ព័ត៌មាន

«ស្ថានភាពទំនាក់ទំនងអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក» ដោយ ៖ បណ្ឌិត តឹក មេង នាយកដ្ឋានសិក្សាអាម៉េរិក អាម៉េរិកឡាទីន និងអូសេអានី

2020-03-25 09:30:37 ថ្ងៃពុធ, 25 មីនា 2020, 09:30 AM
post_detail

អ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក បានចាប់ផ្តើមមានទំនាក់ទំនងនឹងគ្នានៅឆ្នាំ១៩៥៣ តែទំនាក់ទំនងនេះពុំសូវមានភាពល្អូកល្អើននឹងគ្នាប៉ុន្មានទេ។ ក្រោយពីបដិវត្តន៍អ៊ិស្លាម អ៊ីរ៉ង់ទទួលបានជោគជ័យលើរបបស្តេច មហាម៉េដ រីហ្សា ផាហាវី(Mohammad Reza Pahlavi) នៅនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ១៩៧៩មក មានបាតុកម្មមួយដែលមាននិស្សិតអ៊ីរ៉ងជាច្រើននាក់បានចូលរួមធ្វើបាតុកម្មប្រឆាំងនឹងសហរដ្ឋអាម៉េរិក ដោយទាមទាឱ្យសហរដ្ឋអាម៉េរិកធ្វើបត្យាប័ន ស្តេច មហាម៉េដ រីហ្សា ផាហាវី(Mohammad Reza Pahlavi)មកប្រទេអ៊ីរ៉ង់វិញ។

ក្រុមបាតុករអ៊ីរ៉ង់ បានឡោមពទ្ធ័ពីមុខស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំនៅប្រទេសអ៊ីរ៉ង់ ហើយបានសម្រុកចូលទៅក្នុងស្ថានទូត ដោយចាប់មន្រ្តី និងបុគ្គលិកទូតចំនួន៥២នាក់ធ្វើជាចំណាប់ខ្មាំងអស់រយៈពេល៤៤៤ថ្ងៃ។ ក្រោយហេតុការណ៍នេះ បានជំរុញឱ្យសហរដ្ឋអាម៉េរិកផ្តាច់ទំនាក់ទំនងការទូតជាមួយប្រទេសអ៊ីរ៉ង់តាំងពីពេលនោះរហូតមកទល់ពេលបច្ចុប្បន្ននេះ។ ដើម្បីបង្ខំឱ្យអ៊ីរ៉ង់ដោះលែងមន្រ្តី និងបុគ្គលិកទូតរបស់ខ្លួនចំនួន៥២នាក់នោះ សហរដ្ឋអាម៉េរិក បានចេញក្រឹត្យមួយដាក់ទណ្ឌកម្មលើសេដ្ឋកិច្ចអ៊ីរ៉ង់ ព្រមទាំងបង្កកទ្រព្យធនអ៊ីរ៉ង់នៅបរទេសទាំងអស់។ តែដើម្បីដោះស្រាយបញ្ហានេះភាគីទាំងពីរបានចាប់ផ្តើមចរចានឹងគ្នារហូតដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៨១ទើបមានកិច្ចព្រមព្រៀងមួយបានកើតឡើង ហើយភាគីទាំងពីរបានឯកភាពគ្នា ដោយខាងអ៊ីរ៉ង់ព្រមដោះលែងមន្រ្តី និងបុគ្គលិកទូតចំនួន៥២រូបនោះ ចំណែកសហរដ្ឋអាម៉េរិកវិញព្រមទទួលយកលក្ខខណ្ឌទាំងបួនរបស់អ៊ីរ៉ង់ គឺប្រគល់ទ្រព្យសម្បត្តិរបស់ស្តេច មហាម៉េដ រីហ្សា ផាហាវី(Mohammad Reza Pahlavi) មកឱ្យអ៊ីរ៉ង់វិញ ឈប់បង្កកទ្រព្យធនអ៊ីរ៉ង់នៅបរទេសទាំងអស់ មិនទារសំណងខូចខាតពីអ៊ីរ៉ង់ និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងអ៊ីរ៉ង់។

