ព័ត៌មាន

សហរដ្ឋអាម៉េរិកនិងចិនសាចទឹកដាក់គ្នារឿង COVID-19 ដោយ៖បណ្ឌិត ឈត ប៊ុនថង វិទ្យាស្ថានទំនាក់ទំនអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

2020-03-20 02:22:27 ថ្ងៃសុក្រ, 20 មីនា 2020, 02:22 AM
post_detail

គិតមកដល់ពេលនេះ COVID-19 បានវាយលុកចូលដល់ប្រទេសនិងដែនដីសរុបជាង ១៧០ ហើយ នៅ ទូទាំងសកលលោក។ ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួនជាង ២០០, ០០០ នាក់ ក្នុងនោះអ្នកស្លាប់មានជិត១០,០០០នាក់ និងជាសះស្បើយជាង៨០,០០០នាក់។ ជំងឺរាតត្បាតដ៏កាច សាហាវនេះ មិនត្រឹមតែបង្កមហាវិនាសកម្មដល់សេដ្ឋកិច្ចពិភពលោកដ៏ធ្ងន់ធ្ងរតែប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបង្កឱ្យមានការរើសអើងរវាងជាតិសាសន៍អាស៊ីនិងអឺរ៉ុបទៀតផង។ អ្វីដែលធ្ងន់ធ្ងរជាងនេះទៀតនោះ មហាអំណាចសេដ្ឋកិច្ចពិភពលោកដ៏ធំទាំងពីរ គឺសហរដ្ឋអាម៉េរិកនិងចិន បានចោទប្រកាន់គ្នាទៅវិញទៅមកថា ជាអ្នកនៅពីក្រោយការផ្ទុះជំងឺរាតត្បាតដ៏កាចសាហាវនេះ។ តើការណ៍ពិតបែបណាទៅ? តើនរណាជាអ្នកបង្កើតជំងឺរាតត្បាតដ៏កាចសាហាវនេះ ឬមួយវាកើតឡើងបែបធម្មជាតិ?

ដំបូងបំផុត នៅពេលដែល COVID-19 នេះ ផ្ទុះឡើងភ្លាម មានការលើកឡើងថា មេរោគនេះមានប្រភពពីសត្វប្រចៀវ ហើយបានឆ្លងទៅដល់សត្វពស់និងសត្វផ្សេងៗទៀត មុននឹងឆ្លងមកដល់មនុស្ស និងបានរាលដាលជាសាកល។ ប៉ុន្តែ ក្នុងខណៈនោះ មានអ្នកជំនាញអ៊ីស្រាអែលម្នាក់ គឺលោក Dany Shoham បានអះអាងថា Corona Virus គឺចិនជាអ្នកបង្កើតទុកសម្លាប់មនុស្ស ហើយវាបានធ្លាយចេញពីមន្ទីរពិសោធន៍អាវុធជីវសាស្ត្ររបស់ចិននៅទីក្រុងវ៉ូហាន។ អ្នកវិភាគសង្គ្រាមជីវសាស្ត្រអ៊ីស្រាអែលរូបនេះ បាននិយាយថា «ការឆ្លងរាលដាលនៃជំងឺរលាកសួតដែលបង្កឡើងដោយវីរុសកូរ៉ូណា បណ្តាលឱ្យមនុស្សស្លាប់ដូចសត្វនេះ ប្រហែលជាមានប្រភពដើមនៅក្នុងមន្ទីរពិសោធន៍មួយក្នុងទីក្រុងវ៉ូហាន ដែលភ្ជាប់ទៅនឹងកម្មវិធីអាវុធជីវសាស្រ្តរបស់ប្រទេសចិន»។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារ Washington times នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។

យោងតាមការផ្សាយរបស់វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ បានផ្សាយឡើងវិញនូវរបាយការណ៍របស់ទូរទស្សន៍វ៉ូហានពីឆ្នាំ២០១៥ ដែលបង្ហាញពីមន្ទីរពិសោធន៍ស្រាវជ្រាវវីរុសទំនើបបំផុតរបស់ប្រទេសចិន ដែលត្រូវបានគេស្គាល់ថាជា «វិទ្យាស្ថានវិទ្យាសាស្ត្រវ៉ូហាន»។ មន្ទីរពិសោធន៍នេះគឺជាកន្លែងតែមួយគត់នៅក្នុងប្រទេសចិនដែលមានសមត្ថភាពធ្វើការជាមួយវីរុសសម្លាប់មនុស្ស។

