ព័ត៌មាន

«បណ្ឌិត មាឃ បូរ៉ា ជាប់ស្ថាពរជាបេក្ខភាពប្រធានវិទ្យាស្ថានភាសាជាតិ»

2020-04-07 10:43:33 ថ្ងៃអង្គារ, 07 មេសា 2020 ម៉ោង 05:43 PM
អ្នកមើល 3273
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ លោកបណ្ឌិត មាឃ បូរ៉ា ប្រធានផ្នែកសិលាចារឹកវិទ្យានៃវិទ្យាស្ថានភាសាជាតិត្រូវបានគណៈកម្មការវាយតម្លៃជាប់ស្ថាពរជាបេក្ខភាពប្រធានវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោយពីលោកបណ្ឌិតបានទទួលពិន្ទុគាំទ្ររហូតដល់ទៅ ១១៦៣ពិន្ទុពីគណៈកម្មការវាយតម្លៃជ្រើសរើសបេក្ខភាពប្រធានវិទ្យាស្ថានភាសាជាតិនិងមន្ត្រីនៃវិទ្យាស្ថានភាសាជាតិទាំងអស់។

នៅថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃ៧ ខែមេសា ឆ្នាំ២០២០ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំការវាយតម្លៃជ្រើសរើសបេក្ខភាពប្រធានវិទ្យាស្ថានភាសាជាតិថ្មីជំនួយឯកឧត្តមបណ្ឌិត ជួរ គារី ដែលត្រូវដល់អាយុចូលនិវត្តន៍។ បេក្ខភាពចូលរួមប្រកួតប្រជែងមានចំនួន២រូប គឺលោកបណ្ឌិត មាឃ បូរ៉ា និងលោកបណ្ឌិត វង្ស ម៉េង។ ពិធីនេះបានប្រព្រឹត្តឡើងនៅសាលសន្និសីទអគារឥន្ទ្រទេវីក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំការវាយតម្លៃ ដែលមានការចូលរួមវាយតម្លៃពីគណៈកម្មការវាយតម្លៃ និងមន្ត្រីនៃវិទ្យាស្ថានភាសាជាតិសរុបចំនួន ២៧រូប។

នៅក្នុងពិធីនេះ គណៈកម្មការវាយតម្លៃ និងមន្ត្រីវិទ្យាស្ថានភាសាជាតិបានផ្តល់ពិន្ទុវាយតម្លៃសមត្ថភាពបេក្ខជនយ៉ាងសម្ងាត់ សុក្រឹត តម្លាភាព សមធម៌ និងយុត្តិធម៌ បន្ទាប់ពីបានពិនិត្យមើល និងស្តាប់ការធ្វើបទបង្ហាញរបស់បេក្ខជនដែលមានរយៈពេលចំនួន១៥នាទី អំពី ផែនការសកម្មភាព ចក្ខុវិស័យ និងទស្សនៈវិស័យការដឹកនាំគ្រប់គ្រងរបស់បេក្ខជនយ៉ាងល្អិតល្អន់។ នៅក្នុងការផ្តល់ពិន្ទុវាយតម្លៃសមត្ថភាពបេក្ខជននេះ គណៈកម្មការវាយតម្លៃបានកំណត់យកលក្ខណៈវិនិច្ឆ័យសំខាន់ៗចំនួន៧ចំណុច រួមមាន៖ 

១. យុទ្ធសាស្រ្តក្នុងការដឹកនាំអង្គភាព
២. យុទ្ធសាស្រ្តគ្រប់គ្រងនិងដឹកនាំបុគ្គលិក
៣. គំនិតផ្តួចផ្តើមនិងច្នៃប្រឌិតការងារ
៤. សមត្ថភាពក្នុងការរៀបចំនិងទទួលបានគម្រោងស្រាវជ្រាវ
៥. ស្មារតីទទួលខុសត្រូវ
៦. ការយកចិត្តទុកដាក់ចំពោះផលប្រយោជន៍អង្គភាព និង
៧. សីលធម៌។

