ព័ត៌មាន

«វិញ្ញាសាកូវីដ ១៩» អត្ថបទដោយ៖ ខែក វីរៈ

2020-04-05 11:59:13 ថ្ងៃអាទិត្យ, 05 មេសា 2020 ម៉ោង 06:59 PM
អ្នកមើល 6910
post_detail

បច្ចុប្បន្នវិទ្យាសាស្ត្រមានការរីកចម្រើនណាស់ គេអាចឡើងទៅហួសឋានព្រះចន្ទ, អាចមុជដល់បាតមហាសមុទ្រ, អាចចូលដល់ស្នូលផែនដី, អាចឆ្លុះមើលដល់អង្គធាតុតូចៗបំផុត ជាងនេះទៅទៀតវិទ្យាសាស្ត្រអាចផលិតអាវុធប្រល័យលោកបានថែមទៀផង។

ក៏ប៉ុន្តែអ្នកវិទ្យាសាស្ត្រនៅមិនទាន់ខ្លាំងដល់កូវីដ១៩នៅឡើយទេ ព្រោះថាគិតមកដល់ត្រឹមព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០នេះ អ្នវិទ្យាសាស្ត្រនៅលើលោក មិនទាន់អាចមានលទ្ធភាពយកឈ្នះកូវីដ១៩បាននោះទេ។

ក្រោយពេលបង្ហាញវត្តមានរបស់ខ្លួននៅលើផែនដី កូវីដ១៩ បានធ្វើឱ្យមនុស្សពេញពិភពលោកមានការខ្លាចរអារ និងតក់ស្លុតជាពន់ពេក។ តក់ស្លុតដោយហេតុថា ត្រឹមរយៈពេលជាង៤ខែសោះ ពោលគឺពីខែធ្នូ ឆ្នាំ២០១៩ មកទល់ដើមខែមេសា ឆ្នាំ២០២០នេះ កូវីដ ១៩បានធ្វើឱ្យមនុស្សឆ្លងចំនួន ១,២០២,៤៣៣ នាក់, ស្លាប់ចំនួន ៦៤,៧២៩ នាក់, ខណៈចំនួនអ្នកជាសះស្បើយមានចំនួន ២៤៦, ៦៣៨ នាក់។

កូវីដ១៩ ក៏បានបើកស្បៃឱ្យពិភពលោកបានឃើញនូវធាតុពិតជាក់ស្តែងមួយចំនួនផងដែរ ពីទំនាក់ទំនងរវាងប្រទេសមួយទៅប្រទេសមួយទៀតនៅក្នុងសហគមន៍ ក៏ដូចជារបៀបនៃការដឹកនាំរបស់ថ្នាក់ដឹកនាំប្រទេសក្នុងលោក។ ត្រង់នេះបើយើងមើលតែក្នុងបរិបថអាស៊ាន យើងច្បាស់ជាឃើញនូវអ្វីដែលស្ថិតនៅពីក្រោយនៃអ្វីដែលគេនាំគ្នាហៅកាលពីឆ្នាំ២០១៥មកថា «សហគមន៍ មួយជោគវាសនាតែមួយ» ពាក្យនេះហាក់មានតែនៅលើក្រដាស់ជាជាងការអនុវត្ត ព្រោះថាបើយើងសង្កេតអំឡុងដើមឆ្នាំ២០២០ ស្របពេលដែលកូវីដ១៩ ចូលមកទឹកដីអាស៊ាន សហគមន៍មួយនេះ ហាក់បង្ហាញផ្ទុយពីខ្លឹមសារខាងលើ។ យើងអាចមើលពីទល្ហីករមួយចំនួនដូចជា ការបិទព្រំដែនដោយមិនបានប្រាប់មុនរបស់វៀតណាម ជាមួយកម្ពុជា, ការមិនឱ្យនាវាទេសចរណ៍កម្ពុជាចូលក្នុងទឹកដីវៀតណាម។ ការចេញលទ្ធផលផ្ទុយគ្នានៃការធ្វើតេស្តរកកូវីដ១៩ ទៅលើស្ត្រីជនជាតិអាម៉េរិកម្នាក់អាយុ៨៣ឆ្នាំដែលបានចេញពីនាវា វ៉េស្ទើដាំ( Westerdam) ពីកម្ពុជារកមិនឃើញ តែអាជ្ញាធរ​និង​មន្ត្រី​សុខាភិបាល​ម៉ាឡេស៊ី បាន​រក​ឃើញ​ថា អ្នក​ដំណើរ​ម្នាក់​តាម​នាវា​ MS Westerdam ដែល​បាន​ចុះចត​នៅ​កម្ពុជា​ មាន​ផ្ទុក​មេរោគ​កូរ៉ូណា​វីរុស Covid-19 បន្ទាប់​ពី​ស្រ្តីវ័យ ៨៣ឆ្នាំ​រូប​នេះ បាន​ធ្វើដំណើរ​តាម​យន្តហោះ​ពី​ទីក្រុង​ភ្នំពេញ​ឆ្ពោះ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី តែក្រោយមកក៏ថាឆ្លើយថាគ្មានផ្ទុកកូវីដ១៩ទៅវិញ។ ជាងនេះទៅទៀត, ពលករដែលបានចាកចេញពីប្រទេសថៃ បានរកឃើញមានផ្ទុកកូវីដ១៩ ក្រោយពេលពួកគេបានទៅដល់ឡាវ និងជនជាតិឥណ្ឌូនេស៊ី២នាក់ដែលផ្ទុកកូវីដ១៩ បានចេញពីថៃមកកម្ពុជាជាដើម។