ទំនាក់ទំនងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិកតាំងពីពេលនោះមកដល់ពេលបច្ចុប្បន្ននេះ គ្មានភាពធូរស្បើយឡើយ ព្រោះការចាប់មន្រ្តី និងបុគ្គលិកទូតដែលគ្មានកំហុសធ្វើជាចំណាប់ខ្មាំង និងថតបង្ហាញសាធារណជនតាមកញ្ចក់ទូរទស្សន៍ គឺពិតជារូបភាពដ៏អាម៉ាស់ និងជាការបំបាក់មុខសហរដ្ឋអាម៉េរិកខ្លាំងណាស់ ដែលពុំធ្លាប់កើតមានឡើយនៅក្នុងសកលលោកយើងនេះ ហើយទីក្រុងវ៉ាស៊ីនតោន បានចាត់ទុកអ៊ីរ៉ង់ថាជាប្រទេសដ៏គ្រោះថ្នាក់ និងគួរឱ្យស្អប់ខ្ពើម។ ក្រោយមក មានអ្នកដឹកនាំជាន់ខ្ពស់មួយចំនួននៃប្រទេសទាំងពីរ ចង់បើកទំព័រទំនាក់ទំនងអ៊ីរ៉ង់-អាម៉េរិកជាថ្មីឡើងវិញ ដោយចាត់ទុកឱ្យរឿងចាស់ឱ្យកន្លងហួសតាមពេលវេលា ដែលមានជាអាទិ៍អតីតប្រធានាធិបតីអ៊ីរ៉ង់ លោកមហាម៉េដ ខាតាមី (Mohammad khatami) និងអតីតប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក បារ៉ាក់ អូបាម៉ា ជាដើម។

នៅឆ្នាំ២០១៧ ទំនាក់ទំនងអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក កាន់តែមានភាពតានតឹងឡើងខ្លាំង បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាម៉េរិកលោកដូណាល់ ត្រាំ បានសម្រេចចិត្តដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ ដោយឯកតោភាគី និងបានដាក់ទណ្ឌកម្មជាថ្មីមកលើប្រទេសអ៊ីរ៉ង់ឡើងវិញ។ ហើយភាពតានតឹងនេះបានកើតឡើងជាបន្តបន្ទាប់រវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ បន្ទាប់ពីមេដឹកនាំជាន់ខ្ពស់នៃប្រទេសអ៊ីរ៉ង់ គឺលោក អាយ៉ាតូឡាស់ អាលី ខេមមីណេ (Ayatollah Ali Khamenei) បានបដិសេធការចរចាជាមួយរដ្ឋាភិបាលសហរដ្ឋអាម៉រិកលើបញ្ហាតានតឹងចុងក្រោយរវាងប្រទេសទាងពីរ ដែលសហរដ្ឋអាម៉េរិកចង់ទាមទារឱ្យប្រទេសអ៊ីរ៉ង់កាត់បន្ថយការផលិតមីស៊ីល លុបចោលកម្មវិធីអាវុធនុយក្លេអ៊ែរ ដែលទីក្រុងតេអេរ៉ង់អះអាងថា ជាអាវុធការពារសន្ដិភាព និងជាកម្មវិធីយុទ្ធសាស្រ្ដតំបន់របស់ខ្លួនតែប៉ុណ្ណោះ។ ចំណែកលោក ដូណាល់ ត្រាំ បានថ្លែងឱ្យដឹងថា សហរដ្ឋអាម៉េរិក បានត្រៀមនូវកម្លាំងកងទ័ពដ៏មហិមា ទៅប្រឈមនឹងអ៊ីរ៉ងនៅមជ្ឈិមបូព៌ា ដោយសហរដ្ឋអាម៉េរិកបានបញ្ចូនកងទ័ពទៅតាំងមូលដ្ឋាននៅតំបន់មជ្ឈិមបូព៌ា ដែលមានចំនួនសរុបជាង៦០០០នាក់ ព្រមទាំងយន្ដហោះចម្បាំង នាវាមុជទឹក និងនាវាពិឃាជរាប់សិបគ្រឿងទៀត។

