ព័ត៌មាន

បណ្ឌិតសភាចារ្យ សុខ ទូច៖ ហ្វីលីពីនត្រូវការជំនួយ និងការគាំទ្រពីសហរដ្ឋអាម៉េរិក ដោយ៖ បណ្ឌិត ស៊ឺន សម

2020-03-18 11:45:39 ថ្ងៃពុធ, 18 មីនា 2020, 11:45 AM
post_detail

រដ្ឋាភិបាលនៃប្រទេសហ្វីលីពីន បានខិតខំធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិក ព្រោះហ្វីលីពីនបានដឹងយ៉ាងច្បាស់អំពីតួនាទី និងភាពចាំបាច់របស់សហរដ្ឋអាម៉េរិក នៅក្នុងការរក្សាសន្តិសុខទាំងក្នុងប្រទេស និងក្នុងតំបន់ ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេស និងការលើកកម្ពស់សមត្ថភាពយោធារបស់ខ្លួន។

ហ្វីលីពីន បាននឹងកំពុងតែប្រឈមនឹងការគម្រាមកំហែងពីក្រុមភេរវកម្មក្នុងប្រទេស ដែលក្រុមទាំងនោះ ក៏ជាក្រុមភេរវកម្មដែលមាននៅក្នុងបញ្ជីឈ្មោះអង្គការភេរវកម្មរបស់សហរដ្ឋអាមេរិកផងដែរ គឺ អាប៊ូសាយយាហ្វ (Abu Sayyaf) និងក្រុម ជែមាឥស្លាមីយា (Jemaah Islamiyah) ។ ដូចនេះហើយបានជារដ្ឋាភិបាលហ្វីលីពីន សម្រេចចិត្តចូលរួមក្នុងក្រុមប្រទេសទាំង១២របស់អង្គការសហប្រជាជាតិ ដែលបានផ្តល់សច្ចាប័ន ទៅលើអនុសញ្ញាស្តីពីការប្រ ឆាំងភេរវកម្មដើម្បីស្នើសុំជំនួយពីសហរដ្ឋអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវជនទាំងនោះ។ ជាលទ្ធផលនៃការខិតខំប្រឹងប្រែង មានភេរវករជាង២០០នាក់ហើយដែលត្រូវបានសម្លាប់ និងចាប់ខ្លួនចាប់តាំងពីឆ្នាំ២០០៧មក។

សម្រាប់បញ្ហាយោធាវិញ ខណៈដែលចិន និងសហរដ្ឋអាម៉េរិកកំពុងប្រណាំងប្រជែងបង្កើនអំណាចយោធានៅអាស៊ីប៉ាស៊ីហ្វិក និងស្របពេលដែលខ្លួនកំពុងតែមានជម្លោះបូរណភាពដែនដីនៅក្នុងសមុទ្រចិនខាងត្បូង ហ្វីលីពីនបាននិងកំពុងចងចំណងទំនាក់ទំនងយោធាឲ្យបានកាន់តែរឹងមាំបន្ថែមទៀតជាមួយនឹងសហរដ្ឋអាម៉េរិក។ តាមការពិតមូលដ្ឋានទ័ពសំខាន់២របស់សហរដ្ឋអាម៉េរិកត្រូវបានដកចេញវិញកាលពីឆ្នាំ១៩៩២ ពីទឹកដីហ្វីលីពីន តែនៅពេលបន្តបន្ទាប់មក រដ្ឋាភិបាលទាំង២បានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងនានាដែលបានសម្រួលដល់កម្លាំងទាហានសហរដ្ឋអាម៉េរិកឲ្យនៅតែអាចធ្វើទស្សនកិច្ច និងតាំងនៅហ្វីលីពីនសម្រាប់រយៈពេលគ្មានកំណត់ដែរ។ នៅហ្វីលីពីនក៏នៅមានជំរុំយោធាសហរដ្ឋអាម៉េរិកស្ថិតនៅទីក្រុង ហ្សាមបានហ្កា (Zamboanga)ក្នុងកោះមិនដាណាវ (Mindanao) ដែលកងទ័ពពិសេសរបស់សហរដ្ឋអាម៉េរិកបានតាំងមូលដ្ឋាននៅទីនោះតាំងពីឆ្នាំ២០០២មកម្ល៉េះ។

