Royal Academy of Cambodia
កាលពីយប់ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២០ វិទ្យុសម្លេងសហរដ្ឋអាម៉េរិកបានផ្សាយអំពីការធ្វើសមយុទ្ធយោធារវាងប្រទេសកម្ពុជានិងប្រទេសចិន។ នៅក្នុងអត្តបទដែលផ្សាយនោះ វិទ្យុសម្លេងសហរដ្ឋអាម៉េរិកបានដកស្រង់ការយល់ឃើញរបស់អ្នកវិភាគនៅក្នុងប្រទេសថៃ សិង្ហបុរី និងប្រទេសជប៉ុន ហើយអ្នកវិភាគទាំងនោះបានយល់ឃើញថា ការធ្វើសមយុទ្ធយោធារបស់ប្រទេសកម្ពុជាជាមួយនឹងប្រទេសចិននោះ គឺជារឿងមិនល្អសម្រាប់អាស៊ាន ឬជាការបែកបាក់នៅក្នុងសមាគមអាស៊ានទៀតផង។
វាជារឿងមួយចម្លែកណាស់ នៅពេលប្រទេសអាស៊ានផ្សេងទៀត ឬប្រទេសកម្ពុជាធ្វើសមយុទ្ធយោធាជាមួយអាម៉េរិក ត្រូវបានគេចាត់ទុកថាជារឿងត្រឹមត្រូវ ហើយការធ្វើសមយុទ្ធជាមួយប្រទេសចិន គឺជារឿងបែកបាក់របស់សហគមអាស៊ានទៅវិញ។
មានពេលខ្លះ ខ្ញុំមិនយល់ទេ នៅពេលដែលគេចង់និយាយអំពីប្រទេសកម្ពុជា ឬនយោបាយកម្ពុជា តែគេមិនបានយកសំលេងរបស់ជនជាតិកម្ពុជា សូម្បីតែមួយរូប ។
ខ្ញុំមិនមែនជាអ្នកដែលគាំទ្រប្រទេសចិននោះទេ តែក្នុងនាមជាប្រទេសតូច ហើយនៅក្រីក្រនោះ កម្ពុជាត្រូវមានភាពបត់បែននៅក្នុងគោលនយោបាយការបរទេស ហើយកម្ពុជាមិនត្រូវដើរទៅតាមដានប្រវត្តិសាស្ត្រ ដូចដែលមាននៅក្នុងសម័យសង្គ្រាមត្រជាក់នោះទេ។ នៅក្នុងសម័យសង្គ្រាមត្រជាក់ ប្រទេសក្នុងលោកបានបង្ហាញអំពីអំណាចរបស់ពួកគេតាមរយៈការគាបសង្តត់ប្រទេសតូចៗឱ្យក្លាយជាសមាជិករបស់ក្រុមខ្លួន ហើយប្រទេសណាដែលមិនចូលជាសមាជិកក្រុមរបស់ខ្លួន ប្រទេសតូចៗទាំងនោះត្រូវបានគេចាត់ទុកថាជាសត្រូវរបស់គេ។
យោងទៅតាមប្រវត្តិសាស្ត្ររបស់កម្ពុជាកន្លងមក បានបង្ហាញថា កម្ពុជាត្រូវមានភាពបត់បែន ហើយត្រូវចេះស្គាល់មិត្ត ស្គាល់សត្រូវឱ្យបានពិតប្រាកដ ហើយពលរដ្ឋកម្ពុជា ក៏មិនគួរចេះតែយល់ឃើញស្របទៅតាមប្រទេសលោកខាងលិចទាំងស្រុងនោះដែរ ព្រោះថាប្រទេសកម្ពុជាយើងមានភូមិសាស្ត្រ ហើយនឹងទំនៀមទំលាប់ផ្សេងអំពីប្រទេសទាំងនោះ ហើយស្ថានភាពនៃប្រទេសកម្ពុជាក៏ខុសអំពីប្រទេសទាំងនោះដែរ។
នៅយប់នេះ ខ្ញុំបានស្តាប់ការវិភាគរបស់ជនបរទេសអំពីប្រទេសកម្ពុជា ហើយខ្ញុំមានការសង្វេគក្នុងចិត្តណាស់ ដោយហេតុថា មិនមានសំលេងរបស់ជនជាតិកម្ពុជាអំពីសាច់រឿងរបស់កម្ពុជានោះទេ។ រឿងផ្តល់តម្លៃខ្លាំងពេកចំពោះជនបរទេស មិនមែនមានត្រឹមតែចំពោះអ្នកការសែតនោះទេ សូម្បីតែតាមសាកលវិទ្យាល័យនានាក្នុងប្រទេសកម្ពុជា ក៏បានផ្តល់តម្លៃខ្លាំងចំពោះអ្នកដែលបានបញ្ចប់ការសិក្សាអំពីបរទេសដែរ។ ប្រវត្តិសាស្ត្ររបស់កម្ពុជាភាគច្រើនត្រូវបានសរសេរដោយជនបរទេស។ តើព្រោះហេតុអ្វី? ព្រោះតែការមិនផ្តល់តម្លៃ ឬព្រោះតែកត្តាផ្សេងទៀត?
