ព័ត៌មាន

តើប្រជាពលរដ្ឋគួរធ្វើយ៉ាងណាក្នុងដំណាក់កាលនៃរីករាលដាលជំងឺកូវីដ១៩?

2020-04-04 07:46:04 ថ្ងៃសៅរ៍, 04 មេសា 2020, 07:46 AM
post_detail

នៅក្នុងពេលបច្ចុប្បន្ននេះ កម្ពុជាក៏ដូចជាពិភពលោកទាំងមូលកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺបង្កដោយវីរុសកូវីដ១៩ដែលបានបណ្ដាលឱ្យមានមនុស្សឆ្លងកើនដល់ជាង ១លាននាក់ និងមានមនុស្សស្លាប់ដោយសារជំងឺនេះជាង ៥០ ០០០នាក់។ នៅកម្ពុជា អាជ្ញាធរបានសម្រេចបិទសាលារៀន កន្លែងកម្សាន្តដូចជា KTV បៀរហ្គាដិន រង្គសាល និងមានការណែនាំឱ្យផ្អាកពិធីចួបជុំនានាទាំងបែបសាសនា និងការចួបជុំគ្នាច្រើន។ សម្រាប់មន្ត្រីរាជការ ប្រមុខរាជរដ្ឋាភិបាលបានសម្រេចឱ្យបញ្ឈប់ការធ្វើដំណើរទៅក្រៅប្រទេស និងផ្អាកលែងអនុញ្ញាតឱ្យជំនួបឬកិច្ចប្រជុំទាំងក្នុងប្រទេសនិងក្រៅប្រទេស ហើយថ្នាក់ដឹកនាំនៅតាមក្រសួង/ស្ថាប័ននានារបស់រដ្ឋ បានចេញសេចក្ដីណែនាំឱ្យមន្ត្រីនិងបុគ្គលិករបស់ខ្លួនអាចបំពេញការងារតាមប្រព័ន្ធអ៊ីនធឺណិត និងតម្រូវឱ្យមកបំពេញការងារតែសម្រាប់មន្ត្រីនិងបុគ្គលិកដែលចាំបាច់ខកខានមិនបានប៉ុណ្ណោះ ប៉ុន្តែទោះជាយ៉ាងនេះក្ដី វិធានការពង្រឹងអនាម័យនិងការត្រួតពិនិត្យសីតុណ្ហភាពអ្នកដែលមកបំពេញការងារដោយផ្ទាល់ត្រូវបានអនុវត្តនៅគ្រប់ក្រសួងស្ថាប័នរបស់រដ្ឋនិងឯកជន ដើម្បីសុវត្ថិភាពនិងបង្ការការឆ្លងរាលដាលនៃជំងឺនេះ។ ជាមួយគ្នានេះដែរ អាជ្ញាធរបានធ្វើការផ្សព្វផ្សាយតាមរូបភាពផ្សេងៗដូចជាការបិទនិងចងបដានៅតាមទីសាធារណៈនិងទីតាំងផ្សេងៗរបស់រដ្ឋ និងចាក់ខ្សែអាត់សំឡេងសារអប់រំដែលបានគូសបញ្ជាក់អំពីចំណុចចាំបាច់ទាំងឡាយដែលប្រជាពលរដ្ឋត្រូវអនុវត្តទាំងវិធានការអនាម័យនិងការបង្ការខ្លួនពីការឆ្លងរីករាលដាលផងដែរ។ គិតមកត្រឹមព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ នៅកម្ពុជាមានអ្នកឆ្លងវីរុសកូវីដ១៩ សរុបចំនួន១១៤នាក់ ក្នុងនោះអ្នកដែលបានជាសះស្បើយមានចំនួន ៤៩នាក់ (ស្មើនឹង៤២,៩៨%នៃចំនួនអ្នកដែលបានឆ្លង) និងមាន៦៥នាក់កំពុងសម្រាកទទួលការព្យាបាលនៅតាមមន្ទីរពេទ្យេរដ្ឋនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត។

ជាការពិតណាស់ ការរីករាលដាលនៃជំងឺកូវីដ១៩ គឺជាបញ្ហាដែលត្រូវយកចិត្តទុកដាក់និងដែលបង្កការព្រួយបារម្ភដល់ប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាលកម្ពុជា ហើយដែលរាជរដ្ឋាភិបាលបានចាត់វិធានការនានាដូចបានរៀបរាប់ខាងលើ តែការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩នេះ ត្រូវតែមានការចូលរួមទាំងអស់គ្នា ទាំងពីសំណាក់ក្រសួងស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាគ្រប់ៗគ្នា។ វិធានការចាំបាច់នានាដែលក្រសួងសុខាភិបាលបានណែនាំ ហើយដែលប្រជាពលរដ្ឋចាំបាច់ត្រូវតែអនុវត្តរួមមាន៖

