ព័ត៌មាន

ហេតុអ្វីបានជាលោក ពូទីនមិនអាចចូលនិវត្តន៍បាន? លោកមានសត្រូវច្រើន និងមានមិត្តភក្តិជិស្និទ្ធជាច្រើនទៀតដែលត្រូវពឹងផ្អែកលើរូបលោក ប្រែសម្រួលដោយ៖ លោក ហ៊ាន ស្រស់

2020-03-25 10:27:40 ថ្ងៃពុធ, 25 មីនា 2020, 10:27 AM
post_detail

បន្ទាប់ពីក្លាយជាប្រធានាធិបតីក្នុងឆ្នាំ២០០០ ដែលពេលនោះ លោក Vladimir Putin ទើបតែមានអាយុ៤៨ឆ្នាំ ប្រធានាធិបតិរូបនេះបានសញ្ជឹងគិតថា តើថ្ងៃណាមួយ តើគាត់នឹងចាកចេញពីមុខតំណែងដោយរបៀបណា? កំពុងជិះឡានប្រធានាធិបតីពេញទីក្រុងមូស្គូនៅពេលរាត្រី គាត់បានប្រាប់អ្នកសម្ភាសគាត់ថា«ខ្ញុំសង្ឃឹមថាថ្ងៃណាមួយខ្ញុំនឹងត្រឡប់ទៅរកជីវិតធម្មតាវិញ ហើយខ្ញុំនឹងមានពេលសម្រាប់ជីវិតឯកជនរបស់ខ្ញុំ។ ខ្ញុំមិនអាចនិយាយថាជីវិតរាជានិយមបានបណ្តុះស្មារតីរបស់ខ្ញុំនោះទេ។ លទ្ធិប្រជាធិបតេយ្យឯណោះវិញទេ ដែលអាចឋិតឋេរបានយូរអង្វែងជាង។

២០ឆ្នាំទៅមុខទៀត លោកពូទីននឹងនៅឆ្ងាយពីជីវិតប្រធានាធិបតីប្រកបដោយសន្តិភាពជាងពេលណាៗទាំងអស់។ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ សភាឌូម៉ារបស់រុស្ស៊ីបានបោះឆ្នោតអនុម័តការផ្លាស់ប្តូររដ្ឋធម្មនុញ្ញដែលស្នើឡើងដោយលោកពូទីន ហើយបានបន្ថែមចំនួនអាណត្តិដែលអាចឱ្យគាត់ធ្វើជាប្រធានាធិបតីតទៅទៀត។ នៅក្រោមប្រព័ន្ធបច្ចុប្បន្ននេះគាត់នឹងត្រូវចប់អណត្តិនៅឆ្នាំ២០២៤ និងមិនអាចឈរឈ្មោះបានទៀតទេ។ ឥឡូវនេះគាត់អាចបន្តរហូតដល់ឆ្នាំ ២០៣៦ ហើយប្រហែលជាយូរជាងនេះ។

មួយរយៈនេះលោកពូទីនបានរិះរកវិធីសាស្រ្តផ្សេងៗក្នុងការរក្សាអំណាច ដូចជា ការរួមបញ្ចូលប្រទេសរុស្ស៊ីជាមួយបេឡារុសដើម្បីបង្កើតប្រទេសថ្មីមួយដើម្បីគ្រប់គ្រង, ជាប្រធានឧត្តមក្រុមប្រឹក្សារដ្ឋដែលជាអំណាចកំពូល, ឬអាចក្លាយជានាយករដ្ឋមន្រ្តីនៅក្នុងប្រព័ន្ធសភាថ្មីនេះ។ នៅទីបំផុតលោកបានជ្រើសរើសវិធីដ៏សាហាវ ហើយក៏សាមញ្ញដែរ គឺការផ្លាស់ប្តូររដ្ឋធម្មនុញ្ញដែលផ្តល់ជម្រើសឱ្យខ្លួនគាត់អាចកាន់អំណាចបន្តទៀត។ នៅក្នុងបញ្ហានេះ លោក ពូទីន មើលទៅហាក់ដូចជាកំពុងដើរតាមគន្លងរបស់អ្នកកាន់អំណាចផ្តាច់ការពីរឬបីនាក់នៅអាស៊ីកណ្តាលក្រោយសហភាពសូវៀតដួលរលំ។ នេះបើតាម លោក Kirill Rogov អ្នកវិភាគនយោបាយបានសង្កេតឃើញ។