លោក Dany Shoham អតីតមន្រ្តីចារកម្មយោធាអ៊ីស្រាអែល ដែលបានសិក្សាអំពីសង្គ្រាមជីវសាស្ត្រចិនបាននិយាយថា វិទ្យាស្ថាននេះមានជាប់ទាក់ទងទៅនឹងកម្មវិធីអាវុធជីវៈសាស្ត្ររបស់ទីក្រុងប៉េកាំង។ លោក Shoham បានប្រាប់កាសែត The Washington Times ថា «មន្ទីរពិសោធន៍មួយចំនួននៅក្នុងវិទ្យាស្ថាននេះ ប្រហែលជាបានចូលរួមនៅក្នុងការស្រាវជ្រាវនិងការអភិវឌ្ឍនៅក្នុងកម្មវិធីអាវុធជីវសាស្រ្តរបស់ចិន»។ គាត់បានបន្ថែមទៀតថា ការងារផលិតអាវុធជីវសាស្រ្តត្រូវបានធ្វើឡើងជាផ្នែកមួយនៃការស្រាវជ្រាវស៊ីវិលនិងយោធាស៊ីវិល ហើយវាពិតជាមានការលាក់លៀមខ្លាំងណាស់ពីរដ្ឋាភិបាលចិន។ នៅពេលដែលមានការបង្ហាញការសង្ស័យបែបនេះភាគីចិនមិនបានបង្ហាញប្រតិកម្មភ្លាមៗ ជាដំកំភួននោះទេ ដោយពេលនោះប្រទេសចិនកំពុងជាប់ដៃខ្លាំងក្នុងការរិះរកវិធីនានាដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19 និងសង្គ្រោះប្រជាពលរដ្ឋរបស់ខ្លួនដែលកំពុងទទួលរងផលប៉ះពាល់ពីជំងឺនេះ។

បន្ទាប់ពីប្រទេសចិនបានបង្ហាញឱ្យឃើញថា ខ្លួនអាចគ្រប់គ្រងការរីករាលដាលនូវ COVID-19 ទាំងការទប់ស្កាត់ការឆ្លងថ្មីនិងការព្យាបាលបានប្រសើរជាងមុននៅផ្ទៃក្នុងប្រទេសរបស់ខ្លួន ភាគីចិនបានចាប់ផ្ដើមឆ្លើយតបទៅនឹងការព្យាយាមចោទប្រកាន់មុនៗមកលើខ្លួន ហើយបានវាយបកទៅវិញថា តាមពិត អាម៉េរិកវិញទេដែលជាអ្នកនៅពីក្រោយ COVID-19 នេះ។ អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ថា «យោធាសហរដ្ឋអាមេរិកទំនងជាបាននាំយកវីរុសកូរ៉ូណា ចូលទីក្រុងវ៉ូហានរបស់ប្រទេសចិន ខណៈដែលកន្លងមកយើងឃើញថា ទីក្រុងប៉េកាំងតែងតែមានទំនាស់ជាមួយក្រុងវ៉ាស៊ីនតោន» នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។ ប៉ុន្តែ ប្រទេសចិនមិនបានបង្ហាញភស្តុតាងណាមួយប្រាកដប្រជាសម្រាប់គាំទ្រការលើកឡើងរបស់ខ្លួនដែលថា យោធាអាម៉េរិកអាចជាអ្នកនាំយកវីរុសកូរ៉ូណានោះចូលប្រទេសចិនឡើយ។

កន្លងមក ប្រទេសចិនត្រូវបានមន្រ្តីសហរដ្ឋអាម៉េរិកចោទប្រកាន់ថា មានប្រតិកម្មយឺតយ៉ាវចំពោះវីរុសកូរ៉ូណា ដែលវាបានផ្ទុះឡើងដំបូងនៅក្រុងវ៉ូហាន កាលពីចុងឆ្នាំ២០១៩ ហើយថាចិនធ្វេសប្រហែសចំពោះបញ្ហានេះ។ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិក លោក Robert O’Brien បាននិយាយថា ល្បឿននៃការឆ្លើយតបរបស់ចិនចំពោះការលេចចេញនូវវីរុសកូរ៉ូណាមានការយឺតយ៉ាវ នៅពេលដែលចិនគួរតែអាចត្រៀមរៀបចំខ្លួនសម្រាប់ការទប់ទល់នេះ។

