ព័ត៌មាន

តើពលរដ្ឋកម្ពុជាកំពុងខ្វះអ្វី? ដោយ៖ បណ្ឌិត សុឺន សម មន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា

2020-03-21 08:04:02 ថ្ងៃសៅរ៍, 21 មីនា 2020 ម៉ោង 03:04 PM
អ្នកមើល 1745
post_detail

បើសិនជាយើងពិនិត្យមើលប្រវត្តិសាស្ត្រដ៏យូរលង់របស់ប្រទេសកម្ពុជា នោះយើងនឹងបានឃើញថា ប្រទេសកម្ពុជាគឺជាប្រទេសមួយដ៏កំសត់ និងបានឆ្លងកាត់សង្គ្រាមឈ្លានពាន និងសង្គ្រាមស៊ីវិលអស់កាលជាច្រើនសតវត្ស។ បើសិនជាយើងពិនិត្យមើលរយៈពេលដែលប្រជាជនកម្ពុជា ឬប្រទេសកម្ពុជាអាចរស់នៅក្នុងសន្តិភាព ឬភាពសម្បូរសប្បាយ នោះយើងនឹងបានឃើញថា ប្រជាជនកម្ពុជាបានចំណាយពេលរស់នៅក្នុងសង្គ្រាមស្ទើរតែច្រើនជាងសន្តិភាព។

យោងទៅតាមប្រវត្តិសាស្ត្ររបស់កម្ពុជា បានបញ្ជាក់ថា ប្រទេសកម្ពុជាមានទំនាក់ទំនងដ៏យូរលង់ជាមួយប្រទេសឥណ្ឌា និងប្រទេសចិន ដែលរហូតមកដល់ពេលនេះ ប្រទេសឥណ្ឌា និងប្រទេសចិន មានពលរដ្ឋប្រមាណជា១៣០០ លាននាក់  ចំណែកឯកម្ពុជាវិញ មានពលរដ្ឋចំនួនប្រមាណ ១៦លាននាក់ តែប៉ុណ្ណោះ។ តើព្រោះតែហេតុអ្វី? គឺព្រោះតែសង្គ្រាម ដែលបានសម្លាប់ពលរដ្ឋកម្ពុជា ជាច្រើនសម័យកាល។

សន្តិភាពគឺជារបស់មួយដែលមានតម្លៃណាស់ ហើយសន្តិភាពមិនគួរត្រូវបានយកទៅប្រៀបធៀបជាមួយរបស់ណាមួយនោះទេ ព្រោះថាបើសិនប្រទេសមានសង្គ្រាម ឬមានការឈ្លានពានណាមួយនោះ គឺពលរដ្ឋនៅក្នុងប្រទេស មិនមានពេលបានគិតអំពីសមាធិ អំពីសិទ្ធិមនុស្ស តម្លាភាព ឬយុត្តិធម៌នោះទេ គឺម្នាក់ៗនឹងរវល់គិតអំពីជីវិតរបស់ខ្លួន ឬជីវិតរបស់មនុស្សជាទីស្រលាញ់របស់ខ្លួនតែប៉ុណ្ណោះ។ នៅក្នុងពេលនេះ គឺជាពេលមួយដ៏ល្អបំផុតក្នុងការបកស្រាយថា តើជីវិតមានតម្លៃប៉ុណ្ណា? ព្រោះតែវីរុសកូរ៉ូណា មនុស្សបានភ័យខ្លាចចំពោះគ្នា ហើយបរទេសក៏បានចាត់វិធានការផ្សេងៗ ដើម្បីរក្សាប្រទេសរបស់គេ ហើយក៏មានប្រទេសខ្លះបានបិទព្រំដែនជាមួយប្រទេសកម្ពុជា និងបានហាមឃាត់ការនាំចូលទំនិញមកកម្ពុជាផងដែរ។ រដូវកាលនៃវីរុសនេះ បានបញ្ជាក់ថា ជីវិត (សុខភាព) មានតម្លៃណាស់ ហើយប្រទេសនីមួយៗ បានយកចិត្តទុកដាក់ខ្លាំងចំពោះជាតិសាសន៍របស់គេ។

ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលចាប់ផ្ដើមកសាងប្រទេសចេញពីចំណុចសូន្យ ពីឆ្នាំ១៩៧៩ ដោយរបបកម្ពុជាប្រជាធិបតេយ្យជារបបគ្មានកម្មសិទ្ធិផ្ទាល់ខ្លួនដោយលុបបំបាត់ចោលកម្មសិទ្ធិទាំងអស់ ដោយរបបនេះចាត់ទុកថាកម្មសិទ្ធិជាសត្រូវរបស់បដិវត្តន៍ ហើយកម្មសិទ្ធិរបស់មនុស្សម្នាក់ៗមានតែស្លាបព្រាមួយគត់ដែលអាចគ្រប់គ្រងក្នុងដៃរបស់មនុស្សម្នាក់ៗបាន ហើយស្ទើរតែគ្មានគ្រួសារណាមួយ ដែលមិនត្រូវបាននិរាសព្រាត់ប្រាស ដោយសារសង្គ្រាមដែលរបប៣ឆ្នាំ ៨ខែ ២០ថ្ងៃ បានបង្កឡើងនោះឡើយ។

បើយើងគិតពីឆ្នាំ ១៩៧៩ រហូតមកដល់ ឆ្នាំ ២០២០នេះ គឺមានរយៈពេលជិត ៤០ ឆ្នាំហើយ ដែលប្រទេសកម្ពុជាបានរស់នៅក្រោមដំបូលនៃសន្តិភាព។ បើទោះបីជាដំណាក់នៃការចាប់ផ្តើមដំបូង កម្ពុជាបានប្រឈមនឹងការខ្វះខាតជាច្រើនយ៉ាងណាក៏ដោយ តែហូតមកដល់ពេលនេះ កម្ពុជាបានទទួល ឬបានដឹងស្ទើរតែគ្រប់យ៉ាងដែលពិភពលោកកំពុងមាន ហើយប្រជាជនកម្ពុជាជាច្រើនបានធ្វើដំណើរទៅកាន់ប្រទេសជាច្រើនក្នុងលោក ដើម្បីទស្សនា ឬដើម្បីចូលរួមក្នុងកិច្ចប្រជុំ និងកម្មវិធីផ្សេងៗ។

ដោយសារតែសេរីភាពនៃការប្រើប្រាស់អុិនធើណែតនៅក្នុងប្រទេសកម្ពុជា មានភាពទូលំទូលាយ ហើយពលរដ្ឋជំនាន់ក្រោយអាចប្រើប្រាស់ភាសាបរទេសបាននោះ កម្រិតនៃការសិក្សារបស់ប្រទេសកម្ពុជា ក៏មានភាពកាន់តែល្អប្រសើរឡើងដែរ ហើយការសិក្សាមុខវិជ្ជាមួយចំនួនក្នុងប្រទេសកម្ពុជា ក៏មិនចាញ់បរទេសដែរ បើសិនជានិស្សិតអាចដករបាំងភាសាចេញបាននោះ។

ការរីកចម្រើនរបស់កម្ពុជាមានច្រើនស្ទើរគ្រប់វិស័យ តែកម្ពុជាបែរជាមិនសូវបានយកចិត្តទុកដាក់ចំពោះ  វិស័យដែលជាសក្តានុពលរបស់ខ្លួនទៅវិញ។ ប្រទេសកម្ពុជា គឺជាប្រទេសដែលមានផ្ទៃដីល្អសម្រាប់ការបង្ករបង្កើនផល ឬការដាំដំណាំផ្សេងៗសម្រាប់ប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ ហើយពលរដ្ឋភាគច្រើនរស់នៅដោយពឹងពាក់លើវិស័យកសិកម្មនេះ។ រឿងមួយដែលគួរកត់សំគាល់នោះ គឺបន្លែ ត្រី សាច់ ភាគច្រើន ដែលបម្រើដល់ជីវភាពរបស់ពលរដ្ឋកម្ពុជានោះ គឺត្រូវបាននាំចូលពីប្រទេសជិតខាងកម្ពុជាទៅវិញ។ ព្រោះតែពាក្យថា “ មិនមានទីផ្សារ” បានធ្វើឱ្យពលរដ្ឋកម្ពុជាតាមស្រុកស្រែចម្ការ មិនសូវដាំបន្លែ ដែលបម្រើដល់ជីវភាពប្រចាំថ្ងៃនោះទេ ( ត្រកួន ត្រសក់ ត្រឡាច ស្លឹកគ្រៃ......) ពេលព្រឹក ពលរដ្ឋនាំគ្នាទៅផ្សារដើម្បីទិញបន្លែគ្រប់យ៉ាងនៅផ្សារក្នុងភូមិ  ហើយទិញតាំងពីស្លឹកគ្រៃ ម្ទេស  ដែលអាចដាំបាននៅផ្ទះរបស់ខ្លួន។

