ព័ត៌មាន

ស្ថានភាពកូវីដ-១៩ នៅកម្ពុជានិងបញ្ហាប្រឈមនានា ដោយ៖ លោក ធន ឆាយពិសិដ្ឋ នាយកដ្ឋាននយោបាយអន្តរជាតិនិងសន្តិសុខអន្តរជាតិ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា

2020-03-28 06:05:05 ថ្ងៃសៅរ៍, 28 មីនា 2020, 06:05 AM
post_detail

កូវីដ-១៩ ជាឈ្មោះវីរុសកូរ៉ូណាប្រភេទថ្មី ដែលមកទល់ពេលនេះបានចម្លងរាលដាលស្ទើរតែពេញពិភពលោកទាំង​មូល ដោយមានចំនួនអ្នកឆ្លងជាងប្រាំសែននាក់ និងស្លាប់ដល់ទៅជាងពីរម៉ឺននាក់ឯណោះ។ ដើមឡើយមេរោគនេះ គេ​ថាចេញប្រភពមកពីប្រទេសចិន តែពេលនេះចិនបែរជាថាអាម៉េរិកជានាំមេរោគនេះមកចិនទៅវិញតាមរយៈប្រតិ​ភូ​យោ​​ធាអាម៉េរិក។ កូវីដ-១៩ ជារបស់ចិនឬអាម៉េរិកមិនសំខាន់ទេ បញ្ហាសំខាន់នៅពេលនេះគឺការទប់ស្កាត់ការរាល​ដាល​នៃជំងឺនេះ និងការព្យាបាលអ្នកដែលបានឆ្លងមេរោគនេះ។

សម្រាប់កម្ពុជាដែលជាប្រទេសតូចនិងមានធនធានមានកម្រិត ទាំងធនធានមនុស្សនិងសម្ភារៈ វាមិនមែនជារឿងងាយស្រួលក្នុងការធ្វើកិច្ចការនេះទេ។ ដូច្នេះ រដ្ឋត្រូវតែពិនិត្យមើលស្ថានភាពដែលអាចនឹងកើតមានជាមុនឱ្យបានហ្មត់ចត់ រួចគិតគូរនិងរៀបចំផែនការយ៉ាងល្អិតល្អន់ដើម្បីដោះស្រាយបញ្ហាប្រឈមដែលអាចនឹងកើតចេញពីជំងឺបង្កដោយវីរុសកូវីដ-១៩នេះ ទាំងខាងសុខភាព សេដ្ឋកិច្ច និងសង្គម។

ការរីករាលដាលជំងឺបង្កដោយវីរុសកូវីដ-១៩ នៅតែមានអ្នកឆ្លងថ្មីកើនឡើងឥតឈប់ឈរ លក្ខណៈជាក្រុម ជាពិ​សេស ក្រុមខ្មែរឥស្លាមដែលត្រឡប់មកពីការចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី និងក្រុមទេសចរបារាំង តែការចម្លងពីអ្នកមានសម្ព័ន្ធភាពជាមួយអ្នកផ្ទុកវីរុសដើមមកសហគមន៍ នៅមិនទាន់មានតួលេខខ្ពស់នៅឡើយទេ ប៉ុន្តែវាមិនឆ្លុះបញ្ចាំងថាគ្មានការចម្លងនោះទេ ព្រោះតាមបទពិសោធពីប្រទេសផ្សេងៗ លទ្ធភាពអាចទៅរួចក្នុងកម្រិតខ្ពស់ដែលថា អ្នកដែលបានឆ្លងមេរោគនេះរួចហើយ ប៉ុន្តែពួកគេមិនទាន់មានអាការៈបង្ហាញពីការឆ្លង វីរុសកូវីដ-១៩នៅឡើយ ដែល​ជាហេតុនាំឱ្យអ្នកជំងឺក៏មិនដឹងថាខ្លួនកើតជំងឺនេះ ទន្ទឹមគ្នានោះពួកគេក៏បានចម្លងទៅអ្នកដទៃដោយមិនដឹងខ្លួន។

