ព័ត៌មាន

ផលប៉ះពាល់នៃការរីករាលដាលកូវីដ១៩ ចំពោះសេដ្ឋកិច្ចពិភពលោក ដោយ៖ ជឹម សុជាតិ មន្ត្រីផ្នែកសេដ្ឋកិច្ចនៃមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

2020-03-19 14:41:32 ថ្ងៃព្រហស្បតិ៍, 19 មីនា 2020 ម៉ោង 09:41 PM
អ្នកមើល 4861
post_detail

ចំពោះប្រវត្តិវិបត្តិសេដ្ឋកិច្ចពិភពលោក ដែលយើងធ្លាប់ជួបមាន មហាវិបត្តិសេដ្ឋកិច្ច (The Great Depression) (១៩២៩-១៩៣៩) ដែលកើតនៅសហរដ្ឋអាមេរិក ហើយរីករាលដាលដល់អឺរ៉ុប មហាវិបត្តិហិរញ្ញវត្ថុ ឆ្នាំ ២០០៨ និងនាពេលនេះការរីករាលដាលនៃជំងឺកូវីដ១៩ ដែលអ្នកវិភាគបាននិយាយអំពីផលវិបាកអាក្រក់សេដ្ឋកិច្ចពិភព​លោក​​នាពេលបច្ចប្បន្ននេះ។ ចំពោះមហាវិបត្តិសេដ្ឋកិច្ចទសវត្សឆ្នាំ ១៩៣០ (The Great Depression 1930s) អ្នកសេដ្ឋវិទូដ៏ល្បីល្បាញរបស់សតវត្សទី២០ គឺលោក J.M Keynes បានពន្យល់ថាគឺបណ្តាលមកពីការខ្វះតំរូវការ (Aggregate Demand និង Effective Demand) សម្រាប់ការផលិតផលិតផលលើស។ វិបត្តិនេះបាន បណ្តាល ឱ្យក្រុមហ៊ុនជាច្រើននៅសហរដ្ឋអាមេរិកបានក្ស័យធន និងបណ្តេញបុគ្គលិកដែល ចំនួនអ្នកអត់ការងារធ្វើនៅសហរដ្ឋ​អាម៉េរិកនាពេលនោះចំនួន ១៥ លាននាក់ ប្រមាណជា ១៥% នៃប្រជាជនសរុប។ ចំនួនធនាគាររបស់ អាម៉េរិកចំនួនជាងពាក់កណ្តាលបានដួលរលំ ដែលចំពោះបញ្ហានេះអ្នកប្រាជ្ញសេដ្ឋកិច្ចដ៏ល្បីរបស់ពិភពលោកខាងរូបិយវត្ថុ (Monetary Economics) លោក M. Friedman បានបកស្រាយថា អាជ្ញាធររូបិយវត្ថុ (Monetary Authority) សហរដ្ឋអាម៉េរិកមិនបានផ្គត់ផ្គង់រូបិយវត្ថុដល់ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុបានគ្រប់គ្រាន់ ដែលធ្វើឱ្យមានវិបត្តិនេះកាន់តែខ្លាំងឡើង។ ចំពោះវិបត្តិហិញ្ញវត្ថុពិភពលោកឆ្នាំ ២០០៨ គឺបានចាប់ផ្តើមពីការរលំធនាគារដ៏ធំរបស់អាម៉េរិក Lemon Brother តាមរយៈការរំលំប្រព័ន្ធមូលបត្តដែលគាំទ្រដោយបំណុល (Mortgage Backed Security) ដែលប្រព័ន្ធការវិនិយោគនេះ បានយកកំចីទិញផ្ទះ (Mortgage, Subprime Loan) ទៅបោះជាបណ្ណមូលបត្ត (Securitization) ដែលអ្នកទិញមូលបត្តនឹងអាចទទួលការប្រាក់ដែលអ្នកទិញផ្ទះបង់ជាប្រចាំខែ ប៉ុន្តែនៅពេលអ្នកទិញផ្ទះមិនមានលទ្ធភាពបង់ការប្រាក់និងលុយដើម ធ្វើឱ្យវិបត្តិកើតឡើងតែម្តង។ សម្រាប់ ការរីករាលដាលនៃកូវីដ អ្នកវិភាគយើលឃើញាថា សេដ្ឋកិច្ចពិភពលោកបានរងឥទ្ធិពលទាំងពីរនៃប្រពន្ធសេដ្ឋកិច្ចពិភពលោក គី Supply Shock (ការប៉ះពាល់ពីការផ្គត់ផ្គង់) និង Demand Shock (ការប៉ះពាល់តម្រូវការ)។