ការធ្វើវិសោធនកម្មផ្សេងទៀតរបស់លោក ពូទីន បានដកយកអំណាចសភានិងតុលាការ ហើយតែងតាំងគាត់ជា«ប្រមុខរដ្ឋ» តែជា«ប្រមុខរដ្ឋកាន់អំណាច» ដោយផ្តល់ឱ្យគាត់ជាអ្នកសម្របសម្រួលអំណាចសាធារណៈទាំងអស់និងបញ្ជាក់ថាគាត់មានឥទ្ធិពលនៅក្នុងប្រព័ន្ធតុលាការ។ នេះដូចអ្វីដែលលោក Rogov បានពន្យល់។ ការក្តោបអំណាចយ៉ាងណែនក្នុងដៃនេះ ត្រូវបានធ្វើឡើងតាមរយៈភាសារបស់ព្រះជាម្ចាស់ ប្រពៃណី គ្រួសារដែលផ្សំឡើងភេទផ្ទុយគ្នា និងមហាជ័យជំនះរបស់ប្រទេសរុស្ស៊ីក្នុងសង្គ្រាមលោកលើកទី២ (ដែលប្រទេសរុស្ស៊ីនឹងប្រារព្ធខួបលើកទី៧៥ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ខាងមុខនេះ)។

ដូចមេដឹកនាំអត្តាធិបតេយ្យជាច្រើនទៀតដែរ លោក ពូទីន បានលើកឡើងថា គាត់ចាំបាច់ត្រូវតែមានអំណាចបន្តទៀត ដើម្បីធានាស្ថិរភាពនយោបាយ។ ជាក់ស្តែង នៅក្នុងសប្តាហ៍ទី២នៃខែមីនា ឆ្នាំ២០២០ គាត់បានលើកយកបញ្ហានៅក្នុងទីផ្សារប្រេង មេរោគថ្មី(ជំងឺកូវីដ-១៩) និងការគំរាមកំហែងពីសត្រូវទាំងក្នុងនិងខាងក្រៅ ដើម្បីប្រើប្រាស់ជាបញ្ហាដែលនាំឱ្យមានអស្ថិរភាព។ លោកបានប្រាប់សភាឌូម៉ាថា«ពួកគេកំពុងរង់ចាំមើលបំណាំរបស់យើង ដូចជា កំហុស ឬការធ្លាក់ចុះ ការបាត់បង់ស្មារតី ឬអ្វីមួយដែលកាន់តែអាក្រក់ជាងនេះ, ការធ្វើឱ្យមានការបែកបាក់ផ្ទៃក្នុង ដែលជួនកាលពួកគេត្រូវបានញុះញង់ និងថែមទាំងបានទទួលហិរញ្ញប្បទានពីបរទេសទៀតផង»។

លោកពូទីនបានបន្ថែមថា នៅក្នុងសប្តាហ៍ទី២នៃខែមីនា ឆ្នាំ២០២០ នេះ តម្លៃប្រេងបានធ្លាក់ចុះចំនួន៣០%។ ប្រទេសរុស្ស៊ីបាននាំចេញប្រេងនិងឧស្ម័នយ៉ាងច្រើននិងផលិតបានមួយភាគបីនៃផលិតផលដុលក្នុងស្រុក(GDP)។ទោះជាយ៉ាងណា ក៏ប្រទេសរុស្ស៊ីនៅតែពឹងផ្អែកលើអ៊ីដ្រូកាបូនភាគច្រើន ដែលនេះគឺជាជាកំហុសរបស់លោកពូទីន។ ក្នុងទស្សនវិស័យរបស់គាត់ដែលប៉ុនប៉ងធ្វើពិពិធកម្មសេដ្ឋកិច្ច មិនអាចសម្រេចទៅបានច្រើនបំផុតតាមអ្វីដែលវាគួរទទួលបាននោះទេ។

