ព័ត៌មាន

តើពិភពលោកទទួលបានមេរៀនអ្វីខ្លះអំពី «កូវីដ-១៩»? ដោយ៖បណ្ឌិត ឈត ប៊ុនថង សាស្ត្រាចារ្យទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជា វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

2020-03-31 10:05:20 ថ្ងៃអង្គារ, 31 មីនា 2020, 10:05 AM
post_detail

ឆ្លងកាត់បាតុភូតធម្មជាតិ និងបាតុភូតសង្គមរាប់មិនអស់ ទាំងល្អ ទាំងអាក្រក់ នាពេលកន្លងមក ខ្ញុំបានមើលឃើញថាអត្ថិភាព ការរស់នៅ ជីវិត ឬវាសនារបស់ប្រជាជាតិឬរដ្ឋនីមួយៗនៅលើពិភពលោកនេះ ពិតជាជាប់ទាក់ទងគ្នាដោយមិនអាចប្រកែកបាន។ ជាក់ស្ដែង ឆ្លងកាត់ហានិភ័យសាកលជាបន្តបន្ទាប់ ដូចជា ការប្រែប្រួលអាកាសធាតុ ការកើនឡើងនូវកម្ដៅនៃភពផែនដី ការបំពុលបរិស្ថាន(ការបំពុលបរិយាកាសឬខ្យល់) ការបំផ្លាញស្រទាប់អូហ្សូន ការបំផ្លាញធនធានធម្មជាតិ រលកយក្សស៊ូណាមិ ខ្យល់ព្យុះ ទឹកជំនន់ វិបត្តិសេដ្ឋកិច្ចសាកល ការប្រែប្រួលតម្លៃប្រេងឬទំនិញសំខាន់ៗ​លើទីផ្សារអន្តរជាតិ ការរត់ប្រណាំងខាងសព្វាវុធនិងយោធា ការប្រកួតប្រជែងរបស់មហាអំណាចដើម្បីក្លាយជាអ្នកទីមួយលើការរៀបចំសណ្ដាប់ធ្នាប់ពិភពលោក ភេរវកម្មអន្តរជាតិ សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំ​ណាច សង្គ្រាមលោក រួមទាំងជំងឺឆ្លងរាតត្បាតសាកល ដូចជា ជំងឺអេដស៍ ផ្ដាសាយបក្សី ផ្ដាសាយជ្រូក អេបូឡា ជំងឺ​សារ និងជំងឺកូវីដ១៩ ជាដើម សុទ្ធតែបានប៉ះពាល់ដល់សង្គមមនុស្សលើពិភពលោកស្ទើរគ្រប់វិស័យ ដូចជា ការធ្វើដំណើរ ទេសចរណ៍ ពាណិជ្ជកម្ម សេដ្ឋកិច្ច ផលិតកម្ម ការងារ ជីវភាពរស់នៅ ការអប់រំ កីឡា ជាដើម។

តាមរយៈជំងឺឆ្លងផ្សេងៗ ជាពិសេស ជំងឺកូវីដ១៩ យើងអាចទាញបាននូវមេរៀនដូចខាងក្រោម៖

១-​ ការរីកចម្រើនខាងវិទ្យាសាស្ដ្រតែមួយគត់មិនអាចដោះស្រាយបញ្ហារបស់មនុស្សបានទេ។

២- ការរីកចម្រើនខាងវេជ្ជសាស្ដ្រតែមួយគត់ ក៏មិនអាចដោះស្រាយបញ្ហាខាងសុខភាពបានដែរ ប្រសិនបើមិនមានការចូលរួមពីមនុស្ស លើសពីនេះទៀត មនុស្សមិនព្រមផ្លាស់ប្ដូរទម្លាប់និងប្រពៃណីខ្លះ ព្រមទាំងមិនមានការអត់ធ្មត់ មិន​គោរវិន័យនិងច្បាប់។

៣-ប្រទេសមហាអំណាចនានា ទោះបីជាមានការអភិវឌ្ឍយ៉ាងក៏ដោយ ក៏មិនអាចដោះស្រាយបញ្ហា ជាពិសេស បញ្ហាសាកលតែឯកឯងបានដែរ គឺតែងតែត្រូវការជំនួយឬការពឹងពាក់គ្នាទៅវិញទៅមក ដូចជា ករណី ចិន អ៊ីតាលី និងអា​ម៉េរិក ជាដើម។