ជនជាតិកម្ពុជាភាគច្រើនមិនសូវផ្តល់តម្លៃដល់ស្នាដៃរបស់ ឬសមត្ថភាពជនជាតិខ្លួន ឬក្រុមរបស់ខ្លួននោះទេ ហើយនៅពេលមានបញ្ហាណាមួយដែលមិនច្បាស់លាស់ គេមិនសូវស្តាប់ការបកស្រាយរបស់សាស្ត្រាចារ្យជនជាតិខ្មែរនោះទេ តែគេចូលចិត្ត ឬគោរពការបកស្រាយរបស់ជនបរទេស ជាពិសេស ជនជាតិស្បែកស។ កាលពីពេលកន្លងទៅ ខ្ញុំបានចម្លងអត្តបទមួយហើយបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក នៅពេលនោះមានលោកបណ្ឌិតជនជាតិខ្មែរមួយដែលបញ្ចប់ការសិក្សានៅបរទេសបានធ្វើការតវ៉ាចំពោះសេចក្តីដែលខ្ញុំបង្ហោះ ព្រោះគាត់គិតថាសេចក្តីនោះខុស តែនៅពេលដែលខ្ញុំបានប្រាប់ថា សេចក្តីនោះខ្ញុំបានយកអំពីអត្តបទមួយដែលសរសេរដោយជនជាតិលោកខាងលិចនោះ លោកបណ្ឌិតរូបនោះ បែរជាទទួលសេចក្តីនោះថាត្រឹមត្រូវទៅវិញ។ នេះគ្រាន់តែជាសេចក្តីបញ្ជាក់តូចមួយនោះទេ តែនៅក្នុងសង្គមកម្ពុជា មានច្រើនចំណុចណាស់ដែលបានបញ្ជាក់ថា ជនជាតិកម្ពុជាផ្តល់តម្លៃដល់បរទេសច្រើនជាងជនជាតិរបស់ខ្លួន។
រឿងចិន ឬអាម៉េរិក ឬប្រទេសណាក៏ដោយចុះ មិនមែនជារឿងដែលកម្ពុជាត្រូវប្រកាន់ថាជាមិត្ត ឬជាសត្រូវនោះទេ យើងត្រូវដឹងឱ្យបានច្បាស់ថា តើកម្ពុជានៅត្រង់ណា? កម្ពុជាមានអ្វីខ្លះហើយ? កម្ពុជាត្រូវការអ្វី? កម្ពុជាខ្លាំងហើយឬនៅ? ហើយតើកម្ពុជាផលិតអ្វីបានខ្លះ? បើយើងពិនិត្យមើលប្រវត្តិសាស្ត្ររបស់កម្ពុជា នោះយើងមិនអាចបន្ទោសរដ្ឋាភិបាល ឬបុគ្គលណាមួយនោះទេ ហើយប្រទេសកម្ពុជាត្រូវការការប្រឹងប្រែងទាំងអស់គ្នា មិនមែនប្រឹងប្រែងតែ ថា្នក់ដឹកនាំ ហើយអ្នកក្រោមឱវាទមិនប្រឹងនោះទេ។
ក្នុងទំនាក់ទំនងអន្តរជាតិ មានពេលខ្លះ ពលរដ្ឋកម្ពុជាបានរិះគន់រដ្ឋាភិបាលកម្ពុជា ទាំងដែលមិនបានយល់ដឹងឱ្យច្បាស់អំពីតម្រូវការជាក់លាក់របស់ប្រទេសនោះទេ។ ឧទាហរណ៍ មានមនុស្សខ្លះបានសូមឱ្យរដ្ឋាភិបាលកម្ពុជាបិទជើងយន្តហោះជាមួយប្រទេសចិន នៅពេលដែលមានមេរោគកូរ៉ណា ជាដើម។ តើកម្ពុជាគួរបិទឬទេ? អត់ទេ!
