Royal Academy of Cambodia
គិតត្រឹមម៉ោង៣រសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ មានអ្នករងគ្រោះដោយសារមេរោគ COVID-19 សរុបក្នុងពិភពលោកមានចំនួន១៨៣ ០៦១នាក់ ក្នុងនោះអ្នកស្លាប់មានចំនួន៧ ១៧៥នាក់និងបានជាសះស្បើយឡើងវិញចំនួន៧៩ ៨៩១នាក់ [១]។ តើអ្វីទៅជាCOVID-19?
ជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរថ្មីដែលត្រូវបានអង្គការសុខភាពពិភពលោកដាក់ឈ្មោះថា COVID-19 (Coronavirus disease 2019)ត្រូវបានគេរកឃើញជាដំបូងបង្អស់នៅ វូហាន ប្រទេសចិន នាដើមខែមករា ឆ្នាំ២០២០នេះ។ ចាប់តាំងពីពេលនោះមក មានព័ត៌មានមួយចំនួនមិនមានការផ្លាស់ប្តូរគឺ (ទីមួយ) COVID-19 ស្ថិតនៅក្នុងក្រុមជាមួយនឹងជំងឺSARS (Severe Acute Respiratory Syndrome)ដែលបានកើតឡើងក្នុងឆ្នាំ២០០៣និងជំងឺ MERS (Middle East Respiratory Syndrome) ក្នុងឆ្នាំ២០១២។ (ទីពីរ) អត្រាមរណភាព (ចំនួននៃអ្នកស្លាប់ធៀបនឹងចំនួនអ្នកជំងឺ)ស្ថិតនៅចន្លោះ១ទៅ៣,៤%។ បើប្រៀបធៀបទៅនឹងជំងឺSARS មាន១០%និងជំងឺMERSមានរហូតដល់ទៅ៣៤% តែខ្ពស់ជាជំងឺផ្តាសាយធម្មតាដែលមានត្រឹមតែ០,១%ប៉ុណ្ណោះ[២] និង(ទីបី) ទោះជាមានការគិតថាជំងឺនេះកើតចេញមកពីសត្វ តែឥឡូវនេះមានការឆ្លងពីមនុស្សទៅមនុស្សហើយ។ ផ្អែកលើមូលដ្ឋាននេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានធ្វើការប៉ាន់ស្មានថា អត្រានៃការឆ្លងជំងឺ COVID-19 អាចខ្ពស់ជាងជំងឺផ្តាសាយតាមរដូវកាលនិងMERS[៣] ។
គិតត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ ករណីមានភាពវិជ្ជមានវីរុសCOVID-19នៅកម្ពុជាបានកើនឡើងដល់២៤[4] ។ ជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ(កូវីដ-១៩) បានធ្វើឱ្យមានផលប៉ះពាល់ដល់វិស័យជាច្រើនរបស់ប្រទេសកម្ពុជា។ ជាដំបូងមានវិស័យទេសចរណ៍និងឧស្សាហកម្មកាត់ដែរ ដែលពឹងផ្អែកលើវត្ថុធាតុដើម ដែលត្រូវនាំចូលពីប្រទេសចិន។ ឥឡូវនេះ ដោយសារមានកំណើនចំនួនអ្នកឆ្លងរហូតដល់១២នាក់ហើយ និងមាននៅទីក្រុងភ្នំពេញនិងខេត្តសៀមរាប ផលប៉ះពាល់ដោយផ្ទាល់ក៏មានដល់វិស័យអប់រំដែរ ព្រោះក្រសួងអប់រំបានសម្រេចឱ្យបិទសាលារៀននៅទីក្រុងសៀមរាបនិងរាជធានីភ្នំពេញជាបណ្តោះអាសន្ន [៥] ។
ជាកិច្ចឆ្លើយតបនឹងការវិវត្តន៍ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមប្រាក់ចន្លោះពី៨០០លានទៅ២០០០លានដុល្លារអាម៉េរិកដើម្បីស្រោចស្រង់សេដ្ឋកិច្ចប្រទេសកម្ពុជា[6]។ ចំពោះវិស័យទេសចរណ៍សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ថា ក្នុងខែកុម្ភៈ ឆ្នាំ២០២០ ភ្ញៀវទេសចរបរទេសចូលមកកម្ពុជា បានធ្លាក់ចុះប្រមាណជាង ៦០% ជាពិសេស ភ្ញៀវទេសចរជនជាតិចិន បានធ្លាក់ចុះក្នុងរង្វង់ ៩០%។ ដើម្បីជួយវិស័យមីក្រូសហគ្រាស សហគ្រាសធុនតូចនិងមធ្យម(Micro, Small and Medium Enterprise: MSME)ដែលពាក់ ព័ន្ធដោយផ្ទាល់និងដោយប្រយោលក្នុងវិស័យទេសចរណ៍ជាពិសេសនៅខេត្តសៀមរាប រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការណ៍ចំនួនដែលផ្តោតលើការបន្ធូរបន្ថយពន្ធ ការទាក់ទាញភ្ញៀវទេសចរណ៍ ជាពិសេសនៅខេត្តសៀមរាប និងការផ្តល់នូវចំណេះដឹងថ្មីឬបន្ថែមដល់អ្នកបាត់បង់ការងារក្នុងវិស័យទេសចរណ៍។
