ព័ត៌មាន

«ការរាតត្បាតនៃកូវីដ-១៩ ជះឥទ្ធិពលដល់សហគមន៍នយោបាយ-សន្តិសុខអាស៊ាន» ដោយ៖ លោក ឯម សុវណ្ណរ៉ា នាយកដ្ឋាននយោបាយ និងសន្តិសុខអន្តរជាតិ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

2020-03-24 11:18:55 ថ្ងៃអង្គារ, 24 មីនា 2020 ម៉ោង 06:18 PM
អ្នកមើល 1493
post_detail

នៅថ្ងៃទី៨ ខែសីហា ឆ្ឆាំ១៩៦៧ រដ្ឋចំនួនប្រាំបានបង្កើតអង្គការតំបន់មួយឈ្មោះថា សមាគមប្រជាជាតិអាស៊ីអាគេ្នយ៍ហៅកាត់ ថា អាស៊ាន នៅទីក្រុងបាងកក ប្រទេសថៃ។ តាមរយៈការប្រកាសជាផ្លូវការនូវសេចក្តីថ្លែងការអាស៊ាន។ អង្គការតំបន់នេះមានសក្តានុពលគួឱ្យទាក់ទាញ និងមានធម្មនុញ្ញរបស់ខ្លួន ដែលចែកចេញជា១៣ជំពូក និងមានចំនួន៥៥មាត្រា ដែលផ្តោតសំខាន់លើការកសាងសហគមន៍អាស៊ានមួយប្រកបដោយសសរស្តម្ភបីជាមូលដ្ឋាន។ បច្ចុប្បន្ន អាស៊ានមិនត្រឹមតែកំពុងប្រឈមនឹងរលកឥទ្ធិពលមហាអំណាចនានាក្នុងតំបន់និងសាកលោកប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងប្រឈមនឹងបញ្ហានៃការរាតត្បាររបស់ កូវីដ-១៩ផងដែរ។ តើបញ្ហាកូវីដ-១៩នេះអាចរាតត្បាតអ្វីខ្លះក្នុងកិច្ចសហប្រតិបត្តិការរវាងរដ្ឋជាសមាជិករបស់អង្គការតំបន់មួយនេះ?

នៅក្នុងបុព្វកថានៃធម្មនុញអាស៊ាន បណ្តារដ្ឋសមាជិកបានប្តេជ្ញាចិត្តអនុវត្តនូវកាតព្វកិច្ចជាច្រើនគួរឱ្យគួរកោតសរសើរ មានជាអាទិ៍ «យើងជាប្រជាជននៃរដ្ឋសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគេ្នយ៍តំណាងដោយប្រមខុរដ្ឋឬរដា្ឋភិបាល... បេ្ដជ្ញាចិត្ដពង្រឹងការកសាងសហគមន៍តាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្ដិការនិងសមាហរណកម្មតំបន់ ជាពិសេស តាមរយៈការបង្កើតសហគមន៍អាស៊ាន ដែលរួមមានសហគមន៍នយោបាយ-សន្តិសុខអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន ដូចដែលបានចែងក្នុងសេចក្ដីថ្លែងការណ៍ទីក្រុងបាលីនៃកិច្ចស្រុះស្រួលអាស៊ានទី២។» ប៉ុន្តែ ទិដ្ឋភាពជាក់ស្តែងនៅពេលនេះ ការកំណត់ទិសដៅប្រែក្លាយខ្លួនទៅជាសហគមន៍អាស៊ាននៅឆ្នាំ២០១៥ គឺ ធ្វើបានតែសសរស្តម្ភមួយទេ «សហគមន៍សេដ្ឋកិច្ចអាស៊ាន» ដែលហាក់ដូចជាដំណើរការមិនទាន់រលូននៅឡើយទេ។