- ធ្វើអនាម័យផ្ទាល់ខ្លួនតាមរយៈការលាងដៃដោយប្រើសាប៊ូនិងទឹកស្អាត ទឹកអាល់កុល ឬអាល់កុលហ្សែលឱ្យបានត្រឹមត្រូវនិងញឹកញាប់ ក្រោយពេលកាន់ឬប៉ះសម្ភារៈប្រើប្រាស់ឬវត្ថុដែលអាចមានការប៉ះនិងប្រើប្រាស់ពីមនុស្សច្រើនគ្នា

- ចៀសវាងការប៉ះភ្នែក ច្រមុះ និងមាត់របស់អ្នកជាមួយដៃកខ្វក់

- ចៀសវាងការប៉ះពាល់ជិតស្និទ្ធជាមួយអ្នកសង្ស័យថាអាចឆ្លងជំងឺកូវីដ១៩ ឬអ្នកដែលគ្រុនក្ដៅ ក្អក និងកណ្ដាស់

- កាត់បន្ថយការចួបជុំ ឬការធ្វើដំណើរទៅកាន់កន្លែងដែលមានមនុស្សប្រមូលផ្ដុំច្រើន

- បំពេញការងារដោយប្រយោលពីផ្ទះ តាមលទ្ធភាពដែលអាចធ្វើទៅបានក្នុងករណីមិនចាំបាច់ទៅកន្លែងធ្វើការផ្ទាល់

- ពេលក្អកឬកណ្ដាស់ ត្រូវប្រើកែងដៃខ្ទប់មាត់និងច្រមុះ កន្សែង ឬក្រដាសខ្ទប់ ចៀសវាងប្រើបាតដៃខ្ទប់

- សម្អាតនិងសម្លាប់មេរោគលើវត្ថុនិងលើផ្ទៃវត្ថុដែលប្រើប្រាស់ឱ្យបានញឹកញាប់

- រក្សាចម្ងាយពីគ្នាយ៉ាងតិច ១,៥ម៉ែត្រ និងគួរចៀសវាងការស្វាគមន៍គ្នាដោយចាប់ដៃឬឱប ដោយប្ដូរមកជាការសំពះ ជាដើម

- ប្រសិនបើមានរោគសញ្ញាគ្រុនក្ដៅ ក្អក និងពិបាកដកដង្ហើម ត្រូវស្វែងរកការពិគ្រោះយោបល់ជាបន្ទាន់ និងប្រាប់ពីប្រវត្តិនៃការធ្វើដំណើរដល់គ្រូពេទ្យ

- បរិភោគតែអាហារដែលឆ្អិនល្អ និងចៀសវាងការប៉ះពាល់និងធ្វើដំណើរជាមួយសត្វដែលឈឺ

- មិនត្រូវខាកស្ដោះនៅទីសាធារណៈ

- សម្រាប់អ្នកដែលទើបវិលត្រឡប់ក្រៅប្រទេស ត្រូវដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែករយៈពេលយ៉ាងតិច១៤ថ្ងៃ

