Royal Academy of Cambodia
ភាសាវិទ្យាគឺជាវិទ្យាសាស្ត្រដែលសិក្សាអំពីភាសា អំពីរបៀបដែលភាសាដំណើរការ អំពីរបៀបដែលភាសាទទួល និង អំពីរបៀបដែលមនុស្សប្រើប្រាស់ដើម្បីទាក់ទងគ្នា ។ ភាសាវិទ្យា គឺជាមុខវិជ្ជាវិទ្យាសាស្ត្រ ហើយ មុខវិជ្ជានេះ មានទាំងទ្រឹស្តី និង អនុវត្តន៍ជាក់ស្តែង ។ តើភាសាវិទ្យាសិក្សាអំពីអ្វី ? តើហេតុអ្វីចាំបាច់សិក្សាភាសាវិទ្យា? តើការសិក្សាអំពីភាសាវិទ្យាបានផ្តល់ការងារអ្វីខ្លះ ?
នៅក្នុងការសិក្សា ភាសាវិទ្យា មានមែកធាងសិក្សាមួយចំនួន ដូចជា សូរវិទ្យា សទ្ទតាវិទ្យា រូបសព្ទវិទ្យា សម្ព័ន្ធវិទ្យា ន័យវិទ្យា និង ការណវិទ្យា ។ សូរវិទ្យា ទាក់ទងនឹងការបន្លឺសូរ ការស្តាប់សូរ ការលឺសូរ របស់បុគ្គលម្នាក់ នៅពេលនិយាយ ។ សទ្ទតាវិទ្យា គឺជាការសិក្សាអំពីប្រព័ន្ធសូរនៅក្នុងភាសា នៅពេលដែល រូបសព្ទវិទ្យា សិក្សាអំពីរចនាសម្ព័ន្ធរបស់ពាក្យ ។ សម្ព័ន្ធវិទ្យា សិក្សាអំពីរចនាសម្ព័ន្ធរបស់ល្បះ ចំណែកឯ ន័យវិទ្យា សិក្សាអំពីន័យរបស់ពាក្យ ហើយ ការណវិទ្យា សិក្សាអំពីភាសានៅក្នុងបរិបទ ។
ជាមួយគ្នានេះ ភាសាវិទ្យា ក៏សិក្សាផងដែរអំពីការស្វែងរកធម្មជាតិនៃពិពិធកម្មភាសា មានដូចជា យោបាយ ការសិក្សាអំពីបម្រែបម្រួលភាសា បុព្វហេតុដែលធ្វើឱ្យភាសាមានការប្រែប្រួល ការសិក្សាអំពីភាសាដែលមានការបាត់បង់និងធ្វើនិម្មាបនកម្មភាសា របៀបដែលភាសាដំណើរការនិងរក្សាទុកនៅក្នុងខួរក្បាល របៀបដែលក្មេងទទួលយកភាសា សិក្សាអំពីរបៀបរៀបចំធ្វើវចនានុក្រម សិក្សាអំពីរបៀបសរសេរវេយ្យាករណ៍ និង សិក្សាអំពីរបៀបចងក្រងទិន្នន័យអំពីភាសាតាមប្រព័ន្ធបច្ចេកវិទ្យា ជាដើម។
ភាសាវិទ្យានាពេលបច្ចុប្បន្នមានវិសាលភាពធំធេងណាស់ ក្នុងការអប់រំសាធារណជន ពីព្រោះមុខវិជ្ជានេះ មានការរីកចម្រើន និង ធ្វើឱ្យគេចាប់អារម្មណ៍ជាខ្លាំង ដោយសារមុខវិជ្ជានេះ មានឥទ្ធិពល យ៉ាងសំខាន់ និង ទាក់ទងមុខវិជ្ជាដទៃទៀត ដូចជា ចិត្តវិទ្យា ទស្សនវិជ្ជា អប់រំ ការបង្រៀនភាសា សង្គមវិទ្យា នរវិទ្យា វិទ្យាសាស្ត្រកុំព្យូទ័រ និង បញ្ញាសិប្បនិម្មិត្ត ។
ភាសាវិទូ មានចំណេះដឹងច្រើនអំពីរបៀបដែលភាសាដំណើរការ ជាជាង មានលទ្ធភាពនិយាយ ភាសាបានច្រើន ។ ពហុភាសាវិទូ គឺជាអ្នកដែលចេះនិយាយភាសាច្រើន ចំណែកឯភាសាវិទូ មិនបង្រៀនឱ្យអ្នកនិយាយភាសាបានច្រើននោះទេ ។ អាស្រ័យហេតុនេះ តើការសិក្សាអំពីភាសាវិទ្យា មានសារៈសំខាន់អ្វីខ្លះ ?
