Royal Academy of Cambodia
កូវីដ-១៩ ជាឈ្មោះវីរុសកូរ៉ូណាប្រភេទថ្មី ដែលមកទល់ពេលនេះបានចម្លងរាលដាលស្ទើរតែពេញពិភពលោកទាំងមូល ដោយមានចំនួនអ្នកឆ្លងជាងប្រាំសែននាក់ និងស្លាប់ដល់ទៅជាងពីរម៉ឺននាក់ឯណោះ។ ដើមឡើយមេរោគនេះ គេថាចេញប្រភពមកពីប្រទេសចិន តែពេលនេះចិនបែរជាថាអាម៉េរិកជានាំមេរោគនេះមកចិនទៅវិញតាមរយៈប្រតិភូយោធាអាម៉េរិក។ កូវីដ-១៩ ជារបស់ចិនឬអាម៉េរិកមិនសំខាន់ទេ បញ្ហាសំខាន់នៅពេលនេះគឺការទប់ស្កាត់ការរាលដាលនៃជំងឺនេះ និងការព្យាបាលអ្នកដែលបានឆ្លងមេរោគនេះ។
សម្រាប់កម្ពុជាដែលជាប្រទេសតូចនិងមានធនធានមានកម្រិត ទាំងធនធានមនុស្សនិងសម្ភារៈ វាមិនមែនជារឿងងាយស្រួលក្នុងការធ្វើកិច្ចការនេះទេ។ ដូច្នេះ រដ្ឋត្រូវតែពិនិត្យមើលស្ថានភាពដែលអាចនឹងកើតមានជាមុនឱ្យបានហ្មត់ចត់ រួចគិតគូរនិងរៀបចំផែនការយ៉ាងល្អិតល្អន់ដើម្បីដោះស្រាយបញ្ហាប្រឈមដែលអាចនឹងកើតចេញពីជំងឺបង្កដោយវីរុសកូវីដ-១៩នេះ ទាំងខាងសុខភាព សេដ្ឋកិច្ច និងសង្គម។
ការរីករាលដាលជំងឺបង្កដោយវីរុសកូវីដ-១៩ នៅតែមានអ្នកឆ្លងថ្មីកើនឡើងឥតឈប់ឈរ លក្ខណៈជាក្រុម ជាពិសេស ក្រុមខ្មែរឥស្លាមដែលត្រឡប់មកពីការចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី និងក្រុមទេសចរបារាំង តែការចម្លងពីអ្នកមានសម្ព័ន្ធភាពជាមួយអ្នកផ្ទុកវីរុសដើមមកសហគមន៍ នៅមិនទាន់មានតួលេខខ្ពស់នៅឡើយទេ ប៉ុន្តែវាមិនឆ្លុះបញ្ចាំងថាគ្មានការចម្លងនោះទេ ព្រោះតាមបទពិសោធពីប្រទេសផ្សេងៗ លទ្ធភាពអាចទៅរួចក្នុងកម្រិតខ្ពស់ដែលថា អ្នកដែលបានឆ្លងមេរោគនេះរួចហើយ ប៉ុន្តែពួកគេមិនទាន់មានអាការៈបង្ហាញពីការឆ្លង វីរុសកូវីដ-១៩នៅឡើយ ដែលជាហេតុនាំឱ្យអ្នកជំងឺក៏មិនដឹងថាខ្លួនកើតជំងឺនេះ ទន្ទឹមគ្នានោះពួកគេក៏បានចម្លងទៅអ្នកដទៃដោយមិនដឹងខ្លួន។
នៅចំពោះមុខ កម្ពុជាកំពុងប្រឈមនឹងបញ្ហាដែលចេញពីការរាតត្បាតនៃជំងឺបង្កដោយវីរុសកូវីដ-១៩ គឺទាំងផ្នែកសុខាភិបាល សេដ្ឋកិច្ច និងសង្គមកិច្ច។ លើវិស័យសុខាភិបាលកម្ពុជា ប្រឈមនឹងការខ្វះខាតទាំងសម្ភារៈនិងធនធានមនុស្ស ពោលគឺអ្នកប្រយុទ្ធជួរមុខ។ នាអនាគត បើចំនួននៃកំណើននៃការឆ្លងចេះតែកើនឡើងជាបន្តបន្ទាប់ វាច្បាស់ណាស់ថាយើងខ្វះខាតធនធានសេដ្ឋកិច្ច យើងមិននិយាយដល់សេដ្ឋកិច្ចថ្នាក់ជាតិទេ យើងគ្រាន់តែគិតអំពីអ្នករកព្រឹកចាយល្ងាច