ព័ត៌មាន

សហគមន៍ទទួលខុសត្រូវចំពោះផលប្រយោជន៍របស់អនុតំបន់នៅក្នុងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដោយ៖ លោក អ៊ុច លាង នាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ានៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

2020-04-01 09:05:15 ថ្ងៃពុធ, 01 មេសា 2020, 09:05 AM
post_detail

យន្តការកិច្ចសហប្រតិបត្តិការ មេគង្គ - ឡានឆាង (Mekong-Lancang Cooperation-MLC) គឺជាយន្តការសហប្រតិ​បត្តិការ​ស្របតាមនិន្នាការបច្ចុប្បន្ននៃសាកលភាវូបនីយកម្ម និងសមាហរណកម្ម។

មេគង្គ-ឡានឆាង(MLC) មានគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដើម្បីកសាងសហគមន៍មួយ ដែលមានការទទួលខុសត្រូវ និងដើម្បីផលប្រយោជន៍រួមនៅក្នុងអនុតំបន់។ លើសពីនេះទៀត MLC ក៏មាន​គោល​​ដៅផ្សេងទៀតជាច្រើន រួមមាន ពង្រឹងការជឿទុកចិត្តគ្នានិងការយោគយល់គ្នា, ថែរក្សាសន្តិភាពនិងស្ថិរភាព, លើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព, កាត់បន្ថយភាពក្រីក្រ, កាត់បន្ថយគម្លាតនៃការអភិវឌ្ឍ, ធ្វើសមាហរណកម្មយ៉ាងពេញលេញទៅក្នុងសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក, បង្កើនមិត្តភាព, និងបង្កើតទំនាក់ទំនងជិតខាងល្អជាមួយបណ្តាប្រទេសនានា។

MLC មានសរសរស្តម្ភនៃកិច្ចសហប្រតិបត្តិការចំនួនបីសំខាន់ៗ រួមមាន នយោបាយនិងសន្តិសុខ, សេដ្ឋកិច្ចនិងការអ​ភិ​វឌ្ឍប្រកបដោយចីរភាព, វប្បធម៌សង្គម, និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។ ជាពិសេសខ្លឹមសារអាទិភាពនៃកិច្ច​សហប្រតិបត្តិការ គឺកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងធនធានទឹកនៅតំបន់ មេគង្គ-ឡានឆាង ដោយពង្រឹងការត​ភ្ជាប់​រវាងប្រទេសទាំង៦ ដែលមាន កម្ពុជា, ឡាវ, មីយ៉ាន់ម៉ា, វៀតណាម, ថៃ, និងចិន កិច្ចសហប្រតិបត្តិការក្នុងការអ​ភិវឌ្ឍសមត្ថភាពផលិតកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងកាត់ព្រំដែន កិច្ចសហប្រតិបត្តិការផ្នែកកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ។

ជាពិសេសការតម្រង់ទិសត្រូវបានអនុវត្ត ដោយគោលនយោបាយជាក់លាក់តាមរយៈសន្និសីទ។ នៅក្នុងកិច្ចប្រជុំកំពូល MLC នៅដើមឆ្នាំ២០១៨ បណ្តាប្រទេសនានាបានអនុម័តលើឯកសារសំខាន់ៗចំនួនពីរ គឺសេចក្តីប្រកាសរួមនៅរាជ​ធានី​ភ្នំពេញ និងផែនការសកម្មភាព MLC សម្រាប់ឆ្នាំ ២០១៨-២០២២ ។ កិច្ចសហប្រតិបត្តិការ MLC ក៏ត្រូវការសម្របសម្រួលយ៉ាងសុខដុមរមនា ជាមួយផែនការ និងកម្មវិធីអភិវឌ្ឍន៍មួយចំនួន ដូចជាផែនការមេតភ្ជាប់អាស៊ាន (MPAC), គំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន (IAI), របៀបវារៈអង្គការសហប្រជាជាតិឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ក៏ដូចជាគំនិតផ្តួចផ្តើមនៃការផ្សារភ្ជាប់វិស័យនានានៅក្នុងតំបន់។

ផ្នែកហិរញ្ញវត្ថុ ប្រទេសចិនបានសន្យាផ្តល់ថវិកាចំនួន ៣០០លានដុល្លារ ដល់មូលនិធិសហប្រតិបត្តិការមេគង្គ-ឡាន​ឆាង ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដើម្បីគាំទ្រដល់ការអនុវត្តគម្រោង “ប្រមូលផលដំបូង” ថវិកា១០ពាន់លានយន់ទៀត សម្រាប់ប្រាក់កម្ចីសម្បទាន, ៥ពាន់លានដុល្លារសម្រាប់ឥណទានអ្នកបញ្ជាទិញ និង៥ពាន់លានដុល្លារទៀតសម្រាប់ប្រាក់កម្ចីពិសេសសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការដើម្បីពង្រឹងសមត្ថភាពផលិតកម្ម។

