Royal Academy of Cambodia
បន្ទាប់ពីបរាជ័យផ្ទួនៗនៅក្នុងប្រទេសស៊ីរី ប្រធានាធិបតីតួកគីកាន់តែឃ្លាតឆ្ងាយពីឆាកអន្តរជាតិនិងរងការរិះគន់ពីក្នុងប្រទេសរបស់លោក។ ល្បែងនយោបាយចុងក្រោយរបស់ប្រធានាធិបតីតួកគី លោក អេដូហ្កាន់ នៅក្នុងសង្គ្រាមស៊ីវិលរបស់ប្រទេសស៊ីរីហាក់ដូចជាបរាជ័យ។ ប្រទេសតួកគីបានដកថយមួយជំហានដើម្បីជំនួសឱ្យការបញ្ឈប់ប្រតិបត្តិការយោធារបស់រដ្ឋាភិបាលក្រុងដាម៉ាស់ទៅលើខេត្តអ៊ីដលីប ដែលជាតំបន់កាន់កាប់ចុងក្រោយរបស់ក្រុមឧទ្ទាម។ ជោគវាសនាដ៏អាក្រក់យ៉ាងថ្មីសន្លាងរបស់អេដូហ្កាន់ កំពុងជំរុញឱ្យកើនឡើងនូវចលនាតស៊ូក្នុងស្រុកទល់ទៅនឹងដឹកនាំអត្តាធិបតេយ្យដ៏មានអំណាចរបស់លោកទៅវិញ។
វិបត្តិនេះបានចាប់ផ្តើមនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅពេលដែលក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលគាំទ្រដោយកងទ័ពតួកគី កាំភ្លើងធំ និងសព្វាវុធផ្សេងៗទៀត បានបើកការវាយប្រហារទៅលើកងទ័ពស៊ីរីនៅទីក្រុងយុទ្ធសាស្ត្រសារ៉ាកេប (Town of Saraqeb)។ នៅថ្ងៃដដែលនោះ យន្តហោះចម្បាំងរបស់រុស្ស៊ីដែលហោះនៅភាគខាងត្បូងនៃខេត្តអ៊ីដលីបត្រូវបានបាញ់ទម្លាក់ដោយអាវុធប្រឆាំងយន្ដហោះ ដែលបានបាញ់ចេញពីទីតាំងយោធារបស់តួកគី។ ទន្ទឹមនេះដែរ មូលដ្ឋានទ័ពអាកាសរបស់រុស្ស៊ីនៅ Khmeimim ក៏ត្រូវបានវាយប្រហារដោយអាវុធប្រឆាំងយន្ដហោះនិងយន្តហោះគ្មានមនុស្សបើកប្រដាប់ដោយអាវុធរបស់តួកគីផងដែរ។
អ្វីដែលកើតឡើងបន្ទាប់ទៀត នៅមានភាពស្រពិចស្រពិលនៅឡើយ។ បើយោងតាមទីក្រុងអង់ការ៉ាបានឱ្យដឹងថា យន្តហោះចម្បាំងនិងកាំភ្លើងធំរបស់ស៊ីរីបានវាយប្រហារក្បួនទ័ពរបស់តួកគីដែលកំពុងធ្វើដំណើរនាំគ្រឿងផ្គត់ផ្គង់ទៅមូលដ្ឋានសង្កេតការណ៍យោធាតួកគីនៅអ៊ីដលីប ដោយបានបាញ់ទាហានតួកគីឱ្យរងរបួសចំនួនជាង៧០នាក់ និងស្លាប់៣៤នាក់។ ប្រភពខ្លះទៀត បានរាយការណ៍ថា មានអ្នកស្លាប់និងអ្នករងរបួសច្រើនជាងនេះ។