នៅចំពោះមុខ កម្ពុជាកំពុងប្រឈមនឹងបញ្ហាដែលចេញពីការរាតត្បាតនៃជំងឺបង្កដោយវីរុសកូវីដ-១៩ គឺទាំងផ្នែកសុខា​ភិបាល សេដ្ឋកិច្ច និងសង្គមកិច្ច។ លើវិស័យសុខាភិបាលកម្ពុជា ប្រឈមនឹងការខ្វះខាតទាំងសម្ភារៈនិងធនធានមនុស្ស ពោលគឺអ្នកប្រយុទ្ធជួរមុខ។ នាអនាគត បើចំនួននៃកំណើននៃការឆ្លងចេះតែកើនឡើងជាបន្តបន្ទាប់ វាច្បាស់ណាស់ថាយើងខ្វះខាតធនធានសេដ្ឋកិច្ច យើងមិននិយាយដល់សេដ្ឋកិច្ចថ្នាក់ជាតិទេ យើងគ្រាន់តែគិតអំពីអ្នករកព្រឹកចាយល្ងាច នៅពេលដែលស្ថានភាពសេដ្ឋកិច្ចជាប់គាំង គ្មានការងារធ្វើ គ្មានការលក់ដូរកំប៉ិកកំប៉ុក (ព្រោះមនុស្សនាំគ្នាទិញរបស់ស្តុកច្រើន លែងសូវហូបចំណីខាងក្រៅ) តើរាជរដ្ឋាភិបាលត្រូវរកមធ្យោបាយជួយពួកគាត់ដូចម្ដេច? ក្រៅពីសេដ្ឋកិច្ច បញ្ហាសង្គមក៏តាមមកពីក្រោយដែរ នេះជាកង្វល់ដ៏ធំនិងដ៏ឈឺក្បាលសម្រាប់រដ្ឋាភិបាល។

បទពិសោធនៅអ៊ីតាលី ជាអ្វីដែលកម្ពុជាត្រូវតែរៀនសូត្របានដើម្បីបញ្ចៀសស្ថានភាពដូចដែលអ្វីបានកើតមាននៅប្រទេសនោះ។ ការទប់ស្កាត់ការរាតត្បាតនៃជំងឺបង្កដោយវីរុសកូវីដ១៩ មិនពឹងតែលើក្រុមគ្រូពេទ្យមានសមត្ថភាពប៉ុណ្ណោះទេ វាអាស្រ័យលើការដាក់ចេញនូវគោលនយោបាយដ៏មានប្រសិទ្ធភាពផងដែរ។

មកទល់ពេលនេះ រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ដើម្បីទប់ទល់នឹងការឆ្លងរាលដាលជំងឺបង្កដោយវីរុសកូវីដ១៩ ដូចជា វិស្សមកាលតូចមុនវេលាមកដល់ ការអនុញ្ញាតឱ្យមន្ត្រីអាចធ្វើការអនឡាញពីផ្ទះរបស់ខ្លួន ការលុបចោលកម្មវិធីជំនួបនិងកិច្ចប្រជុំនានារបស់រដ្ឋនិងវិស័យឯកជន ការហាមពលរដ្ឋខ្មែរមិនឱ្យធ្វើដំណើរទៅក្រៅ​ប្រទេស និងការដាក់មន្ត្រីរាជការនិងពលរដ្ឋទាំងឡាយណាដែលទើបវិលត្រឡប់ពីបរទេសឱ្យនៅដាច់ដោយ​ឡែក​រយៈពេល១៤ថ្ងៃ។ ក្រៅពីបិទសាលារៀន រាជរដ្ឋាភិបាលបានបន្តបិទរាល់ការជួបជុំផ្សេងៗ ដូចជា ការបិទកន្លែង ក្លិបកម្សាន្ត ខារ៉ាអូខេ បៀកាឌិន និងការហាមមិនឱ្យមានការចូលរួមទស្សនាផ្ទាល់នូវការប្រគុំតន្រ្តី ការទស្សនាផ្ទាល់នូវការប្រកួតកីឡា ការជួបជុំខាងពិធីសាសនាផ្សេងៗទៀត។

