Royal Academy of Cambodia
ឆ្លងកាត់បាតុភូតធម្មជាតិ និងបាតុភូតសង្គមរាប់មិនអស់ ទាំងល្អ ទាំងអាក្រក់ នាពេលកន្លងមក ខ្ញុំបានមើលឃើញថាអត្ថិភាព ការរស់នៅ ជីវិត ឬវាសនារបស់ប្រជាជាតិឬរដ្ឋនីមួយៗនៅលើពិភពលោកនេះ ពិតជាជាប់ទាក់ទងគ្នាដោយមិនអាចប្រកែកបាន។ ជាក់ស្ដែង ឆ្លងកាត់ហានិភ័យសាកលជាបន្តបន្ទាប់ ដូចជា ការប្រែប្រួលអាកាសធាតុ ការកើនឡើងនូវកម្ដៅនៃភពផែនដី ការបំពុលបរិស្ថាន(ការបំពុលបរិយាកាសឬខ្យល់) ការបំផ្លាញស្រទាប់អូហ្សូន ការបំផ្លាញធនធានធម្មជាតិ រលកយក្សស៊ូណាមិ ខ្យល់ព្យុះ ទឹកជំនន់ វិបត្តិសេដ្ឋកិច្ចសាកល ការប្រែប្រួលតម្លៃប្រេងឬទំនិញសំខាន់ៗលើទីផ្សារអន្តរជាតិ ការរត់ប្រណាំងខាងសព្វាវុធនិងយោធា ការប្រកួតប្រជែងរបស់មហាអំណាចដើម្បីក្លាយជាអ្នកទីមួយលើការរៀបចំសណ្ដាប់ធ្នាប់ពិភពលោក ភេរវកម្មអន្តរជាតិ សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាច សង្គ្រាមលោក រួមទាំងជំងឺឆ្លងរាតត្បាតសាកល ដូចជា ជំងឺអេដស៍ ផ្ដាសាយបក្សី ផ្ដាសាយជ្រូក អេបូឡា ជំងឺសារ និងជំងឺកូវីដ១៩ ជាដើម សុទ្ធតែបានប៉ះពាល់ដល់សង្គមមនុស្សលើពិភពលោកស្ទើរគ្រប់វិស័យ ដូចជា ការធ្វើដំណើរ ទេសចរណ៍ ពាណិជ្ជកម្ម សេដ្ឋកិច្ច ផលិតកម្ម ការងារ ជីវភាពរស់នៅ ការអប់រំ កីឡា ជាដើម។
តាមរយៈជំងឺឆ្លងផ្សេងៗ ជាពិសេស ជំងឺកូវីដ១៩ យើងអាចទាញបាននូវមេរៀនដូចខាងក្រោម៖
១- ការរីកចម្រើនខាងវិទ្យាសាស្ដ្រតែមួយគត់មិនអាចដោះស្រាយបញ្ហារបស់មនុស្សបានទេ។
២- ការរីកចម្រើនខាងវេជ្ជសាស្ដ្រតែមួយគត់ ក៏មិនអាចដោះស្រាយបញ្ហាខាងសុខភាពបានដែរ ប្រសិនបើមិនមានការចូលរួមពីមនុស្ស លើសពីនេះទៀត មនុស្សមិនព្រមផ្លាស់ប្ដូរទម្លាប់និងប្រពៃណីខ្លះ ព្រមទាំងមិនមានការអត់ធ្មត់ មិនគោរវិន័យនិងច្បាប់។
៣-ប្រទេសមហាអំណាចនានា ទោះបីជាមានការអភិវឌ្ឍយ៉ាងក៏ដោយ ក៏មិនអាចដោះស្រាយបញ្ហា ជាពិសេស បញ្ហាសាកលតែឯកឯងបានដែរ គឺតែងតែត្រូវការជំនួយឬការពឹងពាក់គ្នាទៅវិញទៅមក ដូចជា ករណី ចិន អ៊ីតាលី និងអាម៉េរិក ជាដើម។