៤- ប្រទេសទាំងអស់នៅលើពិភពលោក ពិតជាមិនអាចគេចផុតពីហានិភ័យសាកលបានទេ ទោះបីជាហានិភ័យនោះកើតឡើងពីធម្មជាតិ ឬបង្កឡើងដោយមនុស្សក៏ដោយ។ ហេតុនេះ មនុស្សគួរបញ្ឈប់ការផលិត ការរក្សាទុក និងការប្រើប្រាស់អាវុធមហាប្រល័យ ដែលអាចបន្ថែមលើហានិភ័យបែបធម្មជាតិដែលយើងមិនអាចជៀសផុត។ បើមិនដូច្នោះទេ ពិភពលោកនឹងគ្មានអ្នកឈ្នះទេ គឺមានតែអ្នកចាញ់ និងមានតែបង្កមហន្តរាយដល់មនុស្សជាតិប៉ុណ្ណោះ។

៥.-ប្រទេសទាំងអស់នៅលើពិភពលោក សូម្បីតែប្រទេសដែលមានការរីកចម្រើនខាងវិទ្យាសាស្ត្រ ការសិក្សាស្រាវជ្រាវអំពីភពផ្សេងៗ ឬយានអវកាសក៏ដោយ ក៏មិនទាន់មានជម្រើសណាផ្សេងអាចទៅរស់នៅក្រៅពីភពផែនដីនេះដើម្បីបញ្ចៀសហានិភ័យសាកលបានដែរ។ ដូច្នេះ សូមរួមគ្នារក្សាសុវត្ថិភាពរបស់ភពផែនដី កុំនាំគ្នាបំផ្លាញភពផែនដីនេះ។

៦- ប្រទេសដែលមានអាវុធមហាប្រល័យ ក៏មិនអាចយកមកទប់ទល់ជាមួយជំងឺឆ្លងបានដែរ ហើយសូម្បីតែព្រះឬអាទិទេពដែលមនុស្សជឿថាខ្លាំងនិងពូកែ ក៏មិនអាចជួយអ្នកដើរតាមព្រះឱ្យគេចផុតពីជំងឺឆ្លងដ៏សាហាវនេះបានដែរ។

៧- ការដាក់ប្រទេសមួយក្នុងគ្រាអាសន្ន មិនមែនចេះតែឡើងដោយប្រថុយប្រថានទេ ហើយក៏មិនត្រូវរឹតបណ្តឹងហួស​ហេតុដែរ ដូចជាករណីប្រទេសឥណ្ឌា ជាដើម ដែលអនុញ្ញាតឱ្យនគរបាលឬទាហានប្រើប្រាស់ដំបងវាយប្រជាពលរដ្ឋដែលល្មើសនឹងបម្រាមរបស់អាជ្ញាធរ ដូចសត្វ រហូតដល់មានការវាយតបតពីប្រជាពលរដ្ឋវិញ។ ប៉ុន្តែ ការដាក់បម្រាម​ក៏មិនត្រូវធូរលុងពេកដែរ ដូចករណី ប្រទេសអ៊ីតាលី ជាដើម ដែលប្រជាពលរដ្ឋមិនស្ដាប់ការណែនាំនិងការ​ហាម​ប្រាមរបស់អាជ្ញាធរ ដែលទីបំផុត ធ្វើឱ្យមានការរីករាលដាលជំងឺកូវីដ១៩កាន់តែខ្លាំងដែលបណ្ដាឱ្យមានអ្នកឆ្លងច្រើន និងអ្នកស្លាប់ក៏ច្រើនជាងគេនៅលើពិភពលោក។

៨- អ្នកនយោបាយនៅលើពិភពលោក ទាំងក្របខណ្ឌអន្តរជាតិ និងក្របខណ្ឌជាតិ បើទោះបីជាពិភពលោក ឬប្រទេសរបស់ខ្លួនកំពុងរងការវាយប្រហារពីហានិភ័យបង្កឡើងដោយជំងឺឆ្លងក៏ដោយ ក៏ពួកគេនៅតែឆ្លៀតកេងចំណេញខាងនយោបាយដែរ ដូចជា ករណី អ្នកនយោបាយរបស់អាម៉េរិកនិងចិន និងអ្នកនយោបាយផ្ទៃក្នុងរបស់ប្រទេសមួយចំនួន ជាដើម តែងតែវាយប្រហារគ្នាពាក់ព័ន្ធនឹងជំងឺកូវីដ១៩។