ភាពតានតឹងរវាងប្រទេសទាំងពីរចេះតែបន្តទៅមុខ បន្ទាប់ពីពួកឧទ្ទាមយេមែនដែលជាសម្ព័ន្ធមិត្តអ៊ីរ៉ង់បានវាយប្រហារបំពង់នាំប្រេងធុរកិច្ចរបស់ប្រទេសអារ៉ាប់ប៊ីសាអូឌីត និងបានប៉ុនប៉ងវាយទៅលើនាវាដឹកប្រេងចំនួនបួនគ្រឿងរបស់អារ៉ាប់ប៊ីសាអូឌីត ដែលនាំចូលទៅសហរដ្ឋអាម៉េរិក ត្រូវបានបំផ្លាញនៅលើឈូងសមុទ្រពែក្ស។ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ កងទ័ពសហរដ្ឋអាម៉េរិកដែលមានមូលដ្ឋាននៅក្នុងប្រទេសអ៊ីរ៉ាក់ បានវាយប្រហារលើក្បួនរថយន្តមួយនៅអាកាសយានដ្ឋានក្រុងបាកដាត ដោយបានសម្លាប់ឧត្តមសេនីយ៍ជាន់ខ្ពស់អ៊ីរ៉ង់មួយរូប គឺលោក កាសឹម សូឡីម៉ានី (Qasem Soleimani) និងមេបញ្ជាការកងស្វ័យត្រានអ៊ីរ៉ាក់ លោកអាប៊ូ ម៉ាឌី អាល់ មូហានឌីស ហើយភ្លាមៗនោះអ៊ីរ៉ង់ បានគំរាមសងសឹកប្រឆាំងនឹងសហរដ្ឋអាម៉េរិកវិញ។ សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ កាសឹម សូឡីម៉ានី ទៅប្រទេសអ៊ីរ៉ាក់ក្នុងខណៈមានការវាយប្រហារនោះ គឺដើម្បីចូលរួមក្នុងការចរចានយោបាយបង្កើតរដ្ឋាភិបាលថ្មីអ៊ីរ៉ាក់។ លោក កាសឹម សូឡីម៉ានី (Qasem Soleimani) ក៏ជាអ្នកចូលរួមបង្កើតកងកម្លាំងស្វ័យត្រានអ៊ីរ៉ាក់ដើម្បីប្រយុទ្ធទល់នឹងពួកជីហាតនៃអង្គការរដ្ឋអ៊ីស្លាម ហើយក៏ជាអ្នកបានដើរតួនាទីយ៉ាងសកម្មក្នុងការជួយដល់ចលនាហេស្បូឡានៅលីបង់ដែរ។

បន្ទាប់មកយើងឃើញមានប្រតិកម្មអន្តរជាតិចម្រុះបានធ្វើការបរិហារលើទង្វើរបស់សហរដ្ឋអាម៉េរិក ហើយបានការអំពាវនាវឱ្យមានភាពអត់ធ្មត់ និងស្ងប់ស្ងាត់ ព្រមទាំងសំដែងក្តីបារម្ភចំពោះផលវិបាកដែលអាចកើតមានឡើងនៅក្នុងតំបន់ទាំងមូល។ ប្រទេសរុស្ស៊ីបានមើលឃើញថា ទង្វើរបស់សហរដ្ឋអាម៉េរិកគឺជាការបង្កើនភាពតានតឹងនៅក្នុងតំបន់ដែលកំពុងតានតឹងស្រាប់។ ហើយចំណែកឯប្រទេសចិនវិញបានស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស សហរដ្ឋអាម៉េរិករក្សានូវភាពស្ងៀមស្ងាត់ខ្ពស់បំផុត។

នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ អ៊ីរ៉ង់បានបើកការវាយប្រហារសងសឹកទៅលើសហរដ្ឋអាម៉េរិវិញ ដោបានបាញ់មីសីលចំនួន២២គ្រាប់ទៅលើមូលដ្ឋានកងទ័ពសហរដ្ឋអាម៉េរិក នៅប្រទេសអ៊ីរ៉ាក់ ដោយមីស៊ីលបាលីស្ទីកចំនួន១៧គ្រាប់ បានធ្លាក់លើមូលដ្ឋានទ័ពនៅ Ain al Assad នៅភាគខាងលិចអ៊ីរ៉ាក់ និង៥គ្រាប់ទៀតបានធ្លាក់នៅតំបន់ Erbil ភាគខាងជើងអ៊ីរ៉ាក់។ ចំពោះកាវាយប្រហារនេះមានការអះអាងខុសៗគ្នា។ អ៊ីរ៉ង់ថា កងទ័ពអាម៉េរិកចំនួន៤០នាក់បានស្លាប់ រងរបួសមួយចំនួន និងខូចខាតសម្ភារៈសឹកមួយចំនួនផងដែរ។ ចំណែកឯសហរដ្ឋអាម៉េរិក ថា កងទ័ពរបស់ខ្លួនគ្មានស្លាប់ និងគ្មានខូចខាតសម្ភារៈសឹកជាដុំកំភួនអ្វីទេ។

