ព័ត៌មាន

ការជួសជុលទំនាក់ទំនងអាម៉េរិក-អាស៊ាន ដោយ៖ លោក អ៊ុច លាង នាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឍឹមបូព៌ានៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជ​បណ្ឌិត្យ​ស​ភាកម្ពុជា

2020-03-28 09:49:03 ថ្ងៃសៅរ៍, 28 មីនា 2020, 09:49 AM
post_detail

ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកនិងអាស៊ាននៅឆ្នាំ២០១៥ ដោយពឹងផ្អែកលើចំណុចសំខាន់ចំនួន ពីរ៖ ទីមួយ គឺ​គោល​​នយោបាយយុទ្ធសាស្ត្រប្រទាក់ក្រឡាគ្នារវាងសេដ្ឋកិច្ចនិងនយោបាយ និងទីពីរ គឺការខិតខំប្រឹងប្រែងរួមនិងជាសាធារណៈរបស់សហរដ្ឋអាម៉េរិក ដើម្បីបង្ហាញឱ្យឃើញថា អាស៊ានគឺជាដៃគូសហប្រតិបត្តិការដ៏សំខាន់មួយនៅក្នុងតំបន់។ ការគោរពរបស់សហរដ្ឋអាម៉េរិកចំពោះមជ្ឈភាពអាស៊ានគឺជាការទទួលស្គាល់គុណតម្លៃដែលទ្រទ្រង់ដល់ចក្ខុវិស័យមជ្ឈភាពអាស៊ាន រួមមាន នីតិរដ្ឋ, ការទូត, សេរីភាពក្នុងការធ្វើនាវាចរណ៍ និងការអត់ធ្មត់ ដែលនឹងជួយដល់ទីក្រុងវ៉ាស៊ីនតោនក្នុងការសម្រេចគោលដៅយុទ្ធសាស្ត្ររបស់ខ្លួន។

គោលនយោបាយរបស់រដ្ឋបាល Obama មិនដំណើរការ​ហើយអាស៊ានក៏មិនត្រូវបានធានាចំពោះផលប្រយោជន៍សហរដ្ឋអាម៉េរិកនៅក្នុងអង្គការតំបន់នេះដែរ។ ប៉ុន្តែ វិធីសាស្ត្រទ្វេទិសបានលេចចេញឡើងនៅឆ្នាំ២០១៦ គឺគោលនយោ​បាយដែលមានភាពប្រទាក់ក្រឡាគ្នា និងការចូលរួមរបស់សាធារណៈជន បានបង្ហាញឱ្យឃើញមាគ៌ាច្បាស់លាស់មួយឆ្ពោះទៅមុខ ។

ចាប់តាំងពីឆ្នាំ២០១៦មក អ្វីៗបានប្រែទៅជាអាក្រក់បំផុត។ ទីមួយ៖ ការសម្រេចចិត្តរបស់លោកប្រធានាធិបតីអាម៉េ​រិក Donald Trump ក្នុងការដកខ្លួនចេញពីភាពជាដៃគូនៃអន្តរប៉ាស៊ីហ្វិក បានកាត់ផ្តាច់គោលនយោបាយយុទ្ធសាស្ត្រដែល​មានភាពប្រទាក់ក្រឡាគ្នា ដែលបានបង្កើតឡើងក្នុងសម័យលោក Obama។ លោក Trump បានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាម៉េរិក លើកទី៥ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្នុងឆ្នាំ២០១៧ និងបានផ្សព្វ​ផ្សាយ​​ពីទស្សនវិស័យថ្មីរបស់លោកស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិកសេរីនិងបើកចំហ។ ប៉ុន្តែគោលនយោបាយនេះនៅមានភាពខ្វះ​ខាតនៅឡើយ។ ទីពីរ៖ នៅពេលដែលក្របខណ្ឌគោលនយោបាយសម្រាប់ការចូលរួមរបស់អាម៉េរិកជាមួយអា​ស៊ាន​​បានបែកបាក់គ្នាបណ្តាលឱ្យកិច្ចខិតខំប្រឹងប្រែងដើម្បីគាំទ្រដល់មជ្ឈភាពអាស៊ាន និងការបង្ហាញពីសារៈសំខាន់របស់​អាស៊ានចំពោះ សហរដ្ឋអាម៉េរិកក៏ត្រូវបានបញ្ចប់ផងដែរ។

