉េរិកនោះទេ(អរគុណតែម្នាក់ឯង) ហើយអាម៉េរិកក៏មិនទាន់បានផ្ដល់ជូនអ្វីនោះដែរ ក្រៅពីការបើកឡានត្រឡប់ទៅផ្ទះវិញជាមួយនឹងភាពខ្វះក្តីមេត្តានៃផ្នែកមួយនៃរដ្ឋបាល «អាម៉េរិកទីមួយ» របស់លោក Trump។
ជាក់ស្ដែង រដ្ឋបាលរបស់លោក Trump បានធ្វើឱ្យអន្តរាយដល់សមត្ថភាពរបស់ប្រទេសនានាក្នុងការឆ្លើយតបនឹងវិបត្តិមនុស្សធម៌។ អាម៉េរិកមិនត្រឹមតែបានបដិសេធចំពោះការបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសគុយបា អេរ៉ង់ និងវេណេហ្ស៊ុយអេឡាប៉ុណ្ណោះទេ អាម៉េរិកក៏ហាក់ដូចជាបានរួមចំណែកក្នុងការសម្រេចចិត្តរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលមិនព្រមផ្ដល់កម្ចីបន្ទាន់ចំនួន ៥ ពាន់លានដុល្លារដល់ប្រទេសវេណេហ្ស៊ុយអេឡាផងដែរ។
អ្វីដែលលោក Trump ហាក់ដូចជាមិនយល់នោះគឺថា ប្រទេសណាដែលបរាជ័យក្នុងការទប់ស្កាត់មេរោគ ប្រទេសនោះនឹងធ្វើឱ្យពិភពលោកទាំងមូលប្រឈមនឹងហានិភ័យ។ ការនៅរក្សាការដាក់ទណ្ឌកម្ម បានធ្វើឱ្យជាប់គាំងប្រព័ន្ធសុខាភិបាល ដូចជានៅប្រទេសអេរ៉ង់(ជាប្រទេសមានការចម្លងច្រើនជាងគេទី៣) វាមិនត្រឹមតែជាការគួរបន្ទោសលើផ្នែកសីលធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាបានបំផ្លាញផលប្រយោជន៍ខ្លួនឯងផ្ទាល់របស់អាម៉េរិកផងដែរ ទាំងការជំរុញឱ្យមេរោគនៅតែបន្តរាតត្បាត ហើយក៏កំពុងធ្វើឱ្យមុខមាត់របស់អាម៉េរិកហាក់ក្លាយជាប្រទេសដែលគ្មានមនុស្សធម៌ផងដែរ។
ទន្ទឹមនឹងនេះដែរ ប្រទេសចិនរួមជាមួយប្រទេសរុស្សី បានជំរុញឱ្យសហរដ្ឋអាម៉េរិក ផ្លាស់ប្ដូរវិធីសាស្រ្តរបស់ខ្លួន។ ប៉ុន្តែ សហរដ្ឋអាម៉េរិកមិនត្រឹមតែព្រងើយកន្តើយចំពោះការរងគ្រោះនៃដៃគូប្រជែងរបស់ខ្លួននោះទេ អាម៉េរិកក៏មានការព្រួយបារម្ភតិចតួចទៅលើសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ។ លើសពីការមិនផ្ដល់ជំនួយអ្វីទាំងអស់ដល់អឺរ៉ុបដែលជាដៃគូរបស់ខ្លួន រដ្ឋបាលរបស់លោក Trump បានហាមឃាត់យ៉ាងតក់ក្រហល់និងជាឯកតោភាគីចំពោះភ្ញៀវទេសចរជនជាតិអឺរ៉ុបមិនឱ្យចូលក្នុងទឹកដីអាម៉េរិកចំនួន៣០ថ្ងៃ ដែលទង្វើនេះបានធ្វើឱ្យមេដឹកនាំអឺរ៉ុបមានការភ្ញាក់ផ្អើល ហើយពួកគេបានធ្វើការថ្កោលទោសអាម៉េរិកយ៉ាងខ្លាំង។
