ព័ត៌មាន

សារៈសំខាន់នៃការសិក្សាមុខវិជ្ជាភាសាវិទ្យានៅរាជបណ្ឌិត្យសភាកម្ពុជា ដោយ៖ បណ្ឌិត វង្ស មេង អនុប្រធានវិទ្យាស្ថានភាសាជាតិ

2020-03-19 14:24:27 ថ្ងៃព្រហស្បតិ៍, 19 មីនា 2020, 02:24 PM
post_detail

ភាសាវិទ្យាគឺជាវិទ្យាសាស្ត្រដែលសិក្សាអំពីភាសា អំពីរបៀបដែលភាសាដំណើរការ អំពីរបៀបដែលភាសាទទួល និង អំពីរបៀបដែលមនុស្សប្រើប្រាស់ដើម្បីទាក់ទងគ្នា ។ ភាសាវិទ្យា គឺជាមុខវិជ្ជាវិទ្យាសាស្ត្រ ហើយ មុខវិជ្ជានេះ មានទាំងទ្រឹស្តី និង អនុវត្តន៍ជាក់ស្តែង ។ តើភាសាវិទ្យាសិក្សាអំពីអ្វី ? តើហេតុអ្វីចាំបាច់សិក្សាភាសាវិទ្យា? តើការសិក្សាអំពីភាសាវិទ្យាបានផ្តល់ការងារអ្វីខ្លះ ?

នៅក្នុងការសិក្សា ភាសាវិទ្យា មានមែកធាងសិក្សាមួយចំនួន ដូចជា សូរវិទ្យា សទ្ទតាវិទ្យា រូបសព្ទវិទ្យា សម្ព័ន្ធវិទ្យា ន័យវិទ្យា និង ការណវិទ្យា ។ សូរវិទ្យា ទាក់ទងនឹងការបន្លឺសូរ ការស្តាប់សូរ ការលឺសូរ របស់បុគ្គលម្នាក់ នៅពេលនិយាយ ។ សទ្ទតាវិទ្យា គឺជាការសិក្សាអំពីប្រព័ន្ធសូរនៅក្នុងភាសា នៅពេលដែល រូបសព្ទវិទ្យា សិក្សាអំពីរចនាសម្ព័ន្ធរបស់ពាក្យ ។ សម្ព័ន្ធវិទ្យា សិក្សាអំពីរចនាសម្ព័ន្ធរបស់ល្បះ ចំណែកឯ ន័យវិទ្យា សិក្សាអំពីន័យរបស់ពាក្យ ហើយ ការណវិទ្យា សិក្សាអំពីភាសានៅក្នុងបរិបទ ។

ជាមួយគ្នានេះ ភាសាវិទ្យា ក៏សិក្សាផងដែរអំពីការស្វែងរកធម្មជាតិនៃពិពិធកម្មភាសា មានដូចជា យោបាយ ការសិក្សាអំពីបម្រែបម្រួលភាសា បុព្វហេតុដែលធ្វើឱ្យភាសាមានការប្រែប្រួល ការសិក្សាអំពីភាសាដែលមានការបាត់បង់និងធ្វើនិម្មាបនកម្មភាសា របៀបដែលភាសាដំណើរការនិងរក្សាទុកនៅក្នុងខួរក្បាល របៀបដែលក្មេងទទួលយកភាសា សិក្សាអំពីរបៀបរៀបចំធ្វើវចនានុក្រម សិក្សាអំពីរបៀបសរសេរវេយ្យាករណ៍ និង សិក្សាអំពីរបៀបចងក្រងទិន្នន័យអំពីភាសាតាមប្រព័ន្ធបច្ចេកវិទ្យា ជាដើម។

ភាសាវិទ្យានាពេលបច្ចុប្បន្នមានវិសាលភាពធំធេងណាស់ ក្នុងការអប់រំសាធារណជន ពីព្រោះមុខវិជ្ជានេះ មានការរីកចម្រើន និង ធ្វើឱ្យគេចាប់អារម្មណ៍ជាខ្លាំង ដោយសារមុខវិជ្ជានេះ មានឥទ្ធិពល យ៉ាងសំខាន់ និង ទាក់ទងមុខវិជ្ជាដទៃទៀត ដូចជា ចិត្តវិទ្យា ទស្សនវិជ្ជា អប់រំ ការបង្រៀនភាសា សង្គមវិទ្យា នរវិទ្យា វិទ្យាសាស្ត្រកុំព្យូទ័រ និង បញ្ញាសិប្បនិម្មិត្ត ។

ភាសាវិទូ មានចំណេះដឹងច្រើនអំពីរបៀបដែលភាសាដំណើរការ ជាជាង មានលទ្ធភាពនិយាយ ភាសាបានច្រើន ។ ពហុភាសាវិទូ គឺជាអ្នកដែលចេះនិយាយភាសាច្រើន ចំណែកឯភាសាវិទូ មិនបង្រៀនឱ្យអ្នកនិយាយភាសាបានច្រើននោះទេ ។ អាស្រ័យហេតុនេះ តើការសិក្សាអំពីភាសាវិទ្យា មានសារៈសំខាន់អ្វីខ្លះ ?

