ព័ត៌មាន

សិទ្ធិនារីក្នុងបរិបទសម័យទំនើប

2020-03-22 15:27:24 ថ្ងៃអាទិត្យ, 22 មីនា 2020, 03:27 PM
post_detail

ទិវានារីអន្តរជាតិ៨មីនា ជាទិវាមួយដែលនារីជុំវិញពិភពលោកប្រារព្ធពិធីដើម្បីរំឭកអបអរសាទរនូវប្រវត្តិនៃការទាមទារសិទ្ធិរបស់ខ្លួន។ ទិវានេះក៏ត្រូវបានអង្គការសហប្រជាជាតិប្រារព្ធនិងអបអរសាទរផងដែរ លើសពីទៅទៀតក៏មានប្រទេសជាច្រើនបានកំណត់យកទិវានេះ ថាជាថ្ងៃបុណ្យជាតិរបស់ខ្លួនថែមទៀត ផង។ កន្លងមក នារីក្នុងលោកតែងត្រូវបែងចែកដោយព្រំដែនជាតិ ដោយជាតិពន្ធខុសគ្នា ដោយភាពខុសគ្នាខាងភាសា វប្បធម៌ សេដ្ឋកិច្ច និងនយោបាយ ជាដើម។ ប៉ុន្តែ ក្រោយពេលនារីក្នុងលោកចាប់ផ្ដើមទាមទារសិទ្ធិសេរីភាពបានទទួលជោគជ័យ ទិវានារីថ្ងៃទី៨ ខែមីនា ត្រូវបានគេប្រារព្ធ រំឭក និងអបអរសាទរជារៀងរាល់ឆ្នាំ។ ការបង្កើតពិធីទិវានារីនេះឡើង គឺក្នុងគោលបំណងរំឭកឡើងវិញនូវប្រពៃណីនៃការតស៊ូរបស់នារីក្នុងសម័យអតីតកាល ដើម្បីសមភាព យុត្តិធម៌ សន្តិភាព និងអភិវឌ្ឍន៍។

ទិវានារីអន្តរជាតិ ជារឿងរបស់នារីបានការកសាងប្រវត្តិសាស្ត្រ ដែលកើតចេញពីការតស៊ូរបស់នារីអស់រយៈពេលរាប់ទសវត្ស ដើម្បីការរស់នៅរស់នៅក្នុងសង្គមដោយស្មើភាពជាមួយបុរស។ ជាក់ស្ដែង ក្នុងអំឡុងពេលបដិវត្តន៍នៃប្រទេសបារាំង នារីក្នុងទីក្រុងប៉ារីសបានអំពាវនាវរកសេរីភាព សមភាព ភាតរភាព ដោយដើរជាក្បួនឆ្ពោះទៅកាន់ទីក្រុងវែរសៃ ដើម្បីទាមទារសិទ្ធិបោះឆ្នោតសម្រាប់នារី។

គំនិតនៃទិវានារីអន្តរជាតិនេះបានលេចឡើងជាដំបូងក្នុងរបត់នៃសតវត្សដែលពិភពឧស្សាហូបនីយកម្មមានដំណើរវាតទី ចលាចល និងកំណើនប្រជាជនយ៉ាងឆាប់រហ័ស។ ផ្តើមចេញពីចលនាតស៊ូរបស់នារីនៅសហរដ្ឋអាម៉េរិក កាលពីចុងសតវត្សទី១៩ក្នុងការរំដោះខ្លួនចេញពីការកេងប្រវ័ញ្ចនានានៅក្នុងវិស័យឧស្សាហកម្ម នារីត្រូវបានគេទទួលស្គាល់និងផ្តល់សិទ្ធិពេញលេញនៅក្នុងការងារនិងសង្គមជាបន្តបន្ទាប់។ ការសាមគ្គីនិងការតស៊ូរបស់នារីទូទាំងពិភពលោក ដើម្បីសេរីភាព ប្រជាធិបតេយ្យ ដោយភា្ជប់នូវពាក្យស្លោកថា មួយថ្ងៃធ្វើការប្រាំបីម៉ោង ធ្វើការស្មើគ្នា បៀវត្សរ៍ស្មើគ្នា ការពារសុខភាពមាតានិងទារក។

ដោយឡែកនៅប្រទេសកម្ពុជា តើនារីត្រូវបានលើកតម្កើងនិងផ្ដល់តម្លៃយ៉ាងណាខ្លះ?

គេតែងចាត់ទុកថា សង្គមខ្មែរជាសង្គមមេនិយម គឺការឱ្យតម្លៃស្រ្តីជាធំ ជារបបមាតាធិបតេយ្យ។ តើយើងមានអ្វីខ្លះដែលបញ្ជាក់ថា សង្គមខ្មែរជាសង្គមឱ្យតម្លៃស្រ្តីជាធំនោះ?

