ព័ត៌មាន

ហេតុអ្វីខ្លាចតែប្រទេសចិន​? ដោយ៖ បណ្ឌិត សុឺន សម មន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា

2020-03-21 15:25:11 ថ្ងៃសៅរ៍, 21 មីនា 2020, 03:25 PM
post_detail

កាលពីយប់ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២០ វិទ្យុសម្លេងសហរដ្ឋអាម៉េរិកបានផ្សាយអំពីការធ្វើសមយុទ្ធយោធារវាងប្រទេសកម្ពុជានិងប្រទេសចិន។ នៅក្នុងអត្តបទដែលផ្សាយនោះ វិទ្យុសម្លេងសហរដ្ឋអាម៉េរិកបានដកស្រង់ការយល់ឃើញរបស់អ្នកវិភាគនៅក្នុងប្រទេសថៃ សិង្ហបុរី និងប្រទេសជប៉ុន ហើយអ្នកវិភាគទាំងនោះបានយល់ឃើញថា ការធ្វើសមយុទ្ធយោធារបស់ប្រទេសកម្ពុជាជាមួយនឹងប្រទេសចិននោះ គឺជារឿងមិនល្អ​សម្រាប់អាស៊ាន ឬជាការបែកបាក់នៅក្នុងសមាគមអាស៊ានទៀតផង។

វាជារឿងមួយចម្លែកណាស់ នៅពេលប្រទេសអាស៊ានផ្សេងទៀត ឬប្រទេសកម្ពុជាធ្វើសមយុទ្ធយោធាជាមួយអាម៉េរិក ត្រូវបានគេចាត់ទុកថាជារឿងត្រឹមត្រូវ ហើយការធ្វើសមយុទ្ធជាមួយប្រទេសចិន គឺជារឿងបែកបាក់របស់សហគមអាស៊ានទៅវិញ។

មានពេលខ្លះ ខ្ញុំមិនយល់ទេ នៅពេលដែលគេចង់និយាយអំពីប្រទេសកម្ពុជា ឬនយោបាយកម្ពុជា តែគេមិនបានយកសំលេងរបស់ជនជាតិកម្ពុជា សូម្បីតែមួយរូប ។

ខ្ញុំមិនមែនជាអ្នកដែលគាំទ្រប្រទេសចិននោះទេ តែក្នុងនាមជាប្រទេសតូច ហើយនៅក្រីក្រនោះ កម្ពុជាត្រូវមានភាពបត់បែននៅក្នុងគោលនយោបាយការបរទេស ហើយកម្ពុជាមិនត្រូវដើរទៅតាមដានប្រវត្តិសាស្ត្រ ដូចដែលមាននៅក្នុងសម័យសង្គ្រាមត្រជាក់នោះទេ។ នៅក្នុងសម័យសង្គ្រាមត្រជាក់ ប្រទេសក្នុងលោកបានបង្ហាញអំពីអំណាចរបស់ពួកគេតាមរយៈការគាបសង្តត់ប្រទេសតូចៗឱ្យក្លាយជាសមាជិករបស់ក្រុមខ្លួន ហើយប្រទេសណាដែលមិនចូលជាសមាជិកក្រុមរបស់ខ្លួន ប្រទេសតូចៗទាំងនោះ​ត្រូវបានគេចាត់ទុកថាជាសត្រូវរបស់គេ។

យោងទៅតាមប្រវត្តិសាស្ត្ររបស់កម្ពុជាកន្លងមក បានបង្ហាញថា កម្ពុជាត្រូវមានភាពបត់បែន ហើយត្រូវចេះស្គាល់មិត្ត ស្គាល់សត្រូវឱ្យបានពិតប្រាកដ ហើយពលរដ្ឋកម្ពុជា ក៏មិនគួរចេះតែយល់ឃើញស្របទៅតាមប្រទេសលោកខាងលិចទាំងស្រុងនោះដែរ ព្រោះថាប្រទេសកម្ពុជាយើងមានភូមិសាស្ត្រ ហើយនឹងទំនៀមទំលាប់ផ្សេងអំពីប្រទេសទាំងនោះ ហើយស្ថានភាពនៃប្រទេសកម្ពុជាក៏ខុសអំពីប្រទេសទាំងនោះដែរ។

នៅយប់នេះ ខ្ញុំបានស្តាប់ការវិភាគរបស់ជនបរទេសអំពីប្រទេសកម្ពុជា ហើយខ្ញុំមានការសង្វេគក្នុងចិត្តណាស់ ដោយហេតុថា មិនមានសំលេងរបស់ជនជាតិកម្ពុជាអំពីសាច់រឿងរបស់កម្ពុជានោះទេ។ រឿងផ្តល់តម្លៃខ្លាំងពេកចំពោះជនបរទេស មិនមែនមានត្រឹមតែចំពោះអ្នកការសែតនោះទេ សូម្បីតែតាមសាកលវិទ្យាល័យនានាក្នុងប្រទេសកម្ពុជា ក៏បានផ្តល់តម្លៃខ្លាំងចំពោះអ្នកដែលបានបញ្ចប់ការសិក្សាអំពីបរទេសដែរ។ ប្រវត្តិសាស្ត្ររបស់កម្ពុជាភាគច្រើនត្រូវបានសរសេរដោយជនបរទេស។ តើព្រោះហេតុអ្វី? ព្រោះតែការមិនផ្តល់តម្លៃ ឬព្រោះតែកត្តាផ្សេងទៀត?