បញ្ហាមួយទៀតនោះគឺ រដ្ឋាភិបាលហ្វីលីពីនប្រហែលអាចនឹងពិចារណាលើការអនុញ្ញាតឲ្យកងទ័ពសហរដ្ឋអាម៉េរិក មកតាំងមូលដ្ឋាននៅក្នុងប្រទេសខ្លួន ដែលនេះគឺមកពីមូលហេតុមានការប៉ះទង្គិចគ្នាជាពាក្យសម្តី និងការប្រឈមមុខដាក់គ្នារវាងហ្វីលីពីននិងចិនជាញឹកញាប់ ដែលស្ថានភាពទាំងនោះត្រូវតែមើលឃើញថានឹងផ្ទុះសង្គ្រាមរយៈពេលខ្លីម្តងៗ។ បើហ្វីលីពីនបន្តឲ្យកងទ័ពសហរដ្ឋអាមេរិកមកតាំងមូលដ្ឋាននៅក្នុងប្រទេសខ្លួនមែន នោះគឺព្រោះតែហ្វីលីពីន មានបំណងសំខាន់មួយគឺឲ្យសហរដ្ឋអាមេរិកមកការពារខ្លួន

ដោយផ្ទាល់ និងប្រតិកម្មបានរហ័សនៅខណៈពេលណាដែលមានការរំលោភបំពានពីសំណាក់ប្រទេសចិន។ ទង្វើដែលហ្វីលីពីនបង្ហាញទៅភាគីចិន គឺចង់សាកល្បងកាន់ដៃគូរសហរដ្ឋអាម៉េរិកថា ប្រតិកម្មរបស់អាម៉េរិកក្នុងការជួយហ្វីលី ពីននៅពេលមានបញ្ហាប្រឈមជាមួយចិនមានកម្រិតណា?

បើយើងក្រឡេកមើលចិនវិញហាក់ដូចជាមិនញញើតទៅនឹងសម្ព័ន្ធមិត្តរបស់ហ្វីលីពីនឡើយ ថែមទាំងមានប្រតិកម្មយ៉ាងមុតមាំជាមួយកងទ័ពជើងទឹករបស់ហ្វីលីពីនក្រោយពេលដែលហ្វីលីពីនបញ្ជូននាវាចម្បាំងធំជាងគេរបស់ខ្លួនឈ្មោះដែលហ្វីឡា (Dol Plar) ដើម្បីទៅចាប់ទូកនេសាទចិនចំនួន១២គ្រឿងរបស់អ្នកនេសាទចិននៅក្បែរកោះ ហ័ង យានកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១២។ ដូច្នេះហើយមូលដ្ឋានទ័ពរបស់អាមេរិកអាចនឹងវិលត្រឡប់មកតាំងនៅហ្វីលីពីនម្តងទៀត ជាពិសេសគឺដោយសារតែមូលហេតុនៃការប្រឈមមុខគ្នា និងភាពតានតឹងរវាងចិន និងហ្វីលីពីននៅត្រង់កោះស្កាបូរ៉ាហ្វ (Scarborough)។

ដូចនេះហ្វីលីពីន គឺជាដៃគូកិច្ចសហប្រតិបត្តិការដែលមិនអាចខ្វះបានមួយរបស់អាមេរិកនៅអាស៊ីអាគ្នេយ៍ទាំងក្នុងការធ្វើសង្គ្រាមប្រឆាំងនឹងភេរវកម្ម និងទាំងនៅក្នុងការផ្តល់ទីតាំងសម្រាប់ប្រតិបត្តិការយោធានានារបស់អាម៉េរិក។ ចំពោះ អាម៉េរិក ការចាប់យកបានហ្វីលីពីនមួយ ខ្លួននឹងមានឥទ្ធិពលយោធា អាចអន្តរាគមន៍បានគ្រប់ពេលវេលា នៅពេល​ណាដែលមានស្ថានភាពមិនប្រក្រតីណាមួយកើតឡើងអាចឈានដល់ការប៉ះពាល់សន្តិសុខ ស្ថេរភាពក្នុងតំបន់ និងដល់​សហរដ្ឋអាម៉េរិកផ្ទាល់។ ទោះជាយ៉ាងណាក្តី ការធ្វើសហប្រតិបត្តិការយោធានិងនយោបាយជាមួយហ្វីលីពីន អាចអនុញ្ញាតឲ្យសហរដ្ឋអាមេរិកលូកដៃចូលគ្រាន់តែជ្រៅទៅក្នុងរាល់កិច្ចការ និងបញ្ហានានាដែលកើតមានក្នុងតំបន់ ដើម្បីឲ្យខ្លួនអាចបំពេញតួនាទីកាន់តែសកម្ម និងមានប្រសិទ្ធិភាពក្នុងការដោះស្រាយថែមទៀត ក្នុងនាមខ្លួនជាមហាអំណាចពិភពលោក។ សម្រាប់ហ្វីលីពីនការសហការណ៍យ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិក ដែលខ្លួនចាត់ទុកថាសម្ព័ន្ធមិតស្នូល អាចយកសហរដ្ឋអាមេរិកជាបុព្វហេតុទាញឆន្ទៈចិនឲ្យចូលតុចរចាស្មើភាពគ្នារវាងហ្វីលីពីន និងចិន ជៀសវាងការគម្រាមកំហែងគាបសង្កត់ពីសំណាក់ចិនមកលើខ្លួនតាមរយៈការដំឡើងសាច់ដុំយោធារបស់មហាអំណាចមួយនេះ។