ពលរដ្ឋភាគច្រើន បានត្អូញអំពីភាពក្រីក្រលំបាក ហើយនឹងការខ្វះខាតសម្រាប់ជីវភាពប្រចាំថ្ងៃ ស្របពេលដែលដីនៅទំនេរ ហើយមិនមានដាំអ្វីសោះ។ តើនេះជាការខ្វះខាតរបស់អ្នកណា? យើងមិនអាចបន្ទោសពលរដ្ឋទាំងស្រុង ហើយយើងក៏មិនអាចបន្ទោសរដ្ឋាភិបាលទាំងស្រុងនោះដែរ ។ នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៦១ មានចែងថា៖ រដ្ឋ ជំរុញ ការ អភិវឌ្ឍន៍ សេដ្ឋកិច្ច គ្រប់ វិស័យ ជា ពិសេស វិស័យ កសិកម្ម សិប្បកម្ម ឧស្សាហកម្ម ចាប់ ពី តំបន់ ដាច់ ស្រយាល ដោយ យក ចិត្តទុកដាក់ទៅលើនយោបាយ ទឹក ភ្លើង ផ្លូវ និង មធ្យោបាយដឹកជញ្ជូន បច្ចេកទេសទំនើប និងប្រព័ន្ធឥណទាន។

បើយោងទៅតាមមាត្រា៦១នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺរដ្ឋាភិបាលកម្ពុជានៅមានការខ្វះខាតក្នុងការផ្គត់ផ្គង់ទឹក ភ្លើង ផ្លូវ និង មធ្យោបាយ ដឹកជញ្ជូន បច្ចេកទេស ទំនើប និង ប្រព័ន្ធឥណទានសម្រាប់ពលរដ្ឋនៅក្នុងប្រទេសកម្ពុជានៅឡើយ។ យោងទៅតាមការសង្កេតរបស់ខ្ញុំ បើទោះបីជាការផ្គត់ផ្គង់របស់រដ្ឋាភិបាល នៅមិនទាន់បាន១០០ % ក៏ដោយ តែផ្នែកភាគច្រើននៃប្រទេសកម្ពុជា មានផ្លូវ ភ្លើង និងទឹកដែលអាចប្រើប្រាស់បានសម្រាប់វិស័យកសិកម្ម នៅក្នុងប្រទេសកម្ពុជា។ បើសិនជាបែបនោះមែន តើហេតុអ្វីបានជាពលរដ្ឋមិនសូវចាប់អារម្មណ៍ចំពោះការដាំដុះបន្លែកសិកម្ម? យោងទៅតាមការស្រាវជ្រាវរបស់ខ្ញុំកន្លងមក ខ្ញុំអង្កេតឃើញថា មូលហេតុដែលនាំឱ្យពលរដ្ឋកម្ពុជាភាគច្រើន មិនសូវចាប់អារម្មណ៍ក្នុងវិស័យកសិកម្ម ដោយមានមូលហេតុចម្បងៗដូចខាងក្រោម៖

១. ពលរដ្ឋវ័យក្មេងគិតថាវិស័យកសិកម្មមិនល្អ ហើយគ្រួសារនីមួយៗ មិនចង់ឱ្យកូនរបស់ខ្លួនទៅធ្វើកសិកម្មក្រោយពេលរៀនចប់មហាវិទ្យាល័យនោះទេ។ សាស្ត្រាចារ្យ ឬបណ្ឌិតជំនាញខាងកសិកម្ម ក៏មិនចង់ទៅធ្វើការនៅចម្ការ ឬនៅកន្លែងចិញ្ចឹមសត្វ ក្នុងទីជនបទនោះដែរ គឺភាគច្រើនចង់ធ្វើការនៅក្នុងការិយាល័យដែលមានម៉ាស៊ីនត្រជាក់ ឬនៅក្នុងម្លប់ទៅវិញ។

២. ពលរដ្ឋនៅតាមទីជនបទ មានការរាងចាល ក្រោយពេលដែលដាំដំណាំបានហើយ មិនមានទីផ្សារសម្រាប់លក់ដូរ ហើយខ្លះទៀតត្រូវជំពាក់ធនាគារ ព្រោះតែការដាំដំណាំនោះ។

៣. ការផ្តល់តម្លៃខ្លាំងពេកចំពោះការធ្វើពលករនៅប្រទេសក្រៅ ហើយនាំគ្នាធ្វើចំណាកស្រុក ដោយហេតុផលបានប្រាក់ខែច្រើន ឬដោយសារតែមិនមានការងារក្នុងស្រុក។ ពេលពលរដ្ឋមានកម្លាំង ធ្វើការឱ្យបរទេសហើយត្រឡប់មកប្រទេសវិញ នៅពេលធ្វើការលែងកើត ឬពេលមានជំងឺ។