បច្ចុប្បន្ន បើយោងតាមការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍នាថ្ងៃទី១៩ ខែមីនា អង្គការសុខភាពពិភពលោកបានអំពាវនាវឱ្យមានវិធានការខ្លាំងក្លាបំផុតនៅអាស៊ីអាគ្នេយ៍ ដើម្បីប្រយុទ្ធប្រឆាំងកូរ៉ូណា។ ករណីនេះ គេមើលឃើញថា ដោយសារការឆ្លងរីក​រាល​ដាលបានកើនឡើងនៅទូទាំងតំបន់នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជាហេតុជំរុញឱ្យប្រទេសមួយចំនួនណែនាំឱ្យចាត់វិធានការ​សំខាន់ៗជាបន្តបន្ទាប់ មានជាអាទិ៍ការបិទព្រំដែនរបស់ប្រទេសសមាជិកអាស៊ាន ដោយមិនអនុញ្ញាតឱ្យក្រុមអ្នកដំណើរបរទេសចូលក្នុងប្រទេស និងការដាក់បម្រាមគោចរនៅពេលយប់រហូតដល់ការបិទសាលារៀន និងការលុបចោលព្រឹត្តិការណ៍​ការប្រកួតកីឡាធំៗជាដើម។ ប៉ុន្តែ ការឆ្លើយតបជាវិជ្ជមានរបស់បណ្តារដ្ឋសមាជិកអាស៊ានចំពោះការអំពាវនាវរបស់អង្គការ​សុខភាពពិភពលោក បានជះឥទ្ធិពលអវិជ្ជមានដល់គោលជំហររបស់អង្គការអាស៊ានទៅវិញ។ ក្នុងន័យនេះ សហគមន៍នយោបាយ-សន្តិសុខអាស៊ានអាចជួបវិបត្តិក្នុងសហប្រតិបត្តិការក្នុងតំបន់រវាងរដ្ឋសមាជិកទាំងដប់។ យើងសង្កេតនៅពេលដែលមានការផ្ទុះ​កូវីដ-១៩នៅប្រទេសម៉ាឡេស៊ីនាសប្តាហ៍កន្លងមក រដ្ឋាភិបាលម៉ាឡេស៊ីបាននិយាយថានឹងបិទព្រំដែនបណ្ដោះ​អាសន្នពីថ្ងៃ​ទី‌​១៧​ដល់ថ្ងៃ៣១ ខែមីនា។ កត្តានេះបានជះឥទ្ធិពលដល់ពលរដ្ឋម៉ាឡេស៊ីឱ្យភៀសខ្លួនទៅកាន់ប្រទេសសិង្ហបុរី ហើយរដ្ឋាភិបាលសិង្ហបុរីក៏បានបិទព្រំដែនមុនចំណាត់ការរបស់ម៉ាឡេស៊ីបានមកដល់ទៅទៀត នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន​រ៉យទ័រ​កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។ ដោយឡែក នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ កន្លងមក ប្រទេសវៀតណាមបានបិទព្រំដែន​ជាឯកតោភាគី និងមានវិធានការតឹងរឹងដោយតម្រូវឱ្យអ្នកដំណើរចេញពីកម្ពុជាមានលិខិតបញ្ជាក់សុខភាព ព្រមទាំងឃុំខ្លួនអ្នកទាំងនោះក្នុងកំឡុងពេល១៤ថ្ងៃ។ ជាការឆ្លើយតបវិញ រដ្ឋាភិបាលកម្ពុជាបានប្រកាសបិទព្រំដែនទាំងអស់វិញ លុះត្រាមានការចរចាទ្វេភាគីឡើងវិញ។ លើសពីនេះទៅទៀត ប្រទេសឡាវនិងថៃក៏មានវិធានការតឹងរឹងចំពោះជនបរទេសដែលចូលទៅប្រទេសរបស់គេរៀងៗខ្លួនដែរ ដែលក្នុងនោះ ប្រទេសថៃបានបិទព្រំដែនគោកមួយចំនួនជាមួយកម្ពុជាផងដែរ។ ការបិទព្រំដែនគោកមួយចំនួនជាបន្តបន្ទាប់នេះ គឺដើម្បីឆ្លើយតបនឹងវិធានការទប់ស្កាត់ការរីករាលដាលកូវីដ-១៩។ ទន្ទឹមនឹងវិធានការចាំបាច់ទាំងនេះ បញ្ហាប្រឈមនានាក៏បានកើតឡើងដំណាលគ្នាផងដែរ គឺភាពមិនចុះសម្រុងគ្នាឬការបាត់ទំនុកចិត្តគ្នាលើកិច្ចសហប្រតិបត្តិការដែលមានស្រាប់ដោយសារការខ្វះការផ្តល់ព័ត៌មានរវាងរដ្ឋនិងរដ្ឋសមាជិកអាស៊ាន រហូតដល់មានការលើកឡើងពីរដ្ឋមួយចំនួន ដូចជា កម្ពុជា និងម៉ាឡេស៊ី ដែលបានទទួលរងនូវវិធានការឯកតោភាគីដោយខ្វះការជូនព័ត៌មានរវាងគ្នានិងគ្នា។