ការបិទកន្លែងកំសាន្ត កន្លែងប្រមូលផ្ដុំនានា គឺជាវិធានការដែលត្រូវតែអនុវត្តឱ្យបានដាច់ខាត ព្រោះថាទីកន្លែងទាំងនេះអាចជាប្រភពចម្លងដ៏ធំ ប្រសិនបើមិនទប់ស្កាត់ឱ្យដាច់ខាត ឬដាក់វិធានការរំលត់ភ្លើងមុនមានផ្សែងទេ នោះអាចនឹងបណ្ដាលឱ្យមានការរាតត្បាតទ្រង់ទ្រាយធំ ដែលហួសពីសមត្ថភាពយើងអាចទប់ទល់បាន ពេលនោះចង់យំ ក៏យំមិនចេញ ព្រោះអ្វីៗវាជ្រុលហួសទៅហើយ។

ក្រៅអំពីបញ្ហាដែលមានក្នុងស្រុកស្រាប់ ពេលនេះយើងកំពុងប្រឈមនឹងបញ្ហាដែលមកពីខាងក្រៅមួយទៀតដ៏ធំ គឺថានៅប្រទេសថៃពេលនេះ មានអត្រាការឆ្លងវីរុសកូវីដ ១៩ ឡើងដល់រាប់រយករណី ដែលទីតាំងឆ្លងភាគច្រើន គឺនៅតាម​​​សង្វៀនកីឡា ក្លិប បារ ហាងអាហារ និងទីតាំងដែលមានការប្រមូលផ្តុំផ្សេងៗ ពោលគឺមានការឆ្លងពីម្នាក់ទៅម្នាក់ក្នុងសហគមន៍តែម្ដង។ ពលករខ្មែរយើងនៅប្រទេសថៃជាច្រើនម៉ឺននាក់ កំពុងធ្វើការនិងប្រកបអាជីពនៅតាមតំបន់ដែល​​កំពុងមានការរាលដាលកូវីដ ១៩ទាំងនោះ។ ដូច្នេះ ពួកគេអាចងាយនឹងឆ្លងវីរុសនេះខ្លាំងណាស់ ហើយពេលនេះពួកគេកំពុងតែធ្វើមាតុភូមិនិវត្តន៍ជាបណ្ដើរៗ ដែលពួកគេអាចនាំជំងឺនោះចូលមកក្នុងស្រុកនិងចម្លងមកដល់​សហ​គមន៍។ នេះជាក្ដីបារម្ភមួយដ៏ធំ ដែលអាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងបំផុត។