៤. រដ្ឋាភិបាលមិនមានយន្តការជាក់លាក់ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុក ឧទាហរណ៍ តម្លៃទំនិញ ឬរបស់ដែលផលិតក្នុងស្រុកតែងមានតម្លៃខ្ពស់ជាងទំនិញនាំចូល ដោយសារតែការផលិតក្នុងស្រុកមានការចំណាយខ្ពស់ ព្រោះហេតុនោះ ពលរដ្ឋត្រូវលក់ក្នុងតម្លៃថ្លៃ។

៥. រដ្ឋមិនបានគ្រប់គ្រងវិស័យហិរញ្ញវត្ថុឱ្យបានច្បាស់លាស់នោះទេ ឧទាហរណ៍ ក្រោយពេលដែលធនាគារជាតិបានប្រកាសដាក់កំណត់ពិដានការប្រាក់ចំពោះគ្រឹះស្ថានផ្តល់ប្រាក់កម្ចី ដែលនៅក្រោមធនាគារជាតិ  គ្រឹះស្ថានមួយចំនួនបានធ្វើប្រតិបត្តិការក្រោមផ្លាក “ហាងបញ្ចាំ” (ដែលស្ថិតនៅក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ហើយអាចកំណត់អត្រាការប្រាក់ទៅតាមការកំណត់របស់ខ្លួន។

៦. ពលរដ្ឋកម្ពុជាភាគច្រើន មិនបានដឹងថា ត្រូវដាំដំណាំអ្វីដែលជាតម្រូវការរបស់ទីផ្សារនោះទេ គឺពលរដ្ឋត្រូវដាំតាមគ្នា ឬដាំតាមការនឹកឃើញ ដោយសារមិនមានគោលការណ៍ណែនាំច្បាស់លាស់ អំពីតម្រូវការប្រចាំឆ្នាំ។

៧. ពលរដ្ឋមួយចំនួនមានផ្នត់គំនិតផ្តេកផ្តួលទៅតាមទ្រឹស្តីសាសនា ដោយគិតខុសថាគឺជាបាបកម្មរបស់ខ្លួន ហើយខ្វះការប្រឹងប្រែងក្នុងជីវិតបច្ចុប្បន្ន។

៨. ការបណ្តុះបណ្តាលអំពីកសិកម្មចំពោះពលរដ្ឋ នៅមិនទាន់បានគ្រប់គ្រាន់ ដែលតម្រូវឱ្យរដ្ឋយកចិត្តទុកដាក់បន្ថែមទៀតចំពោះការបញ្ជូនមន្ត្រីដែលមានជំនាញ ទៅបណ្តុះបណ្តាលនៅជនបទ។

៩.មិនមានទឹក ឬភ្លើងគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្មនេះ ហើយពលរដ្ឋត្រូវចំណាយច្រើនចំពោះប្រេង និងតម្លៃភ្លើង នៅពេលដែលពួកគាត់ដាំដំណាំ។

១០. ពលរដ្ឋខ្លះមានទម្លាប់ខ្ជិលច្រអូស ដោយអាងហេតុផលផ្សេងៗមិនអស់។

 ការអភិវឌ្ឍប្រទេសមួយត្រូវកត្តាផ្សេងជាច្រើនទៀត ដែលរួមទាំងប្រព័ន្ធបច្ចេកវិជ្ជាខ្លាំង ប្រព័ន្ធសុខាភិបាលខ្លាំង ប្រព័ន្ធអប់រំមួយដែលល្អកងទ័ពប្រទេសដែលខ្លាំង .......ប៉ុន្តែកម្ពុជាមិនគួរនាំចូលសូម្បីតែស្លឹកគ្រៃ ស្លឹកខ្ទឹម ជី ម្ទេស ឬម្រេចនោះទេ។ ពលរដ្ឋកម្ពុជា ឬប្រទេសកម្ពុជាគួរតែនាំគ្នាដាំដំណាំគ្រប់ប្រភេទដែលអាចហូបបាន ហើយរដ្ឋត្រូវយកពន្ធចំពោះដីដែលមិនដាំដំណាំ។ រដ្ឋាភិបាលកម្ពុជាគួរតែលើកទឹកចិត្តផង និងបង្ខំផងដើម្បីឱ្យពលរដ្ឋដាំដំណាំ ឧ. រាល់ដីទាំងឡាយណាដែលមិនដាំដុះនោះទេ គឺត្រូវតែបង់ពន្ធ ហើយសម្រាប់ដីដែលដាំដុះនោះ គឺមិនបានយកពន្ធនោះទេ។

