ព័ត៌មាន

«បណ្ឌិត មាឃ បូរ៉ា ជាប់ស្ថាពរជាបេក្ខភាពប្រធានវិទ្យាស្ថានភាសាជាតិ»

2020-04-07 10:43:33 ថ្ងៃអង្គារ, 07 មេសា 2020 ម៉ោង 05:43 PM
អ្នកមើល 7122
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ លោកបណ្ឌិត មាឃ បូរ៉ា ប្រធានផ្នែកសិលាចារឹកវិទ្យានៃវិទ្យាស្ថានភាសាជាតិត្រូវបានគណៈកម្មការវាយតម្លៃជាប់ស្ថាពរជាបេក្ខភាពប្រធានវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោយពីលោកបណ្ឌិតបានទទួលពិន្ទុគាំទ្ររហូតដល់ទៅ ១១៦៣ពិន្ទុពីគណៈកម្មការវាយតម្លៃជ្រើសរើសបេក្ខភាពប្រធានវិទ្យាស្ថានភាសាជាតិនិងមន្ត្រីនៃវិទ្យាស្ថានភាសាជាតិទាំងអស់។

នៅថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃ៧ ខែមេសា ឆ្នាំ២០២០ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំការវាយតម្លៃជ្រើសរើសបេក្ខភាពប្រធានវិទ្យាស្ថានភាសាជាតិថ្មីជំនួយឯកឧត្តមបណ្ឌិត ជួរ គារី ដែលត្រូវដល់អាយុចូលនិវត្តន៍។ បេក្ខភាពចូលរួមប្រកួតប្រជែងមានចំនួន២រូប គឺលោកបណ្ឌិត មាឃ បូរ៉ា និងលោកបណ្ឌិត វង្ស ម៉េង។ ពិធីនេះបានប្រព្រឹត្តឡើងនៅសាលសន្និសីទអគារឥន្ទ្រទេវីក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំការវាយតម្លៃ ដែលមានការចូលរួមវាយតម្លៃពីគណៈកម្មការវាយតម្លៃ និងមន្ត្រីនៃវិទ្យាស្ថានភាសាជាតិសរុបចំនួន ២៧រូប។

នៅក្នុងពិធីនេះ គណៈកម្មការវាយតម្លៃ និងមន្ត្រីវិទ្យាស្ថានភាសាជាតិបានផ្តល់ពិន្ទុវាយតម្លៃសមត្ថភាពបេក្ខជនយ៉ាងសម្ងាត់ សុក្រឹត តម្លាភាព សមធម៌ និងយុត្តិធម៌ បន្ទាប់ពីបានពិនិត្យមើល និងស្តាប់ការធ្វើបទបង្ហាញរបស់បេក្ខជនដែលមានរយៈពេលចំនួន១៥នាទី អំពី ផែនការសកម្មភាព ចក្ខុវិស័យ និងទស្សនៈវិស័យការដឹកនាំគ្រប់គ្រងរបស់បេក្ខជនយ៉ាងល្អិតល្អន់។ នៅក្នុងការផ្តល់ពិន្ទុវាយតម្លៃសមត្ថភាពបេក្ខជននេះ គណៈកម្មការវាយតម្លៃបានកំណត់យកលក្ខណៈវិនិច្ឆ័យសំខាន់ៗចំនួន៧ចំណុច រួមមាន៖ 

១. យុទ្ធសាស្រ្តក្នុងការដឹកនាំអង្គភាព
២. យុទ្ធសាស្រ្តគ្រប់គ្រងនិងដឹកនាំបុគ្គលិក
៣. គំនិតផ្តួចផ្តើមនិងច្នៃប្រឌិតការងារ
៤. សមត្ថភាពក្នុងការរៀបចំនិងទទួលបានគម្រោងស្រាវជ្រាវ
៥. ស្មារតីទទួលខុសត្រូវ
៦. ការយកចិត្តទុកដាក់ចំពោះផលប្រយោជន៍អង្គភាព និង
៧. សីលធម៌។

ជាលទ្ធផល លោកបណ្ឌិត មាឃ បូរ៉ា បានពិន្ទុចំនួន ១១៦៣ពិន្ទុនិងលោកបណ្ឌិត វង្ស មេង អនុប្រធានវិទ្យាស្ថានភាសាជាតិទទួលបានពិន្ទុចំនួន ១១០៤។ ដូចនេះ លោកបណ្ឌិត មាឃ បូរ៉ា បានជាប់ស្ថាពរជាបេក្ខភាពប្រធានវិទ្យាស្ថានភាសាជាតិ។

ក្រោយពីជាប់ជាប្រធានវិទ្យាស្ថានភាសាជាតិ លោកបណ្ឌិត មាឃ បូរ៉ា បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា លោកនឹងប្រកាន់ខ្ជាប់នូវទស្សនវិជ្ជាដឹកនាំផ្អែកលើគោលការណ៍គ្រឹះចំនួន៦ ដើម្បីវាស់វែងកិច្ចប្រតិបត្តិការងារ ដូចជា៖ 