លោក Trump បានគេចវេះមិនចូលរួមកិច្ចប្រជុំអាស៊ាន-អាម៉េរិច ឆ្នាំ២០១៨ និង២០១៩។ លោកអនុប្រធានាធិបតីសហរដ្ឋអាម៉េរិក Mike Pence បានចូលរួមក្នុងឆ្នាំ២០១៨ ហើយទីប្រឹក្សាសន្តិសុខជាតិ លោក Robert O’Brien បានចូលរួមនៅឆ្នាំ ២០១៩ ក្នុងជំហានមួយដែលត្រូវបានគេមើលឃើញថា ជាការបោះបង់ចោលមេដឹកនាំអាស៊ាន។ មេដឹក​នាំអាស៊ានភាគច្រើនបានបដិសេធមិនជួបជាមួយលោក Robert O’Brien ក្រោមហេតុផលកិច្ចប្រជុំជាមួយដៃគូដែលមានឋានៈមិនស្មើគ្នាដែលធ្វើពួកគេអន់និងបង្ហាញពីភាពទន់ជ្រាយ។ ចាប់តាំងពីឆ្នាំ២០១៧មក ជំហររបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំអាស៊ាននៅតែមិនទាន់មានភាពច្បាស់លាស់នៅឡើយ។

ជាលទ្ធផល ទស្សនៈចំពោះសហរដ្ឋអាម៉េរិកនៅក្នុងតំបន់ត្រូវបានគេមើលឃើញថាមានការធ្លាក់ចុះយ៉ាងឆាប់រហ័ស។ តាមរបាយការណ៍អង្កេតអាស៊ីអាគ្នេយ៍ ឆ្នាំ២០២០ បានបង្ហាញថា ទំនុកចិត្តនៅក្នុងតំបន់ទៅលើសហរដ្ឋអាម៉េរិកស្ថិតក្នុងកម្រិតទាប។ សហរដ្ឋអាម៉េរិកត្រូវបានគេមើលឃើញថាកាន់តែមានភាពខុសប្រក្រតី និងគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន។ ចំណែកប្រទេសចិនពេលនេះត្រូវបានគេមើលឃើញថាជាតួអង្គយុទ្ធសាស្រ្ត ដ៏មានឥទ្ធិពលបំផុតនៅក្នុងតំបន់ ហើយឧត្តមភាពរបស់ចិននេះក៍ត្រូវបានគេមើលឃើញថា​ជាការគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង ប្រសិនបើសមាជិកអាស៊ានត្រូវបានបង្ខំឱ្យជ្រើសរើសរវាងចិននិងសហរដ្ឋអាម៉េរិកខណៈដែលសមាជិកអាស៊ានភាគច្រើនឈរ​ខាង​ចិន​។

ស្ថានការណ៍ខាងលើនេះផ្តល់នូវបរិបទមួយដែលជំរុញឱ្យមានកិច្ចប្រជុំកំពូលពិសេសថ្មីមួយ ដែលរៀបចំឡើងដោយលោក Trump។ កិច្ចប្រជុំកំពូលពិសេសនេះគ្រោងធ្វើឡើងដើម្បីប៉ះប៉ូវទំនាក់ទំនងដែលមិនដំណើរការ។ មានភាពមិនច្បាស់លាស់ថាតើមេដឹកនាំអាស៊ាននឹងចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសថ្មីនេះឬយ៉ាងណា។ នៅគ្រាដំបូង មានតែប្រទេស​កម្ពុជា, ឡាវ, សឹង្ហបូរី, ថៃ, និងវៀតណាម តែប៉ុណ្ណោះ ដែលមេដឹកនាំរបស់ពួកគេយល់ព្រមថានឹងចូលរួម។ បន្ទាប់មក មានប្រទេសទាំងអស់ចូលរួម តែលើកលែងប្រទេសម៉ាឡេស៊ី និងហ្វីលីពីន មិនចូលរួម។ តែកិច្ចប្រជុំកំ​ពូល​នេះត្រូវបានពន្យារពេលវិញដែលបណ្តាលមកពីការផ្ទុះឡើងនៃវីរ៉ុស COVID-១៩ ហើយក៏បានផ្តល់ឱកាសល្អដល់សហរដ្ឋអាម៉េរិក ដើម្បីពិចារណារកនូវអ្វីដែលចាំបាច់ ដើម្បីធ្វើឱ្យមានស្ថេរភាពជាមុន ដើម្បីធ្វើឱ្យប្រសើរឡើងវិញនូវទំនាក់ទំនងរវាងអាស៊ាន- អាម៉េរិក។