ការយកចិត្តពលរដ្ឋ គឺជារឿងល្អ តែមិនគួរយកចិត្តគ្រប់រឿងនោះទេ ព្រោះថាពេលខ្លះពលរដ្ឋមិនបានគិតឱ្យស៊ីជម្រៅអំពីផលប្រយោជន៍ និងផលប៉ះពាល់សម្រាប់ប្រទេសនោះទេ។

———

(ដោយ៖ បណ្ឌិត ស៊ឺន សម មន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា។ អត្តបទនេះមិនបានឆ្លុះបញ្ចាំងអំពីការយល់ឃើញរបស់រាជបណ្ឌិត្យសភាកម្ពុជានោះទេ )។ Email: [email protected]

RAC Media


 




អត្ថបទទាក់ទង

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

នៅព្រឹកថ្ងៃសុក្រ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញចូលរួមប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបត...

2018-05-11 03:19:06   ថ្ងៃសុក្រ, 11 ឧសភា 2018 ម៉ោង 10:19 AM
សេចក្តីថ្លែងការណ៍របស់អតីត​ប្រធានាធីបតី​ម៉េរិកទី៤៤ លោក ​បារ៉ាក់​ អូបាម៉ា

អតីត​ប្រធានាធីបតី​អាម៉េរិកទី៤៤ លោក ​បារ៉ាក់​ អូបាម៉ា កាលពី​ថ្ងៃ​អង្គារ ទី៨ ខែឧសភា ឆ្នាំ២០១៨ បាន​ចេញ​មុខ​រិះគន់​ខ្លាំង​ៗ​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​ប្រធានាធិបតី​អាម៉េរិក លោក​ដូណាល់ ត្រាំ ក្នុង​ការ​ដក​...

2018-05-09 22:08:21   ថ្ងៃពុធ, 09 ឧសភា 2018 ម៉ោង 05:08 AM
ពិធីសំណេះសំណាលចងក្រងជីវប្រវត្តិ និងគុណកថា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន...

2018-05-05 10:33:59   ថ្ងៃសៅរ៍, 05 ឧសភា 2018 ម៉ោង 05:33 PM
ជំនួបរវាងរាជបណ្ឌិត្យសភាកម្ពុជាជាមួយសាកលវិទ្យាល័យជីវជាំង

រាជបណ្ឌិត្យសភាកម្ពុជា៖ នៅព្រឹកថ្ងៃទី ២៨ មេសាឆ្នាំ ២០១៨ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ ​រាជបណ្ឌិត្យសភាកម្ពុជា តំណាងឱ្យឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយប្រតិភ...

2018-05-05 10:21:06   ថ្ងៃសៅរ៍, 05 ឧសភា 2018 ម៉ោង 05:21 PM
ជំនួបជាមួយដៃគូសហប្រតិបត្តិការពីក្រុងសៀងហៃ

ឯកឧត្តមបណ្ឌិតយង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងដ៏ខ្អង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូចិន មកពីសាកលវិទ្យាល័យគរុកោសល្យចិនខាងកើតដឹក...

2018-04-08 12:16:36   ថ្ងៃអាទិត្យ, 08 មេសា 2018 ម៉ោង 07:16 PM
ឥណ្ឌូប៉ាស៊ីហ្វិក ជាតំបន់ភូមិសាស្ត្រនយោបាយថ្មីមួយរបស់អាម៉េរិក

យុទ្ធសាស្ត្រថ្មីរបស់លោកដូណាល់ត្រាំ គឺធានាឱ្យអាម៉េរិកមានភាពលេចធ្លោមុខមាត់នៅក្នុងតំបន់នានាដូចជា ឥណ្ឌូប៉ាស៊ីហ្វិក និង អឺរ៉ុប។ ឥណ្ឌូប៉ាស៊ីហ្វិក ដែលប្រើនៅពេលនេះគឺសម្តៅពីសមុទ្រឥណ្ឌាខាងលិចដល់ប៉ាស៊ីហ្វិកខាងកើ...

2018-04-08 11:52:31   ថ្ងៃអាទិត្យ, 08 មេសា 2018 ម៉ោង 06:52 PM

សេចក្តីប្រកាស