លោកពូទីនបានបញ្ជាក់យ៉ាងច្បាស់ថា ពិភពលោកពោរពេញទៅដោយព្យុះភ្លៀង ដែលធ្វើឱ្យរូបលោកត្រូវបោះបង់តំណែងប្រធានាធិបតីនេះចោល។ អតីតភ្នាក់ងារសម្ងាត់KGB បានកំណត់តួនាទីរបស់គាត់ មិនត្រឹមតែជាអ្នកការពាររដ្ឋធម្មនុញ្ញប៉ុណ្ណោះ​ទេ(តាមពិតគាត់កំពុងសរសេរឡើងវិញយ៉ាងមមាញឹក) ប៉ុន្តែគាត់ក៏ជាអ្នកធានាសន្តិសុខ ស្ថិរភាពក្នុងស្រុកនិងការអភិវឌ្ឍ​ជាបន្តបន្ទាប់របស់ប្រទេសមួយនេះ ពីព្រោះ ប្រទេសរុស្ស៊ីក៏មានចំណែករបស់ខ្លួននៃការធ្វើបដិវត្តន៍ដែរ។ វាស្ទើរតែមិនចាំបាច់​និយាយថា គាត់គឺជាមនុស្សតែម្នាក់គត់ដែលមានសមត្ថភាពបញ្ចៀសគ្រោះថ្នាក់ដល់ជីវិតបែបនេះបាននោះទេ។ ទោះបីត្រូវគេនិយាយយ៉ាងដូច្នេះក៏ដោយ និងគ្មាននរណាម្នាក់ក្រៅពីលោកស្រី Valentina Tereshkova ជាអវកាសយានិកសូវៀតដ៏ល្បីល្បាញ ដែលឥឡូវនេះគាត់បានក្លាយសមាជិកសភាដែលមានអាយុ៨៣ឆ្នាំ។ លោកស្រីត្រូវបានគេផ្តល់តួនាទីឱ្យបញ្ចេញសម្លេងចំពោះការធ្វើសំណើឡើងវិញ ដែលត្រូវបានយល់ព្រមដោយប្រធានាធិបតី និងសភាឌូម៉ា។

ទាំងអស់នេះគឺជាផ្នែកមួយនៃប្រតិបត្តិការពិសេសដែលលោក ពូទីន បានចាប់ផ្តើមនៅពាក់កណ្តាលខែមករា ឆ្នាំ២០២០នេះ ខណៈដែលលោកបានប្រកាសផែនការដំបូងសម្រាប់ការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ។ ដំណើរការនេះមានលក្ខណៈមិនច្បាស់លាស់និងរហ័ស​ពេក។ ការធ្វើបែបនេះ វាហាក់ដូចជារចនាបថមួយរបស់អតីតភ្នាក់ងារសម្ងាត់KGB ដែលបានរៀបចំប្រតិបត្ដិការពិសេសក្នុងការឡើងកាន់អំណាចរបស់គាត់នៅក្នុងវិមានក្រឹមឡាំង។ នៅក្នុងសុន្ទរកថារបស់លោកពេលឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកាលពីខែធ្នូ ឆ្នាំ១៩៩៩ ដែលបានថ្លែងទៅកាន់ភ្នាក់ងារសម្ងាត់FSB(ពីមុនហៅថាភ្នាក់ងារសម្ងាត់KGB)ថា «ភ្នាក់ងារសម្ងាត់​ FSB មួយក្រុមដែលត្រូវបានចាត់តាំងឱ្យធ្វើការងារសម្ងាត់នៅក្នុងរដ្ឋាភិបាលសហព័ន្ធរុស្ស៊ីកំពុងបំពេញភារកិច្ចរបស់ខ្លួនដោយជោគជ័យ»។ ហើយនៅឆ្នាំបន្ទាប់ក៏គាត់បានក្លាយជាប្រធានាធិបតី។

ចាប់តាំងពីពេលនោះមក គាត់បានដឹកនាំប្រតិបត្តិការពិសេសផ្សេងទៀត ដូចជា ការបញ្ចូលតំបន់គ្រីមៀជាឧបសម្ព័ន្ធនិងការឈ្លានពានប្រទេសអ៊ុយក្រែនក្នុងឆ្នាំ២០១៤។ ទាំងនេះមិននិយាយពីការដកហូតក្រុមហ៊ុនប្រេងនិងឧស្ម័នយូកូស(Youkos)ក្នុងឆ្នាំ២០០៤-០៦ផង។ ប្រតិបត្ដិការនីមួយៗត្រូវបានធ្វើយ៉ាងម៉ត់ចត់តាមនិតិវិធីច្បាប់ដូចជា ការដាក់ឱ្យធ្វើប្រជាមតិនៅតំបន់គ្រីមេ ឬការបង្ហាញពីការជំនុំជម្រះក្តីទៅលើក្រុមហ៊ុនប្រេង និងឧស្ម័នយូកូស។ រីឯ ការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ក៏មិនខុសគ្នាដែរ។