៤- ប្រទេសទាំងអស់នៅលើពិភពលោក ពិតជាមិនអាចគេចផុតពីហានិភ័យសាកលបានទេ ទោះបីជាហានិភ័យនោះកើតឡើងពីធម្មជាតិ ឬបង្កឡើងដោយមនុស្សក៏ដោយ។ ហេតុនេះ មនុស្សគួរបញ្ឈប់ការផលិត ការរក្សាទុក និងការប្រើប្រាស់អាវុធមហាប្រល័យ ដែលអាចបន្ថែមលើហានិភ័យបែបធម្មជាតិដែលយើងមិនអាចជៀសផុត។ បើមិនដូច្នោះទេ ពិភពលោកនឹងគ្មានអ្នកឈ្នះទេ គឺមានតែអ្នកចាញ់ និងមានតែបង្កមហន្តរាយដល់មនុស្សជាតិប៉ុណ្ណោះ។
៥.-ប្រទេសទាំងអស់នៅលើពិភពលោក សូម្បីតែប្រទេសដែលមានការរីកចម្រើនខាងវិទ្យាសាស្ត្រ ការសិក្សាស្រាវជ្រាវអំពីភពផ្សេងៗ ឬយានអវកាសក៏ដោយ ក៏មិនទាន់មានជម្រើសណាផ្សេងអាចទៅរស់នៅក្រៅពីភពផែនដីនេះដើម្បីបញ្ចៀសហានិភ័យសាកលបានដែរ។ ដូច្នេះ សូមរួមគ្នារក្សាសុវត្ថិភាពរបស់ភពផែនដី កុំនាំគ្នាបំផ្លាញភពផែនដីនេះ។
៦- ប្រទេសដែលមានអាវុធមហាប្រល័យ ក៏មិនអាចយកមកទប់ទល់ជាមួយជំងឺឆ្លងបានដែរ ហើយសូម្បីតែព្រះឬអាទិទេពដែលមនុស្សជឿថាខ្លាំងនិងពូកែ ក៏មិនអាចជួយអ្នកដើរតាមព្រះឱ្យគេចផុតពីជំងឺឆ្លងដ៏សាហាវនេះបានដែរ។
៧- ការដាក់ប្រទេសមួយក្នុងគ្រាអាសន្ន មិនមែនចេះតែឡើងដោយប្រថុយប្រថានទេ ហើយក៏មិនត្រូវរឹតបណ្តឹងហួសហេតុដែរ ដូចជាករណីប្រទេសឥណ្ឌា ជាដើម ដែលអនុញ្ញាតឱ្យនគរបាលឬទាហានប្រើប្រាស់ដំបងវាយប្រជាពលរដ្ឋដែលល្មើសនឹងបម្រាមរបស់អាជ្ញាធរ ដូចសត្វ រហូតដល់មានការវាយតបតពីប្រជាពលរដ្ឋវិញ។ ប៉ុន្តែ ការដាក់បម្រាមក៏មិនត្រូវធូរលុងពេកដែរ ដូចករណី ប្រទេសអ៊ីតាលី ជាដើម ដែលប្រជាពលរដ្ឋមិនស្ដាប់ការណែនាំនិងការហាមប្រាមរបស់អាជ្ញាធរ ដែលទីបំផុត ធ្វើឱ្យមានការរីករាលដាលជំងឺកូវីដ១៩កាន់តែខ្លាំងដែលបណ្ដាឱ្យមានអ្នកឆ្លងច្រើន និងអ្នកស្លាប់ក៏ច្រើនជាងគេនៅលើពិភពលោក។
៨- អ្នកនយោបាយនៅលើពិភពលោក ទាំងក្របខណ្ឌអន្តរជាតិ និងក្របខណ្ឌជាតិ បើទោះបីជាពិភពលោក ឬប្រទេសរបស់ខ្លួនកំពុងរងការវាយប្រហារពីហានិភ័យបង្កឡើងដោយជំងឺឆ្លងក៏ដោយ ក៏ពួកគេនៅតែឆ្លៀតកេងចំណេញខាងនយោបាយដែរ ដូចជា ករណី អ្នកនយោបាយរបស់អាម៉េរិកនិងចិន និងអ្នកនយោបាយផ្ទៃក្នុងរបស់ប្រទេសមួយចំនួន ជាដើម តែងតែវាយប្រហារគ្នាពាក់ព័ន្ធនឹងជំងឺកូវីដ១៩។
៩- ជំងឺឆ្លងរាលដាលជាសាកល គឺជាជំងឺកាចសាហាវដែលឆ្លងរាលដាលមិនរើសមុខ ភេទ ពណ៌សម្បុរ វណ្ណៈ ឋានៈ តួនាទី អ្នកមាន អ្នកក្រ ប្រទេសធំ និងប្រទេសតូចឡើយ។