៩- ជំងឺឆ្លងរាលដាលជាសាកល គឺជាជំងឺកាចសាហាវដែលឆ្លងរាលដាលមិនរើសមុខ ភេទ ពណ៌សម្បុរ វណ្ណៈ ឋានៈ តួ​នា​ទី អ្នកមាន អ្នកក្រ ប្រទេសធំ និងប្រទេសតូចឡើយ។

១០- កូវីដ១៩ គឺជាសារមួយប្រាប់ពិភពលោកថា ត្រូវតែចងចាំងថា ធនធានធម្មជាតិមានចំនួនកំណត់ ការរីកចម្រើនរបស់​ពិភពលោកក៏មានព្រំដែនដែរ ឯជំងឺឆ្លងរាលដាលជាសាកលនឹងមានជាបន្តបន្ទាប់ ថ្ងៃណាមួយពិភពលោកនឹង​ជួបវិបត្តិធំជាងនេះ ហើយពេលនោះ តើយើងអាចនឹងវិលទៅរស់នៅក្នុងសភាពបុរាណវិញបានដែរឬអត់? តើយើងបានគិតនិងត្រៀមអំពីលទ្ធភាពនេះដែរឬទេ?

ម្យ៉ាងទៀត COVID-19 ក៏ជាវិញ្ញាសាដ៏ធំមួយសម្រាប់សាកល្បងថាតើ៖

១- វិស័យសុខាភិបាលរបស់ពិភពលោករីកចម្រើននិងរឹងមាំកម្រិតណា

២- ពិភពលោកចេះរួមគ្នាដោះស្រាយបញ្ហាសាកលដែរឬទេ

៣- ពិភពលោកចេះជួយគ្នាក្នុងគ្រាមានអាសន្នដែរឬអត់

៤- ពិភពលោក មានសមត្ថភាពកម្រិតណាក្នុងការទប់ស្កាត់និងការដោះស្រាយគ្រោះអាសន្ន ហានិភ័យ បញ្ហាសាកល និង​វិបត្តិរួម

៥- ពិភពលោកមានបទពិសោធនិងបានត្រៀមខ្លួនកម្រិតណាសម្រាប់ទប់ទល់ហានិភ័យ និងដោះស្រាយវិបត្តិសាកល

៦- ការរីកចម្រើនខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេស បច្ចេកវិទ្យាព័ត៌មាន ឬឧស្សាហកម្ម ៤.០ អាចជួយ​សម្រួលអ្វីខ្លះដល់កិច្ចការរបស់មនុស្សក្នុងពេលដែលមនុស្សភាគច្រើនមិនអាចចេញទៅរៀន ឬធ្វើការងារដោយផ្ទាល់ដល់ទីកន្លែងបាន

៧- ប្រទេសនីមួយៗមានការរីកចម្រើនខាងសេដ្ឋកិច្ចកម្រិតណា, អាចពឹងពាក់ខ្លួនឯងដោយមិនពឹងផ្អែកប្រទេសដទៃបានកម្រិតណា, រយៈពេលប៉ុន្មាន

៨- ពិភពលោកអាចវិលទៅរស់នៅបែបបុរាណបានដែរឬអត់

៩- ពិភពលោក អាចស្វែងរកការណ៍ពិតអំពី COVID-19 បានដែរឬទេ (កើតឡើងដោយធម្មជាតិ ឬបង្កើតឡើងដោយមនុស្ស)

សរុបមក យើងអាចនិយាយបានថា សុខទុក្ខរបស់មនុស្សនៅក្នុងពិភពលោកនេះ ពិតជាប់ទាក់ទងគ្នានិងពឹងអាស្រ័យគ្នា​ទៅវិញទៅមកដោយខានមិនបាន ទោះបីជាប្រទេសធំ ប្រទេសតូច, ប្រទេសអភិវឌ្ឍ ប្រទេសកំពុងអភិវឌ្ឍ និងប្រទេស​ក្រីក្រក៏ដោយ។ ឆ្លងកាត់ហានិភ័យសាកលជាបន្តបន្ទាប់ ទាំងហានិភ័យដែលបង្កដោយធម្មជាតិ និងហានិភ័យដែលបង្កឡើងដោយមនុស្ស សុទ្ធតែផ្ដល់ផលប៉ះពាល់ដល់សង្គមមនុស្សស្ទើរគ្រប់វិស័យ ដែលធ្វើឱ្យមនុស្សមានការ​ភ័យខ្លាច បាត់បង់សុខភាព សុខុមាលភាព ផាសុកភាព សុវត្ថិភាព ការងារ ការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខ សណ្ដាប់ធ្នាប់ សន្តិភាព និងសុខដុមសាកល។