លោកពូទីនមានប្រសាសន៍ថា ការផ្លាស់ប្តូរនេះនឹងចូលជាធរមាន លុះត្រាតែមានការយល់ព្រមពីតុលាការធម្មនុញ្ញ(ដែលលោកជាអ្នកគ្រប់គ្រង) និងដោយមានការយល់ព្រមពីប្រជាជនរុស្ស៊ីផងដែរ។ ប្រជាជនរុស្សីនឹងបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ ដែលជាថ្ងៃកំណើតរបស់លោក លេនីន ជាស្ថាបនិកនៃសហភាពសូវៀត ដែលសាក​សព​របស់លោកស្ថិតក្នុងវិហារមួយនៃទីលានក្រហមប្រទេសរុស្ស៊ី។ ការបោះឆ្នោតនេះមិនមែនជាការធ្វើប្រជាមតិទេ ហើយក៏មិន​មែនជាការបោះឆ្នោតជ្រើសរើសដែរ ហើយដំណើរការទាំងមូល មើលទៅដូចជាពាក់កណ្តាលការបោះឆ្នោត និងពាក់កណ្តាលការធ្វើ​ប្រជាមតិដែលធ្លាប់បានធ្វើនៅតំបន់គ្រីមៀ(Crimea)។ ជាការណ៍ពិត លោក ពូទីន ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើ​ការ​ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់គាត់នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០កន្លងទៅនេះ ដែលជាខួបលើកទី៦នៃការបញ្ចូលតំបន់​គ្រីមៀជាឧបសម្ព័ន្ធដោយខុសច្បាប់។

ខណៈដែលបំណងរបស់លោក ពូទីន ក្នុងការកាន់អំណាច ហាក់មិនមានអ្វីគួរឱ្យសង្ស័យនោះទេ ការកំណត់ពេលវេលា និងការដាក់ចេញនូវការប្រញាប់អំពីការផ្លាស់ប្តូររដ្ឋធម្មនុញ្ញត្រូវបានលាតត្រដាង និងកំពុងត្រូវទទួលរងការរិះគន់។ អ្នកវិទ្យាសាស្ត្រនយោបាយ លោកស្រី Ekaterina Schulmann យល់ថា នេះជាផ្នែកមួយនៃអារម្មណ៍របស់ឥស្សរជនរុស្ស៊ីដែលកំពុងមានអារម្មណ៍​ភ័យព្រួយពីអនាគតរបស់ពួកគេ។ មិត្តភក្តិជិតស្និទ្ធរបស់លោក ពូទីនពឹងផ្អែកលើគាត់ ក៏ព្រោះតែតំណែងរបស់ពួកគេ។ ភាពមិនប្រាកដប្រជាអំពីផែនការរបស់លោក ពូទីន ធ្វើឱ្យមិត្ដភក្តិជិតស្និទ្ធរបស់គាត់ភ័យខ្លាចបាត់បង់ប្រាក់កាស ស្ថានភាពមុខតំណែង និងសេរីភាពក៏អាចថាបានដែរ។

លោកស្រីបានគិតថា គោលដៅរបស់លោក ពូទីន គឺចង់លុបបំបាត់ហានិភ័យដែលពួកវរជនអាចនឹងយល់ព្រមឱ្យមានអ្នកបន្ត​វេន​ពីគាត់។ កិច្ចព្រមព្រៀងបែបនេះ ប្រហែលជានឹងធ្វើឱ្យលោក ពូទីន ក្លាយជាមនុស្សបរាជ័យ។ លោក Sergei Sobyanin អភិបាល​ក្រុងម៉ូស្គូបានកត់សម្គាល់នៅលើគេហទំព័រផ្ទាល់ខ្លួនរបស់លោកថា «ប្រធានាធិបតីដែលមិនអាចឈរឈ្មោះសម្រាប់អាណត្តិ​មួយផ្សេងទៀតបានគឺមិនអាចចាត់ជាបុរសខ្លាំងតាមធម្មជាតិនោះទេ។ ការហាមឃាត់លើការជាប់ឆ្នោតជាថ្មីគឺជាកត្តា​អស្ថិរភាពទាំងនៅក្នុងគោលនយោបាយក្នុងស្រុកនិងបរទេស។