ចំពោះវិស័យកាត់ដេរ វត្ថុធាតុដើមដែលត្រូវនាំចូលពីប្រទេសចិននោះបានមកដល់ជាបន្តបន្ទាប់ហើយ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៅកាន់ភាគីចិន[7]។ ក្រៅពីនោះប្រមុខរាជ រដ្ឋាភិបាលបានធ្វើការអំពាវនាវ(១)មិនឱ្យរោងចក្រទាំងឡាយឆ្លៀតពេលដែលព្យួរការងារ លុបកិច្ចសន្យាការងារជាមួយកម្មករ (២) គ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវលើកលែងការប្រាក់សម្រាប់កម្មករដែលត្រូវព្យួរការងារ(៣) ម្ចាស់បុរីឬផ្ទះដែលលក់បង់រំលោះឱ្យកម្មករដែលត្រូវព្យួរការងារ កុំផ្តាច់កុងត្រា និង(៤)អគ្គិសនីកម្ពុជា ក៏ដូចជារដ្ឋាករទឹក នៅកន្លែងខ្លះ ដែលកម្មករត្រូវបានព្យួរការងារ ផ្ដល់ការយោគយល់ឱ្យជំពាក់សិន[8]
ចំពោះវិស័យអប់រំវិញ ដំបូងឡើយក្រសួងអប់រំ យុវជន និងកីឡាបានសម្រេចបិទសាលារៀនតែនៅក្នុងទីក្រុង សៀមរាបប៉ុណ្ណោះ បន្ទាប់មកដោយសារទីតាំងនៃអ្នកមានភាពវិជ្ជមានវីរុសCOVID-19កាន់តែមានច្រើនកន្លែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រសួងក៏បានសម្រេចចេញសេចក្តីណែនាំស្តីពីការចាប់ ផ្តើមវិស្សមកាលតូចមុនកាលកំណត់សម្រាប់គ្រឹះស្ថានគ្រប់កម្រិត គ្រប់ប្រភេទ ទាំងសាធារណៈនិងឯកជន នៅទូទាំងប្រទេសនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០[9]។ ទន្ទឹមគ្នានឹងនេះដែរ ក៏មានស្ថាប័នជាច្រើន ដូចជារាជបណ្ឌិត្យសភាកម្ពុជា ក្រសួងការបរទេស ក្រសួងសិប្បកម្មនិងឧស្សាហកម្មជាដើម បានចេញនូវសេចក្តី ណែនាំឱ្យមន្រ្តីរាជការក្រោមឱវាទផ្អាកជាបណ្តោះអាសន្ននូវការជួបជុំបំពេញការងារបើសិនជាចៀសបាន ហើយជំនួសដោយការទំនាក់ទំនាក់ទំនងតាមអនឡាញ ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរោគ COVID-19។
ដើម្បីជួយMSMEបន្ថែមទៀតលើវិធានការដែលបានដាក់ចេញរួចមកហើយ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ក្រសួងពាណិជ្ជកម្មបានចេញនូវសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដោយបញ្ចុះតម្លៃ៤សេនដុល្លារអាម៉េរិកក្នុងមួយលីត្រសម្រាប់ពាក់កណ្តាលទី២នៃខែមីនា ឆ្នាំ២០២០នេះ[១០]។ ដោយឡែក សេចក្តីប្រកាសនេះមិនបានបញ្ជាក់ពីការបញ្ចុះតម្លៃហ្គាសទេ[១១]។
ទោះជាយ៉ាងណាក៏ដោយ ចំពោះMSMEទទួលរងផលប៉ះពាល់ពីការរីករាលដាលនៃCOVID-19 មានទំហំធំ ហើយពិបាកនឹងធ្វើការប៉ាន់ស្មាន។ ការធ្លាក់ចុះនៃភ្ញៀវទេសចរ មិនមែនមានតែនៅសៀមរាបប៉ុណ្ណោះទេ គឺមាននៅភ្នំពេញ និងខេត្តផ្សេងៗទៀតផងដែរ។ ការបន្ធូរបន្ថយពន្ធនិងការប្រមូលអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ដែលត្រូវព្យួរការងារនោះ គ្រាន់តែជាចំណែកមួយប៉ុណ្ណោះ។ គេអាចនិយាយបានថា ជាការជួយសម្រាប់វិស័យដែលមានការពាក់ព័ន្ធផ្ទាល់ជាមួយវិស័យទេសចរណ៍ប៉ុណ្ណោះ តែជាក់ ស្តែងនៅវិស័យពាក់ព័ន្ធមិនផ្ទាល់ដូចជាអ្នកផ្គត់ផ្គត់ដល់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អ្នកបើកបរតាក់ស៊ី រ៉ឺមក អ្នកលក់វត្ថុអនុស្សាវរីយ៍ ចំណីចំណុកតាមទីសាធារណៈនានា ក៏មិនសូវមានអតិថិជនដែរ។