សម្រាប់សហរដ្ឋអាម៉េរិក វាជាគ្រោះថ្នាក់មួយដែលយល់ថាកិច្ចប្រជុំកំពូលអាស៊ានជាការវិនិយោគពេលវេលាអត់ប្រយោជន៍ដោយមិនបានចាត់ទុកថាជាការគូសវាសចក្ខុវិស័យវែងឆ្ងាយ។ ការប្រញាប់ប្រញាល់ជួសជុល ទំនាក់ទំនងនេះអាចធ្វើឱ្យខូចទំនាក់ទំនងកាន់តែខ្លាំងទៅវិញទេ ប្រសិនបើសមាជិកអាស៊ានយល់ថា កិច្ចប្រជុំកំពូលនេះជាកិច្ចអន្តរការណ៍។ លោក Trump សង្ឃឹមថាអាចជួសជុលទំនាក់ទំនងនេះឱ្យបានឆាប់រហ័ស។ ប៉ុន្តែកិច្ចប្រជុំអាស៊ានមិនសូវនិ​យាយ​អំពី «កិច្ចព្រមព្រៀង» ប៉ុន្តែ ជារបៀបដ៏សំខាន់ដែលអាស៊ានបង្ហាញពីឯកភាពនិងមជ្ឈភាពរបស់ខ្លួន។ អ្នកចូលរួមត្រូវបង្ហាញការគោរពរបស់ខ្លួនចំពោះតំបន់ ចំពោះមេដឹកនាំ និងមជ្ឈភាពអាស៊ានតាមរយៈការចូលរួមរយៈពេលវែង។

ដើម្បីធានាថាវិធីសាស្រ្តទី២នេះត្រូវបានរក្សា នោះត្រូវធ្វើកិច្ចការសំខាន់ៗចំនួន៣ ហើយកិច្ចការទាំង នោះត្រូវមានការរួមបញ្ចូលជាមួយគោលនយោបាយថ្មី ទី១៖ Trump គួរតែប្តេជ្ញាចិត្តជាសាធារណៈក្នុងការចូលរួមកិច្ចប្រជុំកំពូលអា​ស៊ាន-អាម៉េរិកនាពេលអនាគត, ទី២៖ កិច្ចប្រជុំកំពូលពិសេសអាម៉េរិក-អាស៊ានដែលរៀបចំឡើងដោយសហរដ្ឋអា​ម៉េរិក គួរតែកើតឡើងជាប្រចាំ។ សហរដ្ឋអាម៉េរិកត្រូវបន្តប្តេជ្ញាចិត្តស្វាគមន៍មេដឹកនាំអាស៊ាន មកកាន់សហរដ្ឋអា​ម៉េ​រិកនឹងពង្រឹងនូវទស្សនៈដែលថាទីក្រុងវ៉ាស៊ីនតោនគោរពអាស៊ាន,ទី៣៖ គួរតែមានការគាំទ្រជាប្រចាំនិងជាសាធារ​ណៈ​​សម្រាប់ការយល់ដឹងរបស់អាស៊ានអំពីឥណ្ឌូ-ប៉ាស៊ីហ្វិក។

ការធ្វើការជាមួយអាស៊ាននឹងមានភាពស្មុគស្មាញជានិច្ច។ ការបែកបាក់ផ្ទៃក្នុងរបស់អាស៊ាន មានន័យថា វាពិបាកនឹងមើលឃើញថាអាស៊ាននឹងក្លាយជាសម្ព័ន្ធមិត្តពិតប្រាកដរបស់សហរដ្ឋអាម៉េរិក។ ជាញឹកញយ អាស៊ានមានការលំបាកក្នុងការថ្លែងយោបល់របស់ខ្លួនជាច្រើនដែលមានតែនៅលើក្រដាស។ ប៉ុន្តែ អាស៊ានមិនមែនគ្មានសារៈសំខាន់នោះទេ។ ក្នុងនាមជាតួអង្គតំបន់មួយ អាស៊ាននិងសមាជិករបស់ខ្លួន គឺជាភ័ស្តុតាងមួយបង្ហាញថា គុណតម្លៃនៃមជ្ឈភាពអាស៊ានដែលកំពុងត្រូវបានលើកកម្ពស់ គឺមិនត្រូវបានកំណត់ដោយឥទ្ធិពលខាងក្រៅនោះទេ។ ការណ៍នេះអនុញ្ញាតឱ្យសហរដ្ឋអាម៉េរិកនិងប្រទេសផ្សេងៗជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងម្ចាស់ស្រុកដើម្បីបង្កើតគោលនយោបាយក្នុងតំបន់ជា​ជាង​​គ្រាន់តែលើកកម្ពស់ស្តង់ដាខាងក្រៅរបស់ពួកគេដែលផ្ទុយពីបំណងប្រាថ្នារបស់ម្ចាស់ស្រុក។