ផ្ទុយទៅវិញ សកម្មភាពមិនជាក់លាក់ និងមិនគួរឱ្យទុកចិត្តរបស់លោក ពូទីន ប្រកបដោយហានិភ័យ ក្នុង រយៈពេលប៉ុន្មានខែកន្លងមកនេះ ពិតជាបានធ្វើឱ្យសាធារណជនមានអារម្មណ៍ចម្លែកក្នុងចិត្ត។ ការណ៍ពិតគាត់ចង់បង្ខំឱ្យប្រជាជនរុស្ស៊ីទទួលយកផែនការ​របស់គាត់ នោះមិនមានន័យថា គាត់នឹងទទួលបានជោគជ័យនោះទេ។ មានប្រទេសពីរ ឬបីតែប៉ុណ្ណោះដែលមានសមត្ថភាព​ធ្វើឱ្យភ្ញាក់ផ្អើលដូចប្រទេសរុស្ស៊ី។ ការក្តោបអំណាចរបស់គាត់ដែលកំពុងកើតឡើងនេះ ចំពេលដែលសេដ្ឋកិច្ចនៅទ្រឹង និងអំពើពុករលួយកំពុងរីករាលដាល។

ក្នុងរយៈពេលពីរឆ្នាំចាប់តាំងពីការបោះឆ្នោតថ្មីបំផុតរបស់លោក ពូទីន នៅខែមីនា ឆ្នាំ២០១៨ ការជឿទុកចិត្តលើរូបគាត់បានធ្លាក់ចុះពី៦០%មកត្រឹម៣៥%។ ដំណើរទៅបរទេសរបស់លោក ពូទីន លែងធ្វើឱ្យសាធារណជនចាប់អារម្មណ៍។ សូម្បីតែការប្រឆាំង​​នឹង​អាម៉េរិក ដែលជាជំហរមួយនៃមនោគមវិជ្ជារបស់គាត់ ក៏កំពុងស្ថិតក្នុងសភាពនឹងថ្កល់ដែរ។ នេះហើយជាមូលហេតុដែល​ការបោះឆ្នោតដែលគាត់បានសន្យានៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ខាងមុខនេះ ទំនងជាអាចមានការបោះឆ្នោតក្លែង​ក្លាយ​​ក៏ថាបាន។ ការប្រមូលផ្តុំប្រឆាំងនឹងការផ្លាស់ប្តូរររដ្ឋធម្មនុញ្ញនោះទំនងជាត្រូវហាមឃាត់ ដោយសារតែការឆ្លងមេរោគ​ជំងឺ​កូវីដ-១៩ ដែលងាយនឹងឆ្លងក្នុងចំណោមមនុស្សច្រើន។

លោកស្រី Ella Paneyakh ជាសង្គមវិទូរុស្ស៊ី បានអះអាងថា វិមានក្រឹមឡាំងបានបាត់បង់ទំនាក់ទំនងជាមួយសង្គមហើយ។ ច្រក​ទាំងឡាយនៃបណ្តាញទំនាក់ទំនងត្រូវបានកាត់បន្ថយក្នុងការឃោសនាផ្សព្វផ្សាយ ដែលកំពុងតែបាត់បង់ប្រសិទ្ធភាព។ សូម្បី​តែការប្រើប្រាស់ទឹកលុយដើម្បីទិញទឹកចិត្តប្រជាជន ក៏ហាក់ដូចជាលែងមានប្រសិទ្ធភាពដែរ។

ឧបករណ៍តែមួយគត់ដែលប្រើប្រាស់បាន គឺការបង្ក្រាបដោយកម្លាំង ដែលរដ្ឋាភិបាលធ្លាប់បានប្រើប្រាស់រួចហើយ។ លោកស្រី Paneyakh មានប្រសាសន៍ថា «រដ្ឋមានសក្តានុពលជាច្រើនសម្រាប់ការបង្ក្រាប ហើយការបង្រ្កាបនេះអាចនឹងត្រូវប្រើម្តងហើយម្តង​ទៀត លុះត្រាតែរដ្ឋជួបនឹងបញ្ហាដែលមិនអាចដោះស្រាយបានដោយសន្តិវិធី»។ រដ្ឋប្រហាររដ្ឋធម្មនុញ្ញ និងការពឹងផ្អែកទាំង​ស្រុងរបស់លោក ពូទីន ការបង្ក្រាបដោយកម្លាំងជាជាងការផ្តល់ការគាំទ្រ ឬការប្រកួតប្រជែងដោយឃោសនាអំពីតម្លៃខ្លួនរបស់គាត់ គឺជាជាកត្តាដែលនាំឱ្យមានការកាត់បន្ថយឱកាសនៃការផ្ទេរអំណាចប្រកបដោយភាពត្រឹមត្រូវ ហើយវានឹងបង្កើន​ហានិភ័យ​នាំឱ្យមានអំពើហិង្សានៅក្នុងប្រទេសរុស្ស៊ី។ ទាំងអស់នេះហើយដែលគេហៅថាការរក្សាស្ថិរភាពនយោបាយរបស់លោក ពូទីន៕