បើយើងងាកឱ្យឆ្ងាយបន្តិច យើងឃើញថានៅចំពោះមុខស្ថានការណ៍នេះ នៅតំបន់អឺរ៉ុបហាក់មានសភាពដុនដាបខ្លាំង ព្រោះថាមេដឹកនាំប្រទេសទាំងនោះហាក់មានចំណាត់ការនៅខ្វះចន្លោះច្រើនដែលនាំឱ្យពលរដ្ឋខ្លួនស្លាប់យ៉ាងគំហុកតួរយ៉ាង អ៊ីតាលី បារាំង អង់គ្លេស អាល្លឺម៉ង់ និងអាម៉េរិកជាដើម។ អ្វីដែលគេនឹកស្មានមិនដល់នោះ គឺអាម៉េរិក បានកញ្ឆក់យកម៉ាស់ពីបារាំង ដែលបារំាងបានបញ្ចាទិញពីចិន តែបែជាអាម៉េរិកឱ្យតម្លៃទ្វេរ ហើយយកម៉ាសទាំងអស់នោះទៅវិញ។ ត្រង់នេះ សរបញ្ជាក់ឱ្យឃើញថា តើតម្លៃនៃមនុស្សធម៌នៅឯណា? ឯណាទោកិច្ចព្រមព្រៀងច្បាប់ពាណិជ្ជកម្មដែលប្រទេសធំៗនិងជឿនលឿនទាំងនោះតែងតែលើកឡើង និងធ្លាប់បានណែនាំដល់ប្រទេសកំពុងអភិវឌ្ឍនោះ។

មួយវិញទៀតអឺរ៉ុប ក៏ធ្លាប់បានរិះគន់ចិនមិនតិចដែរ អំពីវិធានការណ៍នៃការបង្ឃាំងមនុស្សរបស់ចិននៅក្រុង អ៊ូហា(Wuhan) តែមកដល់ពេលនេះ ប្រទេសដែលធ្លាប់រិះគន់ និងគិតពីបញ្ហាសិទ្ធិមនុស្សសុទ្ធតែនាំគ្នាដាក់បម្រាមបែបនេះ ដើម្បីទប់ស្កាត់នៃការរីករាលដាលកូវីដ១៩។

ជាមួយគ្នានេះដែរ, នយោបាយការទូតក៏ស្តែងឡើងជាច្រើនដែរ តាមរយៈសម្ភារៈពេទ្យ និងអ្នកឯកទេសដើម្បីជួយបណ្តាប្រទេសដៃគូក្នុងពេលមានកូវីដ១៩ , ដូចជា ចិន រុស្ស៊ី និងគុយបាជាដើម ដែលបានបញ្ជូនគ្រូពេទ្យនិងសម្ភារៈពេទ្យរបស់ខ្លួនទៅកាន់បណ្តាប្រទេសជាច្រើនដូចជា អ៊ីតាលី, បារាំង, អេស្ប៉ាញ។

ជារួមមក យើងអាចនិយាយបានថា កូវីដ១៩ អង្រួនពិភពលោក ឱ្យរង្គើរ ដែលយើងគ្រប់គ្នាអាចមើលដឹងពីរបៀបគ្រប់គ្រង និងចរិតដឹកនាំរបស់មេដឹកនាំក្នុងលោកបាន។

RAC Media 



អត្ថបទទាក់ទង

«វប្បធម៌សន្តិភាពតាមរយៈប្រព័ន្ធគំនិតខ្មែរ» អត្ថបទស្រាវជ្រាវដោយ៖ បណ្ឌិត ណុន សុខា ប្រធានផ្នែកអក្សរសាស្រ្តនិងអក្សរសិល្ប៍ នៃវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា

