ព័ត៌មាន

«ល្បែងនយោបាយបរាជ័យរបស់លោក អេដូហ្កាន់ នៅស៊ីរី» ប្រែសម្រួលដោយ៖ លោក ហ៊ាន ស្រស់ នាយកដ្ឋានសិក្សាអឺរ៉ុបនិងរុស្ស៊ី នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

2020-03-17 04:14:03 ថ្ងៃអង្គារ, 17 មីនា 2020, 04:14 AM
post_detail

បន្ទាប់ពីបរាជ័យផ្ទួនៗនៅក្នុងប្រទេសស៊ីរី ប្រធានាធិបតីតួកគីកាន់តែឃ្លាតឆ្ងាយពីឆាកអន្តរជាតិនិងរងការរិះគន់ពីក្នុងប្រទេស​របស់លោក។ ល្បែងនយោបាយចុងក្រោយរបស់ប្រធានាធិបតីតួកគី លោក អេដូហ្កាន់ នៅក្នុងសង្គ្រាមស៊ីវិលរបស់ប្រទេស​ស៊ីរីហាក់ដូចជាបរាជ័យ។ ប្រទេសតួកគីបានដកថយមួយជំហានដើម្បីជំនួសឱ្យការបញ្ឈប់ប្រតិបត្តិការយោធារបស់រដ្ឋាភិបាលក្រុងដាម៉ាស់ទៅលើខេត្តអ៊ីដលីប ដែលជាតំបន់កាន់កាប់ចុងក្រោយរបស់ក្រុមឧទ្ទាម។ ជោគវាសនាដ៏អាក្រក់យ៉ាងថ្មីសន្លាងរបស់អេដូហ្កាន់ កំពុងជំរុញឱ្យកើនឡើងនូវចលនាតស៊ូក្នុងស្រុកទល់ទៅនឹងដឹកនាំអត្តាធិបតេយ្យដ៏មានអំណាចរបស់លោកទៅវិញ។

វិបត្តិនេះបានចាប់ផ្តើមនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅពេលដែលក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលគាំទ្រដោយកងទ័ពតួកគី កាំភ្លើងធំ និងសព្វាវុធផ្សេងៗទៀត បានបើកការវាយប្រហារទៅលើកងទ័ពស៊ីរីនៅទីក្រុងយុទ្ធសាស្ត្រសារ៉ាកេប (Town of Saraqeb)។ នៅថ្ងៃដដែលនោះ យន្តហោះចម្បាំងរបស់រុស្ស៊ីដែលហោះនៅភាគខាងត្បូងនៃខេត្តអ៊ីដលីបត្រូវបានបាញ់ទម្លាក់ដោយអាវុធប្រឆាំងយន្ដហោះ ដែលបានបាញ់ចេញពីទីតាំងយោធារបស់តួកគី។ ទន្ទឹមនេះដែរ មូលដ្ឋានទ័ពអាកាសរបស់រុស្ស៊ីនៅ Khmeimim ក៏ត្រូវបានវាយប្រហារដោយអាវុធប្រឆាំងយន្ដហោះនិងយន្តហោះគ្មានមនុស្សបើកប្រដាប់ដោយអាវុធរបស់តួកគី​ផង​ដែរ។

អ្វីដែលកើតឡើងបន្ទាប់ទៀត នៅមានភាពស្រពិចស្រពិលនៅឡើយ។ បើយោងតាមទីក្រុងអង់ការ៉ាបានឱ្យដឹងថា យន្តហោះចម្បាំងនិងកាំភ្លើងធំរបស់ស៊ីរីបានវាយប្រហារក្បួនទ័ពរបស់តួកគីដែលកំពុងធ្វើដំណើរនាំគ្រឿងផ្គត់ផ្គង់ទៅមូលដ្ឋានសង្កេតការណ៍យោធាតួកគីនៅអ៊ីដលីប ដោយបានបាញ់ទាហានតួកគីឱ្យរងរបួសចំនួនជាង៧០នាក់ និងស្លាប់៣៤នាក់។ ប្រភពខ្លះទៀត បានរាយការណ៍ថា មានអ្នកស្លាប់និងអ្នករងរបួសច្រើនជាងនេះ។

បើយោងតាមព័ត៌មានពីអ៊ីនធឺណិតគួរឱ្យទុកចិត្តបាន ដែលចុះផ្សាយក្នុងសារព័ត៌មាន Al Monitor បានរាយការណ៍ថា ក្បួនទ័ពមួយកងវរសេនាតូចថ្មើរជើងរបស់ទាហានតួកគីប្រហែល ៤០០ នាក់ ត្រូវបានវាយប្រហារ។ ប៉ុន្តែ វាមិនមែនជាយន្តហោះចម្បាំងរបស់ស៊ីរីជាអ្នកវាយប្រហារទេ វាអាចជាយន្តហោះចំបាំង Su-34s របស់រុស្ស៊ីដែលបំពាក់ដោយគ្រាប់បែក KAB-1500Ls ។ យន្តហោះ​ចម្បាំង Su-22 របស់ស៊ីរីក៏បានជាប់ពាក់ព័ន្ធដែរ ប៉ុន្តែទំនងជាគាំទ្រពីក្រោយដើម្បីធ្វើឱ្យទាហានចូលទៅកាន់កាប់ក្នុងអគារធំៗមួយចំនួន។ រួចហើយ យន្តហោះចំបាំង Su-34s បានវាយប្រហារអគារ ដែលធ្វើឱ្យអគារទាងនោះដួលរលំទៅលើប្រជាជនតួកគី។