ក្នុងជីវភាពប្រចាំថ្ងៃ យើងឃើញមានភស្តុតាងជាច្រើនដែលខ្មែរបានឱ្យតម្លៃស្ត្រី ជាក់ស្ដែងដូចជា ការរក្សាវប្បធម៌ ការរក្សាអត្តសញ្ញាណជាតិ ស្ដ្រីតែងចេះប្រកបការងារសិប្បកម្ម ការងារសិល្បៈ ស្ត្រីមានចរិយាមារយាទ សម្ដីសំដៅ ការស្លៀកពាក់បែបជាតិ ជាដើម ដោយចាស់បុរាណកំណត់ថា ក្រឹត្យនៅនឹងស្រី វិន័យនៅនឹងសង្ឃ។​​ តាមប្រវត្តិសាស្ត្រ តាំង​​ពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ននេះ ខ្មែរមានស្ត្រីឆ្នើមជាច្រើនរូបដែលបានធ្វើពលីកម្មធំធេង ដើម្បីជាតិមាតុភូមិ ប្រកបដោយមោទនភាព ដូចជា ព្រះនាងសោមា (លីវ យី) ព្រះនាងឥន្ទ្រទេវី ជាដើម។ ក្នុងពិធីអាពាហ៍​ពិ​ពាហ៍​​​​មង្គល ខ្មែរតែងរៀបពិធីនៅផ្ទះខាងស្រី ដោយឱ្យស្ដ្រីនៅទីខ្ពង់ជាងខាងប្រុស។ ខ្មែរតែងនិយមហៅអ្នកដើមពិធីខាងស្រីថា ខាងលើ អ្នកដើមពិធីខាងប្រុសថា ខាក្រោម។​   ការប្រើពាក្យប្រចាំថ្ងៃ អ្វីដែលធំ ខ្ពង់ខ្ពស់ ចម្បង ខ្មែរតែងហៅថាមេ ដូចជា មេទ័ព មេចោរ មេទ្វារ មេដំបូង ជាដើម។ ក្នុងរឿងព្រេងខ្មែរក៏បានលើកតម្លៃស្ត្រី ដូចជា រឿង​គង់​ហ៊ាន រឿងមាយើង រឿងភ្នំប្រុសភ្នំស្រី ជាដើម សុទ្ធតែបានលើកយកតម្លៃ តួនាទីស្ត្រីជាធំ។

លំអាននៃការលើកតម្កើងស្ត្រីទាំងនេះក៏កើតមានក្នុងផ្នត់គំនិតខ្មែរតាំងពីយូរមកហើយ ដែលផ្នត់គំនិតនេះក៏បានកើតមានក្នុងស្មារតីដឹកនាំស្ថាប័នតូច ធំ ជាប្រចាំ។ ប្រពៃណីលើកតម្កើងនិងផ្ដល់តម្លៃនារីត្រូវបានថ្នាក់ដឹកនាំវិទ្យាស្ថានភាសាជាតិជាបន្តបន្ទាប់ តាំងពីក្រោមការដឹកនាំរបស់អតីតប្រធានវិទ្យាស្ថានឯកឧត្តមបណ្ឌិតសភាចារ្យ ឡុង សៀម ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ីវ ច័ន រហូតមកដល់ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិរ ជួរ គារី នាពេលបច្ចុប្បន្ន ក៏បានបន្តការប្រារព្ធ អបរសាទរ ដើម្បីបង្ហាញពីសាមគ្គីភាព សមភាព និងផ្ដល់ការគោរពដល់នារីជារៀងរាល់ឆ្នាំ។

ស្មារតីទិវានារីអន្តរជាតិ៨ មីនា ក៏ដូចជាការលើកតម្កើងនារីតាមរយៈផ្នត់គំនិតខ្មែរ ជាការរួមចំណែកក្នុងការគោរព ផ្ដល់តម្លៃដល់នារី ការផ្ដល់ផលប្រយោជន៍ ក្នុងទទួលការងារ ដោយលក្ខណៈសមភាពរវាងបុរសនិងស្ត្រីជាមូលដ្ឋាន។

សូមឱ្យស្មារតីទិវានារីស្ថិតនៅអមតៈក្នុងស្ថាប័ន ក្នុងសង្គមកើតមានជានិច្ចនិរន្តរ៍។

សូមកុំឱ្យមានស្មារតីចាត់ទុកនារីជាកម្លាំងទន់ខ្សោយតទៅទៀត។

RAC Medi

ប្រភព៖ វិទ្យាស្ថានជាតិភាសាខ្មែរ

  



អត្ថបទទាក់ទង

«ប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍»

កាលពីថ្ងៃអង្គារ ៥កេីត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាព​ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និង អន...

2019-04-10 10:52:10   Wed, 10,04,2019, 10:52 AM
សរុបព័ត៌មានប្រចាំសប្តាហ៍«បច្ចេកសព្ទចំនួន៤១ ត្រូវបានអនុម័ត នៅសប្តាហ៍ទី១ ក្នុងខែមេសា ឆ្នាំ២០១៩»

បច្ចេកសព្ទចំនួន៤១ ត្រូវបានអនុម័ត នៅសប្តាហ៍ទី១ ក្នុងខែមេសា  ឆ្នាំ២០១៩នេះ ក្នុងនោះមាន៖- បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍  ចំនួន០៣ បានអនុម័តកាលពីថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុ...

2019-04-08 12:30:52   Mon, 08,04,2019, 12:30 PM
«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» - ភាគទី៦ - វគ្គទី១ ដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា

 ពិធីសម្ពោធវិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១ (https://sopheak.wordpress.com/2015/11/30)

2019-04-08 07:34:43   Mon, 08,04,2019, 07:34 AM
«ប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការគីមីវិទ្យា និង រូបវិទ្យា »

ថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបន្តដឹកនាំប្រជុំពនិត្យ ពិភាក្សា និង អនុម័តបច្ចេ...

2019-04-06 17:11:46   Sat, 06,04,2019, 05:11 PM
«ពិធីប្រកាសមុខតំណែងថ្មី ដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ ៩រូប»

ឆ្លៀតក្នុងឱកាសនៃពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ នៅរសៀលថ្ងៃនេះ ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ចំនួន ៩រូប ទទួលបានកិត្តិយសក្នុងការប្រកាសមុខតំណែងថ្មី ចំពោះមុខថ្នាក់ដ...

2019-04-04 08:44:49   Thu, 04,04,2019, 08:44 AM
«ប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្ប៍»

ថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្ប៍ បានច...

2019-04-03 14:12:05   Wed, 03,04,2019, 02:12 PM

សេចក្តីប្រកាស