ចំពោះMSMEដែលពាក់ព័ន្ធដោយនឹងវិស័យអប់រំផ្ទាល់និងប្រយោល ក៏មិនតិចជាងក្នុងវិស័យទេសចរណ៍ដែរ។ ការចាប់ផ្តើមវិស្សមកាលតូចមុនកាលកំណត់ សម្រាប់បុគ្គលិកអប់រំជាមន្រ្តីរាជការនៅមានប្រាក់ខែ ដែលអាចទ្រទ្រង់ជីវភាពបាន។ តែបើគ្រូបង្រៀនក្នុងវិស័យឯកជនវិញ ឬជាគ្រូបង្រៀនវេលាការ អ្នកទាំងនោះនឹងបាត់បង់ប្រាក់ចំណូលទាំងស្រុង។ អ្នកពាក់ព័ន្ធដោយប្រយោលមួយចំនួនទៀតដូចជាអ្នកលក់ចំណី អាហារសម្រន់ សម្ភារៈសិក្សា ក៏មិនមានអតិថិជនទៀតដែរ។ អ្នករត់រ៉ឺមក ធ្លាប់ដឹកជញ្ជូនសិស្សទៅសាលារៀន អ្នកលក់ចល័តធ្លាប់លក់ឱ្យសិស្ស-និស្សិតតាមរបងសាលារៀន របងសាកលវិទ្យា ល័យ នឹងមិនមានអតិថិជនទៀតទេ។
ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានប្រកាសថាមាន១២ករណីថ្មីទៀតហើយ ភាគច្រើនពាក់ព័ន្ធនឹងកម្មវិធីជួបជុំបែបសាសនា[១២]។ មិនយូរមិនឆាប់ទេ អាចនឹងមានវិធានការផ្សេងៗ របស់រាជរដ្ឋាភិបាលទៀតពាក់ព័ន្ធនឹងការកាត់បន្ថយជួបជុំបែបសាសនា ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺCOVID-19នេះ។ បើអីចឹងមែននោះ ព្រះសង្ឃ ជាពិសេសក្នុងវត្តនៅរាជធានីភ្នំពេញ នឹងខ្វះខាតចង្ហាន់ ។
ដំណោះស្រាយដំបូងបំផុតសម្រាប់អ្នកធ្វើការក្នុងវិស័យMSME ជាពិសេសអ្នកធ្វើការក្នុងវិស័យមិនផ្លូវការ(Informal Sector) អាចត្រឡប់ទៅភូមិកំណើតសិន និងចិញ្ចឹមជីវិតតាមរបៀបកសិកម្មចិញ្ចឹមពោះមួយរយៈសិន។ តែបញ្ហាត្រង់ថា អាចទាំងមន្រ្តីរាជការ ទាំងអ្នកមានការងារធ្វើក្នុងMSMEមួយចំនួនមានបំណុលនៅធនាគារពាណិជ្ជឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា។ ប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវរួចហើយឱ្យពន្យាពេលបង់ប្រាក់ចំពោះអ្នកដែលត្រូវព្យួរការងារ។
វិស័យសាធារណៈបានប្រើប្រាស់គ្រប់លទ្ធភាព ដើម្បីឆ្លើយតបនឹងគ្រោះអាសន្ននេះ នៅឡើយវិ ស័យឯកជន ជាពិសេសមកដល់ពេលនេះមិនទាន់មានគ្រឹះស្ថានហិរញ្ញវត្ថុណាមួយនៅព្រះរាជាណាចក្រកម្ពុជាបន្ធូរបន្ថយអត្រាការប្រាក់ក្នុងគ្រាជួបការលំបាកនេះទេ ខណៈពេលដែលប្រទេសខ្លះបានចាប់អនុវត្តហើយ។
សង្ឃឹមថា ជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ COVID-19នេះរសាត់បាត់ឆ្ងាយពីព្រះរាជាណាចក្រកម្ពុជា ហើយការចូលរួមថែរក្សាសុខភាពនិងអនាម័យរបស់ប្រជាជនខ្មែរតាមការណែនាំរបស់ស្ថាប័នជំនាញ ការចូលរួមរបស់វិស័យឯកជនជាមួយនឹងរាជរដ្ឋាភិបាល អាចធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចប្រទេសកម្ពុជាបានល្អប្រសើរឡើងវិញ។
---------------------------
១. Worldometer in: https://www.worldometers.info/coronavirus/?fbclid=IwAR1EVMwNkMSygttRbzDyMg-6pVdL3L0omDJwa5K-4oKdQN607jr1OtUsBPI. Accessing on 17 March 2020.
២. Time: The WHO Estimated COVID-19 Mortality at 3.4%. That Doesn't Tell the Whole Story. In: https://time.com/5798168/coronavirus-mortality-rate/. Accessing on 16 March 2020.