ក្រោយពីប្រទេសចិនបានឃើញការចោទប្រកាន់នេះ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសរបស់ចិន ក៏បានតបទៅវិញនៅក្នុងបណ្ដាញសង្គម Twitter ថា មិនមែនចិនទេ គឺអាម៉េរិកទៅវិញទេដែលគ្មានតម្លាភាព។ លោក Zhao បានចោទសួរអាម៉េរិកថា៖ «តើអ្នកជំងឺកូរ៉ូណាដំបូងចាប់ផ្តើមនៅអាម៉េរិកនៅពេលណា? តើមានមនុស្សប៉ុន្មាននាក់ឆ្លងវីរុសនេះ? តើមន្ទីរពេទ្យដាក់អ្នកជំងឺមានឈ្មោះអ្វីខ្លះ? វាអាចជាកងទ័ពអាម៉េរិកដែលបាននាំយកវីរុសរាតត្បាតនេះមកទីក្រុងវ៉ូហាន។ សូមឱ្យមានតម្លាភាព! បង្ហាញទិន្នន័យរបស់អ្នកជាសាធារណៈមក! សហរដ្ឋអាម៉េរិកជំពាក់យើងនូវការពន្យល់អំពីរឿងទាំងនោះ»។

បើពិនិត្យមើលការចោទប្រកាន់គ្នាទៅវិញទៅមករវាងចិននិងអាម៉េរិកនេះ យើងអាចនិយាយបានថា វាគ្រាន់តែជាសង្គ្រាមពាក្យសម្ដីរវាងមហាអំណាចពីរដែលកំពុងតែប្រជែងគ្នាយកមុខមាត់ ភាពខ្លាំងខាងនយោបាយ សេដ្ឋកិច្ច និងយោធាតែប៉ុណ្ណោះ។ ដូចគ្នាដែរ កន្លងមក ពេលមានសង្គ្រាមឬជម្លោះផ្ទៃក្នុងរបស់ប្រទេសណាមួយ និងភេរកម្មនានានៅក្នុងតំបន់ណាមួយ មហាអំណាចក៏ត្រូវបានគេចោទប្រកាន់ថា បានស្ថិតនៅពីក្រោយខ្នងនៃភាគីជម្លោះ ឬក្រុមភេរករទាំងនោះដែរ។

យ៉ាងណាមិញ បើយោងតាមអំណះអំណាងរបស់អ្នកជំនាញអ៊ីស្រាអែលខាងលើ ថ្វីបើមិនទាន់មានភស្តុតាងគ្រប់គ្រាន់ក៏ដោយ ក៏វាមានភាពសមហេតុផលខ្លះដែលយើងអាចទទួលយកធ្វើជាសម្មតិកម្មសម្រាប់ធ្វើការសិក្សាស្រាវជ្រាវបន្ថែមបានដែរ។ លើសពីនេះទៀត ប្រទេសមហាអំណាចតិចឬច្រើនសុទ្ធតែមានសមត្ថភាពក្នុងការផលិតអាវុធគ្រប់ប្រភេទ ជាពិសេស អាវុធមហាប្រល័យ ដូចជា អាវុធបរមាណូ អាវុធគីមី និងអាវុធជីវសាស្ត្រ ជាដើម។

លើសពីនេះទៀត ការផ្ទុះឡើងនូវ COVID-19 នេះ វាជួនពេលជាមួយប្រទេសចិននិងសហរដ្ឋអាម៉េរិកកំពុងមានសង្គ្រាមពាណិជ្ជកម្មជាមួយគ្នា និងចំពេលដែលអាម៉េរិកកំពុងព្រួយបារម្ភអំពីការងើបឡើងរបស់ចិនលើឆាកអន្តរជាតិ ទាំងនយោបាយការបរទេស សេដ្ឋកិច្ច យោធា បច្ចេកវិទ្យាព័ត៌មាន និងវិស័យដទៃទៀត ជាពិសេស នៅពេលដែលឥទ្ធិពលនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវរបស់ចិនកំពុងជ្រៀតចូលទៅក្នុងទ្វីបនានា ដូចជា អាស៊ី អាហ្វ្រិក និងអឺរ៉ុប ជាដើម ហើយវាស្ថិតចំពេលមួយដែលប្រទេសចិនត្រូវបានគេមើលឃើញថា កំពុងធ្វើដំណើរឆ្ពោះទៅរកការរៀបចំខ្លួនដើម្បីក្លាយជាមហាអំណាចទីមួយជំនួសសហរដ្ឋអាម៉េរិកក្នុងពេលអានាគត។