ចំពោះ Supply Shock (ការប៉ះពាល់ពីការផ្គត់ផ្គង់) ខ្សែច្រវាក់ផលិតកម្ម (Supply Chain) របស់ពិភពលោកត្រូវបានកាត់ផ្តាច់ដែលដំបូងបានកើតឡើងពីប្រទេសចិន ដែលចិនជាប្រទេសមានខ្សែច្រវាក់ផលិតកម្មដ៏ធំមួយរបស់ពិភព​លោក​។ ការបិទទីក្រុង ការបិទប្រលានយន្តហោះ ការបិទកំពង់ផែមិនឱ្យនាវាចូលចត បានកាត់ការដឹកជញ្ជូន វត្ថុធាតុដើម និងគ្រឿងបង្គំនានាសម្រាប់រោងចក្រនានាក្នុងពិភពលោក។ ចំពោះប្រទេសកម្ពុជា ដោយការខ្វះវត្ថុធាតុដើម រោងចក្រកាត់ដេរចំនួន២០០ ត្រូវបានបិទទ្វារ និងកម្មករប្រមាណ១សែន៦ ម៉ឺននាក់ត្រូវព្យួរការងារ។

ចំពោះ Demand Shock (ការប៉ះពាល់តម្រូវការ) ដោយសារតែការជៀសវាងការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ប្រជាជនជនក្នុងពិភពលោកបានឈប់ធ្វើដំណើរ ឬត្រូបង្ខាំងទុក ឈប់មានការជួបជុំ ដែលហេតុជាហេតុធ្វើឱ្យតំរូវការសម្រាប់ទំនិញ និងសេវាកម្មគ្រប់ប្រភេទមានការធ្លាក់ចុះ។ អ្នកសេដ្ឋវិទូបាននិយាយថា អតិផរណា (Inflation) អាចឱ្យយើងដឹងអំពីទំហំនៃ Demand Shock និង Supply Shock ចំពោះសេដ្ឋកិច្ច។ បើសិនជា អតិផរណានៅទ្រឹង មិនមានការកើនឡើង នោះបណ្តាលមកពីតំរូវការមានការធ្លាក់ចុះ។