លើសពីនេះទៀត ការធ្វើឱ្យកាន់តែខឹងសម្បារបន្ថែមទៀត គឺភាពគគ្លើននិងភាពកាចសាហាវរបស់លោក Trump ដែលត្រូវបានគេរាយការណ៍ថា លោកបានខិតខំការពារសិទ្ធិទទួលបាននូវវ៉ាក់សាំងការពារ COVID-19 ដែលបង្កើតឡើងដោយក្រុមហ៊ុន CureVac របស់អាល្លឺម៉ង់ (មន្រ្តីអាម៉េរិកហៅរបាយការណ៍នោះថាមាន «ការបំផ្លើសហួសហេតុ»។
មកទល់នឹងពេលនេះ អឺរ៉ុបទាំងមូលបានស៊ាំជាមួយនឹងទង្វើរបស់លោក Trump ទៅហើយ ប៉ុន្តែកាយវិការបែបនេះវាគឺជាស្ពានដ៏វែងអន្លាយមួយ ហើយវាក៏លែងមានមន្ទិលតទៅទៀតដែរ ដែលថាអឺរ៉ុបមិនអាចជឿទុកចិត្តលើអាម៉េរិកបានទៀតទេ គឺមានតែពឹងផ្អែកលើខ្លួនឯងនោះទើបជាការល្អ។ ទាំងចិន ទាំងរុស្សីបានសុបិនរួមគ្នាជាយូរណាស់មកហើយ ក្នុងការចង់ឃើញការប្រេះឆាក្នុងទ្វីបអាត្លង់ទិកបែបនេះ។
ខណៈដែលលោក Trump ប្រកាន់ខ្ជាប់នូវទស្សនៈក្នុងកិច្ចខិតខំប្រកបដោយការយកចិត្តទុកដាក់ និងដោយតម្លាភាព ដើម្បីគេចយករួចខ្លួនពីការស្ដីបន្ទោសទៅលើការដឹកនាំដែលគ្មានប្រសិទ្ធភាពរបស់ខ្លួន ប្រទេសចិនកំពុងតែសង្កត់គ្រឹះនៅតាមមូលដ្ឋានសម្រាប់ភាពជាអ្នកដឹកនាំពិភពលោកនៅក្នុងយុគសម័យក្រោយជំងឺ COVID-19 នេះ។ ជាការដឹងគុណចំពោះលោក Trump សហរដ្ឋអាម៉េរិកប្រាកដជានឹងបាត់បង់ការប្រកួតប្រជែងជាប្រទេសមហាអំណាច បូករួមទាំងអាយុជីវិតរបស់ប្រជាជនរាប់មិនអស់។
RAC Media
ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
(ហូជីមិញ)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានប្រតិភូកម្ពុជា រួមដំណើរដោយឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថាន ជីវសាស្រ្ត វេជ្ជសាស្ត្រ និងកសិកម្ម និងលោក ហេង វ...
នៅព្រឹកថ្ងៃ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០១៨ រាជបណ្ឌិត្យសភាកម្ពុជា បានធ្វើសន្និសីទការសែតស្តីពីសមិទ្ធផលមួយឆ្នាំ ក្រោមការដឹកនាំរបស់ ឯកឧត្តមប...
ឆ្លៀតក្នុងឱកាសបើកកម្មវិធីបាឋកថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ថា «កម្មវិធីនេះពិតជាល្អប្រសើរណាស់ ព្រោះថាយើងមានបញ្ញវន្តដែលអាចចែករំលែកបទពិសោធន៍ជាមួយអ្នកសិក្សាស្រាវជ្រាវរបស់រាជបណ្ឌិត...
ក្នុងឱកាសស្វាគមន៍ដល់ភ្ញៀវជប៉ុន ដែលមានគម្រោងដាក់វិនិយោគបង្កើតសួនសត្វដ៏ធំនៅកម្ពុជា នៅក្នុងទីតាំងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បង្ហាញពីក្តីពេញចិត្តចំពោះទឹកចិត...