១០- កូវីដ១៩ គឺជាសារមួយប្រាប់ពិភពលោកថា ត្រូវតែចងចាំងថា ធនធានធម្មជាតិមានចំនួនកំណត់ ការរីកចម្រើនរបស់ពិភពលោកក៏មានព្រំដែនដែរ ឯជំងឺឆ្លងរាលដាលជាសាកលនឹងមានជាបន្តបន្ទាប់ ថ្ងៃណាមួយពិភពលោកនឹងជួបវិបត្តិធំជាងនេះ ហើយពេលនោះ តើយើងអាចនឹងវិលទៅរស់នៅក្នុងសភាពបុរាណវិញបានដែរឬអត់? តើយើងបានគិតនិងត្រៀមអំពីលទ្ធភាពនេះដែរឬទេ?
ម្យ៉ាងទៀត COVID-19 ក៏ជាវិញ្ញាសាដ៏ធំមួយសម្រាប់សាកល្បងថាតើ៖
១- វិស័យសុខាភិបាលរបស់ពិភពលោករីកចម្រើននិងរឹងមាំកម្រិតណា
២- ពិភពលោកចេះរួមគ្នាដោះស្រាយបញ្ហាសាកលដែរឬទេ
៣- ពិភពលោកចេះជួយគ្នាក្នុងគ្រាមានអាសន្នដែរឬអត់
៤- ពិភពលោក មានសមត្ថភាពកម្រិតណាក្នុងការទប់ស្កាត់និងការដោះស្រាយគ្រោះអាសន្ន ហានិភ័យ បញ្ហាសាកល និងវិបត្តិរួម
៥- ពិភពលោកមានបទពិសោធនិងបានត្រៀមខ្លួនកម្រិតណាសម្រាប់ទប់ទល់ហានិភ័យ និងដោះស្រាយវិបត្តិសាកល
៦- ការរីកចម្រើនខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេស បច្ចេកវិទ្យាព័ត៌មាន ឬឧស្សាហកម្ម ៤.០ អាចជួយសម្រួលអ្វីខ្លះដល់កិច្ចការរបស់មនុស្សក្នុងពេលដែលមនុស្សភាគច្រើនមិនអាចចេញទៅរៀន ឬធ្វើការងារដោយផ្ទាល់ដល់ទីកន្លែងបាន
៧- ប្រទេសនីមួយៗមានការរីកចម្រើនខាងសេដ្ឋកិច្ចកម្រិតណា, អាចពឹងពាក់ខ្លួនឯងដោយមិនពឹងផ្អែកប្រទេសដទៃបានកម្រិតណា, រយៈពេលប៉ុន្មាន
៨- ពិភពលោកអាចវិលទៅរស់នៅបែបបុរាណបានដែរឬអត់
៩- ពិភពលោក អាចស្វែងរកការណ៍ពិតអំពី COVID-19 បានដែរឬទេ (កើតឡើងដោយធម្មជាតិ ឬបង្កើតឡើងដោយមនុស្ស)
សរុបមក យើងអាចនិយាយបានថា សុខទុក្ខរបស់មនុស្សនៅក្នុងពិភពលោកនេះ ពិតជាប់ទាក់ទងគ្នានិងពឹងអាស្រ័យគ្នាទៅវិញទៅមកដោយខានមិនបាន ទោះបីជាប្រទេសធំ ប្រទេសតូច, ប្រទេសអភិវឌ្ឍ ប្រទេសកំពុងអភិវឌ្ឍ និងប្រទេសក្រីក្រក៏ដោយ។ ឆ្លងកាត់ហានិភ័យសាកលជាបន្តបន្ទាប់ ទាំងហានិភ័យដែលបង្កដោយធម្មជាតិ និងហានិភ័យដែលបង្កឡើងដោយមនុស្ស សុទ្ធតែផ្ដល់ផលប៉ះពាល់ដល់សង្គមមនុស្សស្ទើរគ្រប់វិស័យ ដែលធ្វើឱ្យមនុស្សមានការភ័យខ្លាច បាត់បង់សុខភាព សុខុមាលភាព ផាសុកភាព សុវត្ថិភាព ការងារ ការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខ សណ្ដាប់ធ្នាប់ សន្តិភាព និងសុខដុមសាកល។