នៅពេលដែលស្ថានភាពសេដ្ឋកិច្ចជាប់គាំង គ្មានការងារធ្វើ គ្មានការលក់ដូរកំប៉ិកកំប៉ុក (ព្រោះមនុស្សនាំគ្នាទិញរបស់ស្តុកច្រើន លែងសូវហូបចំណីខាងក្រៅ) តើរាជរដ្ឋាភិបាលត្រូវរកមធ្យោបាយជួយពួកគាត់ដូចម្ដេច? ក្រៅពីសេដ្ឋកិច្ច បញ្ហាសង្គមក៏តាមមកពីក្រោយដែរ នេះជាកង្វល់ដ៏ធំនិងដ៏ឈឺក្បាលសម្រាប់រដ្ឋាភិបាល។
បទពិសោធនៅអ៊ីតាលី ជាអ្វីដែលកម្ពុជាត្រូវតែរៀនសូត្របានដើម្បីបញ្ចៀសស្ថានភាពដូចដែលអ្វីបានកើតមាននៅប្រទេសនោះ។ ការទប់ស្កាត់ការរាតត្បាតនៃជំងឺបង្កដោយវីរុសកូវីដ១៩ មិនពឹងតែលើក្រុមគ្រូពេទ្យមានសមត្ថភាពប៉ុណ្ណោះទេ វាអាស្រ័យលើការដាក់ចេញនូវគោលនយោបាយដ៏មានប្រសិទ្ធភាពផងដែរ។
មកទល់ពេលនេះ រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ដើម្បីទប់ទល់នឹងការឆ្លងរាលដាលជំងឺបង្កដោយវីរុសកូវីដ១៩ ដូចជា វិស្សមកាលតូចមុនវេលាមកដល់ ការអនុញ្ញាតឱ្យមន្ត្រីអាចធ្វើការអនឡាញពីផ្ទះរបស់ខ្លួន ការលុបចោលកម្មវិធីជំនួបនិងកិច្ចប្រជុំនានារបស់រដ្ឋនិងវិស័យឯកជន ការហាមពលរដ្ឋខ្មែរមិនឱ្យធ្វើដំណើរទៅក្រៅប្រទេស និងការដាក់មន្ត្រីរាជការនិងពលរដ្ឋទាំងឡាយណាដែលទើបវិលត្រឡប់ពីបរទេសឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។ ក្រៅពីបិទសាលារៀន រាជរដ្ឋាភិបាលបានបន្តបិទរាល់ការជួបជុំផ្សេងៗ ដូចជា ការបិទកន្លែង ក្លិបកម្សាន្ត ខារ៉ាអូខេ បៀកាឌិន និងការហាមមិនឱ្យមានការចូលរួមទស្សនាផ្ទាល់នូវការប្រគុំតន្រ្តី ការទស្សនាផ្ទាល់នូវការប្រកួតកីឡា ការជួបជុំខាងពិធីសាសនាផ្សេងៗទៀត។
ការបិទកន្លែងកំសាន្ត កន្លែងប្រមូលផ្ដុំនានា គឺជាវិធានការដែលត្រូវតែអនុវត្តឱ្យបានដាច់ខាត ព្រោះថាទីកន្លែងទាំងនេះអាចជាប្រភពចម្លងដ៏ធំ ប្រសិនបើមិនទប់ស្កាត់ឱ្យដាច់ខាត ឬដាក់វិធានការរំលត់ភ្លើងមុនមានផ្សែងទេ នោះអាចនឹងបណ្ដាលឱ្យមានការរាតត្បាតទ្រង់ទ្រាយធំ ដែលហួសពីសមត្ថភាពយើងអាចទប់ទល់បាន ពេលនោះចង់យំ ក៏យំមិនចេញ ព្រោះអ្វីៗវាជ្រុលហួសទៅហើយ។