- ក្រៅពីវិធានការអនាម័យនិងបង្ការការឆ្លងរាលដាលខាងលើ ប្រជាពលរដ្ឋគប្បីតាមដានការជូនដំណឹងនិងវិធានការផ្សេងៗទៀតដែលប្រកាសដោយក្រសួងសុខាភិបាលកម្ពុជា (Facebook: https://www.facebook.com / MinistryofHealthofCambodia/) ឬនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) (https://www.facebook.com/cdcmohcam/) ដោយមិនត្រូវជឿតាមការផ្សព្វផ្សាយនិងពាក្យចចាមអារ៉ាមនានាដែលគ្មានប្រភពច្បាស់លាស់អំពីការបង្ការនិងការព្យាបាលជំងឺកូវីដ១៩នោះឡើយ។ កន្លងមក យើងឃើញមានការផ្សព្វផ្សាយព័ត៌មានមិនពិត និងពាក្យចចាមអារ៉ាមផ្សេងៗដែលគ្មានប្រភពច្បាស់លាស់ និងគ្មានមូលដ្ឋានវេជ្ជសាស្ត្រត្រឹមត្រូវពីសំណាក់ជនទុច្ចរិតនិងជនឱកាសនិយមមួយចំនួនដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន បង្កឱ្យប្រជាពលរដ្ឋព្រួយបារម្ភនិងភ្ញាក់ផ្អើល ហើយលង់ជឿនិងអនុវត្តតាមដោយសារខ្វះព័ត៌មាននិងការស្វែងយល់ការណ៍ពិត ដូចជាករណីជំងឺកូវីដ១៩បានឆ្លងរាលដាលខ្លាំងរហូតដល់មានការបិទរាជធានីភ្នំពេញ មានអ្នកប្រកាច់ស្លាប់ដោយសារជំងឺកូវីដ១៩ ការដាំទឹកខ្ញីបង្ការការឆ្លងជំងឺកូវីត១៩ ខ្ទឹមសជួយបង្ការការឆ្លងវីរុសកូវីដ១៩ ជំនឿដុតភ្លើងបណ្ដេញជំងឺកូវីដ១៩ ការលាងឬខ្ពុលទឹកសម្អាតមាត់ និងការបរិភោគស៊ុតមាន់ឬទាដើម្បីបង្ការជាដើម ដែលប្រការទាំងអស់នេះសុទ្ធសឹងតែជារឿងរ៉ាវមិនពិត ហើយជំរុញឱ្យមានការយល់ឃើញមិនត្រឹមត្រូវ និងបានបំប៉ោងស្ថានការណ៍ឱ្យប្រជាពលរដ្ឋកាន់តែជ្រួលច្របល់។ ដូចដែលបានជម្រាបជូនខាងលើ ប្រភពដែលអាចផ្ដល់នូវព័ត៌មានពិត និងវិធានការត្រឹមត្រូវនិងពិតប្រាកដគឺមានតែក្រសួងសុខាភិបាលកម្ពុជា និងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC)ដែលជាសេនាធិការក្រសួងតែប៉ុណ្ណោះ។ សូមប្រជាពលរដ្ឋទាំងអស់ ថែរក្សាសុខភាពផ្ទាល់ខ្លួននិងគ្រួសារ ធ្វើលំហាត់ប្រាណឱ្យបានរៀងរាល់ថ្ងៃ សម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីជំរុញឱ្យប្រព័ន្ធភាពស៊ាំប្រឆាំងនឹងជំងឺរបស់ខ្លួនបានរឹងមាំ៕

RAC Media| លឹម សុវណ្ណរិទ្ធ




អត្ថបទទាក់ទង

ចិនអ្នកឈ្នះនៅអាហ្វហ្កានីស្ថានដែរឬ? ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន​នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-08-18 12:05:05   Wed, 18,08,2021, 12:05 PM
​កម្ពុជានៅចន្លោះមហាអំណាចិន និងសហរដ្ឋអាម៉េរិក ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-08-18 10:18:09   Wed, 18,08,2021, 10:18 AM
មុននិងក្រោយវត្តមានរបស់កងទ័ពសហរដ្ឋអាម៉េរិក និងសម័្ពន្ធមិត្ត នៅអាហ្វហ្កានីស្ថាន ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រូបភាព៖ AP News, Fresh news. 

2021-08-16 04:17:47   Mon, 16,08,2021, 04:17 AM
បោះឆ្នោតឃុំសង្កាត់ ២០២២ និងបញ្ហាប្រឈម ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

2021-08-09 04:29:53   Mon, 09,08,2021, 04:29 AM
បន្ទាប់ពីខួបទំនាក់ទំនងការទូត តើកម្ពុជានិងចិនត្រូវធ្វើអ្វីបន្ត? ដោយ៖ លោក ផាញ់ សារឿន, មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-07-19 14:45:01   Mon, 19,07,2021, 02:45 PM
អត្ថបទពិចារណា៖ «សាធារណមតិអន្តរជាតិ»

បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា ថ្មីៗនេះ គេកត់សម្គាល់ឃើញថា បងប្អូនកូនខ្មែរយើងមួយចំនួន បានបង្ហោះសារជាច្រើនពាក់ព័ន្ធនឹងជនបរទេសដែលធ្វើការក្នុងស្ថាប័នព័ត៌មានអន្តរជាតិធំៗ ដ...

2021-06-18 09:51:25   Fri, 18,06,2021, 09:51 AM

សេចក្តីប្រកាស