មានសំណួរជាច្រើន ដែលគេបានសួរពាក់ព័ន្ធនឹងប្រភពនៃ COVID-19 នេះ។ មានមតិខ្លះលើកឡើងថា ជាធម្មតា អ្នកស្រុក វ៉ូហាន និងប្រជាជននៅកន្លែងផ្សេងទៀត ក៏ធ្លាប់បរិភោគសាច់សត្វប្រចៀវនិងសាច់សត្វព្រៃដទៃទៀតតាំងពីយូរមកហើយ ហេតុអ្វីបានជា COVID-19 ទើបតែកើតនៅពេលនេះ? លើសពីនេះទៀត ការអះអាងថា COVID-19 មានប្រភពពីសត្វប្រចៀវនោះ ក៏មិនទាន់បានបង្ហាញទឡ្ហីករណ៍ ឬការបកស្រាយបែបវិទ្យាសាស្ត្រជាក់លាក់ដែរ ថាតើប្រចៀវនោះវាមាន COVID-19 តាមរបៀបណាដែរ មុននឹងវាចម្លងទៅសត្វដទៃ រហូតរាលដាលដល់មនុស្ស។ ម្យ៉ាងទៀត ការសន្និដ្ឋាននោះ វាក៏ហាក់ដូចជាលឿនពេក គ្រាន់តែមានការផ្ទុះ COVID-19 ភ្លាម ការសន្និដ្ឋានក៏កើតមានភ្លាមៗដែរ វាហាក់ដូចជាមានការរៀបចំ ឬការសន្មតទុកជាមុន។

ចំពោះការអះអាងថា COVID-19 អាចជាមេរោគសិប្បនិម្មិត ថ្វីបើមិនទាន់មានភស្តុតាងគ្រប់គ្រាន់និងរឹងមាំក៏ដោយ ក៏យើងមិនទាន់អាចបដិសេធបានដាច់ខាតដែរ ពីព្រោះប្រទេសមហាអំណាចនៅលើពិភពលោក សុទ្ធតែត្រូវបានគេអះអាងថា មានសត្ថភាពក្នុងការផលិតអាវុធមហាប្រល័យ រួមមាន អាវុធបរមាណូ អាវុធគីមី និងអាវុធជីវសាស្ត្រ ហើយ COVID-19 នេះគឺជាផ្នែកមួយនៃអាវុធជីវសាស្ត្រ។ បញ្ហានៅត្រង់ថាតើ ចិននិងអាម៉េរិក រកភស្តុតាងមិនទាន់ឃើញ ឬមហាអំណាចទាំងពីរនេះ មិនចង់បង្ហាញភស្តុងតាង ដោយសារតែខ្លួនសុទ្ធតែអាចជាប់ពាក់ព័ន្ធក្នុងការសង្ស័យអំពីការនៅពីក្រោយ COVID-19 នេះ។