                                                                 ប្រភព៖ United Nation

អ្នកសេដ្ឋវិទូអន្តរជាតិ បានគណនាសេដ្ឋកិច្ចរបស់ពិភពលោកនឹងខាតបង់ ១ ទ្រីលានដុល្លា សម្រាប់វិបត្តិនៃការរីករាល ដាលនៃកូវិដ ១៩ ដែលកំណើនសេដ្ឋកិច្ចពិភពលោកថយចុះប្រមាណ ១% (សេដ្ឋកិច្ចពិភពលោកមានកំណើនរង្វង់ ៣ ទៅ ៤%)។ ក្នុងឆ្នាំវិបត្តិហិរញ្ញវត្ថុពិភពលោក កំនើនសេដ្ឋកិច្ចរបស់ពិភពលោកគឺ អវិជ្ជមាន -២%។ ដូចនេះស្ថានភាពសេដ្ឋកិច្ចរបស់របស់ពិភពលោកមិនទាន់អាក្រក់ ដូចឆ្នាំ ២០០៨ នាពេលនេះ ប៉ុន្តែការរីករាលដាលនៃជំងឺនេះមិនត្រូវបានទប់ស្កាត់បាននោះទេ វិបត្តិសេដ្ឋកិច្ចពិភពលោកនឹងកាន់តែអាក្រក់ថែមទៀត។ សម្រាប់សេដ្ឋកិច្ចប្រទេសកម្ពុជាយើង ធនាគារអភិវឌ្ឍអាស៊ី (ADB) បានគណនាថាសេដ្ឋកិច្ចកម្ពុជា នឹងខាតបង់ ២ ទៅ ៣% នៃផលិត ផលជាតិសរុប (GDP) សម្រាប់ការរីករាលដាលនៃកូវីដ១៩ ដែលខាតទឹកប្រាក់ប្រមាណ ៥០០ ទៅ ៨០០ លាន ដុល្លា ។ វិស័យទេសចរណ៍របស់កម្ពុជានឹងត្រូវរងគ្រោះជាងគេដោយ ទិន្នន័យចំនួនភ្ញៀវទេសចរណ៍ដែលបានមក លេងn ប្រទេសនៅអាស៊ីក្នុងខែកុម្ភៈ ២០២០ បានធ្លាក់ចុះ ៥០ ទៅ ៩០% បើប្រៀបធៀបរយៈពេលដូចគ្នានឹងឆ្នាំមុន។

វិ័ស័យដែលរងគ្រោះខ្លាំងជាងគេដោយសារកូវីដ១៩ ក្នុងសេដ្ឋកិច្ចពិភពលោក មានវស័យដឹកជញ្ជូន (យន្តហោះ គម នាគមន៍ផ្លូវគោក ផ្លូវទឹក) វិស័យទេសចរណ៍ វិស័យសណ្ឋាគារបដិសណ្ឋារកិច្ច វិស័យផលិតកម្មកម្មន្តសាល វិស័យពាណិជ្ជកម្ម (នាំចេញ និងនាំចូល) និងការវិនិយោគ។ ផលប៉ះពាល់ចំពោះវិស័យ ទេសចរណ៍ គឺអ្នកធ្វើការពាក់ព័ន្ធវិស័យនេះចំនួន ៥០ លាននាក់ ក្នុងពិភពលោកជាពិសេសនៅអាស៊ី នឹងប្រឈមការបាត់បង់ការងារ។ សមាគមន៍អាកាសចរណ៍អន្តរជាតិ (International Air Transport Association) បានគណនា ក្រុមហ៊ុនអាកាសចរណ៍ក្នុងពិភពលោក នឹងបាត់បង់ចំណូលប្រមាណ ៣០ ពាន់លានដុល្លា។

ទីផ្សារមូលបត្តនៅសហរដ្ឋអាមេរិក (Stock Market) មូលបត្តិអាមេរិក បានធ្លាក់ថ្លៃ ជាង១០% ដែលជាការធ្លាក់ថ្លៃដ៏អាក្រក់បំផុតចាប់តាំងពី វិបត្តិឆ្នាំ ២០០៨។ ធនាគារកណ្តាលប្រទេសនានាក្នុងលោកបានបញ្ចុះអត្រាការប្រាក់គោល នយោបាយរបស់ខ្លួន និងបន្ថែមការចំណាយរដ្ឋាភិបាល។ ធនាគារកណ្តាលសហរដ្ឋអាមេរិក បានអនុវត្តគោលនយោ បាយអត្រាការប្រាក់កម្រិតសូន្យ និងរតនាគារអាមេរិក នឹងបញ្ចេញ ទឹកប្រាក់ ៧០០ ប៊ីលានដុល្លា ទិញមួលបត្តិពីទីផ្សារ។ ធនាគារជាតិកម្ពុជា ទំលាក់អត្រាប្រាក់បម្រុងកាតព្វកិច្ច (Reserve Requirement Rate) របស់ខ្លួន នៅ ៧% ដែលនឹងធ្វើឱ្យទឹកប្រាក់ចំនួន ១,៨ ពាន់លានដុល្លា នឹងចូលសេដ្ឋកិច្ចកម្ពុជា។ ធនាគារកណ្តាលរបស់ចិន បានបន្ថែមកម្ចី​ដល់ទីផ្សារហិរញ្ញវត្ថុចំនួន ១៧៤ ពាន់លានដុល្លា និងកាត់បន្ថយអត្រាការប្រាក់ Prime Rate សម្រាប់កំចីដល់វិស័យឯកជនរបស់ចិន សម្រាប់រយៈពេល ១ឆ្នាំ និង៥ឆ្នាំ ចំនួន ០.១% និង ០.០៥%។ ធនាគាកណ្តាលរបស់ជប៉ុន បានទិញមូលបត្តពីទីផ្សាចំនួន ៥៦ ទៅ ១១២ ពាន់លានដុល្លា។ គួរកត់សំគាល់ថាអត្រាការប្រាក់គោលនយោបាយរបស់​ធនាគាកណ្តាលរបស់ប្រទេសធំៗ ក្នុងលោកនាពេលនេះ មានកម្រិតទាបរួចទៅហើយ ដែលនឹងមិនអាចបញ្ចុះ​ថែម​ទៀត ដូចនេះគោលនយោបាយសារពើពន្ធ (Fiscal Policy) ដែលជាចំនាយ រដ្ឋាភិបាល នឹងត្រូវគេអនុវត្ដសម្រាប់ទប់ទល់វិបត្តិ។

