ព័ត៌មាន

តើសញ្ញាបត្របណ្ឌិត និងភេទជាព្រះសង្ឃតំណាងឱ្យភាពត្រឹមត្រូវឬ? ដោយ៖ បណ្ឌិត សុឺន សម

2020-04-09 12:19:59 ថ្ងៃព្រហស្បតិ៍, 09 មេសា 2020, 12:19 PM
post_detail

ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលមានសេរីភាពខ្ពស់ក្នុងការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែត ហើយពលរដ្ឋកម្ពុជាភាគច្រើន ជាពិសេសពលរដ្ឋនៅតាមទីជនបទ បានប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដើម្បីកំសាន្ត និងដើម្បីទទួលបានព័ត៌មានផងដែរ។

នៅក្នុងបណ្តាញសង្គម មានព័ត៌មានខ្លះមានប្រយោជន៍ និងមានវិជ្ជាជីវៈត្រឹមត្រូវ តែក៏មានព័ត៌មានខ្លះដែលមិនមានប្រយោជន៍សម្រាប់សង្គម ឬក៏អ្នកសារព័ត៌មានខ្លះមិនមានវិជ្ជាជីវៈសោះឡើយនៅក្នុងការបំពេញអាជីពជាអ្នកសារព័ត៌មាន។ ព័ត៌មានដែលពលរដ្ឋកម្ពុជាទទួលបានជារៀងរាល់ថ្ងៃគឺមានច្រើនប្រភេទនិងច្រើនប្រភព ដែលធ្វើឱ្យពលរដ្ឋដែលមិនសូវមានចំណេះដឹងពិបាកក្នុងការកំណត់ថា ព័ត៌មាន មួយពិតប្រាកដ និងព័ត៌មានណាមួយក្លែងក្លាយ។

ដោយសារតែសេរីភាពនៃសារព័ត៌មានកម្រិតខ្ពស់ និងងាយស្រួលផ្សព្វផ្សាយ ក៏ដូចជាងាយស្រួលទទួលបានព័ត៌មាននោះ គេសង្កេតឃើញជាទូទៅអំពីរឿងអាស្រូវរបស់ពលរដ្ឋធម្មតា រឿងអាស្រូវរបស់តារាចម្រៀង រឿងអាស្រូវរបស់ព្រះសង្ឃ រឿងអាស្រូវរបស់អ្នកដែលមានឋានៈខ្ពង់ខ្ពស់ និងរឿងអាស្រូវរបស់អ្នកដែលរៀនបានសញ្ញាបត្របណ្ឌិត(លោកបណ្ឌិត ឬលោកស្រីបណ្ឌិត)។

នៅក្នុងសង្គមកម្ពុជា ព្រះពុទ្ធសាសនា ត្រូវបានកំណត់ថាជាសាសនារបស់រដ្ឋ ហើយព្រះសង្ឃត្រូវបានកំណត់ថា ជាសភាវៈល្អ ជាស្រែបុណ្យ ជាកន្លែងដែលបរិស័ទអាចបណ្តុះពូជបុណ្យ ឬអាចផ្ញើទានចំពោះព្រះសង្ឃបាន ដោយជំនឿថា ព្រះសង្ឃជាអ្នកចម្លងកុសល ឬផលបុណ្យជូនទៅអ្នកដែលស្លាប់ទៅបាន ឬម្យ៉ាងវិញទៀត ការបំពេញកុសលជាមួយព្រះសង្ឃនឹងបានជាបុណ្យកុសលសម្រាប់ទៅជាតិខាងមុខជាដើម។ ដោយសារតែជំនឿ និងការគោរពផ្សេងៗចំពោះព្រះសង្ឃ ព្រោះហេតុនោះ នៅពេលដែលមានភាពខុសឆ្គង ឬរឿងអាស្រូវណាមួយរបស់ព្រះសង្ឃ(បុគ្គលដែលបួសក្នុងសាសនា) ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមចែករំលែកតៗគ្នា ហើយពេលខ្លះរឿងនោះជារឿងមិនពិតក៏មានដែរ តែដោយសារចិត្តស្អប់សាសនា ឬស្អប់ព្រះសង្ឃណាមួយ ក៏ចេះតែចែករំលែកតគ្នាទៅ ដើម្បីឱ្យព្រះពុទ្ធសាសនាអាប់ឱន ឬថយចុះ។