ទាក់ទងនឹងយន្តការការងារ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស មេគង្គ-ឡានឆាងនឹងត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ។ កិច្ចប្រជុំ​ជាន់ខ្ពស់ត្រូវបានធ្វើឡើងរៀងរាល់ពីរឆ្នាំម្តង ហើយត្រូវប្តូរវេនតាមលំដាប់អក្ខរក្រម។

នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស MLC លើកទី៥ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវនៅ កាលពីថ្ងៃទី ២០ ខែកុម្ភៈ កន្លងទៅ រដ្ឋមន្រ្តីទាំងអស់បានឯកភាពគ្នាក្នុងការជម្រុញឱ្យមានការអភិវឌ្ឍ ជាមួយនឹងការអនុវត្តផែនការស​កម្មភាព MLC សម្រាប់ឆ្នាំ២០១៨-២០២០ ដែលក្នុងនោះប្រទេសជាសមាជិកនឹងពន្លឿនការកសាងនិងការធ្វើឱ្យសម្រេច​​បាននូវផែនការសកម្មភាពស្តីពី ការតភ្ជាប់តំបន់, សមត្ថភាពផលិតកម្ម, ធនធានទឹក, ពាណិជ្ជកម្មនិងកសិកម្ម។ ទន្ទឹមនឹងនោះដែរ ក៏បានជំរុញភាពជាដៃគូ ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយធម្មជាតិ ជំងឺ និងបទឧក្រិដ្ឋឆ្លងកាត់ព្រំដែន បង្កើនការផ្លាស់ប្តូរបទពិសោធ?និងការសន្ទនាគ្នា រវាងអាជ្ញាធរមូលដ្ឋាននិងភ្នាក់ងារគ្រប់គ្រងច្រកទ្វារព្រំដែន និងបង្កើនប្រសិទ្ធភាពក្នុងកិច្ចប្រតិបត្តិការរបស់មូលនិធិពិសេសរបស់ MLC។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស នេះក៏បានឯកភាពគ្នាពង្រឹងការតភ្ជាប់ និងការគាំទ្រ MLC សម្រាប់យន្តការសហប្រតិ​បត្តិការ​ក្នុងតំបន់ដែលជាប់ពាក់ព័ន្ធ ដូចជា អាស៊ានមហាអនុតំបន់មេគង្គ គណៈកម្មការទន្លេមេគង្គ និងយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ច អាយៀវ៉ាឌី-ចាវផៃយ៉ា-មេគង្គ (ACMECS)។

កិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង គួរតែចូលរួមចំណែកពង្រឹងការសម្របសម្រួលរវាងប្រទេសនានា ក្នុងការជួយ​ដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងនាំមកនូវផលប្រយោជន៍រយៈពេលវែងសម្រាប់ប្រជាជន។ យន្តការគួរតែមានគោលបំណងដើម្បីពង្រឹងភាពធន់ របស់សេដ្ឋកិច្ចពេលជួបនឹងភាពមិនច្បាស់លាស់។ ក្នុងកិច្ចសហប្រតិបត្តិការផ្នែកក​សិកម្ម ចាំបាច់ត្រូវផ្តោតលើការបង្កើនសមត្ថភាពបច្ចេកវិទ្យា សម្រាប់អាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវស្ថិរភាពទីផ្សារនិងទំនុកចិត្តលើផលិតផលកសិកម្ម។ គ្រោះរាំងស្ងួតធ្ងន់ធ្ងរនៅក្នុងតំបន់អាងទន្លេមេគង្គទាមទារឱ្យប្រទេសពាក់ព័ន្ធចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់អាងទន្លេ។

លោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានលោកឡើងថា ព័ត៌មាននិងស្ថិតិជលសាស្ត្រ ទាំងរដូវវស្សានិងរដូវប្រាំង គួរតែធ្វើកការចែករំលែកឱ្យបានទូលំទូលាយ បង្កើតប្រព័ន្ធប្រកាសអាសន្ន និងយន្តការសម្របសម្រួលក្នុងការគ្រប់គ្រងគ្រោះមហន្តរាយទឹកជំនន់ គ្រោះរាំងស្ងួតនិងគ្រោះមហន្តរាយផ្សេងៗ អនុវត្តគម្រោងរួមគ្នាដើម្បីធានាដល់ជីវភាពរស់នៅរបស់ប្រជាជន ប្រឈមមុខនឹងភាពបម្រែបម្រួលអា​កាស​ធាតុ បង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ និងកាត់បន្ថយការរំខានដល់ចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់។