ហេតុនេះ ពិភពលោក ជាពិសេស មហាអំណាច គួរតែដឹងហើយថា ពួកគេបានដើរមកដល់ចំណុចមួយដែលគ្មានអ្នកណាអាចយកឈ្នះដាច់តែឯងបាននោះទេ។ ពួកគេគួរតែគោរពស្មារតីនៃទស្សនវិជ្ជាឈ្នះ-ឈ្នះ ដែលមនុស្សឈ្នះទាំងអស់គ្នា ជួយគ្នាទៅវិញទៅមក ចែករំលែកគ្នា គោរពគ្នាទៅវិញទៅមក បំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក និងរស់នៅក្នុងសហអត្ថិភាព សន្តិភាពសាកល ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងសុខដុមសាកល។ បើពួកគេនៅតែបន្តប្រកួតប្រជែងគ្នាតាមវិធីមិនល្អ មិនព្រមរួមគ្នាដោះស្រាយវិបត្តិរួម ទាំងវិបត្តិបង្កឡើងដោយធម្មជាតិ និងវិបត្តិបង្កឡើងដោយមនុស្សទេ ទីបំផុតគឺគ្មានភាគីណាមួយជាអ្នកឈ្នះនោះទេ គឺមានតែអ្នកចាញ់ទាំងអស់គ្នា និងមានតែការបង្កមហន្តរាយដល់ពិភពលោកតែប៉ុណ្ណោះ៕
RAC Media
ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
Opinion Cambodia and Vietnam's bilateral ties can be described as love-hate in nature. The two nations have a long history of interaction, cooperation, and hostility as close neighbors and have had bo...
Opinion The 22nd ASEAN-Republic of Korea (ROK) Summit was held virtually on October 26, 2021, last year. His Majesty Sultan Haji Hassanal Bolkiah, the Sultan and Yang Di-Pertuan of Brunei Darussalam,...
Since October 30, 1997, Cambodia's Prime Minister Hun Sen has developed excellent ties with the Republic of Korea. Since the two nations' diplomatic ties were established, the prime minister of Cambod...
ក្នុងបទសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី៣ ខែវិច្ឆកា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងដំណើរការនៃការបង្កើតនិងដំណើរការរបស់អង្គការអាស៊ាន លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃ...
"មិត្តភក្តិដែលគួរឱ្យទុកចិត្តបំផុត" "មិត្តល្អជួយគ្នាក្នុងគ្រាក្រ" "មិត្តភាពដែក" "ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ" និង "សហគមន៍ចិន-កម្ពុជាដែលមានអនាគតរួមគ្នា" ជាឃ្លោងឃ្លាមួយចំនួនក្នុងចំណោមឃ្លោងឃ្លាដទៃទៀតដ...