ជាការពិតណាស់ ការខុសឆ្គងរបស់បុគ្គលដែលបួសនៅក្នុងសាសនា មិនថានៅក្នុងព្រះពុទ្ធសាសនា ឬសាសនាផ្សេងនោះទេគឺតែងតែមានជាធម្មតា ព្រោះថាបុគ្គលខ្លះដែលបានបួសហើយ ក៏តាំងចិត្តសិក្សាព្រះធម៌ វិន័យបានត្រឹមត្រូវ ហើយក៏បដិបត្តិបានត្រឹមត្រូវទៅតាមពាក្យទូន្មានប្រៀនប្រដៅនៅក្នុងសាសនា តែក៏មានព្រះសង្ឃអង្គខ្លះដែលជាអ្នកសិក្សាធម៌របស់ព្រះពុទ្ធសាសនាបានជ្រៅជ្រះហើយបដិបត្តិមិនត្រឹមត្រូវ ដោយសារតែលាភសក្ការៈ ឬការគោរពបូជាផ្សេងៗ នាំឱ្យលោកប្រាសចាកអំពី សេចក្តីដែលលោកបានបានសិក្សាចេះដឹងហើយនោះ។

នៅត្រង់សេចក្តីខ្លះ យើងអាចបញ្ជាក់បានថា ភេទជាព្រះសង្ឃ (ការស្លៀកពាក់ស្បង់ចីពរ) មិនមែនសុទ្ធតែតំណាងឱ្យសេចក្តីល្អនោះទេ ព្រោះថាបើសិនជាលោកមិនបដិបត្តិទៅតាមចំណេះដឹងដែលលោកបានសិក្សាមកហើយនោះទេ ទង្វើអាក្រក់ដែលលោកបានប្រព្រឹត្តនោះ គឺជាសេចក្តីអាក្រក់ ឬជាអំពើបាបដែលលោកត្រូវទទួល។ ស្បង់ចីពរ គឺជាគ្រឿងសម្រាប់បិទបាំងសេចក្តីអៀនខ្មាស់របស់មនុស្ស ព្រោះថាមនុស្សមិនអាចស្រាតដើរនោះទេ។ ការគោរព ឬការបដិបត្តិទៅតាមចំណេះដឹង ឬធម៌ដែលខ្លួនបានសិក្សាហើយនោះ ទើបជាសេចក្តីល្អ។ នៅត្រង់ចំណុចនេះ អ្នកអានមួយចំនួនអាចសួរថា តើព្រះសង្ឃគួរតែមានស្លៀកពាក់ខោអាវធម្មតាវិញឬយ៉ាងណា? មិនមែនអីចឹងទេ! បុគ្គលដែលបានបួសក្នុងព្រះពុទ្ធសាសនាហើយត្រូវកោរសក់ ស្លៀកស្បង់ចីពរ ទៅតាមវិន័យដែលព្រះសម្មាសម្ពុទ្ធបានកំណត់មក។ ការសិក្សាបានចេះដឹងគឺជារឿងសំខាន់មួយ ហើយការបដិបត្តិតាម ឬការ គោរពតាមចំណេះដឹងដែលបានសិក្សាចេះហើយនោះ គឺរឹតតែសំខាន់ទៅទៀត។

ក្រៅអំពីការិះគន់ព្រះសង្ឃ ក៏នៅមានការរិះគន់អ្នកដែលសិក្សារហូតបានសញ្ញាបត្របណ្ឌិត ដោយពាក្យថា បណ្ឌិតតែសញ្ញាបត្រ បណ្ឌិតឥតប្រយោជន៍ បណ្ឌិតគ្មានបានការណ៍ បណ្ឌិតលក់ខួរ ជាដើម។ នៅតាមបណ្តាញសង្គម ភាគច្រើនអ្នកដែលរិះគន់បណ្ឌិត គឺជាមនុស្សដែលមិនបានសិក្សាជ្រៅជ្រះ តែដោយសារចិត្តស្រលាញ់ ឬចិត្តស្អប់ចំពោះរឿងណាមួយ ក៏ចេះតែដៀលអ្នកសិក្សាបានសញ្ញាបត្របណ្ឌិតទៅ។ អ្នកដែលដៀលបណ្ឌិត ភាគច្រើនរៀនមិនចប់បណ្ឌិតទេ ហើយអ្នកដែលដៀលព្រះសង្ឃ ភាគច្រើនមិនបានបួសជាព្រះសង្ឃទេ។ ការសិក្សារហូតបានសញ្ញាបត្របណ្ឌិតគឺជារឿងលំបាកណាស់ ជាពិសេសសម្រាប់កូនអ្នកស្រែចម្ការ ព្រោះត្រូវតស៊ូនឹងការខ្វះខាត ការប្រឹងប្រែងសិក្សាឯកសារផ្សេងៗ ការរស់នៅក្នុងសង្គម និងបញ្ហាផ្សេងៗទៀត។ ការបួសជាព្រះសង្ឃក៏ជារឿងលំបាកណាស់ដែរ ព្រោះត្រូវគោរពទៅតាមវិន័យ ឬការកំណត់ផ្សេងៗ ហើយត្រូវអត់ធន់ចំពោះសេចក្តីត្រូវការដែលមនុស្សលោកតែងត្រូវការជាធម្មតា។ អ្នកដែលមិនធ្លាប់បួសមិនបានយល់ការលំបាករបស់ព្រះសង្ឃទេ។ បរិបទសង្គមកំណត់អ្វីៗគ្រប់យ៉ាង។