ភាសាវិទ្យា ជួយឱ្យយើងយល់អំពីពិភពលោករបស់យើង ពីព្រោះថា ភាសានីមួយៗ ប្រៀបបានទៅនឹងពូជរបស់មនុស្ស។ ភាសាវិទ្យា ផ្តិតយកការគិតរបស់មនុស្សទូទាំងពិភពលោក ហើយ មានមធ្យោបាយផ្ទាល់ក្នុងការបង្កើតពាក្យ កន្សោមពាក្យ ល្បះ ដើម្បីបង្ហាញគំនិត ។ នៅពេលដែលយើងប្រៀបធៀបពាក្យ និង រចនាសម្ព័ន្ធរបស់ភាសាផ្សេងៗ យើងកាន់តែខិតចូលទៅជិតកាន់តែខ្លាំងអំពីពិភពលោក ។ ផ្តើមចេញអំពីការយល់អំពីភាពស្មុគ្រស្មាញរបស់ភាសាពិភពលោក ចំណេះដឹងខាងភាសាវិទ្យា អាចយកទៅអនុវត្តបានដើម្បីជួយកែលំអទំនាក់ទំនងរវាងមនុស្សនិងមនុស្ស ដោយចូលរួមវិភាគទានក្នុងការបកស្រាយសកម្មភាពរបស់មនុស្ស ជួយកាត់បន្ថយអនក្ខរភាព និង ជួយព្យាបាលភាពមិនប្រក្រតីខាងការនិយាយរបស់មនុស្សថែមទៀតផង ។ មិនត្រឹមតែប៉ុណ្ណោះ ការបណ្ដុះបណ្តាលភាសាវិទ្យា គឺពិតជាមានតម្លៃខ្លាំងណាស់ សម្រាប់ការរៀននិងបង្រៀនភាសា ។

ភាសាវិទ្យា ជួយឱ្យយើងមានអំណាចលើមនុស្ស ពីព្រោះ ភាសាចាប់យករបៀបដែលមនុស្សទទួលយកពិភពលោកជុំវិញខ្លួនយើង និង ចាប់យករបៀបដែលយើងទាក់ទងជាមួយនឹងអ្នកដទៃទៀត មិនត្រឹមតែប៉ុណ្ណោះ ភាសាវិទ្យា អាចកំណត់ថា យើងជាអ្នកណា ។ ភាសាកំណើត ដែលយើងនិយាយតាំងពីតូច គឺជាភាសាដែលបង្ហាញអំពីអ្វីដែលយើងបាន​ឮ ដែលគេហៅថាភាសាបេះដូង ។ សហគមន៍ភាសាជនជាតិភាគតិចភាគច្រើន មានព្រំដែនកំណត់ដោយសារមូល​ដ្ឋានវប្បធម៌ ឬ ពីព្រោះតែបេះដូងភាសារបស់ពួកគេ មិនមែនជាភាសាដែលមានអំណាច ។ ជាលទ្ធផល ភាសារបស់​សហ​គមន៍​ជនជាតិភាគតិចរាប់សិបពាន់ មិនបានទទួលការសិក្សាអប់រំ ដើម្បីឱ្យពួកគេយល់បានអំពីភាសាកំណើតរបស់ពួក​គេនោះ។ អាស្រ័យហេតុនេះ សហគមន៍ជនជាតិភាគតិច ជាប់ក្នុងអន្ទាក់នៃភាពក្រីក្រ មានការរើសអើង ហើយជាងនេះ​ទៀតនោះ ពួកគេមិនមែនជាផ្នែកមួយនៃភាសានិងវប្បធម៌របស់ក្រុមមនុស្សភាគច្រើននៅក្នុងសង្គម ។