ការសន្និដ្ឋានបែបនេះ មិនមែនគ្មានមូលដ្ឋាននោះទេ សូមពិនិត្យមើលពេលមានការផ្ទុះជំងឺនេះភ្លាម អ្នកជំនាញអ៊ីស្រាអែល ជាជនជាតិនៃប្រទេសមួយដែលគេដឹងថាមានទំនាក់ទំនងល្អជាមួយសហរដ្ឋអាម៉េរិក បានប្រញាប់ប្រញាល់ចេញបទវិភាគមួយភ្លាមៗដោយមានចេតនាចោទប្រកាន់ថា ប្រទេសចិនអាចជាអ្នកនៅពីក្រោយមេរោគនោះ។ បន្ទាប់មកអាម៉េរិក បានសុំខ្លួនជួយធ្វើអន្តរគមន៍ដល់ចិនចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺនេះដែលអាចបង្ហាញថា អាម៉េរិកពិតជាមានការយល់ដឹង និងមានបទពិសោធអំពីមេរោគនេះ តែត្រូវចិនបដិសេធ។ ហើយបន្ទាប់មក អាម៉េរិកបានអះអាងថា ខ្លួនបានរកឃើញវ៉ាក់សាំងការពារជំងឺនេះ លើសពីនេះទៀត ក៏មានអ្នកនយោបាយអាម៉េរិកខ្លះ បានហៅមេរោគកូរ៉ូណាប្រភេទថ្មីនេះដោយភ្ជាប់នឹងពាក្យវ៉ូហាន «Wuhan Virus» ជាដើម ដែលជាចេតនាសន្មតថា ចិនគឺជាអ្នកនៅពីក្រោយ ឬអ្នកទទួលខុសត្រូវអំពី COVID-19 នេះ។

ដោយឡែក យោងតាមការតាមដានព្រឹត្តិការណ៍អន្តរជាតិ យើងបានមើឃើញថា ខណៈ COVID-19 កំពុងឆ្លងរាលដាលលើប្រទេសជាង១៧០នេះ ប្រទេសរុស្ស៊ីដែលជាមហាអំណាចមួយដែរ មានការឆ្លងរីករាលដាលជំងឺនេះតែបន្តិបន្តួចប៉ុណ្ណោះ ហើយប្រទេសនេះក៏ជាប្រទេសជិតខាងមួយរបស់ចិនដែលបិទព្រំដែនជាមួយចិនមុនគេដែរ។ ទាំងអស់នេះអាចបង្ហាញថា រុស្ស៊ីបានដឹងនិងស្គាល់អំពី COVID-19 នេះច្បាស់ណាស់ ដូច្នេះហើយ ទើបរុស្ស៊ីបានស្ថិតក្នុងស្ថានភាពការពារខ្លួនបានយ៉ាងរឹងមាំ។ លើសពីនេះទៀត រុស្សីក៏ត្រូវបានគេសន្មត់ថាជាប្រទេសមួយដែលមានទិន្នន័យច្បាស់ជាងគេអំពីមេរោគជីវសាស្ត្រ ក៏ដូចជា COVID-19 ដែរ។

យោងតាមការលើកឡើងទាំងអស់ខាងលើ យើងអាចសន្និដ្ឋានបានថា ប្រទេសមហាអំណាចសុទ្ធតែមានការយល់ដឹង ការសិក្សាស្រាវជ្រាវ ការពិសោធអំពីអាវុធជីវសាស្ត្រ ឬមេរោគសិប្បនិម្មិត និងជាកម្មវត្ថុនៃការសង្ស័យអំពីការប្រើប្រាស់អាវុធជីវសាស្ត្រនាពេលកន្លងមក បច្ចុប្បន្ន និងអនាគត។ ចំពោះការសន្និដ្ឋានថាតើ COVID-19 គឺជាមេរោគដែលកើតឡើងបែបធម្មជាតិ ឬកើតឡើងបែបសិប្បនិម្មិត ហើយប្រទេសណាជាអ្នកបង្កើត និងជាអ្នកប្រើប្រាស់វាដែលបានចម្លងដល់មនុស្សជាង២០ម៉ឺននាក់ និងបណ្ដាលឱ្យស្លាប់ជាងមួយម៉ឺននាក់ មានតែមហាអំណាចពាក់ព័ន្ធ អង្គការសុខភាពពិភពលោក និងអង្គការសហប្រជាជាតិទេ ដែលអាចមានសមត្ថភាព និងសមត្ថកិច្ច សិក្សា ស្រាវជ្រាវ អង្កេត និងឆ្លើយបំភ្លឺអំពីចម្ងល់នេះបាន។ ជារួម ពេលនេះ មិនមែនជាពេលដែលពួកមហាអំណាចក៏ដូចជាបណ្តាប្រទេសនានាចោទប្រកាន់គ្នាទៅវិញទៅមកនោះទេ តែជាពេលវេលាមួយដែលបណ្តាប្រទេសទាំងអស់រួមកម្លាំងគ្នាជាធ្លុងមួយដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតដ៏កាចសាហាវនេះ៕