បើយោងតាមព័ត៌មានពីអ៊ីនធឺណិតគួរឱ្យទុកចិត្តបាន ដែលចុះផ្សាយក្នុងសារព័ត៌មាន Al Monitor បានរាយការណ៍ថា ក្បួនទ័ពមួយកងវរសេនាតូចថ្មើរជើងរបស់ទាហានតួកគីប្រហែល ៤០០ នាក់ ត្រូវបានវាយប្រហារ។ ប៉ុន្តែ វាមិនមែនជាយន្តហោះចម្បាំងរបស់ស៊ីរីជាអ្នកវាយប្រហារទេ វាអាចជាយន្តហោះចំបាំង Su-34s របស់រុស្ស៊ីដែលបំពាក់ដោយគ្រាប់បែក KAB-1500Ls ។ យន្តហោះចម្បាំង Su-22 របស់ស៊ីរីក៏បានជាប់ពាក់ព័ន្ធដែរ ប៉ុន្តែទំនងជាគាំទ្រពីក្រោយដើម្បីធ្វើឱ្យទាហានចូលទៅកាន់កាប់ក្នុងអគារធំៗមួយចំនួន។ រួចហើយ យន្តហោះចំបាំង Su-34s បានវាយប្រហារអគារ ដែលធ្វើឱ្យអគារទាងនោះដួលរលំទៅលើប្រជាជនតួកគី។
ប្រទេសរុស្ស៊ីបានបដិសេធថា យន្តហោះរបស់ខ្លួនមិនបានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនេះទេ។ រីឯប្រទេសស៊ីរីវិញបានរងការស្តីបន្ទោសចំៗពីប្រទេសតួកគីថាជាអ្នកធ្វើរឿងនេះ។ ប្រទេសស៊ីរីបានលើកឡើងដើម្បីការពារខ្លួនថា វាជាការចោទប្រកាន់របស់តួកគីតែប៉ុណ្ណោះ ដូចពាក្យចាស់លោកថា «ស្វាស៊ីបាយលាបមាត់ពពែ»។
ដំបូងឡើយលោក អេដូហ្កាន់ បានស្តីបន្ទោសនិងគំរាមបើកការឈ្លានពានខេត្តអ៊ីដលីប តែទោះយ៉ាងណាក៏ក៏ការឈ្លានពាននោះបានចាប់ផ្តើមរួចហើយដែរ។ ម្យ៉ាងវិញទៀត បន្ទាប់ពីនៅតែស្ងៀមស្ងាត់ ឧត្តមនាវីទោរុស្ស៊ី លោក Oleg Zhuravlev បានមានប្រសាសន៍ថា រុស្ស៊ីមិនអាចធានាសុវត្ថិភាពនៃការហោះហើរសម្រាប់យន្តហោះតួកគីលើប្រទេសស៊ីរីទេក្នុងករណីមានជម្លោះរវាងភាគីទាំងពីរ។
ប្រធានាធិបតីតួកគីជាមនុស្សក្បាលរឹង ប៉ុន្តែ គាត់មិនឆោតល្ងង់ទេ។ កងទ័ព សព្វាវុធ និងកាំភ្លើងធំដែលគ្មានការការពារពីទ័ពអាកាស អាចជាគោលដៅងាយស្រួលក្នុងការវាយប្រហារ។ ដូច្នេះ តួកគីត្រូវដកថយវិញ រីឯស៊ីរីត្រូវរំកិលចូល ហើយរហូតដល់ពេលនេះ នគរបាលរុស្ស៊ីបានកំពុងកាន់កាប់ទីក្រុងសារ៉ាកេប។ ជាមួយគ្នានេះដែរ ប្រទេសរុស្ស៊ីក៏បានដាក់ពង្រាយ នាវាចម្បាំងចំនួន ២ គ្រឿងបំពាក់ដោយកាំជ្រួចផ្លោងនៅឆ្នេរសមុទ្រនៃប្រទេសស៊ីរី។
សង្គ្រាមនៅក្នុងប្រទេសខ្លួនឯង
សម្រាប់លោកអេដូហ្កាន់ ប្រទេសរបស់គាត់កំពុងនៅនឹងមុខភ្លើងដែលកំពុងកំដៅ។ សូម្បីតែមុនពេលមានវិបត្តិថ្មីនេះ គណបក្សសាធារណរដ្ឋប្រជាមានិត (CHP) ដែលជាបក្សប្រឆាំង ក៏បានទាមទារឱ្យលោក អេដូហ្កាន់ ធ្វើរបាយការណ៍ខ្លីទៅកាន់សភាអំពីស្ថានភាពនៅអ៊ីដលីបដែរ។ ប៉ុន្តែ គណបក្សយុត្តិធម៌និងការអភិវឌ្ឍ (AKP) របស់ប្រធានាធិបតីបានបោះឆ្នោតបដិសេធសំណើនេះ។ ទន្ទឹមនឹងនេះ គណបក្សល្អ (Good Party) ជាគណបក្សស្តាំ ជាតិនិយមដែលជាសម្ព័ន្ធមិត្តជាមួយគណបក្សប្រឆាំង CHP ក៏បានទាមទារស្រដៀងគ្នានេះដែរ។ គណបក្សប្រឆាំងទាំងអស់បានអំពាវនាវឱ្យលោក អេដូហ្កាន់ ធ្វើការចរចាដោយផ្ទាល់ជាមួយរដ្ឋាភិបាលអាសាដ។