តំលៃប្រេងឆៅរបស់ពិភពលោកបានធ្លាក់ចុះយ៉ាងខ្លាំង ពី ៥០ដុល្លា/បារ៉ែល មកត្រឹម ២៥ដុល្លា/បារ៉ែល ឬ ២០ដុល្លា/បារ៉ែល។ សមាគមប្រទេសផលិតប្រេង OPEC បានប្រជុំគ្នាដើម្បីកាត់បន្ថយការផលិតប្រេង ១,៥ mbd (១ mbd ស្មើ ១ពាន់បារ៉េលក្នុង ១ថ្ងៃ)។

ជាសរុបសេចក្តីទៅ យោងតាមបទពិសោធន៍វិបត្តិសេដ្ឋកិច្ចរាប់មិនអស់ពីមុនមកដែលធ្លាប់កើតមាន សេដ្ឋកិច្ចរបស់ពិភពលោក ដែលជាសេដ្ឋកិច្ចប្រទេសនានាក្នុងពិភពលោក នឹងមានការងើបមកវិញ (Recovery)។ សេដ្ឋកិច្ចពិភពលោកនឹងងើបមកវិញ នៅពេលការរីករាលដាលនៃជំងឺកូវីដ១៩ ត្រូវបានទប់ស្កាត់ទាំងស្រុង។ ជានិន្នាការនាពេលនេះ ជំងឺកូវីដ១៩ បានធ្លាក់ចុះនៅប្រទេសចិន ប៉ុន្តែបានកើនឡើងខ្លាំងអឺរ៉ុបគឺអ៊ីតាលី។ ការរីករាលដាលនៃជំងឺកូវីដ១៩នេះ មានរាងជា Normal Distribution ដែលដល់ចំនុចកំពូល វានឹងធ្លាក់ចុះមកវិញ។ ដូចនេះនាពេលនេះយើងមានតែការថែរក្សាសុខភាពរបស់យើងម្នាក់ៗ និងមិនត្រូវមានការភ័យខ្លាចហួសហេតុ ប៉ុន្តែយើងក៏ត្រូវបង្ការ ទុកជាមុនផងដែរ៕

ប្រភព៖

• Keynes, J.M (1936), The General Theory of Employment, Interest and Money

• Friedman, M. and Anna, J.S (1963), A Monetary History of the United States (1867-1960)

• https://www.weforum.org/agenda/2020/03/coronavirus-covid-19-cost-economy-2020-un-trade-economics-pandemic/

• https://www.marketplace.org/2020/03/12/how-the-markets-are-reacting-to-covid-19/