ទំនាក់ទំនងដ៏រឹងមាំលើវិស័យយោធាហ្វីលីពីនជាមួយសហរដ្ឋអាម៉េរិក ក៏ជាបំណងមួយរបស់ហ្វីលីពីនក្នុងការធានាតុល្យ​​​ភាពយោធានៅក្នុងសមុទ្រចិនខាងត្បូងឱ្យមានលំនឹង និងអាចរក្សាបាននូវស្ថេរភាព និងសន្តិសុខតំបន់នេះនៅចំពោះមុខចិនដែលជាមហាអំណាចមួយដែលហ្វីលីពីនមិនអាចទុកចិត្តបានឡើយ។ ក្រៅពីនេះ ហ្វីលីពីនបានសហ​ការណ៍​យ៉ាងជិតស្និទ្ធ ក៏ដើម្បីទាញសហរដ្ឋអាម៉េរិកឱ្យជួយខ្លួនក្នុងការប្រយុទ្ធប្រឆាំងចលនាបះបោរ និងភេរវកម្មដែល​បានកើតមាន និងដែលកំពុងគម្រាមកំហែងសន្តិសុខនៅក្នុងប្រទេសខ្លួនតាមរយៈការយល់ព្រមចូលរួមជាមួយ​នឹងសហរដ្ឋអាមេរិកក្នុងការជ្រោមជ្រែងគាំទ្រសង្គ្រាមប្រឆាំងភេរវកម្មរបស់សហរដ្ឋអាម៉េរិក។

គេអាចធ្វើសេចក្តីសន្និដ្ឋានបានថា នៅពេលដែលសហរដ្ឋអាម៉េរិកពង្រីកទំនាក់ទំនងរបស់ខ្លួននៅអាស៊ីប៉ាស៊ីហ្វិកកាន់​តែខ្លាំងឡើងៗ ធ្វើឱ្យប្រទេសមហាអំណាចចិនកាន់តែរៀបចំខ្លួនឲ្យកាន់តែរឹងមាំទ្វេដង ហើយចាប់ដៃជាមួយមហាអំណាច​ដែលសម្ងំស្ងៀមគឺ សហព័ន្ធរុស្សី ដើម្បីរឹតចំណងនយោបាយការបរទេសឲ្យកាន់តែមានភាពស្និទ្ធស្នាលឡើងធ្វើយ៉ាងណាកុំឱ្យលំហរនៃសមុទ្រប៉ាស៊ីហ្វិកមានបងធំតែមួយសម្រាប់រៀបចំសណ្តាប់ធ្នាប់នៅក្នុងតំបន់នេះ។ កន្លងមកយើងឃើញថាសហរដ្ឋអាម៉េរិកបានវាតទីតាំងនៅលើពិភពលោកនេះមានទំហំធំធេងណាស់ សូម្បីនៅក្នុងមជ្ឈិមបូព៌ាក៏មានវត្តមានសហរដ្ឋអាម៉េរិកដែរ។ ដូចនេះហើយមហាអំណាចចិន និមហាអំណាចរុស្ស៊ីត្រូវតែចងសម្ព័ន្ធមិត្តគ្នា នៅក្នុងបញ្ហាអាស៊ីប៉ាហ្វិក ក៏ដូចជាបញ្ហានៅក្នុងពិភពលោកយើងនេះ។