ការស្នើឱ្យពួកគាត់កុំវិលត្រឡប់មកកាន់ប្រទេសកំណើតវិញ ស្ទើរតែជារឿងដែលមិនអាចធ្វើទៅរួច ពីព្រោះពលករខ្មែរដែលធ្វើការនៅប្រទេសថៃពួកគេភាគច្រើនគ្មានប្រាក់សន្សំច្រើនទេ។ ដូច្នេះ នៅពេលពួកគេគ្មានការងារធ្វើ ពួកគេមិនមានប្រាក់ចំណូលសម្រាប់ការចំណាយប្រចាំថ្ងៃទេ ហេតុនេះ ពួកគេគ្មានជម្រើសអ្វីក្រៅពីត្រឡប់មកមាតុភូមិកំ​ណើត​​វិញទេ។ ជាការប្រមើលទុក រដ្ឋាភិបាលត្រូវតែគិតប្រមើលដល់ចំនួនដ៏ច្រើនបំផុតរបស់ពលករ ដែលត្រូវធ្វើមាតុភូ​មិនិវត្តន៍ និងរកវិធានការដើម្បីអាចគ្រប់គ្រងបញ្ហានេះបាន។ ចំពោះវិធានការចំពោះមុខ រដ្ឋាភិបាលបានធ្វើសេចក្ដីអំពាវនាវអ្នកធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃទាំងអស់ត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដោយមិនត្រូវមានទំនាក់ទំនងជាមួយក្រុមគ្រួសារនោះទេ ព្រមទាំងចាត់ឱ្យអាជ្ញាធរមូលដ្ឋានក្ដាប់ព័ត៌មានអំពីអ្នកធ្វើមាតុភូមិនិវត្តន៍ទាំងអស់ទូទាំងប្រទេស ដើម្បីស្នើឱ្យពួកគេអនុវត្តទៅតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល។ មែនទែនទៅ វិធានការបែបអំពាវឬស្នើសុំ វាសឹងតែជាវិធានការដែលមិនមានប្រសិទ្ធភាពនោះទេ ព្រោះថារយៈពេល​១៤ថ្ងៃជារយៈពេលមួយដ៏យូរ ប្រជាពលករភាគច្រើនលើសលុបមានផ្ទះសម្បែងតូចដែលមិនអាចឱ្យពួកគាត់អាចរក្សាខ្លួននៅតែឯងបាន និងបញ្ហាសំខាន់តាមរយៈបទពិសោធឥរិយាបថរបស់ប្រជាជននៅប្រទេសផ្សេងៗ គឺពួកគេមិនគិតថាខ្លួនមានផ្ទុក វីរុសកូវីដទេ ហេតុនេះពួកគេនៅតែបន្តទំនាក់ទំនងជាមួយអ្នកដទៃ។

នៅចំពោះមុខវិបត្តិដែលគេពិបាកទស្សន៍ទាយអំពីភាពធ្ងន់ធ្ងរមួយ វាទាមទារឱ្យកម្ពុជាត្រៀមខ្លួនឱ្យបានមុនស្ថានការណ៍​​យ៉ាងតិចពីរបីជំហាន បើមិនដូច្នោះទេ សោកនាដកម្មដែលមិនអាចប៉ាន់ស្មាន ដូចមានបទពិសោធរបស់ប្រទេស​អ៊ីតា​លី និងបណ្ដាប្រទេសនៅតំបន់អឺរ៉ុបស្រាប់ ដែលមកទល់ពេលនេះមានមនុស្សស្លាប់ដល់រាប់ពាន់នាក់ បើទោះបី​ជាប្រទេសទាំងនោះមានវិស័យសុខាភិបាលជឿនលឿនក៏ដោយ។ សព្វថ្ងៃ សូម្បីប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ ក៏កំពុងស្ថិតនៅក្នុងស្ថានភាពពិបាកនឹងទប់ទល់ ដូចជាម៉ាឡេស៊ីជាដើម រហូតដល់ថ្នាក់ប្រើច្បាប់អាជ្ញាសឹក ប្រទេស​ថៃចាប់ផ្ដើមបិទទីក្រុងបាងកក បន្ទាប់មកបិទប្រទេសទាំងមូល ដើម្បីទប់ទល់ជាមួយវីរុសដែលរាតត្បាតយ៉ាង​លឿននេះ។ ក្នុងន័យនេះ កម្ពុជាត្រូវមានគោលនយោបាយជាក់លាក់និងទូលំទូលាយ ហើយលម្អិតនៅក្នុងការដោះស្រាយ​​បញ្ហានេះ យកល្អគួរប្រើដំណោះស្រាយដែលធំជាងស្ថានការណ៍ បើមិនដូច្នោះទេ យើងមិនអាចបញ្ចៀសបញ្ហាបានឡើយ៕

RAC Media

ប្រភព៖​វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា



អត្ថបទទាក់ទង

អត្តពលិកឆ្នើម ឈុន ប៊ុនថន ដណ្ដើមយកមេដាយមាសលើវិញ្ញាសាកីឡារត់ប្រណាំង ៨០០ម៉ែត្រ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកីឡារត់ប្រណាំងដល់កម្ពុជា