ការព្រួយបារម្ភនោះគឺថា ប្រទេសតួកគីកំពុងតែមាននិន្នាការទៅរកការធ្វើសង្គ្រាមជាមួយប្រទេសស៊ីរីដោយគ្មានការអនុម័តពីសភាឡើយ។ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ លោក អេដូហ្កាន់ បានជួបជាមួយមន្ត្រីជាន់ខ្ពស់របស់គណបក្ស AKP ហើយបានប្រាប់ពួកគេថា ប្រសិនបើទាហានតួកគីស្លាប់និងរបួសបន្ថែមទៀតនោះ (ខណៈនោះ ចំនួនអ្នកស្លាប់មាន១៤នាក់និងអ្នករបួសមានចំនួន៤៥នាក់) តួកគីនឹង «បើកការវាយប្រហារគ្រប់ទីកន្លែង»នៅក្នុងប្រទេសស៊ីរី។ ដោយឡែក សម្រាប់ក្រុមប្រឆាំងវិញ មើលទៅវាដូចជាអាក្រក់ពេកចំពោះការគំរាមប្រកាសសង្គ្រាមជាមួយស៊ីរីនោះ។
លោក Engin Altay អនុប្រធានរបស់គណបក្សប្រឆាំង CHP បានមានប្រសាសន៍ថា «លោកប្រធានាធិបតីត្រូវរាយការណ៍ខ្លីជូនទៅសភាអំពីជម្លោះនៅអ៊ីដលីប ព្រោះថា វាមិនមែនជាបញ្ហាផ្ទៃក្នុងរបស់គណបក្ស AKPទេ»។ លោក Altay ក៏បានជំទាស់នឹងការសន្យារបស់លោក អេដូហ្កាន់ ថានឹងផ្តាច់ប្រទេសតួកគីចេញពីក្រុមឧទ្ទាមជ្រុលនិយមដូចជាលោក Hayat Tahrir al-Sham ដែលជាសមាជិកនៃក្រុមអាល់កៃដា។ លោកបានសួរថាតើនេះអាចទៅរួចទេ? «គ្មានមធ្យោបាយណាដែលអាចផ្តាច់ចេញពីគ្នាបានទេ»។
ប្រទេសតួកគីបានធ្វើកិច្ចព្រមព្រៀងជាមួយប្រទេសរុស្ស៊ីក្នុងឆ្នាំ២០១៨ ដើម្បីអនុញ្ញាតឱ្យតួកគីបង្កើតប៉ុស្តិ៍សង្កេតការណ៍នៅតំបន់អ៊ីដលីប ដោយខ្លួនសន្យាថា មិនគាំទ្រក្រុមជ្រុលនិយម ដូចជា Tahrir al-Sham។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ទីក្រុងអង់ការ៉ាបានសម្របសម្រួលឱ្យក្រុមនោះចូលទៅក្នុងប្រទេសស៊ីរីតាំងពីសង្គ្រាមចាប់ផ្តើមមកម្ល៉េះ។ ពួកគេឆ្លងកាត់ដោយសេរីនិងផ្គត់ផ្គង់ឱ្យពួកគេនូវសារធាតុគីមីសម្រាប់ផលិតគ្រាប់បែក។ លើសពីនេះ ក្រុមជ្រុលនិយមបានលុបបំបាត់ក្រុមប្រឆាំងមួយចំនួនដែលគេហៅថា «ក្រុមនិយមកណ្តាល» អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ លោក Ahmet Kamil Erozan មកពីគណបក្សល្អបាននិយាយថា៖ «ប្រទេសតួកគី ត្រូវតែប្រាប់ថា ខ្លួននឹងបំបែកក្រុមនិយមកណ្តាលចេញពីក្រុមជ្រុលនិយម ប៉ុន្តែ មិនអាចធ្វើបានឡើយ»។
សមាជិកសភានៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានប្រជាមានិតជឿនលឿនឃឺដ(HDP) លោក Necdet Ipekyuz បានចោទប្រកាន់ថា «អ៊ីដលីបបានក្លាយជាសំបុករបស់ក្រុមជីហាដទាំងអស់។ វាបានប្រែក្លាយទៅជាកន្លែងមានបញ្ហាសម្រាប់ប្រទេសតួកគីនិងពិភពលោក ហើយថាតើអ្នកណាការពារក្រុមជីហាដទាំងនេះ? តើអ្នកណារក្សាសុវត្ថិភាពពួកគេ?» លោក អេដូហ្កាន់ បានចាប់សមាជិកសភា HDP ជាច្រើននាក់ដាក់ពន្ធនាគារ ហើយគណបក្ស AKP របស់លោកក៏បានផ្លាស់ប្តូអភិបាលក្រុងមួយចំនួនផងដែរ។ មនុស្សរាប់ម៉ឺននាក់បានជាប់ពន្ធនាគារ ហើយមនុស្សរាប់ម៉ឺននាក់ទៀតត្រូវបានបណ្តេញចេញពីការងារ។ ប្រព័ន្ធផ្សព្វផ្សាយត្រូវបានបំបិទមាត់ដោយការបង្ខិតបង្ខំ។ សូមបញ្ជាក់ថា មានតែប្រទេសតួកគីទេដែលបានចាប់អ្នកសារព័ត៌មានដាក់ពន្ធនាគារច្រើនជាងប្រទេសណាៗទាំងអស់នៅលើពិភពលោក។
សង្រ្គាមពិតជាបណ្តាលឱ្យតួកគីមហន្តរាយនិងជួបបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ។ ភាពអត់ការងារធ្វើមានអត្រាខ្ពស់ និងតម្លៃប្រាក់ Lira របស់តួកគីនៅតែបន្តធ្លាក់ចុះ។ ការស្ទង់មតិបង្ហាញថា ប្រជាជនតួកគីភាគច្រើនដែលមានចំនួនរហូតដល់៥៧ ភាគរយកំពុងខ្វល់ខ្វាយអំពីបញ្ហាសេដ្ឋកិច្ចជាជាងភេរវកម្ម។ ខណៈដែលប្រជាជនតួកគីបានប្រមូលផ្តុំគ្នានៅជុំវិញទាហាន មុនពេលមានឧបទ្ទវហេតុថ្មីៗកើតឡើង ប្រជាជនតួកគីជាងពាក់កណ្តាលបានប្រឆាំងជំទាស់នឹងការបង្កសង្គ្រាម។
ការបង្កបញ្ហាជាមួយអ្នកជិតខាង
ទន្ទឹមនឹងនេះប្រទេសទួរគីហាក់ដូចជាដាច់ឆ្ងាយពីគេ។ លោក អេដូហ្កាន់ បានអំពាវនាវឱ្យណាតូកោះប្រជុំជាបន្ទាន់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។ ប៉ុន្តែ ទទួលបានការគាំទ្រតិចតួចខាងសីលធម៌។ ណាតូមិនចង់ធ្វើអ្វីជាមួយស៊ីរីទេ ហើយក៏ច្បាស់ជាមិនចង់ប្រឈមមុខជាមួយរុស្ស៊ីដែរ ពីព្រោះសមាជិកនៃសម្ព័ន្ធមិត្តជាច្រើនមិនសុខចិត្តនឹងអន្តរាគមន៍របស់តួកគីនៅស៊ីរីទេ។ ថ្វីបើតួកគីមិនស្ថិតនៅក្រោមការវាយប្រហារក៏ដោយ ក៏មានទាហានរបស់ខ្លួនដែលកំពុងកាន់កាប់ដោយរំលោភលើច្បាប់អន្តរជាតិលើផ្នែកខ្លះនៃប្រទេសស៊ីរី ដែលទហានទាំងនេះអាចនឹងងាយរងគ្រោះ។ ជនជាតិអាម៉េរិកក៏បានសម្រេចចិត្តបង្កើតតំបន់គ្មានការហោះហើរនៅតំបន់អ៊ីដលីប។