ជាលទ្ធផល លោកបណ្ឌិត មាឃ បូរ៉ា បានពិន្ទុចំនួន ១១៦៣ពិន្ទុនិងលោកបណ្ឌិត វង្ស មេង អនុប្រធានវិទ្យាស្ថានភាសាជាតិទទួលបានពិន្ទុចំនួន ១១០៤។ ដូចនេះ លោកបណ្ឌិត មាឃ បូរ៉ា បានជាប់ស្ថាពរជាបេក្ខភាពប្រធានវិទ្យាស្ថានភាសាជាតិ។

ក្រោយពីជាប់ជាប្រធានវិទ្យាស្ថានភាសាជាតិ លោកបណ្ឌិត មាឃ បូរ៉ា បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា លោកនឹងប្រកាន់ខ្ជាប់នូវទស្សនវិជ្ជាដឹកនាំផ្អែកលើគោលការណ៍គ្រឹះចំនួន៦ ដើម្បីវាស់វែងកិច្ចប្រតិបត្តិការងារ ដូចជា៖ 

១. សមត្ថភាព គឺចំណេះដឹងនិងចំណេះធ្វើក្នុងវិស័យឯកទេសរបស់ខ្លួន
២. ទេពកោសល្យ គឺភាពប៉ិនប្រសប់និងភាពឆ្លាតវៃក្នុងការងារ
៣. នវានុវត្តន៍ គឺគំនិតច្នៃប្រឌិតក្នុងការបង្កើតនូវតម្លៃបន្ថែម
៤. សីលធម៌ គឺភាពជាពលរដ្ឋល្អក្នុងមជ្ឈដ្ឋានការងារនិងសង្គម
៥. ភាពអំណត់ គឺការតស៊ូក្រាញននៀលក្នុងការងារមិនថាលំបាកឬស្រណុក និង
៦. ភាពស្មោះត្រង់ គឺភក្តីភាពចំពោះការងារ អង្គភាព និងប្រទេសជាតិ និងគុណធម៌។

លើសពីនេះ លោកបណ្ឌិតបានប្រសាសន៍ថា លោកនឹងប្រកាន់ភ្ជាប់ជានិច្ចនូវទស្សនវិជ្ជារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាជាត្រីវិស័យ នោះគឺ « ទ្រឹស្ដីផ្សារភ្ជាប់នឹងការអនុវត្ត ចងភ្ជាប់ដោយលទ្ធផល ហើយត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ»៕

RAC Media | រឿន ភីរុន

អត្ថបទទាក់ទង

បណ្ឌិតសភាចារ្យ សុខ ទូច៖ បើយើងមិនថែរក្សាបរិស្ថានពិភពលោកនោះទេ នោះមនុស្សជាតិនឹងក្លាយទៅជាទាសកររបស់ផែនដីនៅពេលអនាគត

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅក្នុងឱកាសសុន្ទរកថាបើកសិក្ខាសាលា ស្ដីពី «កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យានៃការកសាងអរិយធម៌ អេកូឡូស៊ី កម្ពុជា-ក្វាងស៊ី» នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ...

2024-04-25 03:57:58   ថ្ងៃព្រហស្បតិ៍, 25 មេសា 2024 ម៉ោង 10:57 AM
«ការសិក្សាឫសគល់ទស្សនវិជ្ជាខ្មែរ» ដោយ ៖ បណ្ឌិត ប៉ាន់ វុត្ថា អនុប្រធាននាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិជ្ជា វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា

​ការសិក្សាស្រាវជ្រាវអំពី ឫសគល់ទស្សនវិជ្ជាខ្មែរ ចាំបាច់​យើងត្រូវ​មើល​គំរូ​ប្រព័ន្ធ​ទស្សនវិជ្ជា​ក្នុង​សាកល​​លោក​ ទាំងលោក​ខាង​លិច ទាំងលោក​ខាង​កើត​ ដើម្បីយកមកធ្វើជាប្រទីបក្នុងការឆ្លុះមើល និង​ជីក​រក​ឫស​​គល...