បណ្ឌិតដែលរៀនបានខ្ពស់ ហើយអានសៀវភៅ និងឯកសារបានច្រើនក៏មិនអាចធ្វើតាមចំណេះដឹងដែលបានសិក្សាមកហើយទាំងអស់នោះទេ គឺប្រើប្រាស់តែចំណេះដឹងដែលចាំបាច់ណាមួយស្របទៅតាមពេលវេលា និងកាលៈទេសៈដែលតម្រូវ។ ដើម្បីបានទទួលសញ្ញាបត្របណ្ឌិត គឺអ្នកសិក្សាត្រូវស្រាវជ្រាវលើមុខជំនាញណាមួយដែលខ្លួនពេញចិត្ត ហើយធ្វើការស្រាវជ្រាវដោយមានការណែនាំអំពីសាស្ត្រាចារ្យផ្សេងៗ។ បុគ្គលដែលបួសជាសង្ឃ ទាល់តែគោរពបដិបត្តិទៅតាមសេចក្តីដែលខ្លួនបានសិក្សាមកហើយនោះ ទើបលោកអាចបំពេញសេចក្តីល្អបាន។

អ្នកខ្លះបានសញ្ញាបត្របណ្ឌិតដើម្បីមើលងាយ មើលថោកអ្នកផ្សេង ជាពិសេសអ្នកដែលរៀនចប់មកពីក្រៅប្រទេសមួយចំនួនក៏តាំងចិត្តថាអ្នកសិក្សាក្នុងប្រទេសមិនមានចំណេះដឹងដល់ខ្លួន។ អ្នកមានសញ្ញាបត្របណ្ឌិតខ្លះ ការនិយាយស្តី ឬសកម្មភាពនៃការរស់នៅប្រចាំថ្ងៃ ដូចជាអ្នកដែលមិនមានចំណេះដឹង ចូលចិត្តនិយាយរឿងអាក្រក់របស់អ្នកផ្សេង ចូលចិត្តចាក់រុកអ្នកផ្សេង ចូលចិត្តនិយាយមិនពិតអំពីអ្នកផ្សេងដើម្បីផលប្រយោជន៍ខ្លួន ហើយក៏មានបណ្ឌិតខ្លះចូលចិត្តរាយការណ៍អាក្រក់អំពីអ្នកផ្សេងដើម្បីខ្លួនបានទទួលការសរសើរជាដើម។

បុគ្គលជាសង្ឃខ្លះក៏ដូចគ្នាដែរ ចូលចិត្តនិយាយអាក្រក់អំពីអ្នកផ្សេង ចូលចិត្តនិយាយដើមគេ ចូលចិត្តបំផ្លើសការពិត ទាំងដែលខ្លួនជាសង្ឃក៏មានដែរ។

សរុបជាអ្នករួមមក មិនមែនអ្នកដែលមានសញ្ញាបត្របណ្ឌិត ឬភេទជាព្រះសង្ឃ សុទ្ធតែជាអ្នកតំណាងឱ្យភាពត្រឹមត្រូវនោះទេ ព្រោះថាសញ្ញាបត្របណ្ឌិត គ្រាន់តែការកំណត់កម្រិតនៃការសិក្សា ហើយភេទជាព្រះសង្ឃគ្រាន់តែការកំណត់ភាពផ្សេងគ្នាអំពីគ្រហស្ថ តែសេចក្តីល្អ ឬភាពត្រឹមត្រូវរបស់មនុស្ស គឺអាស្រ័យលើការគោរពទៅតាមចំណេះដឹង ឬធម៌វិន័យខ្លួនបានសិក្សាមកហើយនោះ។ មនុស្សដែលបានសិក្សារហូតចប់ថា្នក់បណ្ឌិត គឺជាមនុស្សដែលមានសេចក្តីអត់ធននឹងការប្រឹងប្រែងដែលគួរដល់ការគោរព។ បុគ្គលដែលបានបួសជាសង្ឃ បានសិក្សាស៊ីជម្រៅ ហើយបានបដិបត្តិតាមសេចក្តីដែលបានសិក្សាចេះដឹងហើយនោះ គឺរឹតតែជាបុគ្គលដែលគួរគោរពនៅក្នុងសង្គម។