ក្រោយពីបញ្ចប់ការសិក្សាភាសាវិទ្យានៅរាជបណ្ឌិត្យសភាកម្ពុជា ជ័យលាភីអាចស្វែងរកការងារទាក់ទងនឹងមុខវិជ្ជាភាសាវិទ្យារបស់ខ្លួនបាន ដូចជា អ្នកបកប្រែភាសា បណ្ណាធិការកាសែត បណ្ណាធិការទស្សនាវដ្តី បណ្ណាធិការរោងពុម្ព បណ្ណាធិការបណ្តាញសង្គម គ្រូបង្រៀនភាសាខ្មែរ គ្រូបង្រៀនភាសាខ្មែរសម្រាប់ជនបរទេស វចនានុក្រមវិទូ វេយ្យាករ​ណិក អ្នកជំនាញវិភាគភាសាលើប្រព័ន្ធបច្ចេកវិទ្យា អ្នករៀបចំអភិវឌ្ឍកម្មវិធីសិក្សាខាងភាសា អ្នកអភិវឌ្ឍប្រព័ន្ធសំណេរនិងអក្ខរាវិរុទ្ធ អ្នកផ្សព្វផ្សាយអំពីការងារក្នុងប្រព័ន្ធឌីជីថល និង អ្នកស្រាវជ្រាវសង្គម ជាដើម ។

RAC Media

ប្រភព៖ វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា


 

អត្ថបទទាក់ទង

«កម្ពុជាឈ្នះមេដាយមាស២គ្រឿងពីការប្រកួតកីឡាប៉េតង់ពិភពលោក»

ក្រុមកីឡាប៉េតង់កម្ពុជា បានឈ្នះមេដាយមាសចំនួន២គ្រឿងពីព្រឹត្តិការណ៍ការប្រកួត ប៉េតង់កម្រិតពិភពលោក Trophee L'Equipe នៅប្រទេសបារាំង ដោយកីឡាការិនី អ៊ុន ស្រីយ៉ា លើវិញ្ញាវាយទោលព្រមទាំងកីឡាការិនី កែ ឡេងនិង អ៊ុក...

2018-10-13 15:12:48   Sat, 13,10,2018, 03:12 PM
«សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើមាតុភូមិនិវត្តន៍ ដោយសុខសុវត្ថិភាព»

នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកដល់មាតុប្រទេសវិញ ដោយសុវត្តិភាពហើយ បន្ទាប់...

2018-10-12 09:12:08   Fri, 12,10,2018, 09:12 AM
«អង្ករកម្ពុជាឈ្នះពានរង្វាន់អង្ករល្អជាងគេបំផុត ក្នុងពិភពលោក ឆ្នាំ២០១៨»

(ហាណូយ,វៀតណាម)៖ អង្ករក្រអូបប្រណិតរបស់កម្ពុជា បានឈ្នះពានរង្វាន់ជាអង្ករល្អជាងគេបំផុត ក្នុងពិភពលោក សម្រាប់ឆ្នាំ២០១៨នេះ។នេះបើតាមការបញ្ជាក់របស់ លោក មូល សារិទ្ធី អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាប្រាប់ប...

2018-10-12 08:57:44   Fri, 12,10,2018, 08:57 AM
«សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើមាតុភូមិនិវត្តន៍»

នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកកាន់មាតុប្រទេសវិញហើយបន្ទាប់ពីបានអ...

2018-10-12 08:48:00   Fri, 12,10,2018, 08:48 AM
«សសរស្តម្ភ​ថ្មី​ចំនួន​៣ ស្ថិត​ក្នុងចំណោម​យុទ្ធសាស្ត្រ​ចម្បង​នៃ​យុទ្ធសាស្ត្រ​ក្រុង​តូ​ក្យូ ឆ្នាំ​២០១៨»

ថ្ងៃពុធ ទី១០ ខែតុលា ឆ្នាំ២៩១៨​មេដឹកនាំ​ប្រទេស​មេគង្គ និង​ជប៉ុន សម្រេចបាន​នូវ​ផែនការ​យុទ្ធសាស្ត្រ​រួមគ្នា​ជាច្រើន នា​អំឡុង​នៃ​កិច្ចប្រជុំ​កំពូល​លើក​ទី​១០​នៅ​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ពីថ្ងៃ​ទី​៩ ដល់​ថ...

2018-10-10 16:56:49   Wed, 10,10,2018, 04:56 PM
មេគង្គ-ជប៉ុន និង មេគង្គ-ឡានឆាង«តើជប៉ុនអាចធ្វើបន្សាបឥទ្ធិពលចិននៅតំបន់មេគង្គទេ?»

2018-10-10 16:42:55   Wed, 10,10,2018, 04:42 PM

សេចក្តីប្រកាស