អត្ថបទទាក់ទង

រាជបណ្ឌិត្យសភាកម្ពុជាបញ្ជូនអ្នកសិក្សាស្រាវជ្រាវ០៣រូប ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋកូរ៉េ (ប្រទេសកូរ៉េខាងត្បូង)

នៅឆ្នាំ២០២២នេះ រាជបណ្ឌិត្យសភាកម្ពុជាបានបញ្ជូនបេក្ខជន និងបេក្ខនារី ចំនួន៣រូប ក្នុងចំណោមបេក្ខជន បេក្ខនារីជាច្រើនដែល បានឆ្លងកាត់ការប្រឡងនិងសម្ភាសន៍ ទៅសិក្សាបន្តនៅវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (KDI) ដែលជាដៃគូ...

2022-12-09 07:11:41   Fri, 09,12,2022, 07:11 AM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលជួប និងពិភាក្សាការងារជាមួយលោក KAWAGUCHI អគ្គកុងស៊ុល ស្ថានទូតជប៉ុនប្រចាំខេត្តសៀមរាប

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃសុក្រ ១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំកា...

2022-12-09 07:02:29   Fri, 09,12,2022, 07:02 AM
ស្វែងយល់ពីទ្រឹស្តីអភិវឌ្ឍន៍ពឹងផ្អែក (Dependency) In what ways and to what extent does dependency lead to underdevelopment? ដោយ៖ បណ្ឌិត តូច សុធារី និង លោក សាន ចេង មន្ត្រីនាយកដ្ឋានវិទ្យាសាស្ត្រសេដ្ឋកិច្ច និងទេសចរណ៍

ប្រទេសក្នុងប្រព័ន្ធសេដ្ឋកិច្ចសកលលោកពឹងផ្អែកលើគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍនិងរីកចម្រើនទៅមុខ។ មានសំណួរជុំវិញការអភិវឌ្ឍរបស់ប្រទេសតតិយលោក ដែលក្នុងនោះមានក្រុមប្រទេសនៅទ្វីបអាម៉េរិកឡាទីន និង អាហ្វ្រ៊ិកជាអាទិ៍ត...

2022-12-09 06:51:24   Fri, 09,12,2022, 06:51 AM
រាជបណ្ឌិត្យសភាកម្ពុជាបង្ហាញ «ស្នាដៃស្រាវជ្រាវ ចងក្រង និងការវិភាគលើព្រឹត្តិការណ៍នានា ពាក់ព័ន្ធនឹងការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា និងនៅលើពិភពលោក»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែមិគសិរ ឆ្នាំខាល ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកម្មវិធីបទបង្ហាញ ស្ដីពី «ស្នាដៃស្រាវជ្រាវ ចងក្រង និងកា...

2022-12-08 08:31:58   Thu, 08,12,2022, 08:31 AM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អំពាវនាវឱ្យសប្បុរសជនដែលមានលទ្ធភាព ចូលរួមចំណែកនៅក្នុងការបោះពុម្ពសៀវភៅ ដែលជាស្នាដៃស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែមិគសិរ ឆ្នាំខាល ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្...

2022-12-08 07:07:22   Thu, 08,12,2022, 07:07 AM
ការអប់រំ និងឧក្រិដ្ឋកម្ម (Education and Crime) ដោយ៖ បណ្ឌិត សូ សុធីរ មន្ត្រីស្រាវជ្រាវនាយកដ្ឋានវិទ្យាសាស្ត្រអប់រំ នៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម, រាជបណ្ឌិត្យសភាកម្ពុជា

ឧក្រិដ្ឋកម្ម ឬបទល្មើសព្រហ្មទណ្ឌ ជាអំពើ ដែលបង្កគ្រោះថ្នាក់ មិនត្រឹមតែចំពោះបុគ្គលមួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងដល់សហគមន៍ សង្គម ឬប្រទេសផងដែរ។គំនិតដែលធ្វើសកម្មភាព ដូចជា ឃាតកម្ម ការចាប់រំលោភ និងចោរកម្ម...

2022-12-07 02:37:39   Wed, 07,12,2022, 02:37 AM

សេចក្តីប្រកាស