ទាក់ទងនឹងការវិវត្តដ៏ស្មុគស្មាញរបស់ វីរុស COVID-១៩ និងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនេះ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីក៏បានអំពាវ​នាវដល់បណ្តាប្រទេសនានា ឱ្យជួយជំរុញការសម្របសម្រួល និងចែករំលែកព័ត៌មានអំពីការរីករាលដាលនេះ ស្របជាមួយគ្នានេះដែរក៏ត្រូវរក្សាឱ្យបានការផ្លាស់ប្តូរពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ច។

នៅពេលនេះ ការរីករាលដាលរបស់វីរុស Covid-19 នេះ បានក្លាយជាការគំរាមកំហែងសន្តិសុខមិនមែនប្រពៃណីដ៏អាក្រក់បំផុតដែលមិនធ្លាប់មាន ដែលនៅក្នុងតំបន់ទាំងមូលកំពុងប្រឈម ដែលតម្រូវឱ្យមានឆន្ទៈនយោបាយរឹងមាំនិងការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់ MLC ទាំងមូល។ យន្តការ MLC នឹងពង្រឹងរាល់កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ចនិងវប្បធម៌ ដើម្បីធានាបាននូវការចូលរួមចំណែកកាន់តែខ្លាំងក្លាក្នុងការលើកកម្ពស់ស្ថិរភាពក្នុងតំបន់ និងពិភពលោកទាំងមូល៕

RAC Media

ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា




អត្ថបទទាក់ទង

«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច៖ កម្ពុជាត្រូវតែជាប្រទេសអ្នកផលិត ដើម្បីពង្រឹងសេដ្ឋកិច្ចរឹងមាំយូរអង្វែង»

ក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលស្តីពី តើកម្ពុជាត្រៀមអ្វីខ្លះដើម្បីស្តារសេដ្ឋកិច្ចក្រោយកូវីដ-១៩ បញ្ចប់? ដែលប្រព្រឹត្តទៅនៅក្នុងសាលមរតកសិល្បៈខ្មែរ អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា ន...

2020-06-19 11:57:51   Fri, 19,06,2020, 11:57 AM
«លោកបណ្ឌិត គី សេរីវឌ្ឍន៍៖ កម្ពុជាត្រូវជំរុញការអភិវឌ្ឍលើវិស័យទេសចរណ៍ក្នុងស្រុក កសិកម្ម និង SMEsក្រោយបញ្ចប់កូវីដ-១៩ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ»

ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញក្រោយបញ្ចប់កូវីដ-១៩ កម្ពុជាត្រូវជំរុញការអភិវឌ្ឍលើវិស័យអាទិភាពចំនួន ៣រួមមាន៖ វិស័យទេសចរណ៍ក្នុងស្រុក កសិកម្ម និងស័យសហគ្រាសធុនតូច និងធម្យម (SMEs) ។ នេះជាការលើកឡើងរបស់លោកបណ្ឌិត...

2020-06-19 11:13:38   Fri, 19,06,2020, 11:13 AM
ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ព្រមានអំពីការផ្ទុះជំងឺកូវីដ-១៩ ឡើងវិញ

ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្មនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត នុត សម្បត្តិ បានប្រមើលឃើញថា ជំងឺកូវីដ-១៩ អាចនឹងផ្ទុះឡើងវិញ ប្រសិនបើប្រជាជនមានការធ្វេសប្រហែស ពុំអនុវត្តតាមការណែន...

2020-06-19 06:22:37   Fri, 19,06,2020, 06:22 AM
កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការកសិកម្ម

កាលពីសៀលថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអ...

2020-06-18 03:48:38   Thu, 18,06,2020, 03:48 AM
«រាជបណ្ឌិត្យសភាកម្ពុជានឹងអភិរក្ស និងអភិវឌ្ឍប្រែក្លាយឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបជាឧទ្យានទេសចរណ៍ និងកន្លែងផលិតផលដ៏ធំមួយនៅប្រទេសកម្ពុជា »

(ព្រះវិហារ)៖ រាជបណ្ឌិត្យសភាកម្ពុជានឹងអភិរក្ស និងអភិវឌ្ឍប្រែក្លាយឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបជាឧទ្យានទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និងកន្លែងផលិតផលដ៏ធំមួយនៅប្រទេសកម្ពុជា។ នេះជាការលើកឡ...

2020-06-15 09:42:55   Mon, 15,06,2020, 09:42 AM
«និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជាធ្វើទស្សនកិច្ចសិក្សា និងដាំកូនឈើនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា»

(ព្រះវិហារ)៖ នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជាបានទៅធ្វើទស្សនកិច្ចសិក្សា និងបានចូលរួមដាំកូនឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម...

2020-06-15 06:03:05   Mon, 15,06,2020, 06:03 AM

សេចក្តីប្រកាស