ការរស់នៅរបស់ជនជាតិខ្មែរតែងមានទម្លាប់ផ្សារភ្ជាប់ជីវភាពរបស់ខ្លួនទៅនឹងធម្មជាតិដែលមាននៅជុំវិញខ្លួនរបស់គេ។ គំនិតខ្មែរដែលបានភ្ជាប់ជីវភាពរបស់ខ្លួនទៅនឹងបាតុភូតនេះ គឺក្នុងន័យស្វែងរកភាពស្ងប់ស្ងាត់ខាងផ្លូវចិត្ត...

2019-01-29 05:27:06   ថ្ងៃអង្គារ, 29 មករា 2019 ម៉ោង 12:27 PM
សាកលវិទ្យាល័យ Ubon Rachathani Rajabhat មានបំណងចុះអនុស្សរណៈជាមួយរាជបណ្ឌិត្យសភាកម្ពុជា

នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ Ubon Rachathani Rajabhat នៃព្រះរាជាណាចក្រថៃ ដែលមានគោលបំណងម...

2019-01-25 08:55:14   ថ្ងៃសុក្រ, 25 មករា 2019 ម៉ោង 03:55 PM
សមិទ្ធផលស្នាដៃស្រាវជ្រាវ៖ «បច្ចេកវិទ្យាសម្រាប់ផលិតនិងការប្រើប្រាស់បាយអូឆាដើម្បីបង្កើនទិន្នផលកសិកម្ម»

ក្រុមការងារស្រាវជ្រាវចុះត្រួតពិនិត្យដំណាំពោតនៅស្ថានីយពិសោធន៍ខេត្តកំពង់ស្ពឺតាមរយៈការសម្របសម្រួលដោយផ្ទាល់របស់ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ ព្រមទាំងមានការគាំទ្រ និងលើកទឹកចិត្តពីសំណាក់ឯកឧត្តមបណ្ឌិតសភ...

2019-01-25 08:11:35   ថ្ងៃសុក្រ, 25 មករា 2019 ម៉ោង 03:11 PM
ក្រុមប្រឹក្សាជាតិភាសាខ្មែរសប្តាហ៍នេះ៖ អនុម័តបចេ្ចកសព្ទអក្សរសិល្ប៍ (៣) និងបច្ចេកសព្ទគីមីនិងរូបវិទ្យា (៤)

បច្ចុប្បន្ន ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា កំពុងដំណើរការកិច្ចប្រជុំអនុម័តបច្ចេកសព្ទអក្សរសិល្ប៍ នៅរៀងរាល់ថ្ងៃអង្គារ និងបច្ចេកសព្ទគីមីវិទ្យា និងរូបវិទ្យានៅរៀងរាល់ថ្ងៃពុធ ប្រចាំសប្តាហ...

2019-01-25 06:33:41   ថ្ងៃសុក្រ, 25 មករា 2019 ម៉ោង 01:33 PM
តើអ្វីជាមុខងារបេសកកម្មការទូត?

ស្ថានបេសកកម្មដែលបង្កើតឡើងក្នុងប្រទេសនីមួយៗសុទ្ធតែមានមុខងាររបស់ខ្លួន ហើយមុខងារនោះមានដូចខាងក្រោម៖ ១) មុខងារតំណាង៖ ជាតំណាងរបស់រដ្ឋដាក់ទូត ដែលភាសាអង់គ្លេសហៅថា Sending State រដ្ឋដែលចាត់មន្ត្រីធ្វើជាតំណាងមក...

2019-01-25 04:35:48   ថ្ងៃសុក្រ, 25 មករា 2019 ម៉ោង 11:35 AM
«អ្នកជាតិនិយមខ្មែរមួយចំនួនគួរមើលប្រទេសជិតខាង» ដោយ៖ ស៊ឺន សម

ប្រទេសកម្ពុជា គឺជាប្រទេសមួយស្ថិតនៅផ្នែកខាងត្បូងកោះឥណ្ឌូចិនក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសនេះមានព្រំប្រទល់ជាប់ប្រទេសថៃនៅទិសខាងបស្ចិម និងពាយ័ព្យ ជាប់ប្រទេសឡាវនៅទិសឧត្តរ ប្រទេសវៀតណាមនៅទិសបូព៌ា និងឈូងសមុទ្...

2019-01-24 11:32:52   ថ្ងៃព្រហស្បតិ៍, 24 មករា 2019 ម៉ោង 06:32 PM

សេចក្តីប្រកាស