លោក អេដូហ្កាន់ មិនត្រឹមតែត្រូវបានគាបសង្កត់ដោយក្រុមប្រឆាំងប៉ុណ្ណោះទេ ប៉ុន្តែ ក៏មានសម្ពាធពីគណបក្សចលនាជាតិនិយម (MHP) នៅក្នុងសម្ព័ន្ធភាពគ្រប់គ្រងរបស់ខ្លួនដែរ។ សូមបញ្ជាក់ថា គណបក្សចលនាជាតិនិយម (MHP) ឬ "ក្រុមចចកខ្មៅ" គឺជាក្រុមតំណាងឱ្យក្រុមស្តាំនិយមជ្រុលរបស់ប្រទេសតួកគី។ លោក Devlet Bahceli មេដឹកនាំ MHP មានប្រសាសន៍ថា «ប្រទេសទួរគីត្រូវតែដើរចូលទៅក្នុងក្រុងដាម៉ាសរួមជាមួយកងទ័ពតួកគី»។
លោក អេដូហ្កាន់ មិនមានចេតនាវាយលុកចូលរដ្ឋធានីរបស់ប្រទេសស៊ីរីទេ ទោះបីជាគាត់មានសមត្ថភាពក៏ដោយ។ លោកប្រធានាធិបតីចង់ឱ្យតួកគីក្លាយជាអ្នកលេងប្រចាំតំបន់ ហើយកាន់កាប់ផ្នែកខ្លះនៃប្រទេសស៊ីរី និងរក្សាទីក្រុងអង់ការ៉ាឱ្យនៅដដែល។ ប៉ុន្តែហេតុផលដែលបានគូសវាសនោះ ឥឡូវកំពុងតែប្រតិបត្តិការ។ សម្ព័ន្ធមិត្តរបស់តួកគីក្នុងសង្គ្រាមស៊ីវិលស៊ីរីមិនមានប្រសិទ្ធភាពទាល់តែសោះ បើគ្មានការដឹកនាំនិងគាំទ្រពីកងទ័ពតួកគី។ ក្រៅពីនេះ បើគ្មានកងទ័ពអាកាសទេ ទាហានតួកគីកំណត់យ៉ាងជាក់ច្បាស់ចំពោះអ្វីដែលខ្លួនធ្វើបានដែលធ្វើឱ្យរុស្ស៊ីបាត់ការអត់ធ្មត់។
ទីក្រុងមូស្គូចង់បញ្ចប់សង្គ្រាមស៊ីរីនិងដកទ័ពមួយចំនួនរបស់ខ្លួនត្រឡប់មករុស្ស៊ីវិញ ហើយលោក អេដូហ្កាន់ កំពុងធ្វើឱ្យពិបាក។ ទីក្រុងម៉ូស្គូអាចនឹងពិបាកផងដែរ ខណៈដែលប្រទេសតួកគីអាចនឹងរកឃើញដំណោះស្រាយបានឆាប់រហ័ស។ ប្រទេសទាំងពីរមានចំណងទាក់ទងគ្នាយ៉ាងជិតស្និទ្ធស្តីពីថាមពលនិងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកក្នុងការរាំងខ្ទប់ប្រេងនិងឧស្ម័នពីអ៊ីរ៉ង់។ ទីក្រុងអង់ការ៉ាពឹងផ្អែកប្រភពថាមពលពីរុស្ស៊ីកាន់តែខ្លាំងឡើង។ ប្រទេសរុស្ស៊ីទើបតែបានបង្កើតបំពង់បង្ហូរឧស្ម័ន TurkStream ថ្មីៗ ដែលឆ្លងកាត់សមុទ្រខ្មៅ ហើយកំពុងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរឱ្យប្រទេសតួកគី។ លោក អេដូហ្កាន់ អាចគ្រាន់តែធ្វើឱ្យគេមើលឃើញថា គាត់នៅឆ្ងាយពីរុស្ស៊ី ប៉ុណ្ណោះ។