ជនជាតិកម្ពុជាភាគច្រើនមិនសូវផ្តល់តម្លៃដល់ស្នាដៃរបស់ ឬសមត្ថភាពជនជាតិខ្លួន ឬក្រុមរបស់ខ្លួននោះទេ ហើយនៅពេលមានបញ្ហាណាមួយដែលមិនច្បាស់លាស់ គេមិនសូវស្តាប់ការបកស្រាយរបស់សាស្ត្រាចារ្យជនជាតិខ្មែរនោះទេ តែគេចូលចិត្ត ឬគោរពការបកស្រាយរបស់ជនបរទេស ជាពិសេស ជនជាតិស្បែកស។ កាលពីពេលកន្លងទៅ ខ្ញុំបានចម្លងអត្តបទមួយហើយបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក នៅពេលនោះមានលោកបណ្ឌិតជនជាតិខ្មែរមួយដែលបញ្ចប់ការសិក្សានៅបរទេសបានធ្វើការតវ៉ាចំពោះសេចក្តីដែលខ្ញុំបង្ហោះ ព្រោះគាត់គិតថាសេចក្តីនោះខុស តែនៅពេលដែលខ្ញុំបានប្រាប់ថា សេចក្តីនោះខ្ញុំបានយកអំពីអត្តបទមួយដែលសរសេរដោយជនជាតិលោកខាងលិចនោះ លោកបណ្ឌិតរូបនោះ បែរជាទទួលសេចក្តីនោះថាត្រឹមត្រូវទៅវិញ។ នេះគ្រាន់តែជាសេចក្តីបញ្ជាក់តូចមួយនោះទេ តែនៅក្នុងសង្គមកម្ពុជា មានច្រើនចំណុចណាស់ដែលបានបញ្ជាក់ថា ជនជាតិកម្ពុជាផ្តល់តម្លៃដល់បរទេសច្រើនជាងជនជាតិរបស់ខ្លួន។

រឿងចិន ឬអាម៉េរិក ឬប្រទេសណាក៏ដោយចុះ មិនមែនជារឿងដែលកម្ពុជាត្រូវប្រកាន់ថាជាមិត្ត ឬជាសត្រូវនោះទេ យើងត្រូវដឹងឱ្យបានច្បាស់ថា តើកម្ពុជានៅត្រង់ណា? កម្ពុជាមានអ្វីខ្លះហើយ? កម្ពុជាត្រូវការអ្វី? កម្ពុជាខ្លាំងហើយឬនៅ? ហើយតើកម្ពុជាផលិតអ្វីបានខ្លះ? បើយើងពិនិត្យមើលប្រវត្តិសាស្ត្ររបស់កម្ពុជា នោះយើងមិនអាចបន្ទោសរដ្ឋាភិបាល ឬបុគ្គលណាមួយនោះទេ ហើយប្រទេសកម្ពុជាត្រូវការការប្រឹងប្រែងទាំងអស់គ្នា មិនមែនប្រឹងប្រែងតែ ថា្នក់ដឹកនាំ ហើយអ្នកក្រោមឱវាទមិនប្រឹងនោះទេ។

ក្នុងទំនាក់ទំនងអន្តរជាតិ មានពេលខ្លះ ពលរដ្ឋកម្ពុជាបានរិះគន់រដ្ឋាភិបាលកម្ពុជា ទាំងដែលមិនបានយល់ដឹងឱ្យច្បាស់អំពីតម្រូវការជាក់លាក់របស់ប្រទេសនោះទេ។ ឧទាហរណ៍ មានមនុស្សខ្លះបានសូមឱ្យរដ្ឋាភិបាលកម្ពុជាបិទជើងយន្តហោះជាមួយប្រទេសចិន នៅពេលដែលមានមេរោគកូរ៉ណា ជាដើម។ តើកម្ពុជាគួរបិទឬទេ? អត់ទេ!