មិនត្រូវនិយមបរទេសពេកទេ ហើយត្រូវចេះចែករំលែកបទពិសោធន៍ និងចំណេះដឹងជាមួយជនជាតិរបស់ខ្លួន ហើយត្រូវចេះផ្តល់ឱកាសដល់អ្នកជំនាន់ក្រោយ ឬមនុស្សដែលមានសមត្ថភាពផ្សេងទៀតដើម្បីឱ្យគេបានបញ្ចេញសមត្ថភាពរបស់គេ ព្រោះថាពេលមនុស្សមួយជំនាន់ស្លាប់ទៅ យើងត្រូវមានមនុស្សបន្តវេនដែលខ្លាំងពូកែ ដើម្បីបន្តនិរន្តរភាពការងារ ឬបន្តការដឹកនាំស្ថាប័ន ក៏ដូចជាប្រទេសជាតិរបស់យើងនៅពេលអនាគត់ទៀត។
—————
(ដោយ៖ បណ្ឌិត ស៊ឺន សម មន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ។ អត្តបទនេះ មិនបានឆ្លុះបញ្ចាំងអំពីការយល់ឃើញរបស់រាជបណ្ឌិត្យសភាកម្ពុជានោះទេ គឺជាការយល់ឃើញផ្ទាល់របស់ម្ចាស់អត្តបទ។ ទាក់ទងម្ចាស់អត្តបទតាមរយៈ អ៊ីមែល [email protected])។
នៅពេលនេះ ជំងឺរលាកផ្លូដង្ហើមប្រភេទថ្មី ឬ Coronavirus Disease-19 (Covid-19) កំពុងរាតត្បាតស្ទើរពេសពេញពិភពលោក (Pandemic)។ ស្ថិតក្នុងស្ថានការណ៍បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំប្រទេស អង្គការជាតិ អន្តរជាតិនានាទូទ...
(ខេត្តព្រះវិហារ)៖ ដោយទទួលបានសំណើសុំឱ្យជួយអន្តរាគមន៍ពីឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នៅថ្ងៃទី១៩ មីនា ឆ្នាំ២០២០ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រ...
រដ្ឋាភិបាលនៃប្រទេសហ្វីលីពីន បានខិតខំធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិក ព្រោះហ្វីលីពីនបានដឹងយ៉ាងច្បាស់អំពីតួនាទី និងភាពចាំបាច់របស់សហរដ្ឋអាម៉េរិក នៅក្នុងការរក្សាសន្តិសុខទាំងក្នុងប...
ក្នុងស្ថានការណ៍ដែលពិភពលោក កំពុងព្រួយបារម្ភចំពោះការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលកើតឡើងកាន់តែខ្លាំងឡើងនៅតាមបណ្តាប្រទេសនានា ជាពិសេសនៅតំបន់អឺរ៉ុប ដែលកំពុងរងឥទ្ធិពលនៃជំងឺនេះ ខ្លាំងជាងគេ។ ដើមឡើយ គ្រប់គ្នាតែ...
គិតត្រឹមម៉ោង៣រសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ មានអ្នករងគ្រោះដោយសារមេរោគ COVID-19 សរុបក្នុងពិភពលោកមានចំនួន១៨៣ ០៦១នាក់ ក្នុងនោះអ្នកស្លាប់មានចំនួន៧ ១៧៥នាក់និងបានជាសះស្បើយឡើងវិញចំនួន៧៩ ៨៩១នាក់ [១]។ តើអ្វ...
បន្ទាប់ពីបរាជ័យផ្ទួនៗនៅក្នុងប្រទេសស៊ីរី ប្រធានាធិបតីតួកគីកាន់តែឃ្លាតឆ្ងាយពីឆាកអន្តរជាតិនិងរងការរិះគន់ពីក្នុងប្រទេសរបស់លោក។ ល្បែងនយោបាយចុងក្រោយរបស់ប្រធានាធិបតីតួកគី លោក អេដូហ្កាន់ នៅក្នុងសង្គ្រាមស៊ីវិ...