លើសអ្វីៗទាំងអស់ នេះជាផលប្រយោជន៍ប្រកបដោយសក្តានុពលក្នុងការធ្វើការជាមួយអាស៊ាន។ ការទទួលស្គាល់​ផល​អត្ថប្រយោជន៍នេះមិនមែនគ្រាន់តែជាបញ្ហាគោលនយោបាយថ្មីប៉ុណ្ណោះទេ ប៉ុន្តែត្រូវបង្ហាញឱ្យឃើញរូបភាពជាក់ស្តែងជាប់ជាប្រចាំនៃការចូលរួមនិងការអត់ធ្មត់។ ទាំងនេះមិនមែនជាចំណុចសំខាន់នៃវិធីសាស្រ្តបច្ចុប្បន្នរបស់សហរដ្ឋអាម៉េរិកចំពោះតំបន់អាស៊ាននោះទេ៕

RAC Media

ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា






អត្ថបទទាក់ទង

ទស្សនវិស័យឥណ្ឌូ-ប៉ាស៊ីហ្វិក៖ ក្រសែភ្នែកថ្មីសម្រាប់អាស៊ាន ដោយ៖ លោក អ៊ុច លាង នាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិកនិងមជ្ឈិមបូព៌ានៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជ​បណ្ឌិត្យ​សភាកម្ពុជា

ដោយភាពតានតឹងរវាងចិននិងសហរដ្ឋអាម៉េរិក និងភាពច្របូកច្របល់គ្នាខាងភូមិសាស្ត្រនយោបាយមនុស្សជាច្រើនក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកបានសម្លឹងមើលថា តើអាស៊ាននឹងឆ្លើយតបយ៉ាងដូចម្តេចដើម្បីរក្សាបានសាមក្គីភាព មជ្ឈភាព និង...

2020-06-04 04:46:48   Thu, 04,06,2020, 04:46 AM
«ប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការកសិកម្ម»

នៅសៀលថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័...

2020-06-03 13:05:35   Wed, 03,06,2020, 01:05 PM
«គម្រោងពិសោធន៍ពីការអនុវត្តផលិតផលបាយអូឆាពីចំបើងក្នុងវិស័យកសិកម្ម»

រោងពិសោធន៍ពីការប្រើប្រាស់បាយអូឆា លើដំណាំកសិកម្ម នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺនៅឆ្នាំ២០២០ ក្រុមការងារនៃគម្រោងបច្ចេកវិទ្យាផលិតបាយអូឆាចំបើង និងការអនុវត្តក្នុងវិស័យកសិកម្មនៅកម្ពុជា បានកំពុងដំណើរការអនុវត្តការ...

2020-06-01 07:34:47   Mon, 01,06,2020, 07:34 AM
ផលិតកម្ម ទីផ្សារ និងបញ្ហាបន្លែ នៅភូមិក្រចាប់ខាងត្បូង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល

កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារស្រាវជ្រាវគម្រោង «បន្លែកម្ពុជា៖ ផលិតកម្ម ចរន្តទីផ្សារ បញ្ហាប្រឈម និងដំណោះស្រាយ» បានចុះសិក្សាស្រាវជ្រាវអំពីផលិតកម្មបន្លែ ចរន្តទីផ្សារ បញ្ហាដែលកំពុងកើតមាន របស់​...

2020-05-31 05:16:35   Sun, 31,05,2020, 05:16 AM
បណ្ឌិត ដៀប សុផល៖ ចាប់តាំងពីសង្គ្រាមត្រជាក់រហូតមកដល់បច្ចុប្បន្ន អាម៉េរិក ចិន និងរុស្ស៊ីនៅតែដើរតួសំខាន់ គឺគ្រាន់តែដូរដៃគូប្រឈមប៉ុណ្ណោះ

នៅក្នុងកិច្ចពិភាក្សាតុមូលស្តីពី ការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយរវាងចិន និងសហរដ្ឋអាម៉េរិក នៅព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ លោកបណ្ឌិត ដៀ...

2020-05-29 09:44:41   Fri, 29,05,2020, 09:44 AM
«បណ្ឌិតសភាចារ្យ សុខ ទូច៖ ទស្សនវិស័យប្រាកដនិយមរបស់កម្ពុជា គឺសន្តិភាព និងការអភិវឌ្ឍ»

ថ្លែងក្នុងកិច្ចពិភាក្សាតុមូលស្តីពី ការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយរវាងចិន និងសហរដ្ឋអាម៉េរិក នៅព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តមបណ...

2020-05-29 08:00:27   Fri, 29,05,2020, 08:00 AM

សេចក្តីប្រកាស