Royal Academy of Cambodia
រដ្ឋាភិបាលនៃប្រទេសហ្វីលីពីន បានខិតខំធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិក ព្រោះហ្វីលីពីនបានដឹងយ៉ាងច្បាស់អំពីតួនាទី និងភាពចាំបាច់របស់សហរដ្ឋអាម៉េរិក នៅក្នុងការរក្សាសន្តិសុខទាំងក្នុងប្រទេស និងក្នុងតំបន់ ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេស និងការលើកកម្ពស់សមត្ថភាពយោធារបស់ខ្លួន។
ហ្វីលីពីន បាននឹងកំពុងតែប្រឈមនឹងការគម្រាមកំហែងពីក្រុមភេរវកម្មក្នុងប្រទេស ដែលក្រុមទាំងនោះ ក៏ជាក្រុមភេរវកម្មដែលមាននៅក្នុងបញ្ជីឈ្មោះអង្គការភេរវកម្មរបស់សហរដ្ឋអាមេរិកផងដែរ គឺ អាប៊ូសាយយាហ្វ (Abu Sayyaf) និងក្រុម ជែមាឥស្លាមីយា (Jemaah Islamiyah) ។ ដូចនេះហើយបានជារដ្ឋាភិបាលហ្វីលីពីន សម្រេចចិត្តចូលរួមក្នុងក្រុមប្រទេសទាំង១២របស់អង្គការសហប្រជាជាតិ ដែលបានផ្តល់សច្ចាប័ន ទៅលើអនុសញ្ញាស្តីពីការប្រ ឆាំងភេរវកម្មដើម្បីស្នើសុំជំនួយពីសហរដ្ឋអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវជនទាំងនោះ។ ជាលទ្ធផលនៃការខិតខំប្រឹងប្រែង មានភេរវករជាង២០០នាក់ហើយដែលត្រូវបានសម្លាប់ និងចាប់ខ្លួនចាប់តាំងពីឆ្នាំ២០០៧មក។
សម្រាប់បញ្ហាយោធាវិញ ខណៈដែលចិន និងសហរដ្ឋអាម៉េរិកកំពុងប្រណាំងប្រជែងបង្កើនអំណាចយោធានៅអាស៊ីប៉ាស៊ីហ្វិក និងស្របពេលដែលខ្លួនកំពុងតែមានជម្លោះបូរណភាពដែនដីនៅក្នុងសមុទ្រចិនខាងត្បូង ហ្វីលីពីនបាននិងកំពុងចងចំណងទំនាក់ទំនងយោធាឲ្យបានកាន់តែរឹងមាំបន្ថែមទៀតជាមួយនឹងសហរដ្ឋអាម៉េរិក។ តាមការពិតមូលដ្ឋានទ័ពសំខាន់២របស់សហរដ្ឋអាម៉េរិកត្រូវបានដកចេញវិញកាលពីឆ្នាំ១៩៩២ ពីទឹកដីហ្វីលីពីន តែនៅពេលបន្តបន្ទាប់មក រដ្ឋាភិបាលទាំង២បានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងនានាដែលបានសម្រួលដល់កម្លាំងទាហានសហរដ្ឋអាម៉េរិកឲ្យនៅតែអាចធ្វើទស្សនកិច្ច និងតាំងនៅហ្វីលីពីនសម្រាប់រយៈពេលគ្មានកំណត់ដែរ។ នៅហ្វីលីពីនក៏នៅមានជំរុំយោធាសហរដ្ឋអាម៉េរិកស្ថិតនៅទីក្រុង ហ្សាមបានហ្កា (Zamboanga)ក្នុងកោះមិនដាណាវ (Mindanao) ដែលកងទ័ពពិសេសរបស់សហរដ្ឋអាម៉េរិកបានតាំងមូលដ្ឋាននៅទីនោះតាំងពីឆ្នាំ២០០២មកម្ល៉េះ។
បញ្ហាមួយទៀតនោះគឺ រដ្ឋាភិបាលហ្វីលីពីនប្រហែលអាចនឹងពិចារណាលើការអនុញ្ញាតឲ្យកងទ័ពសហរដ្ឋអាម៉េរិក មកតាំងមូលដ្ឋាននៅក្នុងប្រទេសខ្លួន ដែលនេះគឺមកពីមូលហេតុមានការប៉ះទង្គិចគ្នាជាពាក្យសម្តី និងការប្រឈមមុខដាក់គ្នារវាងហ្វីលីពីននិងចិនជាញឹកញាប់ ដែលស្ថានភាពទាំងនោះត្រូវតែមើលឃើញថានឹងផ្ទុះសង្គ្រាមរយៈពេលខ្លីម្តងៗ។ បើហ្វីលីពីនបន្តឲ្យកងទ័ពសហរដ្ឋអាមេរិកមកតាំងមូលដ្ឋាននៅក្នុងប្រទេសខ្លួនមែន នោះគឺព្រោះតែហ្វីលីពីន មានបំណងសំខាន់មួយគឺឲ្យសហរដ្ឋអាមេរិកមកការពារខ្លួន
ដោយផ្ទាល់ និងប្រតិកម្មបានរហ័សនៅខណៈពេលណាដែលមានការរំលោភបំពានពីសំណាក់ប្រទេសចិន។ ទង្វើដែលហ្វីលីពីនបង្ហាញទៅភាគីចិន គឺចង់សាកល្បងកាន់ដៃគូរសហរដ្ឋអាម៉េរិកថា ប្រតិកម្មរបស់អាម៉េរិកក្នុងការជួយហ្វីលី ពីននៅពេលមានបញ្ហាប្រឈមជាមួយចិនមានកម្រិតណា?