• https://www.bruegel.org/2020/03/three-macroeconomic-issues-and-covid-19/

• https://voxeu.org/article/oil-price-wars-time-covid-19

• https://www.khmertimeskh.com/50703089/nbc-to-reduce-reserve-requirement-interest-rates/

• https://cambodianess.com/article/how-will-covid-19-affect-cambodias-economy

• https://www.forbes.com/sites/marisagarcia/2020/02/21/iata-forecasts-potential-lost-revenue-of-293-billion-from-covid-19-but-thats-not-the-whole-story/#70b532e71464

• https://www.thejakartapost.com/news/2020/03/06/covid-19-impact-far-more-complex-than-2008-crisis-sri-mulyani.html








អត្ថបទទាក់ទង

«ភាពសុខដុមរមនានៃក្រុមជនជាតិភាគតិចចិននៅកម្ពុជា»

ចុះផ្សាយថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ដោយ៖ ហៀង លាងហុង ប្រធានផ្នែកវប្បធម៌វិទ្យា វិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា។RAC Media

2018-11-15 16:57:47   ថ្ងៃព្រហស្បតិ៍, 15 វិច្ឆិកា 2018 ម៉ោង 11:57 PM
«កិច្ចប្រជុំវិសាមញ្ញរបស់វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ...»

នៅរសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នាសាលប្រជុំនៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាពរបស់ឯកឧត្តម...

2018-11-15 16:15:17   ថ្ងៃព្រហស្បតិ៍, 15 វិច្ឆិកា 2018 ម៉ោង 11:15 PM
«បច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និងរូបវិទ្យាចំនួន១៦ ពាក្យត្រូវបានអនុម័ត»

កាលពីថ្ងៃ ពុធ ៧កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និងរូបវិ...

2018-11-15 08:29:36   ថ្ងៃព្រហស្បតិ៍, 15 វិច្ឆិកា 2018 ម៉ោង 03:29 PM
សន្និសីទតំបន់ ស្តីពី «ទំនាក់ទំនងនៅឧបទ្វីបកូរ៉េក្នុង ឆ្នាំ២០១៨ និងពេលខាងមុខ ៖ តថភាពនិងបញ្ហាប្រឈមថ្មី»

ថ្ងៃពុធ ៧កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក អ៊ុច លាង មន្ត្រីវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ទទួលបន្ទុកសិក្សាអាស៊ីនិងអាហ្វ្រិក និងលោក ឡុង ម៉េងហ៊ាងមន...

2018-11-14 09:07:34   ថ្ងៃពុធ, 14 វិច្ឆិកា 2018 ម៉ោង 04:07 PM
«បច្ចេកសព្ទគណៈកម្មការអក្សរសិល្ប៍ ចំនួន០៧ ពាក្យ ត្រូវបានអនុម័ត...»

ថ្ងៃអង្គារ ៦កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តម សូ មុយឃៀង បានបន្តប្រជុំ ពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្ប៍ បានចំនួន០៧ពាក្យ...

2018-11-14 08:40:56   ថ្ងៃពុធ, 14 វិច្ឆិកា 2018 ម៉ោង 03:40 PM
«ការដាក់ឱ្យដំណើរការកម្មវិធីសិក្សាពីគោលនយោបាយបរិស្ថានតាមប្រព័ន្ធអនឡាញនៅកម្ពុជាឆ្នាំ២០១៨»

វិទ្យាស្ថានបរិស្ថានកូរ៉េ (KEI) បានផ្តួចផ្តើមកម្មវិធីសិក្សាគោលនយោបាយអនឡាញ​ដោយ​សហការ​ដំណើរ​ការ​ជាមួយ​រាជបណ្ឌិត្យសភាកម្ពុជា។ ការសិក្សាកម្មវិធីនយោបាយអនឡាញនេះ នឹងដំណើរការដោយពីរភាសាគឺមាន​វគ្គ​​ជា​​ភាសា​​ខ្ម...

2018-11-14 04:32:38   ថ្ងៃពុធ, 14 វិច្ឆិកា 2018 ម៉ោង 11:32 AM

សេចក្តីប្រកាស