ហេតុនេះ ពិភពលោក ជាពិសេស មហាអំណាច គួរតែដឹងហើយថា ពួកគេបានដើរមកដល់ចំណុចមួយដែលគ្មានអ្នក​ណា​អាចយកឈ្នះដាច់តែឯងបាននោះទេ។ ពួកគេគួរតែគោរពស្មារតីនៃទស្សនវិជ្ជាឈ្នះ-ឈ្នះ ដែលមនុស្សឈ្នះទាំងអស់គ្នា ជួយគ្នាទៅវិញទៅមក ចែករំលែកគ្នា គោរពគ្នាទៅវិញទៅមក បំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក និងរស់នៅក្នុង​សហអត្ថិភាព សន្តិភាពសាកល ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងសុខដុមសាកល។ បើពួកគេនៅតែបន្តប្រ​កួត​ប្រជែងគ្នាតាមវិធីមិនល្អ មិនព្រមរួមគ្នាដោះស្រាយវិបត្តិរួម ទាំងវិបត្តិបង្កឡើងដោយធម្មជាតិ និងវិបត្តិបង្កឡើងដោយ​មនុស្សទេ ទីបំផុតគឺគ្មានភាគីណាមួយជាអ្នកឈ្នះនោះទេ គឺមានតែអ្នកចាញ់ទាំងអស់គ្នា និងមានតែការបង្កមហន្តរាយដល់ពិភពលោកតែប៉ុណ្ណោះ៕

RAC Media 

ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា 

   


   

អត្ថបទទាក់ទង

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលចួប និងពិភាក្សាការងារជាមួយឯកឧត្ដមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលចួបនិងពិភាក្សាការងារជាមួយនឹងឯកឧត្ដម អ៊ែម៊ែនែ...

2020-10-12 07:03:32   Mon, 12,10,2020, 07:03 AM
ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា ទូលសុំព្រះតេជគុណ ហាក់ សៀងហៃ ចូលរួមចំណែកជួយផ្សព្វផ្សាយនូវពាក្យថ្មីៗ ដែលក្រុមប្រឹក្សាជាតិភាសាខ្មែរបានអនុម័តរួច

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្ដមបណ្ឌិត ហ៊ាន សុខុ...

2020-10-09 11:03:42   Fri, 09,10,2020, 11:03 AM
ហេតុអ្វីត្រូវសិក្សាបុរាណវត្ថុវិទ្យា? ដោយ៖ បណ្ឌិត ផុន កសិកា

RAC Mediaប្រភព៖ វិទ្...

2020-10-07 14:28:31   Wed, 07,10,2020, 02:28 PM
« ឯកឧត្តមបណ្ឌិត យង់ ពៅ អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ស៊ឹម សៀងប៉ាវ»

នៅព្រឹកថ្ងៃអង្គារ ៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យស...

2020-10-06 03:55:45   Tue, 06,10,2020, 03:55 AM
ឯកឧត្ដមបណ្ឌិត សយ រាសី៖ គ្រប់មុខជំនាញទាំងអស់សុទ្ធតែមានសារៈសំខាន់ តែត្រូវជ្រើសរើសមុខជំនាញដែលខ្លួនពេញចិត្ត និងអាចបន្តឈានឆ្ពោះទៅកាន់អនាគតដែលខ្លួនចង់បាន

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «សារៈសំខាន់នៃការជ្រើសរើសមុខជំនាញសិក្សានៅឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា» ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ព.ស. ២៥៦៤ ត្...

2020-09-30 09:29:45   Wed, 30,09,2020, 09:29 AM
ឯកឧត្ដមបណ្ឌិត ធន់ វឌ្ឍនា៖ អ្នកដែលមានលទ្ធភាពប្រមូលទិន្នន័យទាំងអស់មកពិចារណា ហើយវិភាគរកផ្លូវដើររបស់ខ្លួន អ្នកនោះនឹងទទួលបានជោគជ័យ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «អ្នកដែលមានលទ្ធភាពប្រមូលទិន្នន័យទាំងអស់មកពិចារណា ហើយវិភាគរកផ្លូវដើររបស់ខ្លួន អ្នកនោះនឹងទទួលបានជោគជ័យ» នេះជាប្រសាសន៍របស់ឯកឧត្ដមបណ្ឌិត ធន់ វឌ្ឍនា សមាជិកបម្រុងនៃរាជ បណ្ឌិត្យសភាកម...

2020-09-30 08:45:53   Wed, 30,09,2020, 08:45 AM

សេចក្តីប្រកាស