RAC Media

ប្រភព៖ វិទ្យាស្ថានទំនាក់ទំនអន្តរជាតិកម្ពុជា

អត្ថបទទាក់ទង

អត្តពលិកឆ្នើម ឈុន ប៊ុនថន ដណ្ដើមយកមេដាយមាសលើវិញ្ញាសាកីឡារត់ប្រណាំង ៨០០ម៉ែត្រ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកីឡារត់ប្រណាំងដល់កម្ពុជា

(គំនូរនេះគូរឡើងដោយ និស្សិតវិចិត្រកម្ម ព្រហ្ម ពុធវិសាល នៅរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចូលរួមអបអរសាទរ និងកោតសរសើរ ដល់អត្តពលិកឆ្នើម ឈុន ប៊ុនថន ចំពោះការខិតខំប្រឹងប្រែងដណ្តើមកិត្តិយសជូនជាតិ)អត្តពលិកឆ្នើម ឈុ...

2023-05-16 08:58:55   Tue, 16,05,2023, 08:58 AM
«គំនូរលោក Keisuke Honda ជាមួយឯកឧត្តមនាយឧត្ដមសេនីយ៍ សៅ សុខា »

កាលពីពេលថ្មីៗនេះ លោកគ្រូ ហេង មុនីផល ដែលបង្រៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើមុខជំនាញវិចិត្រកម្មនៅរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ចេញស្នាដៃគូរគំនូររបស់លោក Keisuke Honda អតីតអ្នកចាត់ការទូទៅបាលទាត់ជម្រើសជាតិក...

2023-05-16 08:43:55   Tue, 16,05,2023, 08:43 AM
ការវិនិយោគរបស់ម៉ាឡេស៊ី

ដោយ៖ ហៃ សាវង្ស វិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា អាជ្ញាធរអភិវឌ្ឍន៍ការវិនិយោគម៉ាឡេស៊ី (Malaysian Investment Development Authority ឬ MIDA) គឺជាទីភ្នាក់ងារជំរុញនិងអភិវឌ្ឍន៍ការវិនិយោគចម្បង...

2023-05-15 03:38:22   Mon, 15,05,2023, 03:38 AM
ឥទ្ធិពលព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ

ដោយ៖ បណ្ឌិត ហែម ឡាច មន្ត្រីនាយកដ្ឋាននីតិសាស្ត្រ នៃវិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសង្គម រាជបណ្ឌិត្យសភាកម្ពុជាប្រជាជាតិខ្មែរជាជាតិសាសន៍មួយមានគ្រឹះ មានមូលដ្ឋានជាតិនិងលក្ខណៈជាតិច្បាស់លាស់ រឹងមាំជាងជាតិនានា...

2023-05-15 02:20:37   Mon, 15,05,2023, 02:20 AM
អត្ថបទស្រាវជ្រាវ៖ «អេលីត និងទ្រឹស្តីអេលីត (Elite and Theories of Elite)» ដោយ៖ អ៊ុំ ប៉ុម

(បណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា)សេចក្តីផ្តើម នៅក្នុងសង្គមបច្ចុប្បន្ន មិនថាឡើយសង្គមនោះស្ថិតក្នុងលំហភូមិសាស្រ្តនៃប្រទេស ណាមួយនោះ ទេ ពួកអេលីតត្រូវបានគេទទួលស្គាល់ថាជាអ្នកដែលមានតួនាទី និងកា...

2023-05-11 11:18:20   Thu, 11,05,2023, 11:18 AM
អត្ថបទស្រាវជ្រាវ៖ «ទស្សនៈនិងជំនឿតូតឹមនិយមរបស់ជនជាតិខ្មែរ (ទស្សនៈ និងជំនឿលើសត្វ)» ដោយ៖ ប៉ាន់ វុត្ថា

(បណ្ឌិត ប៉ាន់ វុត្ថា មន្រ្តីស្រាវជ្រាវនាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិជ្ជា នៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម រាជបណ្ឌិត្យសភាកម្ពុជា)សេចក្តីផ្តើមជំនឿតូតឹម គឺជាជំនឿលើសត្វ និងជំនឿលើដើមឈើ តែក្ន...

2023-05-11 11:07:46   Thu, 11,05,2023, 11:07 AM

សេចក្តីប្រកាស