ព័ត៌មាន

«បណ្ឌិត មាឃ បូរ៉ា ជាប់ស្ថាពរជាបេក្ខភាពប្រធានវិទ្យាស្ថានភាសាជាតិ»

2020-04-07 10:43:33 ថ្ងៃអង្គារ, 07 មេសា 2020, 10:43 AM
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ លោកបណ្ឌិត មាឃ បូរ៉ា ប្រធានផ្នែកសិលាចារឹកវិទ្យានៃវិទ្យាស្ថានភាសាជាតិត្រូវបានគណៈកម្មការវាយតម្លៃជាប់ស្ថាពរជាបេក្ខភាពប្រធានវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោយពីលោកបណ្ឌិតបានទទួលពិន្ទុគាំទ្ររហូតដល់ទៅ ១១៦៣ពិន្ទុពីគណៈកម្មការវាយតម្លៃជ្រើសរើសបេក្ខភាពប្រធានវិទ្យាស្ថានភាសាជាតិនិងមន្ត្រីនៃវិទ្យាស្ថានភាសាជាតិទាំងអស់។

នៅថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃ៧ ខែមេសា ឆ្នាំ២០២០ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំការវាយតម្លៃជ្រើសរើសបេក្ខភាពប្រធានវិទ្យាស្ថានភាសាជាតិថ្មីជំនួយឯកឧត្តមបណ្ឌិត ជួរ គារី ដែលត្រូវដល់អាយុចូលនិវត្តន៍។ បេក្ខភាពចូលរួមប្រកួតប្រជែងមានចំនួន២រូប គឺលោកបណ្ឌិត មាឃ បូរ៉ា និងលោកបណ្ឌិត វង្ស ម៉េង។ ពិធីនេះបានប្រព្រឹត្តឡើងនៅសាលសន្និសីទអគារឥន្ទ្រទេវីក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំការវាយតម្លៃ ដែលមានការចូលរួមវាយតម្លៃពីគណៈកម្មការវាយតម្លៃ និងមន្ត្រីនៃវិទ្យាស្ថានភាសាជាតិសរុបចំនួន ២៧រូប។

នៅក្នុងពិធីនេះ គណៈកម្មការវាយតម្លៃ និងមន្ត្រីវិទ្យាស្ថានភាសាជាតិបានផ្តល់ពិន្ទុវាយតម្លៃសមត្ថភាពបេក្ខជនយ៉ាងសម្ងាត់ សុក្រឹត តម្លាភាព សមធម៌ និងយុត្តិធម៌ បន្ទាប់ពីបានពិនិត្យមើល និងស្តាប់ការធ្វើបទបង្ហាញរបស់បេក្ខជនដែលមានរយៈពេលចំនួន១៥នាទី អំពី ផែនការសកម្មភាព ចក្ខុវិស័យ និងទស្សនៈវិស័យការដឹកនាំគ្រប់គ្រងរបស់បេក្ខជនយ៉ាងល្អិតល្អន់។ នៅក្នុងការផ្តល់ពិន្ទុវាយតម្លៃសមត្ថភាពបេក្ខជននេះ គណៈកម្មការវាយតម្លៃបានកំណត់យកលក្ខណៈវិនិច្ឆ័យសំខាន់ៗចំនួន៧ចំណុច រួមមាន៖ 

១. យុទ្ធសាស្រ្តក្នុងការដឹកនាំអង្គភាព
២. យុទ្ធសាស្រ្តគ្រប់គ្រងនិងដឹកនាំបុគ្គលិក
៣. គំនិតផ្តួចផ្តើមនិងច្នៃប្រឌិតការងារ
៤. សមត្ថភាពក្នុងការរៀបចំនិងទទួលបានគម្រោងស្រាវជ្រាវ
៥. ស្មារតីទទួលខុសត្រូវ
៦. ការយកចិត្តទុកដាក់ចំពោះផលប្រយោជន៍អង្គភាព និង
៧. សីលធម៌។

ជាលទ្ធផល លោកបណ្ឌិត មាឃ បូរ៉ា បានពិន្ទុចំនួន ១១៦៣ពិន្ទុនិងលោកបណ្ឌិត វង្ស មេង អនុប្រធានវិទ្យាស្ថានភាសាជាតិទទួលបានពិន្ទុចំនួន ១១០៤។ ដូចនេះ លោកបណ្ឌិត មាឃ បូរ៉ា បានជាប់ស្ថាពរជាបេក្ខភាពប្រធានវិទ្យាស្ថានភាសាជាតិ។

ក្រោយពីជាប់ជាប្រធានវិទ្យាស្ថានភាសាជាតិ លោកបណ្ឌិត មាឃ បូរ៉ា បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា លោកនឹងប្រកាន់ខ្ជាប់នូវទស្សនវិជ្ជាដឹកនាំផ្អែកលើគោលការណ៍គ្រឹះចំនួន៦ ដើម្បីវាស់វែងកិច្ចប្រតិបត្តិការងារ ដូចជា៖ 