៣. ADB: The Economic Impact of the COVID-19 Outbreak on Developing Asia, ADB Briefs No.128, 6 March 2020.
៤. អ្នកទាំងនោះមាន៖ នៅរាជធានីភ្នំពេញចំនួន៧នាក់ ខេត្តបាត់ដំបងចំនួន៤នាក់ កំពង់ចាមចំនួន៣នាក់ ខេត្តព្រះវិហារចំនួន២នាក់ ខេត្តបន្ទាយមានជ័យចំនួន២នាក់ ខេត្តកំពង់ឆ្នាំងចំនួន២នាក់ ខេត្តព្រះសីហនុ នួន១នាក់(ព្យាបាលជារួចហើយ) ខេត្តសៀមរាបចំនួន១នាក់ ខេត្តកំពតចំនួន១នាក់ និងខេត្តត្បូងឃ្មុំចំនួន១នាក់។
៥.ក្រសួងអប់រំ យុវជន និងកីឡា៖ សេចក្តីប្រកាសព័ត៌មានស្តីពីការអនុវត្តវិស្សមកាលតូចមុនកាលកំណត់សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈនិងឯកជននៅរាជធានីភ្នំពេញ និងក្រុងសៀមរាប ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។
៦. សូមមើលបន្ថែម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៖ សារាចរណែនាំស្តីពីការធ្វើវិចារណកម្មនិងការពង្រឹងសមត្ថភាពចំណាយសម្រាប់អនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ លេខ០០១ សហវ.អថ ចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០។
៧. GMAC: សេចក្តីជូនដំណឹងស្តីពីការមកដល់នៃវត្ថុធាតុដើមសម្រាប់បម្រើឱ្យវិស័យកាត់ដេរនិងវិធានការសម្របសម្រួលពិសេសរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។
៨. នៅក្នុង http://km.cnv.org.kh/ ដកស្រង់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០
៩. ក្រសួងអប់រំ យុវជន និងកីឡា៖សេចក្តីណែនាំស្តីពីការចាប់ផ្តើមវិស្សមកាលតូចមុនកាលកំណត់សម្រាប់គ្រឹះស្ថានគ្រប់កម្រិត គ្រប់ប្រភេទទាំងសាធារណៈនិងឯកជន នៅទូទាំងប្រទេស លេខ១៣ អយក.សណន ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។
១០. ក្រសួងពាណិជ្ជកម្ម៖ សេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ លេខ១១៦៣.ពណ.អវឯ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។
១១. រ៉ឺម៉កកង់បីមួយចំនួនធំប្រើហ្គាស។
១២. ក្រសួងសុខាភិបាល៖ សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីការរកឃើញ១១ករណីថ្មីទៀតជាបុរសជនជាតិខ្មែរឥស្លាមដែលវិលត្រឡប់មកពីចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ីនិងបុរសជនជាតិខ្មែរ១នាក់ត្រឡប់មកពីប្រទេសថៃ វិជ្ជមានវីរុសកូវីដ១៩ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។
គន្ថនិទ្ទេស
១-ក្រសួងពាណិជ្ជកម្ម៖ សេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ លេខ១១៦៣. ពណ.អវឯ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។
២-ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៖ សារាចរណែនាំស្តីពីការធ្វើវិចារណកម្មនិងការពង្រឹងសមត្ថភាព ចំណាយសម្រាប់អនុវត្ត ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ លេខ០០១ សហវ.អថ ចុះថ្ងៃទី៦ ខែមីនាឆ្នាំ២០២០។