កត្តាអវិជ្ជមាននៃការបាត់ទំនុកចិត្តគ្នារវាងរដ្ឋសមាជិកអាស៊ានដោយសារការខ្វះការផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមកក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីតាមលក្ខណៈសម្បត្តិរបស់អង្គការតំបន់មួយនេះធ្វើឱ្យគេមើលឃើញពីភាពស្រពិចស្រពិលនាអនាគតកាលនៃសមាគមអាស៊ានក្នុងការប្រែក្លាយខ្លួនទៅជាសហគមន៍អាស៊ានដ៏រឹងមាំមួយ៕


អត្ថបទទាក់ទង

ដំណឹងជ្រើសរើសបុគ្គលិកបន្ទាន់

ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប សូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា យើងខ្ញុំត្រូវការជ្រើសរើសមន្ត្រីស្ម័គ្រចិត្ត ជំនាញអគ្គិសនីចំនួន ០២រូប ដើម្បីបំពេញការងារនៅទីស្នាក់ការ ឧទ្យានផ្ទាល់នៅ ក...

2018-09-12 04:59:32   ថ្ងៃពុធ, 12 កញ្ញា 2018 ម៉ោង 11:59 AM
«ស្នាដៃតន្រ្តីបង្សុកូល៖ អតីតកាលជាមេរៀនសម្រាប់បច្ចុប្បន្ន​បច្ចុប្បន្នដើម្បីអនាគត»

«បង្សុកូល៖ អតីតកាលជាមេរៀនសម្រាប់បច្ចុប្បន្ន បច្ចុប្បន្នដើម្បីអនាគត» គឺជាស្នាដៃ​និពន្ធថ្មី​​ស្រឡាងមួយដែលកើតចេញពីគំនិត និងការ​​​ច្នៃ ប្រឌិតខ្ពស់របស់កូនខ្មែរ​​​ដោយរួមបញ្ចូល​ការនិពន្ធ​បទភ្លេងថ្មី ចម្រៀង​​...

2018-09-12 03:22:49   ថ្ងៃពុធ, 12 កញ្ញា 2018 ម៉ោង 10:22 AM
បោកខោអាវក្នុងផ្ទះ ជាភាពចាំបាច់សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

បន្ទាប់ពីការងារចុះស្រាវជ្រាវយ៉ាងមមាញឹកអំពីការចិញ្ចឹមគោយកទឹកដោះនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹបកន្លងទៅ។ នៅព្រឹកថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខ...

2018-09-11 04:24:56   ថ្ងៃអង្គារ, 11 កញ្ញា 2018 ម៉ោង 11:24 AM
«គម្រោងការចិញ្ចឹមគោយកទឹកដោះ ឈានដល់ដំណាក់កាលសំខាន់»

អស់រយៈពេលជិត១ឆ្នាំកន្លងមកហើយដែលរាជបណ្ឌិត្យសភាកម្ពុជា បាន​ដាក់​ចេញ​នូវ​គោល​ដៅ​​រៀបចំ​​គម្រោង​​​សិក្សា​ពីលទ្ធភាពនៃការចិញ្ចឹមគោយកទឹកដោះនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ គម្រោងការនេះ ជា​ចំណែក​​​មួយ​​ដែល​ថ្...

2018-09-08 09:59:36   ថ្ងៃសៅរ៍, 08 កញ្ញា 2018 ម៉ោង 04:59 PM
«ថ្ងៃនេះ ឆ្នាំមុន គឺគម្រប់ខួបមួយឆ្នាំនៃពិធីក្រុងពាលី និងបញ្ចុះបឋមសីលា សាងសង់អគារខេមរវិទូ»

បើគិតចាប់ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ដល់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ គឺមានរយៈពេលមួយឆ្នាំគត់ដែលថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា បានចូលរួមក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលា សាង...

2018-09-07 07:35:15   ថ្ងៃសុក្រ, 07 កញ្ញា 2018 ម៉ោង 02:35 PM
«ការងារ និងសុខភាព»

រាជបណ្ឌិត្យសភាកម្ពុជា ជាស្ថាប័នស្រាវជ្រាវរបស់រាជរដ្ឋាភិបាល ដែលមន្ត្រីរាជការភាគច្រើន ធ្វើការផ្តោតជាសំខាន់លើកិច្ចការស្រាវជ្រាវ ដើម្បីផ្តល់ធាតុចូលជូនរាជរដ្ឋភិបាលកម្ពុជា និងស្ថាប័នដែលពាក់ព័ន្ធ ក៏ដូចជាប្រជ...

2018-09-06 10:11:01   ថ្ងៃព្រហស្បតិ៍, 06 កញ្ញា 2018 ម៉ោង 05:11 PM

សេចក្តីប្រកាស