(គំនូរនេះគូរឡើងដោយ និស្សិតវិចិត្រកម្ម ព្រហ្ម ពុធវិសាល នៅរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចូលរួមអបអរសាទរ និងកោតសរសើរ ដល់អត្តពលិកឆ្នើម ឈុន ប៊ុនថន ចំពោះការខិតខំប្រឹងប្រែងដណ្តើមកិត្តិយសជូនជាតិ)អត្តពលិកឆ្នើម ឈុ...

2023-05-16 08:58:55   Tue, 16,05,2023, 08:58 AM
«គំនូរលោក Keisuke Honda ជាមួយឯកឧត្តមនាយឧត្ដមសេនីយ៍ សៅ សុខា »

កាលពីពេលថ្មីៗនេះ លោកគ្រូ ហេង មុនីផល ដែលបង្រៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើមុខជំនាញវិចិត្រកម្មនៅរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ចេញស្នាដៃគូរគំនូររបស់លោក Keisuke Honda អតីតអ្នកចាត់ការទូទៅបាលទាត់ជម្រើសជាតិក...

2023-05-16 08:43:55   Tue, 16,05,2023, 08:43 AM
ការវិនិយោគរបស់ម៉ាឡេស៊ី

ដោយ៖ ហៃ សាវង្ស វិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា អាជ្ញាធរអភិវឌ្ឍន៍ការវិនិយោគម៉ាឡេស៊ី (Malaysian Investment Development Authority ឬ MIDA) គឺជាទីភ្នាក់ងារជំរុញនិងអភិវឌ្ឍន៍ការវិនិយោគចម្បង...

2023-05-15 03:38:22   Mon, 15,05,2023, 03:38 AM
ឥទ្ធិពលព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ

ដោយ៖ បណ្ឌិត ហែម ឡាច មន្ត្រីនាយកដ្ឋាននីតិសាស្ត្រ នៃវិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសង្គម រាជបណ្ឌិត្យសភាកម្ពុជាប្រជាជាតិខ្មែរជាជាតិសាសន៍មួយមានគ្រឹះ មានមូលដ្ឋានជាតិនិងលក្ខណៈជាតិច្បាស់លាស់ រឹងមាំជាងជាតិនានា...

2023-05-15 02:20:37   Mon, 15,05,2023, 02:20 AM
អត្ថបទស្រាវជ្រាវ៖ «អេលីត និងទ្រឹស្តីអេលីត (Elite and Theories of Elite)» ដោយ៖ អ៊ុំ ប៉ុម

(បណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា)សេចក្តីផ្តើម នៅក្នុងសង្គមបច្ចុប្បន្ន មិនថាឡើយសង្គមនោះស្ថិតក្នុងលំហភូមិសាស្រ្តនៃប្រទេស ណាមួយនោះ ទេ ពួកអេលីតត្រូវបានគេទទួលស្គាល់ថាជាអ្នកដែលមានតួនាទី និងកា...

2023-05-11 11:18:20   Thu, 11,05,2023, 11:18 AM
អត្ថបទស្រាវជ្រាវ៖ «ទស្សនៈនិងជំនឿតូតឹមនិយមរបស់ជនជាតិខ្មែរ (ទស្សនៈ និងជំនឿលើសត្វ)» ដោយ៖ ប៉ាន់ វុត្ថា

(បណ្ឌិត ប៉ាន់ វុត្ថា មន្រ្តីស្រាវជ្រាវនាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិជ្ជា នៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម រាជបណ្ឌិត្យសភាកម្ពុជា)សេចក្តីផ្តើមជំនឿតូតឹម គឺជាជំនឿលើសត្វ និងជំនឿលើដើមឈើ តែក្ន...

2023-05-11 11:07:46   Thu, 11,05,2023, 11:07 AM

សេចក្តីប្រកាស