ជារួមទំនាក់ទំនងរវាងអ៊ីរ៉ង់និងសហរដ្ឋអាម៉េរិក ជាទំនាក់ទំនងបង្ហាញឱ្យឃើញនូវភាពតានតឹង ភាពអាប់អួរ ជាមួយគ្នាតាំងពីដំបូងរហូតមកដល់បច្ចុប្បន្ននេះ ហើយជាពិសេសក្នុងពេលថ្មីៗនេះ ដោយសាររដ្ឋបាលលោក ដូណាល់ ត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លែអ៊ែអ៊ីរ៉ង់ឆ្នាំ២០១៥ ដោយឯកតោភាគី និងការដាក់ទណ្ឌកម្មដ៏ធ្ងន់មកលើប្រទេសអ៊ីរ៉ង់។ ហើយម្យ៉ាងទៀតដោយលោក ដូណាល់ ត្រាំ គិតតែផលប្រយោជន៍សហរដ្ឋអាម៉េរិកជាធំ ដោយមិនសូវផ្តល់តម្លៃទៅលើទំនាក់ទំនងល្អជាមួយនឹងសមភាគី ដែលខ្លួនយល់ថានាំឱ្យសហរដ្ឋអាម៉េរិកខាតផលប្រយោជន៍ឡើយ៕


អត្ថបទទាក់ទង

ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំក្រុមការងារជំនាញចុះសិក្សាស្រាវជ្រាវគម្រោងស្ដីពី «អត្តសញ្ញាណព្រះបាទជ័យវរ្ម័នទី៧» ដោយ៖ តាកេត ស័កដា

សៀមរាប៖ ថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំមន្រ្តីជំនាញផ្នែកប្រវត្តិសាស្ត្រ បុរាណវត្ថុវិទ...

2020-01-16 04:10:44   Thu, 16,01,2020, 04:10 AM
«ឯកឧត្តម Dmitry Tsvetkov ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំប្រទេសកម្ពុជា ត្រូវបានតែងតាំងជាសមាជិកកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា»

រាជរដ្ឋាភិបាលបានសម្រេចតែងតាំង ឯកឧត្តម Dmitry Tsvetkov ជាឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំប្រទេសកម្ពុជា ជាសមាជិកកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជាតាមរយៈអនុក្រឹត្យលេខ. ១៥១៨.អនក្រ.តត ចុះថ្ងៃទី ២៧ ខែធ្...

2020-01-16 02:19:07   Thu, 16,01,2020, 02:19 AM
«ជំនួបលើកដំបូងរវាងក្រុមការងារគម្រោងឌីជីថលូបនីយកម្មភាសាខ្មែររាជបណ្ឌិត្យសភាកម្ពុជា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ»

(ទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)៖ ក្រោមការផ្តួចផ្តើមគំនិតដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តមបណ...

2020-01-14 05:38:31   Tue, 14,01,2020, 05:38 AM
ជំនួបរវាងថ្នាក់ដឹកនាំវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម និង ប្រតិភូចិនពីមហាវិទ្យាល័យភូមិសាស្រ្តនិងវិទ្យាសាស្រ្តបរិស្ថាន

ជំនួបពិភាក្សារវាងថ្នាក់ដឹកនាំវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម (វ.ម.វ.ស.) នៃរាជបណ្ឌិត្យសភាកម្ពុជានិងគណៈប្រតិភូមហាវិទ្យាល័យភូមិសាស្រ្តនិងវិទ្យាសាស្រ្តបរិស្ថាននៃសាកលវិទ្យាល័យធានជីង សាធារណរដ្...

2020-01-14 02:52:04   Tue, 14,01,2020, 02:52 AM
«ឱកាសការងារក្របខណ្ឌ​ ក ចំនួន១៧កន្លែង នៅរាជបណ្ឌិត្យសភាកម្ពុជា»

ចូលឆ្នាំថ្មី ឆ្នាំ២០២០នេះ រាជបណ្ឌិត្យសភាកម្ពុជា សូមជូនដំណឹងដល់សាធារណជនទូទៅដែលតែងស្រឡាញ់ការងារជាមន្ត្រីរាជការ មេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជា បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលតាមរយៈទីស្តីការគណរដ្ឋម...

2020-01-13 12:24:35   Mon, 13,01,2020, 12:24 PM
សក្ដានុពលវប្បធម៌និងប្រវត្តិសាស្ត្រ នៅជួរភ្នំគុក នៅខេត្តពោធិ៍សាត់

ក្រុមការងាររាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ ព្រះសង្ឃ និងអាជ្ញាធរដែនដីចុះសិក្សាផ្ទាល់ទីតាំងស្ថានីយបុរាណវិទ្យា និងប្រវត្តិសាស្ត្រ នៅជួរភ្នំគុគ ស្ថិតក្នុងភូមិក្...

2020-01-12 06:41:19   Sun, 12,01,2020, 06:41 AM

សេចក្តីប្រកាស