១. សមត្ថភាព គឺចំណេះដឹងនិងចំណេះធ្វើក្នុងវិស័យឯកទេសរបស់ខ្លួន
២. ទេពកោសល្យ គឺភាពប៉ិនប្រសប់និងភាពឆ្លាតវៃក្នុងការងារ
៣. នវានុវត្តន៍ គឺគំនិតច្នៃប្រឌិតក្នុងការបង្កើតនូវតម្លៃបន្ថែម
៤. សីលធម៌ គឺភាពជាពលរដ្ឋល្អក្នុងមជ្ឈដ្ឋានការងារនិងសង្គម
៥. ភាពអំណត់ គឺការតស៊ូក្រាញននៀលក្នុងការងារមិនថាលំបាកឬស្រណុក និង
៦. ភាពស្មោះត្រង់ គឺភក្តីភាពចំពោះការងារ អង្គភាព និងប្រទេសជាតិ និងគុណធម៌។

លើសពីនេះ លោកបណ្ឌិតបានប្រសាសន៍ថា លោកនឹងប្រកាន់ភ្ជាប់ជានិច្ចនូវទស្សនវិជ្ជារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាជាត្រីវិស័យ នោះគឺ « ទ្រឹស្ដីផ្សារភ្ជាប់នឹងការអនុវត្ត ចងភ្ជាប់ដោយលទ្ធផល ហើយត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ»៕

RAC Media | រឿន ភីរុន

អត្ថបទទាក់ទង

អ្នកស្រី ត្រឹង ងា ទទួលបានសញ្ញាបត្រកិត្តិបណ្ឌិត ផ្នែកអក្សរសាស្ត្រ ពីរាជបណ្ឌិត្យសភាកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ អ្នកស្រី ត្រឹង ងា អ្នកនិពន្ធសៀវភៅអរិយធម៌ខ្មែរ ត្រូវបានប្រគល់សញ្ញាបត្រកិត្តិបណ្ឌិត ផ្នែកអក្សរសាស្ត្រ នៃរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈសេចក្ដីសម្រេច...

2020-10-19 06:57:21   ថ្ងៃចន្ទ, 19 តុលា 2020 ម៉ោង 01:57 PM
តើកត្តាសង្រ្គាមបដិវត្តន៍ឬភូមិសាស្ត្រនយោបាយ ដែលបង្កឱ្យមានភាពតានតឹងរវាងចិន និងតៃវ៉ាន់? ដោយ៖ លោក អ៊ុច លាង មន្ត្រីស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

ភាពតានតឹងរវាងប្រទេសចិននិងកោះតៃវ៉ាន់ គឺជាបញ្ហាមួយដែលបានអូសបន្លាយតាំងតែពីជាង ៧០ឆ្នាំមុន។ វាគឺជាសង្គ្រាមបដិវត្តន៍រវាងបក្សកុម្មុយនិស្តចិនដែលដឹកនាំដោយលោក ម៉ៅ សេទុង និង សាធារណរដ្ឋចិន ដែលដឹកនាំដោយលោក ចាង កៃច...

2020-10-16 10:00:27   ថ្ងៃសុក្រ, 16 តុលា 2020 ម៉ោង 05:00 PM
លោកស្រីបណ្ឌិត ព្រំ ទេវី៖ ការសិក្សានៅក្រោយឧត្ដមសិក្សានឹងបណ្ដុះឱ្យអ្នកសិក្សាចេះបង្កើតគំនិតទស្សនៈដោយខ្លួនឯង

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «សារៈសំខាន់នៃការសិក្សាក្រោយឧត្ដមសិក្សា» នៅព្រឹកថ្ងៃអង្គារ ១១កើត ខែអស្សុជ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នេះ លោកស្រី...

2020-10-14 08:08:21   ថ្ងៃពុធ, 14 តុលា 2020 ម៉ោង 03:08 PM
លោកបណ្ឌិត ឈុន ពហុ៖ ការសិក្សានៅក្រោយឧត្ដមសិក្សា នឹងអនុញ្ញាតឱ្យអ្នកសិក្សាឈានទៅដោះស្រាយបញ្ហា ស្របតាមជំនាញ ឯកទេសជាក់លាក់របស់ខ្លួន

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «សារៈសំខាន់នៃការសិក្សាក្រោយឧត្ដមសិក្សា» ដែលត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃអង្គារ ១១កើត ខែអស្សុជ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០...

2020-10-14 06:13:21   ថ្ងៃពុធ, 14 តុលា 2020 ម៉ោង 01:13 PM
ឯកឧត្ដមបណ្ឌិត សួន រ៉ានី៖ ដើម្បីភាពជោគជ័យក្នុងជីវិត មនុស្សម្នាក់ៗត្រូវពង្រឹងថាមពលសំខាន់៤

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «សារៈសំខាន់នៃការសិក្សាក្រោយឧត្ដមសិក្សា» ដែលត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃអង្គារ ១១កើត ខែអស្សុជ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០...

2020-10-14 06:04:30   ថ្ងៃពុធ, 14 តុលា 2020 ម៉ោង 01:04 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន៖ ការសិក្សាក្រោយឧត្ដមសិក្សា យើងត្រូវរៀបចំខ្លួនទៅជាអ្នកឯកទេស កសាងភាពជាអ្នកដឹកនាំនៅលើឯកទេសរបស់ខ្លួន និងចុងក្រោយត្រូវត្រៀមខ្លួនទៅជាអ្នករៀបចំគោលនយោបាយសម្រាប់ជាតិលើឯកទេសនោះ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ អញ្ជើញជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «សារៈសំខាន់នៃការសិក្សាក្រោយឧត្ដមសិក្សា» ដែលត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ១១កើត ខែអស្សុជ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣...

2020-10-13 12:13:14   ថ្ងៃអង្គារ, 13 តុលា 2020 ម៉ោង 07:13 PM

សេចក្តីប្រកាស