បើយើងក្រឡេកមើលចិនវិញហាក់ដូចជាមិនញញើតទៅនឹងសម្ព័ន្ធមិត្តរបស់ហ្វីលីពីនឡើយ ថែមទាំងមានប្រតិកម្មយ៉ាងមុតមាំជាមួយកងទ័ពជើងទឹករបស់ហ្វីលីពីនក្រោយពេលដែលហ្វីលីពីនបញ្ជូននាវាចម្បាំងធំជាងគេរបស់ខ្លួនឈ្មោះដែលហ្វីឡា (Dol Plar) ដើម្បីទៅចាប់ទូកនេសាទចិនចំនួន១២គ្រឿងរបស់អ្នកនេសាទចិននៅក្បែរកោះ ហ័ង យានកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១២។ ដូច្នេះហើយមូលដ្ឋានទ័ពរបស់អាមេរិកអាចនឹងវិលត្រឡប់មកតាំងនៅហ្វីលីពីនម្តងទៀត ជាពិសេសគឺដោយសារតែមូលហេតុនៃការប្រឈមមុខគ្នា និងភាពតានតឹងរវាងចិន និងហ្វីលីពីននៅត្រង់កោះស្កាបូរ៉ាហ្វ (Scarborough)។
ដូចនេះហ្វីលីពីន គឺជាដៃគូកិច្ចសហប្រតិបត្តិការដែលមិនអាចខ្វះបានមួយរបស់អាមេរិកនៅអាស៊ីអាគ្នេយ៍ទាំងក្នុងការធ្វើសង្គ្រាមប្រឆាំងនឹងភេរវកម្ម និងទាំងនៅក្នុងការផ្តល់ទីតាំងសម្រាប់ប្រតិបត្តិការយោធានានារបស់អាម៉េរិក។ ចំពោះ អាម៉េរិក ការចាប់យកបានហ្វីលីពីនមួយ ខ្លួននឹងមានឥទ្ធិពលយោធា អាចអន្តរាគមន៍បានគ្រប់ពេលវេលា នៅពេលណាដែលមានស្ថានភាពមិនប្រក្រតីណាមួយកើតឡើងអាចឈានដល់ការប៉ះពាល់សន្តិសុខ ស្ថេរភាពក្នុងតំបន់ និងដល់សហរដ្ឋអាម៉េរិកផ្ទាល់។ ទោះជាយ៉ាងណាក្តី ការធ្វើសហប្រតិបត្តិការយោធានិងនយោបាយជាមួយហ្វីលីពីន អាចអនុញ្ញាតឲ្យសហរដ្ឋអាមេរិកលូកដៃចូលគ្រាន់តែជ្រៅទៅក្នុងរាល់កិច្ចការ និងបញ្ហានានាដែលកើតមានក្នុងតំបន់ ដើម្បីឲ្យខ្លួនអាចបំពេញតួនាទីកាន់តែសកម្ម និងមានប្រសិទ្ធិភាពក្នុងការដោះស្រាយថែមទៀត ក្នុងនាមខ្លួនជាមហាអំណាចពិភពលោក។ សម្រាប់ហ្វីលីពីនការសហការណ៍យ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិក ដែលខ្លួនចាត់ទុកថាសម្ព័ន្ធមិតស្នូល អាចយកសហរដ្ឋអាមេរិកជាបុព្វហេតុទាញឆន្ទៈចិនឲ្យចូលតុចរចាស្មើភាពគ្នារវាងហ្វីលីពីន និងចិន ជៀសវាងការគម្រាមកំហែងគាបសង្កត់ពីសំណាក់ចិនមកលើខ្លួនតាមរយៈការដំឡើងសាច់ដុំយោធារបស់មហាអំណាចមួយនេះ។
ទំនាក់ទំនងដ៏រឹងមាំលើវិស័យយោធាហ្វីលីពីនជាមួយសហរដ្ឋអាម៉េរិក ក៏ជាបំណងមួយរបស់ហ្វីលីពីនក្នុងការធានាតុល្យភាពយោធានៅក្នុងសមុទ្រចិនខាងត្បូងឱ្យមានលំនឹង និងអាចរក្សាបាននូវស្ថេរភាព និងសន្តិសុខតំបន់នេះនៅចំពោះមុខចិនដែលជាមហាអំណាចមួយដែលហ្វីលីពីនមិនអាចទុកចិត្តបានឡើយ។ ក្រៅពីនេះ ហ្វីលីពីនបានសហការណ៍យ៉ាងជិតស្និទ្ធ ក៏ដើម្បីទាញសហរដ្ឋអាម៉េរិកឱ្យជួយខ្លួនក្នុងការប្រយុទ្ធប្រឆាំងចលនាបះបោរ និងភេរវកម្មដែលបានកើតមាន និងដែលកំពុងគម្រាមកំហែងសន្តិសុខនៅក្នុងប្រទេសខ្លួនតាមរយៈការយល់ព្រមចូលរួមជាមួយនឹងសហរដ្ឋអាមេរិកក្នុងការជ្រោមជ្រែងគាំទ្រសង្គ្រាមប្រឆាំងភេរវកម្មរបស់សហរដ្ឋអាម៉េរិក។