(ដកស្រង់ទាំងស្រុងចេញពីសៀវភៅ នយោបាយការបរទេស ម្សិលមិញ ថ្ងៃនេះ និងថ្ងៃស្អែក របស់ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ ទូច ទំព័រ ៨២) 

អត្ថបទទាក់ទង

«តម្លៃអគ្គិសនី នឹងកាន់តែចុះថោកចាប់ឆ្នាំ២០១៩»

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសនៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់វារីអគ្គិសនីសេសានក្រោម២ ខេត្តស្ទឹងត្រែងថា នៅសល់តែ១៤ថ្ងៃទៀតទេ នឹងចូលដល់ឆ្នាំ២០១៩...

2018-12-18 10:46:35   Tue, 18,12,2018, 10:46 AM
«ល្ខោនខោលវត្តស្វាយអណ្ដែត៖ បេតិកភណ្ឌវប្បធម៌អរូបីពិភពលោក» ដោយលោកបណ្ឌិត ផុន កសិកា អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា

ល្ខោនខោល ឬ ភាណី ឬ ល្ខោនពាក់មុខ ជាប្រភេទសិល្បៈទស្សនីយភាពរបស់ខ្មែរមួយ ដែលមាន អាយុកាលតាំងពីសតវត្សរ៍ទី១០។ លក្ខណៈពិសេសរបស់ល្ខោនខោលគឺ សម្ដែងតែនៅក្នុងរឿង រាមកេរ្តិ៍ខែ្មរមួយគត់ (មិនយករឿងអ្វីផ្សេងមកសម្ដែងឡើយ),...

2018-12-18 08:01:42   Tue, 18,12,2018, 08:01 AM
«ទម្រង់សិល្បៈមហោរីខ្មែរ» ដោយ៖ លោកស្រី យ៉ាន់វិភារតន៍ ប្រធានផ្នែកទស្សនីយភាព នៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ

«មហោរី» ​ជាទម្រង់​សិល្បៈ​តន្រ្តីមួយប្រភេទដែលបានបង្កើតឡើងដើម្បីប្រគំថ្វាយអាទិទេព និងបម្រើព្រះមហាក្សត្រ។ ក្រោយមកតន្រ្តីមហោរី ក៏ប្រគំសម្រាប់លើក​ទឹកចិត្តដល់នាម៉ឺនមន្ត្រី ដែលមានគុណបំណាច់ចំពោះ​ប្រទេសជាតិផងដ...

2018-12-18 03:48:39   Tue, 18,12,2018, 03:48 AM
«កិច្ចប្រជុំប្រចាំខែចុងក្រោយសម្រាប់ឆ្នាំ២០១៨របស់វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ»

វិទ្យាស្ថានវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ៖ ឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថានវប្បធម៌និង វិចិត្រសិល្បៈ បានដឹកនាំការប្រជុំវិទ្យាស្ថានប្រចាំខែធ្នូ ដែលជាខែចុងក្រោយឆ្នាំ២០១៨ នាព្រឹកថ្ងៃចន្ទ ១០...

2018-12-17 10:18:36   Mon, 17,12,2018, 10:18 AM
«សត្វស្លាប ១៤៥ប្រភេទ ថតបានពីតំបន់ឧទ្យានឫស្សីត្រឹប»

បេសកកម្មការងាររុករកប្រភេទសត្វស្លាបលើកទី១នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប បាន បញ្ចប់ និងបានរកឃើញប្រភេទបក្សីចំនួន១៤៥ប្រភេទផ្សេងគ្នា ដែលកំពុងបង្ហាញវត្តមាននៅក្នុង តំបន់ ឧទ្យាន។ លោក ស្រី សីហា...

2018-12-17 06:12:04   Mon, 17,12,2018, 06:12 AM
សិក្ខាសាលាជាតិស្ដីពី «ការវិវត្តនៃរចនាបថ និង សំណង់ស្ថាបត្យកម្ម ប្រាសាទខ្មែរពីសម័យនគរភ្នំដល់សម័យបច្ចុប្បន្ន»

ថ្ងៃសៅរ៍ ៨កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ក្នុងនាមរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតំណាងឱ្យឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុ...

2018-12-15 05:46:23   Sat, 15,12,2018, 05:46 AM

សេចក្តីប្រកាស