មិនត្រូវនិយមបរទេសពេកទេ ហើយត្រូវចេះចែករំលែកបទពិសោធន៍ និងចំណេះដឹងជាមួយជនជាតិរបស់ខ្លួន ហើយត្រូវចេះផ្តល់ឱកាសដល់អ្នកជំនាន់ក្រោយ ឬមនុស្សដែលមានសមត្ថភាពផ្សេងទៀតដើម្បីឱ្យគេបានបញ្ចេញសមត្ថភាពរបស់គេ ព្រោះថាពេលមនុស្សមួយជំនាន់ស្លាប់ទៅ ​យើងត្រូវមានមនុស្សបន្តវេនដែលខ្លាំងពូកែ ដើម្បីបន្តនិរន្តរភាពការងារ ឬបន្តការដឹកនាំស្ថាប័ន ក៏ដូចជាប្រទេសជាតិរបស់យើងនៅពេលអនាគត់ទៀត។

—————

(ដោយ៖ បណ្ឌិត ស៊ឺន សម មន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ។ អត្តបទនេះ មិនបានឆ្លុះបញ្ចាំងអំពីការយល់ឃើញរបស់រាជបណ្ឌិត្យសភាកម្ពុជានោះទេ គឺជាការយល់ឃើញផ្ទាល់របស់ម្ចាស់អត្តបទ។ ទាក់ទងម្ចាស់អត្តបទតាមរយៈ អ៊ីមែល samseun77@gmail.com)។

អត្ថបទទាក់ទង

នរវិទ្យា៖ មូលដ្ឋានចំណេះដឹង និង ការប្រើប្រាស់ ដោយ៖ ឯកឧត្តមបណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា

RAC M...

2022-01-30 07:44:37   Sun, 30,01,2022, 07:44 AM
ហេតុអ្វីមានវិធីចូលឆ្នាំប្រពៃណីចិននៅកម្ពុជា? ដោយ៖ លោក ហៃ សុវង្ស មន្ត្រីស្ម័គ្រចិត្តនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-01-29 09:42:36   Sat, 29,01,2022, 09:42 AM
បណ្ឌិតសភាចារ្យ សុខ ទូច៖ មហាអំណាចនឹងមិនបណ្ដោយឱ្យវិបត្តិអ៊ុយក្រែនផ្ទុះក្លាយទៅជាសង្គ្រាមនោះឡើយ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឱកាសអញ្ជើញថ្លែងបកស្រាយនៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ភាពតានតឹងរវាងបក្សសម្ព័ន្ធណាតូ និងសហព័ន្ធរុស្ស៊ី» នាព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្...

2022-01-28 13:06:18   Fri, 28,01,2022, 01:06 PM
អត្ថបទរបាំម៉ុងសាយក្នុងពិធីចូលឆ្នាំប្រពៃណីចិន ដោយ៖ លោក ខុម មុនីប្បញ្ញា វិទ្យស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-01-28 05:27:35   Fri, 28,01,2022, 05:27 AM
តម្លៃអប់រំនៃការបណ្តុះធម្មចរិយា ដោយ៖ លោកស្រី បណ្ឌិត ជា វណ្ណី នាយកដ្ឋានធម្មសាស្ត្រ ចរិយាសាស្ត្រ និងយេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម

តម្លៃអប់រំនៃការបណ្តុះធម្មចរិយា សីលធម៌ សុជីវធម៌ និងគុណធម៌ គឺមានសារសំខាន់ ដ្បិតវាជាគោលសម្រាប់ទូន្មានខ្លួនឱ្យមានចរិយាសណ្តាប់ធ្នាប់ល្អ មានសីលធម៌ វៀរចាកការប្រព្រឹត្តិទង្វើអាក្រក់ដែលមិនគប្បីធ្វើ ជាទង្វើដែលន...

2022-01-26 12:59:34   Wed, 26,01,2022, 12:59 PM
ស្ថិតិវិទ្យាមិនប៉ារ៉ាម៉ែត្រ Non-Parametric Statistic ដោយ៖ បណ្ឌិត ម៉ុង ម៉ារ៉ា មន្ត្រីស្រាវជ្រាវនាយកដ្ឋានស្ថិតិ និងគណិតវិទ្យា​ នៃវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

សៀវភៅនេះនឹងបង្ហាញអំពីវិធីមួយចំនួននៃស្ថិតិមិនប៉ារ៉ា-ម៉ែត្រ ជាពិសេសតេស្តមិនប៉ារ៉ាម៉ែត្រដែលជាជម្រើសមួយជំនួស​ឱ្យវិធីប៉ារ៉ាម៉ែត្រនៅក្នុងករណីដែលលក្ខខណ្ឌសម្រាប់ការអនុវត្តមិនត្រូវបានផ្ទៀងផ្ទាត់។ តាមរយៈសៀវភៅនេ...

2022-01-24 13:11:02   Mon, 24,01,2022, 01:11 PM

សេចក្តីប្រកាស