ក្រៅអំពីបញ្ហាដែលមានក្នុងស្រុកស្រាប់ ពេលនេះយើងកំពុងប្រឈមនឹងបញ្ហាដែលមកពីខាងក្រៅមួយទៀតដ៏ធំ គឺថានៅប្រទេសថៃពេលនេះ មានអត្រាការឆ្លងវីរុសកូវីដ ១៩ ឡើងដល់រាប់រយករណី ដែលទីតាំងឆ្លងភាគច្រើន គឺនៅតាមសង្វៀនកីឡា ក្លិប បារ ហាងអាហារ និងទីតាំងដែលមានការប្រមូលផ្តុំផ្សេងៗ ពោលគឺមានការឆ្លងពីម្នាក់ទៅម្នាក់ក្នុងសហគមន៍តែម្ដង។ ពលករខ្មែរយើងនៅប្រទេសថៃជាច្រើនម៉ឺននាក់ កំពុងធ្វើការនិងប្រកបអាជីពនៅតាមតំបន់ដែលកំពុងមានការរាលដាលកូវីដ ១៩ទាំងនោះ។ ដូច្នេះ ពួកគេអាចងាយនឹងឆ្លងវីរុសនេះខ្លាំងណាស់ ហើយពេលនេះពួកគេកំពុងតែធ្វើមាតុភូមិនិវត្តន៍ជាបណ្ដើរៗ ដែលពួកគេអាចនាំជំងឺនោះចូលមកក្នុងស្រុកនិងចម្លងមកដល់សហគមន៍។ នេះជាក្ដីបារម្ភមួយដ៏ធំ ដែលអាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងបំផុត។
ការស្នើឱ្យពួកគាត់កុំវិលត្រឡប់មកកាន់ប្រទេសកំណើតវិញ ស្ទើរតែជារឿងដែលមិនអាចធ្វើទៅរួច ពីព្រោះពលករខ្មែរដែលធ្វើការនៅប្រទេសថៃពួកគេភាគច្រើនគ្មានប្រាក់សន្សំច្រើនទេ។ ដូច្នេះ នៅពេលពួកគេគ្មានការងារធ្វើ ពួកគេមិនមានប្រាក់ចំណូលសម្រាប់ការចំណាយប្រចាំថ្ងៃទេ ហេតុនេះ ពួកគេគ្មានជម្រើសអ្វីក្រៅពីត្រឡប់មកមាតុភូមិកំណើតវិញទេ។ ជាការប្រមើលទុក រដ្ឋាភិបាលត្រូវតែគិតប្រមើលដល់ចំនួនដ៏ច្រើនបំផុតរបស់ពលករ ដែលត្រូវធ្វើមាតុភូមិនិវត្តន៍ និងរកវិធានការដើម្បីអាចគ្រប់គ្រងបញ្ហានេះបាន។ ចំពោះវិធានការចំពោះមុខ រដ្ឋាភិបាលបានធ្វើសេចក្ដីអំពាវនាវអ្នកធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃទាំងអស់ត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដោយមិនត្រូវមានទំនាក់ទំនងជាមួយក្រុមគ្រួសារនោះទេ ព្រមទាំងចាត់ឱ្យអាជ្ញាធរមូលដ្ឋានក្ដាប់ព័ត៌មានអំពីអ្នកធ្វើមាតុភូមិនិវត្តន៍ទាំងអស់ទូទាំងប្រទេស ដើម្បីស្នើឱ្យពួកគេអនុវត្តទៅតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល។ មែនទែនទៅ វិធានការបែបអំពាវឬស្នើសុំ វាសឹងតែជាវិធានការដែលមិនមានប្រសិទ្ធភាពនោះទេ ព្រោះថារយៈពេល១៤ថ្ងៃជារយៈពេលមួយដ៏យូរ ប្រជាពលករភាគច្រើនលើសលុបមានផ្ទះសម្បែងតូចដែលមិនអាចឱ្យពួកគាត់អាចរក្សាខ្លួននៅតែឯងបាន និងបញ្ហាសំខាន់តាមរយៈបទពិសោធឥរិយាបថរបស់ប្រជាជននៅប្រទេសផ្សេងៗ គឺពួកគេមិនគិតថាខ្លួនមានផ្ទុក វីរុសកូវីដទេ ហេតុនេះពួកគេនៅតែបន្តទំនាក់ទំនងជាមួយអ្នកដទៃ។