(បណ្ឌិត ស៊ឺន សម មន្ត្រីទទួលបន្ទុកកិច្ចការសាធារណៈនៃរាជបណ្ឌិត្យសភាកម្ពុជា)


អត្ថបទទាក់ទង

«គណៈប្រតិភូនៃរាជបណ្ឌិត្យសភាកម្ពុជាអញ្ជើញចូលរួម វេទិកាបញ្ញាជន ឡានឆាង-មេគង្គ លើកទី២...!»

វេទិកានេះ បានអញ្ជើញ អ្នកស្រាវជ្រាវទាំងរដ្ឋនិងឯកជនជួបគ្នានៅសាកលវិទ្យាល័យយូណាន ពីថ្ងៃ២៥-២៨ ខែកញ្ញា។ កម្មវិធីនេះ ធ្វើឡើងក្នុងឱកាសខួបលើកទី១៥ នៃទំនាក់ដៃគូជាយុទ្ធសាស្ត្ររវាង ចិន-អាស៊ាន និងជាឆ្នាំសំខាន់សម្រា...

2018-09-25 02:39:55   Tue, 25,09,2018, 02:39 AM
«២៤ កញ្ញា ឆ្នាំ២០១៨ ខួបទី២៥ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា»

ថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នេះ គឺជាខួប ២៥ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សម័យរាជាណាចក្រទី២។ មកដល់បច្ចុប្បន្ននេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ មានអាយុ...

2018-09-22 14:24:27   Sat, 22,09,2018, 02:24 PM
«ជំនួបជាមួយលោកបណ្ឌិត Brad Glosserman»

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ បានទទួលជួបជាមួយលោកបណ្ឌិត Brad Glosserman នាយករង និងជាសាស្ត្រាចារ្យដែលកំពុងផ្លាស់ប...

2018-09-19 09:29:20   Wed, 19,09,2018, 09:29 AM
គម្រោងស្រាវជ្រាវលើប្រសិទ្ធភាព Biochar បានបោះពុម្ពផ្សាយក្នុងទស្សនាវដ្តីកម្រឹត​ពិភពលោក

ទីបំផុតការតបស្នងដល់ស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា និងដល់ក្រុមស្រាវជ្រាវនៃគម្រោង«ការគាំទ្របច្ចេកវិទ្យា សម្រាប់ផលិតនិងប្រើប្រាស់ Biochar ដើម្បីបង្កើនទិន្នផល កសិកម្ម នៅ ប្រទេសកម្ពុជា» បានបង្ហាញឱ្យឃើញយ៉ាង ច...

2018-09-17 12:17:54   Mon, 17,09,2018, 12:17 PM
សង្ខេបព័ត៌មាន ២សប្តាហ៍កន្លងមកនេះ

ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨៖ មន្រ្តីរាជបណ្ឌិត្យសភាកម្ពុជា ៦រូបទទួលបានគ្រឿងឥស្សរិយយស​ពីវិទ្យាស្ថានស្តង់ដា​កម្ពុជា​នៃក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម បន្ទាប់ពីបំពេញភារកិច្ចក្នុងគណៈកម្មាការស្តង់រយៈកាលជាង១០ឆ្...

2018-09-17 04:31:18   Mon, 17,09,2018, 04:31 AM
«ប្រវត្តិសិល្បៈមហោរីខ្មែរ»

(ស្រាវជ្រាវចងក្រងដោយលោកស្រី យ៉ាន់ វិភារតន៍ ប្រធានផ្នែកសិល្បៈទស្សនីយភាព នៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិតស្យសភាកម្ពុជា) ការសិក្សាអំពីសង្គម និងវប្បធម៌របស់ជាតិសាសន៍ណាមួយ មិនមែនជាការងាយស្រួ...

2018-09-14 03:05:51   Fri, 14,09,2018, 03:05 AM

សេចក្តីប្រកាស