ឧបសគ្គនៅក្នុងប្រទេសស៊ីរីនិងកាដាក់សម្ពាធពីក្នុងប្រទេស បានធ្វើឱ្យ លោក អេដូហ្គាន់ កំណត់បានជម្រើសជាច្រើន។ គាត់ប្រហែលជាព្យាយាមឱ្យតួកគីពាក់ព័ន្ធកាន់តែខ្លាំងនៅក្នុងប្រទេសស៊ីរី ប៉ុន្តែ បញ្ហានេះអាចមានហានិភ័យខ្ពស់។ គាត់បានបង្ហូរជនភៀសខ្លួនចូលទៅសហភាពអឺរ៉ុប។ ប៉ុន្តែ មិនមានមនុស្សច្រើននាក់ចង់ទៅទេ ហើយអឺរ៉ុបក៏កំពុងរារាំងពួកគេយ៉ាងឃោរឃៅដែរ។ លោក អេដូហ្គាន់ អាចនឹងប្រកាសឱ្យមានការបោះឆ្នោតមុនកំណត់ មុនពេលដែលសំឡេងគាំទ្រក្នុងស្រុករបស់លោកធ្លាក់ចុះតទៅទៀត។ ទោះយ៉ាងណាក៏ដោយ ក៏លោក អេដូហ្គាន់ អាចនឹងចាញ់ការបោះឆ្នោតនោះ ជាពិសេស ចាប់តាំងពីគណបក្ស AKP របស់លោកបានបំបែកជាពីរ។ ការស្ទង់មតិចុងក្រោយនេះបានរកឃើញថា ៥០ ភាគរយនៃប្រជាជនតួកគី បាននិយាយថា ពួកគេនឹងមិនបោះឆ្នោតឱ្យលោក អេដូហ្គាន់ ទេ ឬមួយលោកអាចវិលត្រឡប់ទៅរកគោលនយោបាយឈ្នះ-ឈ្នះរបស់លោកកាលពីមួយទសវត្សរ៍មុនដែលមិនធ្លាប់មានបញ្ហាជាមួយប្រទេសជិតខាងរបស់លោក៕
រាជបណ្ឌិត្យសភាកម្ពុជា បាននឹងកំពុងយកអភិក្រមទាំង៥ មកអនុវត្ដនៅក្នុងស្ថាប័នរបស់ខ្លួនដើម្បីជំរុញកំណើនការងារ សមធម៌ និងប្រសិទ្ធភាពការងាររបស់មន្ដ្រីរាជការនានា។ សំខាន់ គឺដើម្បីជំរុញឱ្យស្ថាប័នមានការអភិវឌ្ឍ ក៏ដូ...
«...ផ្នែកបុរាណវិទ្យា ផ្នែកវប្បធម៌ត្រូវចាប់ដៃកិច្ចសហការជាមួយផ្នែកសិល្បៈ ដើម្បីរៀបចំការសម្តែងសិល្បៈ ក្នុងការផ្សព្វផ្សាយនូវស្នាដៃរបស់ខ្លួន នេះមានន័យថា អ្វីដែលផ្នែកបុរាណវិទ្យាបានកកាយរកឃើញនៅតាមទីទួលបុរាណរួ...
ពិធីបំពាក់គ្រឿងឥស្សរិយយសជូនដល់សមាជិកក្រុមប្រឹក្សាស្តង់ដាជាតិ និងគណៈកម្មការបច្ចេកទេសដែលមានស្នាដៃឆ្នើមក្នុងការអភិវឌ្ឍស្តង់ដាជាតិ ត្រូវបានប្រារព្ធឡើងនាព្រឹកថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស...
នៅថ្ងៃសុក្រ ៥រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែសីហាឆ្នាំ២០១៨ គណៈប្រតិភូរបស់រាជបណ្ឌិត្យ សភាកម្ពុជា ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អមដំណើរដោយឯកឧត្តមបណ្ឌិតសភាច...
កាលព្រឹកថ្ងៃអង្គារ ២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) បានរៀបចំកិច្ចប...