នៅចំពោះមុខវិបត្តិដែលគេពិបាកទស្សន៍ទាយអំពីភាពធ្ងន់ធ្ងរមួយ វាទាមទារឱ្យកម្ពុជាត្រៀមខ្លួនឱ្យបានមុនស្ថានការណ៍យ៉ាងតិចពីរបីជំហាន បើមិនដូច្នោះទេ សោកនាដកម្មដែលមិនអាចប៉ាន់ស្មាន ដូចមានបទពិសោធរបស់ប្រទេសអ៊ីតាលី និងបណ្ដាប្រទេសនៅតំបន់អឺរ៉ុបស្រាប់ ដែលមកទល់ពេលនេះមានមនុស្សស្លាប់ដល់រាប់ពាន់នាក់ បើទោះបីជាប្រទេសទាំងនោះមានវិស័យសុខាភិបាលជឿនលឿនក៏ដោយ។ សព្វថ្ងៃ សូម្បីប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ ក៏កំពុងស្ថិតនៅក្នុងស្ថានភាពពិបាកនឹងទប់ទល់ ដូចជាម៉ាឡេស៊ីជាដើម រហូតដល់ថ្នាក់ប្រើច្បាប់អាជ្ញាសឹក ប្រទេសថៃចាប់ផ្ដើមបិទទីក្រុងបាងកក បន្ទាប់មកបិទប្រទេសទាំងមូល ដើម្បីទប់ទល់ជាមួយវីរុសដែលរាតត្បាតយ៉ាងលឿននេះ។ ក្នុងន័យនេះ កម្ពុជាត្រូវមានគោលនយោបាយជាក់លាក់និងទូលំទូលាយ ហើយលម្អិតនៅក្នុងការដោះស្រាយបញ្ហានេះ យកល្អគួរប្រើដំណោះស្រាយដែលធំជាងស្ថានការណ៍ បើមិនដូច្នោះទេ យើងមិនអាចបញ្ចៀសបញ្ហាបានឡើយ៕
RAC Media
ប្រភព៖វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ១៤ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្ដមបណ្ឌិតសភា...
្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣ បណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានផ្តល់កិត្តិយស ជាអធិបតីក្នុងពិធីបើកសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៨ ស្តីពី «គំនិតផ្តួចផ្តើមសាមគ...
ថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ មជ្ឈមណ្ឌល ស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៨ ស្តីពី «គំនិតផ្តួចផ...
ភ្នំពេញ (Phnom Penh) គឺជារាជធានីរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានដង់ស៊ីតេប្រជាជនរស់នៅច្រើនជាងគេ រហូតដល់៣៣១៦នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ និងជាទីក្រុងធំលំដាប់ទី១ ដែលមានប្រជាជនរស់នៅច្រើនជាងគេផងដែរ។ ភ្នំ...
ជាទូទៅមនុស្សនៅក្នុងសង្គមទទួលបានចំណេះដឹងពីរយ៉ាងពីអ្វីដែលគេបានជួប បានឆ្លងកាត់បានរៀន និងបានធ្វើ។ល។ ចំណេះដឹងទំាងពីរយ៉ាងនោះមាន៖ ចំណេះដឹងមានលក្ខណៈវិទ្យាសាស្ត្រ (Scientific knowledge) និងគ្មានលក្ខណៈវិទ្យាសា...
From December 26, 2023 to January 6, 2024, twenty officials of the Royal Academy of Cambodia will visit India for training in public policy and good governance. This training represents a critical tur...