Royal Academy of Cambodia
នៅពេលនេះ ជំងឺរលាកផ្លូដង្ហើមប្រភេទថ្មី ឬ Coronavirus Disease-19 (Covid-19) កំពុងរាតត្បាតស្ទើរពេសពេញពិភពលោក (Pandemic)។ ស្ថិតក្នុងស្ថានការណ៍បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំប្រទេស អង្គការជាតិ អន្តរជាតិនានាទូទាំងសកលលោកបានចាត់វិធានការណែនាំអប់រំផ្សព្វផ្សាយប្រជាជន និងចេញវិធានការតឹងរឹងមួយចំនួនជាចាំបាច់ ដើម្បីទប់ស្កាត់ការចម្លងរាតត្បាតនៃមេរោគរលាកផ្លូវដង្ហើមថ្មីនេះកាន់តែធ្ងន់ធ្ងរ។ វិធានការនានាដែលត្រូវអនុវត្តទាំងនោះ រួមមាន ការផ្អាកការឆ្លង កាត់ព្រំដែនរវាងប្រទេសនិងប្រទេសទាំងផ្លូវគោក ទឹក និងអាកាស ការដាក់ឱ្យអនុវត្តវិស្សមកាលមុនកាលកំណត់នៅតាមគ្រឹះស្ថានគ្រប់កម្រិតសិក្សា ការផ្អាកពិធីជួបជុំសាសនានានា បិទរោងភាពយន្ត និងកន្លែងជួបជុំកម្សាន្តនានា។
ក្នុងអំឡុងពេលនៃការរាតត្បាត Covid-19 ជាសកល ចង់ឬពុំចង់ តិចឬច្រើន វិធានការខាងលើនេះប្រាកដជានាំឱ្យមានផលប៉ះពាល់ដល់អារម្មណ៍របស់ប្រជាជនទូទាំងពិភពលោកដែលអាចនាំឈានទៅដល់ជំងឺថប់បារម្ភកាន់តែស្មុគស្មាញខ្លាំងឡើងអំពី ស្ថានភាពនៃការរាតត្បាតនៃមេរោគផង ព្រួយបារម្ភអំពីសុខភាពផ្ទាល់ខ្លួនផង និងសុខភាពរបស់មនុស្សជាទីស្រលាញ់របស់ខ្លួនផង។ ជាការឆ្លើយតបទៅនឹងស្ថានភាពខាងលើនេះ អង្គការសុខភាពពិភពលោក (WHO) និងក្រសួងសុខាភិបាលបានណែនាំអំពី វិធីសាស្រ្តជាគន្លឹះមួយចំនួន ដើម្បីជួយប្រជាជនរស់នៅលើសកលលោកឱ្យកាត់បន្ថយអារម្មណ៍ធុញថប់ ដោះស្រាយភាពតានតឹងក្នុងបរិបទនៃការរស់នៅបែបថ្មីដំណាក់កាលផ្ទុះរាតត្បាតជំងឺកូវីដ ១៩នេះ ដែលមានខ្លឹមសារដូចខាងក្រោម៖
១. អំឡុងពេលមានវិបត្តិ ជាធម្មតាអ្នកមានអារម្មណ៍ទុក្ខព្រួយសោកសៅ តានតឹងផ្លូវចិត្ត ច្របូកច្របល់ ភ័យខ្លាច ឬខឹងមួរម៉ៅជាដើម។ សូមនិយាយជជែកជាមួយមនុស្សដែលអ្នកទុកចិត្ត ដូចជា មិត្តភក្តិ និងក្រុមគ្រួសារ។
២. ប្រសិនបើអ្នកត្រូវតែសម្រាកនៅផ្ទះ សូមរក្សារបៀបរស់នៅប្រកបដោយសុខភាពល្អ រួមមាន បរិភោគអាហារឱ្យបានត្រឹមត្រូវ គេងឱ្យបានគ្រប់គ្រាន់ ហាត់ប្រាណឱ្យបានទៀងទាត់ ហើយរក្សាទំនាក់ទំនងក្នុងសង្គមជាមួយមនុស្សជាទីស្រលាញ់នៅផ្ទះរបស់អ្នក ឬតាមរយៈសារអ៊ីម៉ែល ទូរសព្ទ និងបណ្តាញសង្គមនានាជាមួយក្រុមគ្រួសារនិងមិត្តភក្តិដទៃ។
៣. សូមកុំពិសាបារី គ្រឿងស្រវឹង ឬសារធាតុញៀនផ្សេងៗ ដើម្បីដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់អ្នក។