2024-04-21 13:48:11   ថ្ងៃអាទិត្យ, 21 មេសា 2024 ម៉ោង 08:48 PM
ការកំណត់បញ្ហាប្រធានបទសិក្សាស្រាវជ្រាវ ចេញពី ភាពខ្វះចន្លោះ ក្នុងការប្រើប្រាស់វិធីសាស្ត្រសិក្សាស្រាវជ្រាវ ដោយ៖ បណ្ឌិត វង់ សំអូន អនុប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាល និង​ស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា

​វិធីសាស្ត្រសិក្សាស្រាវជ្រាវ​គឺ​សំដៅលើដំណើរការនៃការសិក្សា​ស្រាវជ្រាវទាំងឡាយណា​ ​​ដែល​បាន​ឆ្លងកាត់និតិវិធីវិទ្យាសាស្ត្រ​​សំខាន់ៗ​មួយចំនួនដូចជា៖ ការប្រើប្រាស់វិធីសាស្ត្រការកំណត់ និង​បញ្ជាក់បញ្ហាសិក្សាស្...

2024-04-21 13:40:31   ថ្ងៃអាទិត្យ, 21 មេសា 2024 ម៉ោង 08:40 PM
ទស្សនវិជ្ជាគ្រិស្តសាសនានិងអ៊ិស្លាមសាសនា ដោយ៖ បណ្ឌិត ហែម ឡាច អនុប្រធាននាយកដ្ឋាននីតិសាស្ត្រ វិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសង្គម រាជបណ្ឌិត្យសភាកម្ពុជា

គ្រិស្តសាសនា គឺជាសាសនាដែលមានសាសនិកច្រើនជាងគេបង្អស់ក្នុងចំណោមសាសនាធំៗនៃពិភពលោក។ ទស្សនវិជ្ជាគ្រិស្តសាសនា ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយគ្រប់ទ្វីបទាំងអស់។ ទស្សនវិជ្ជាគ្រិស្តសាសនា ត្រូវបានផ្សព្វផ្សាយគ្រ...

2024-04-18 15:06:52   ថ្ងៃព្រហស្បតិ៍, 18 មេសា 2024 ម៉ោង 10:06 PM
ទស្សនវិជ្ជា​​​សង្គម ​និង​ ទស្សនវិជ្ជានយោបាយ​ខ្មែរ តាមរយៈ​រឿងធម្មបាលកុមារ ដោយ៖ លោក​ ឈុន ផាវ៉េង មន្ត្រីនាយកដ្ឋានទស្សនវិជ្ជា និង​ សង្គមវិទ្យា វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

រឿងធម្មបាលកុមារ ដែលគេច្រឡំហៅថា រឿងកបិលមហាព្រហ្ម គឺជាទេវកថាមួយដែលបានបង្កប់នូវខ្លឹមសារទស្សនវិជ្ជាសង្គមនិងនយោបាយខ្មែរយ៉ាងជ្រាលជ្រៅ។ រឿងនេះបាននិងកំពុងមានប្រជាប្រិយភាពខ្លាំងសម្រាប់ជនជាតិខ្មែរគ្រប់វ័យ ជាច្រ...

2024-04-18 14:52:16   ថ្ងៃព្រហស្បតិ៍, 18 មេសា 2024 ម៉ោង 09:52 PM
ការលួចស្នាដៃនិពន្ធ Plagiarism ដោយ៖ លោកស្រីបណ្ឌិត ព្រុំ ទេវី អនុប្រធានវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

និស្សិតនិងអ្នកស្រាវជ្រាវភាគច្រើនតែងត្រូវការទិន្នន័យពីឯកសារដែលមានស្រាប់ដើម្បីឱ្យដឹងថា ការស្រាវជ្រាវមុនៗបានធ្វើដល់ណាហើយមុននឹងចាប់ផ្តើមប្រមូលទិន្នន័យបថម។ ក្នុងការសរសេរកិច្ចការគរុកោសល្យមួយ សេចក្តីស្មោះត្រ...

2024-04-18 14:50:16   ថ្ងៃព្រហស្បតិ៍, 18 មេសា 2024 ម៉ោង 09:50 PM

សេចក្តីប្រកាស