១. សមត្ថភាព គឺចំណេះដឹងនិងចំណេះធ្វើក្នុងវិស័យឯកទេសរបស់ខ្លួន
២. ទេពកោសល្យ គឺភាពប៉ិនប្រសប់និងភាពឆ្លាតវៃក្នុងការងារ
៣. នវានុវត្តន៍ គឺគំនិតច្នៃប្រឌិតក្នុងការបង្កើតនូវតម្លៃបន្ថែម
៤. សីលធម៌ គឺភាពជាពលរដ្ឋល្អក្នុងមជ្ឈដ្ឋានការងារនិងសង្គម
៥. ភាពអំណត់ គឺការតស៊ូក្រាញននៀលក្នុងការងារមិនថាលំបាកឬស្រណុក និង
៦. ភាពស្មោះត្រង់ គឺភក្តីភាពចំពោះការងារ អង្គភាព និងប្រទេសជាតិ និងគុណធម៌។

លើសពីនេះ លោកបណ្ឌិតបានប្រសាសន៍ថា លោកនឹងប្រកាន់ភ្ជាប់ជានិច្ចនូវទស្សនវិជ្ជារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាជាត្រីវិស័យ នោះគឺ « ទ្រឹស្ដីផ្សារភ្ជាប់នឹងការអនុវត្ត ចងភ្ជាប់ដោយលទ្ធផល ហើយត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ»៕

RAC Media | រឿន ភីរុន

អត្ថបទទាក់ទង

«ការងារ និងសុខភាព»

រាជបណ្ឌិត្យសភាកម្ពុជា ជាស្ថាប័នស្រាវជ្រាវរបស់រាជរដ្ឋាភិបាល ដែលមន្ត្រីរាជការភាគច្រើន ធ្វើការផ្តោតជាសំខាន់លើកិច្ចការស្រាវជ្រាវ ដើម្បីផ្តល់ធាតុចូលជូនរាជរដ្ឋភិបាលកម្ពុជា និងស្ថាប័នដែលពាក់ព័ន្ធ ក៏ដូចជាប្រជ...

2018-09-06 10:11:01   Thu, 06,09,2018, 10:11 AM
«អភិក្រមទាំង៥ត្រូវបានយកមកអនុវត្ដជាលើកដំបូងសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា»

រាជបណ្ឌិត្យសភាកម្ពុជា បាននឹងកំពុងយកអភិក្រមទាំង៥ មកអនុវត្ដនៅក្នុងស្ថាប័នរបស់ខ្លួនដើម្បីជំរុញកំណើនការងារ សមធម៌ និងប្រសិទ្ធភាពការងាររបស់មន្ដ្រីរាជការនានា។ សំខាន់ គឺដើម្បីជំរុញឱ្យស្ថាប័នមានការអភិវឌ្ឍ ក៏ដូ...

2018-09-04 05:17:50   Tue, 04,09,2018, 05:17 AM
«ការបង្កើនប្រសិទ្ធភាព និងវិន័យការងារនៅតាមវិទ្យាស្ថានចំណុះ»

«...ផ្នែកបុរាណវិទ្យា ផ្នែកវប្បធម៌ត្រូវចាប់ដៃកិច្ចសហការជាមួយផ្នែកសិល្បៈ ដើម្បីរៀបចំការសម្តែងសិល្បៈ ក្នុងការផ្សព្វផ្សាយនូវស្នាដៃរបស់ខ្លួន នេះមានន័យថា អ្វីដែលផ្នែកបុរាណវិទ្យាបានកកាយរកឃើញនៅតាមទីទួលបុរាណរួ...

2018-09-04 04:00:56   Tue, 04,09,2018, 04:00 AM
«មន្រ្តីរាជបណ្ឌិត្យសភាកម្ពុជាទទួលបានគ្រឿងឥស្សរិយយសពីវិទ្យាស្ថានស្តង់ដាកម្ពុជានៃក្រសួងឧស្សាហកម្មនិងសិប្បកម្ម»

ពិធីបំពាក់គ្រឿងឥស្សរិយយសជូនដល់សមាជិកក្រុមប្រឹក្សាស្តង់ដាជាតិ​ និងគណៈកម្មការបច្ចេកទេសដែលមានស្នាដៃឆ្នើមក្នុងការអភិវឌ្ឍស្តង់ដាជាតិ ត្រូវបានប្រារព្ធឡើងនាព្រឹកថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស...

2018-09-03 09:36:36   Mon, 03,09,2018, 09:36 AM
«ពិធីការពារគម្រោងនិក្ខេបបទលម្អិតថ្នាក់បណ្ឌិត...»

នៅថ្ងៃសុក្រ ៥រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ២ និង៣០ រសៀល ផ្នែកបណ្តុះបណ្តាល និងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំ «កម្មវិធីការពារគម្រោងនិក្...

2018-08-31 14:56:49   Fri, 31,08,2018, 02:56 PM
«ការបោះជំហានរបស់រាជបណ្ឌិត្យសភាកម្ពុជានៅក្នុងឆាកអន្តរជាតិ...»

នៅថ្ងៃសុក្រ ៥រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែសីហាឆ្នាំ២០១៨ គណៈប្រតិភូរបស់រាជបណ្ឌិត្យ សភាកម្ពុជា ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អមដំណើរដោយឯកឧត្តមបណ្ឌិតសភាច...

2018-08-31 14:09:20   Fri, 31,08,2018, 02:09 PM

សេចក្តីប្រកាស