៤. សូមស្វែងរកព័ត៌មានពិត ដែលអាចជួយអ្នកធ្វើការសម្រេចចិត្តទៅលើហានិភ័យដោយភាពត្រឹមត្រូវ ដូចជា គេហទំព័រ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ឬ ហ្វេសប៊ុករបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឬ ហ្វេសប៊ុករបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ឬ គេហទ័ព័ររបស់អង្គការសុខភាពពិភពលោក។
៥. កាត់បន្ថយការព្រួបារម្ភ និងភាពឡេះឡាស់ ដោយកាត់បន្ថយការមើល ឬស្ដាប់ប្រព័ន្ធផ្សព្វផ្សាយនានាដែលអ្នកយល់ថា ធ្វើឱ្យអ្នកកាន់តែពិបាកចិត្ត។
៦. សូមប្រើប្រាស់ជំនាញក្នុងការជួយដោះស្រាយ រឿងរ៉ាវ បញ្ហា ជីវិតមិនល្អកន្លងមក ហើយប្រើជំនាញ ឬរបៀបដោះស្រាយទាំងនោះ មកដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់អ្នកក្នុងអំឡុងពេលនៃការផ្ទុះរាតត្បាតជំងឺកូវីដ១៩នេះ។
សូមជម្រាបជូនថា វីរុសកូរ៉ូណាប្រភេទថ្មី (CoV) គឺជាវីរុសថ្មីនៃអម្បូរវីរុសកូរ៉ូណា។ វីរុសកូរ៉ូណាប្រភេទថ្មីនេះត្រូវបានគេរកឃើញដំបូងនៅក្នុងទីក្រុងវូហាន ប្រទេសចិន ដែលត្រូវបានគេដាក់ឈ្មោះថា ជំងឺវីរុសកូរ៉ូណាឆ្នាំ២០១៩ (កូវីដ១៩/COVID-19) ដែលពាក្យកាត់ «CO» តំណាងឱ្យពាក្យ corona (កូរ៉ូណា) «VI» តំណាងឱ្យពាក្យ virus (វីរុស) និង «D» តំណាងឱ្យពាក្យ disease (ជំងឺ)។ កាលពីមុន ជំងឺនេះត្រូវបានគេហៅឈ្មោះថា «វីរុសកូរ៉ូណាប្រភេទថ្មីឆ្នាំ២០១៩» ឬ «COVID-19»។
ជាសញ្ញាល្អមួយដែរ អ្នកវិទ្យាសាស្រ្តទូទាំងពិភពលោកបានបង្ហាញជំនឿជាក់យ៉ាងមុតមាំថា ថ្នាំ និងវ៉ាក់សាំងព្យាបាលជំងឺកូវីដ ១៩នេះ នឹងត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលដ៏ឆាប់ៗខាងមុខនេះ៕
RAC Media | រឿន ភារុន
ខណៈដែលមជ្ឈមណ្ឌលសិក្សាចិន ទើបនឹងបានបង្កើតឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា ក្នុងគោលដៅសិក្សាអំពីគម្រោងធំៗនិងសំខាន់ៗ ព្រមទាំងសិក្សាអំពីសេដ្ឋកិច្ចប្រទេសចិន ថ្មីៗនេះ នៅសាធារណរដ្ឋប្រជាមានិតចិនក៏មានបង្កើតមជ្ឍមណ្ឌលស...
ថ្ងៃពុធ ១៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា...
ក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន កាលពីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញទៅកាន់សាកលវិទ្យាល័យជីវជាំង ស្ថិតនៅក្រុងជី...