៣-ក្រសួងសុខាភិបាល៖ សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីការរកឃើញ១១ករណីថ្មីទៀតជាបុរសជនជាតិខ្មែរឥស្លាមដែលវិលត្រឡប់មកពីចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ីនិងបុរសជនជាតិខ្មែរ១នាក់ត្រឡប់មកពីប្រទេសថៃ វិជ្ជមានវីរុសកូវីដ១៩ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។
៤- ក្រសួងអប់រំ យុវជន និងកីឡា៖ សេចក្តីប្រកាសព័ត៌មានស្តីពីការអនុវត្តវិស្សមកាលតូចមុនកាលកំណត់សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈនិងឯកជននៅរាជធានីភ្នំពេញ និងក្រុងសៀមរាប ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។
៥-ក្រសួងអប់រំ យុវជន និងកីឡា៖សេចក្តីណែនាំស្តីពីការចាប់ផ្តើមវិស្សមកាលតូចមុនកាលកំណត់សម្រាប់គ្រឹះស្ថានគ្រប់កម្រិត គ្រប់ប្រភេទទាំងសាធារណៈនិងឯកជន នៅទូទាំងប្រទេស លេខ១៣ អយក.សណន ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។
៦- GMAC: សេចក្តីជូនដំណឹងស្តីពីការមកដល់នៃវត្ថុធាតុដើមសម្រាប់បម្រើឱ្យវិស័យកាត់ដេរនិងវិធានការសម្របសម្រួលពិសេសរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។
៧- ADB: The Economic Impact of the COVID-19 Outbreak on Developing Asia, ADB Briefs No.128, 6 March 2020.
៨- Time: The WHO Estimated COVID-19 Mortality at 3.4%. That Doesn't Tell the Whole Story. In: https://time.com/5798168/coronavirus-mortality-rate/. Accessing on 16 March 2020.
៩- Worldometer in: https://www.worldometers.info/coronavirus/?fbclid=IwAR1EVMwNkMSygttRbzDyMg-6pVdL3L0omDJwa5K-4oKdQN607jr1OtUsBPI. Accessing on 17 March 2020.
១០-http://km.cnv.org.kh/ ដកស្រង់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០
នៅព្រឹកថ្ងៃសុក្រ ១កើត ខែទុតិយសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំវេទិកាចំហស្តីពី «សក្តានុពល និងបញ្ហាប្រឈមនៃការវិនិយោគនៅកម្ពុជា» ដោយមានការចូលរ...
គិតចាប់តាំងពីឆ្នាំ១៩៩៨ មក ឯកឧត្តម លឹម គានហោបានកសាងមកនូវសមិទ្ធផល និងស្នាដៃជូនជាតិច្រើន ក្នុងវិស័យធនធានទឹក និងឧតុនិយមក្នុងនោះការកសាងប្រព័ន្ធធារាសាស្ត្រជាច្រើនកន្លែងនៅតាមបណ្តាខេត្តសំខាន់ៗជាច្រើន ដូចជានៅ...
វិមានសន្តិភាព៖ នៅថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី មានរៀបចំពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិ...
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ សណ្ឋាគារអង្គរសិនជូរី ខេត្តសៀមរាប។ សិក្ខាសាលាអន្តរជាតិនេះ សហការរៀបចំដោយវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត...
កម្មវិធីកិច្ចពិភាក្សាតុមូលស្តីពីកម្មវិធីនយោបាយរបស់គណបក្សនយោបាយនៅថ្ងៃស្អែកនេះគឺ៖ ពេលព្រឹក៖ គណបក្សយុវជនកម្ពុជា Vs គណបក្សខ្មែររួបរួមជាតិពេលរសៀល៖ គណបក្សខ្មែរតែមួយ Vs គណបក្សឆន្ទៈខ្មែរសាធារណជន អាចចូលរួមស្ត...