គេអាចធ្វើសេចក្តីសន្និដ្ឋានបានថា នៅពេលដែលសហរដ្ឋអាម៉េរិកពង្រីកទំនាក់ទំនងរបស់ខ្លួននៅអាស៊ីប៉ាស៊ីហ្វិកកាន់តែខ្លាំងឡើងៗ ធ្វើឱ្យប្រទេសមហាអំណាចចិនកាន់តែរៀបចំខ្លួនឲ្យកាន់តែរឹងមាំទ្វេដង ហើយចាប់ដៃជាមួយមហាអំណាចដែលសម្ងំស្ងៀមគឺ សហព័ន្ធរុស្សី ដើម្បីរឹតចំណងនយោបាយការបរទេសឲ្យកាន់តែមានភាពស្និទ្ធស្នាលឡើងធ្វើយ៉ាងណាកុំឱ្យលំហរនៃសមុទ្រប៉ាស៊ីហ្វិកមានបងធំតែមួយសម្រាប់រៀបចំសណ្តាប់ធ្នាប់នៅក្នុងតំបន់នេះ។ កន្លងមកយើងឃើញថាសហរដ្ឋអាម៉េរិកបានវាតទីតាំងនៅលើពិភពលោកនេះមានទំហំធំធេងណាស់ សូម្បីនៅក្នុងមជ្ឈិមបូព៌ាក៏មានវត្តមានសហរដ្ឋអាម៉េរិកដែរ។ ដូចនេះហើយមហាអំណាចចិន និមហាអំណាចរុស្ស៊ីត្រូវតែចងសម្ព័ន្ធមិត្តគ្នា នៅក្នុងបញ្ហាអាស៊ីប៉ាហ្វិក ក៏ដូចជាបញ្ហានៅក្នុងពិភពលោកយើងនេះ។
(ដកស្រង់ទាំងស្រុងចេញពីសៀវភៅ នយោបាយការបរទេស ម្សិលមិញ ថ្ងៃនេះ និងថ្ងៃស្អែក របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ទំព័រ ៨២)
សម្តេចតេជោ ហ៊ុន សែន ដែលជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា ហើយនឹងជាប្រធានព្រឹទ្ធសភាកម្ពុជានាពេលបច្ចុប្បន្ន គឺជាថា្នក់ដឹកនាំកម្ពុជាមួយរូបដែលបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្កើតទំនាក់ទំនងការទូតជាផ្លូវការរវាងព...
នៅក្នុងសង្វៀននយោបាយ គេតែងតែឃើញតួអង្គនយោបាយនីមួយៗប្រើប្រាស់យុទ្ធសាស្ត្រ យុទ្ធវិធី ក៏ដូចជាដើរតួនាទីគ្រប់រូបភាព និងនៅគ្រប់ទិដ្ឋភាព ធ្វើយ៉ាងណាដើម្បីមានប្រៀបលើដៃគូប្រជែង និងដើម្បីទទួលបានប្រជាប្រិយភាពព...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសអញ្ជើញជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «ស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ា» នៅព្រឹកថ្ងៃអង្គារ ៧ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ៧ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំនូវកិច្ចពិភាក្សាតុមូលមួយស្ដីពី «ស្ថានការណ៍ជម្លោះនៅ...
ដោយ៖ លឹម សុវណ្ណរិទ្ធ ហេតុការណ៍កើតមានឡើងនៅក្នុងប្រវត្តិសាស្ត្រខ្មែរ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ប្រទេសកម្ពុជាបានចាប់ផ្ដើមបាត់បង់ច្រកផ្លូវទឹកទៅកាន់សមុទ្ររបស់ខ្លួន ដែលស្ថិតនៅតំបន់ដីសណ្ដទន្លេមេគង្គ...
យប់មិញនេះ ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការនយោបាយ ពិតជាមានក្តីរំភើបនិងមោទនភាពយ៉ាងក្រៃលែង ក្រោយពីបានស្តាប់ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ព...