ភាសាវិទ្យា ជួយឱ្យយើងយល់អំពីពិភពលោករបស់យើង ពីព្រោះថា ភាសានីមួយៗ ប្រៀបបានទៅនឹងពូជរបស់មនុស្ស។ ភាសាវិទ្យា ផ្តិតយកការគិតរបស់មនុស្សទូទាំងពិភពលោក ហើយ មានមធ្យោបាយផ្ទាល់ក្នុងការបង្កើតពាក្យ កន្សោមពាក្យ ល្បះ ដើម្បីបង្ហាញគំនិត ។ នៅពេលដែលយើងប្រៀបធៀបពាក្យ និង រចនាសម្ព័ន្ធរបស់ភាសាផ្សេងៗ យើងកាន់តែខិតចូលទៅជិតកាន់តែខ្លាំងអំពីពិភពលោក ។ ផ្តើមចេញអំពីការយល់អំពីភាពស្មុគ្រស្មាញរបស់ភាសាពិភពលោក ចំណេះដឹងខាងភាសាវិទ្យា អាចយកទៅអនុវត្តបានដើម្បីជួយកែលំអទំនាក់ទំនងរវាងមនុស្សនិងមនុស្ស ដោយចូលរួមវិភាគទានក្នុងការបកស្រាយសកម្មភាពរបស់មនុស្ស ជួយកាត់បន្ថយអនក្ខរភាព និង ជួយព្យាបាលភាពមិនប្រក្រតីខាងការនិយាយរបស់មនុស្សថែមទៀតផង ។ មិនត្រឹមតែប៉ុណ្ណោះ ការបណ្ដុះបណ្តាលភាសាវិទ្យា គឺពិតជាមានតម្លៃខ្លាំងណាស់ សម្រាប់ការរៀននិងបង្រៀនភាសា ។
ភាសាវិទ្យា ជួយឱ្យយើងមានអំណាចលើមនុស្ស ពីព្រោះ ភាសាចាប់យករបៀបដែលមនុស្សទទួលយកពិភពលោកជុំវិញខ្លួនយើង និង ចាប់យករបៀបដែលយើងទាក់ទងជាមួយនឹងអ្នកដទៃទៀត មិនត្រឹមតែប៉ុណ្ណោះ ភាសាវិទ្យា អាចកំណត់ថា យើងជាអ្នកណា ។ ភាសាកំណើត ដែលយើងនិយាយតាំងពីតូច គឺជាភាសាដែលបង្ហាញអំពីអ្វីដែលយើងបានឮ ដែលគេហៅថាភាសាបេះដូង ។ សហគមន៍ភាសាជនជាតិភាគតិចភាគច្រើន មានព្រំដែនកំណត់ដោយសារមូលដ្ឋានវប្បធម៌ ឬ ពីព្រោះតែបេះដូងភាសារបស់ពួកគេ មិនមែនជាភាសាដែលមានអំណាច ។ ជាលទ្ធផល ភាសារបស់សហគមន៍ជនជាតិភាគតិចរាប់សិបពាន់ មិនបានទទួលការសិក្សាអប់រំ ដើម្បីឱ្យពួកគេយល់បានអំពីភាសាកំណើតរបស់ពួកគេនោះ។ អាស្រ័យហេតុនេះ សហគមន៍ជនជាតិភាគតិច ជាប់ក្នុងអន្ទាក់នៃភាពក្រីក្រ មានការរើសអើង ហើយជាងនេះទៀតនោះ ពួកគេមិនមែនជាផ្នែកមួយនៃភាសានិងវប្បធម៌របស់ក្រុមមនុស្សភាគច្រើននៅក្នុងសង្គម ។
ក្រោយពីបញ្ចប់ការសិក្សាភាសាវិទ្យានៅរាជបណ្ឌិត្យសភាកម្ពុជា ជ័យលាភីអាចស្វែងរកការងារទាក់ទងនឹងមុខវិជ្ជាភាសាវិទ្យារបស់ខ្លួនបាន ដូចជា អ្នកបកប្រែភាសា បណ្ណាធិការកាសែត បណ្ណាធិការទស្សនាវដ្តី បណ្ណាធិការរោងពុម្ព បណ្ណាធិការបណ្តាញសង្គម គ្រូបង្រៀនភាសាខ្មែរ គ្រូបង្រៀនភាសាខ្មែរសម្រាប់ជនបរទេស វចនានុក្រមវិទូ វេយ្យាករណិក អ្នកជំនាញវិភាគភាសាលើប្រព័ន្ធបច្ចេកវិទ្យា អ្នករៀបចំអភិវឌ្ឍកម្មវិធីសិក្សាខាងភាសា អ្នកអភិវឌ្ឍប្រព័ន្ធសំណេរនិងអក្ខរាវិរុទ្ធ អ្នកផ្សព្វផ្សាយអំពីការងារក្នុងប្រព័ន្ធឌីជីថល និង អ្នកស្រាវជ្រាវសង្គម ជាដើម ។
RAC Media
ប្រភព៖ វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា
ថ្លែងសុន្ទករថាបើកវេទិកាវិទ្យាសាស្ត្រ ក្នុងសប្ដាហ៍ផ្លាស់ប្ដូរការអប់រំ ចិន-អាស៊ាន នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ពីខេត្តគួយចូវ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា...
In the ever-evolving landscape of international relations, Cambodia's strategic partnership with Japan has played a significant role in shaping the country's development and progress. As the Indo-Paci...
The visit of Chinese Foreign Minister Wang Yi in Cambodia from August 12-13, 2023 holds immense significance, not only for the bilateral relations between the two nations but also for the broader regi...
ស្រែអំពិល គឺជាឈ្មោះភូមិមួយស្ថិតនៅក្នុងឃុំឈើទាល ស្រុកគៀនស្វាយ ខេត្ត កណ្តាល ហើយក៏ជាភូមិមួយបន្សល់ទុកគ្រឹះប្រាសាទយ៉ាងច្រើន ដែលនៅរាយពាសពេញបរិវេណនៃតំបន់ទាំងមូល ព្រមទាំងបំណែកកុលាលភាជន៍ ជាច្រើននៅរាយប៉ាយតាមទ...
The present small-scale study examined the relationship between integrative and instrumental motivation and English proficiency among Cambodian university students. The participants were seventy-two (...