ប្រទេសរុស្ស៊ីបានបដិសេធថា យន្តហោះរបស់ខ្លួនមិនបានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនេះទេ។ រីឯប្រទេសស៊ីរីវិញបានរងការស្តីបន្ទោសចំៗពីប្រទេសតួកគីថាជាអ្នកធ្វើរឿងនេះ។ ប្រទេសស៊ីរីបានលើកឡើងដើម្បីការពារខ្លួនថា វាជាការចោទប្រកាន់របស់​តួកគីតែប៉ុណ្ណោះ ដូចពាក្យចាស់លោកថា «ស្វាស៊ីបាយលាបមាត់ពពែ»។

ដំបូងឡើយលោក អេដូហ្កាន់ បានស្តីបន្ទោសនិងគំរាមបើកការឈ្លានពានខេត្តអ៊ីដលីប តែទោះយ៉ាងណាក៏ក៏ការឈ្លានពាននោះ​បានចាប់ផ្តើមរួចហើយដែរ។ ម្យ៉ាងវិញទៀត បន្ទាប់ពីនៅតែស្ងៀមស្ងាត់ ឧត្តមនាវីទោរុស្ស៊ី លោក Oleg Zhuravlev បានមាន​ប្រសាសន៍ថា រុស្ស៊ីមិនអាចធានាសុវត្ថិភាពនៃការហោះហើរសម្រាប់យន្តហោះតួកគីលើប្រទេសស៊ីរីទេក្នុងករណីមានជម្លោះរវាង​ភាគីទាំងពីរ។

ប្រធានាធិបតីតួកគីជាមនុស្សក្បាលរឹង ប៉ុន្តែ គាត់មិនឆោតល្ងង់ទេ។ កងទ័ព សព្វាវុធ និងកាំភ្លើងធំដែលគ្មានការការពារ​ពី​ទ័ព​អាកាស អាចជាគោលដៅងាយស្រួលក្នុងការវាយប្រហារ។ ដូច្នេះ តួកគីត្រូវដកថយវិញ រីឯស៊ីរីត្រូវរំកិលចូល ហើយរហូតដល់ពេលនេះ នគរបាលរុស្ស៊ីបានកំពុងកាន់កាប់ទីក្រុងសារ៉ាកេប។ ជាមួយគ្នានេះដែរ ប្រទេសរុស្ស៊ីក៏បានដាក់ពង្រាយ នាវាចម្បាំងចំនួន ២ គ្រឿងបំពាក់ដោយកាំជ្រួចផ្លោងនៅឆ្នេរសមុទ្រនៃប្រទេសស៊ីរី។

សង្គ្រាមនៅក្នុងប្រទេសខ្លួនឯង

សម្រាប់លោកអេដូហ្កាន់ ប្រទេសរបស់គាត់កំពុងនៅនឹងមុខភ្លើងដែលកំពុងកំដៅ។ សូម្បីតែមុនពេលមានវិបត្តិថ្មីនេះ គណបក្ស​សាធារណរដ្ឋប្រជាមានិត (CHP) ដែលជាបក្សប្រឆាំង ក៏បានទាមទារឱ្យលោក អេដូហ្កាន់ ធ្វើរបាយការណ៍ខ្លីទៅកាន់​សភា​អំពីស្ថានភាពនៅអ៊ីដលីបដែរ។ ប៉ុន្តែ គណបក្សយុត្តិធម៌និងការអភិវឌ្ឍ (AKP) របស់ប្រធានាធិបតីបានបោះឆ្នោតបដិសេធ​សំណើនេះ។ ទន្ទឹមនឹងនេះ គណបក្សល្អ (Good Party) ជាគណបក្សស្តាំ ជាតិនិយមដែលជាសម្ព័ន្ធមិត្តជាមួយគណបក្សប្រឆាំង CHP ក៏បានទាមទារស្រដៀងគ្នានេះដែរ។ គណបក្សប្រឆាំងទាំងអស់បានអំពាវនាវឱ្យលោក អេដូហ្កាន់ ធ្វើការចរចាដោយផ្ទាល់ជាមួយរដ្ឋាភិបាលអាសាដ។

ការព្រួយបារម្ភនោះគឺថា ប្រទេសតួកគីកំពុងតែមាននិន្នាការទៅរកការធ្វើសង្គ្រាមជាមួយប្រទេសស៊ីរីដោយគ្មានការអនុម័ត​ពី​សភាឡើយ។ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ លោក អេដូហ្កាន់ បានជួបជាមួយមន្ត្រីជាន់ខ្ពស់របស់គណបក្ស AKP ហើយបានប្រាប់​ពួកគេថា ប្រសិនបើទាហានតួកគីស្លាប់និងរបួសបន្ថែមទៀតនោះ (ខណៈនោះ ចំនួនអ្នកស្លាប់មាន១៤នាក់និងអ្នករបួសមាន​ចំនួន៤៥នាក់) តួកគីនឹង «បើកការវាយប្រហារគ្រប់ទីកន្លែង»នៅក្នុងប្រទេសស៊ីរី។ ដោយឡែក សម្រាប់ក្រុមប្រឆាំងវិញ មើល​ទៅវាដូចជាអាក្រក់ពេកចំពោះការគំរាមប្រកាសសង្គ្រាមជាមួយស៊ីរីនោះ។

លោក Engin Altay អនុប្រធានរបស់គណបក្សប្រឆាំង CHP បានមានប្រសាសន៍ថា «លោកប្រធានាធិបតីត្រូវរាយការណ៍ខ្លីជូនទៅសភាអំពីជម្លោះនៅអ៊ីដលីប ព្រោះថា វាមិនមែនជាបញ្ហាផ្ទៃក្នុងរបស់គណបក្ស AKPទេ»។ លោក Altay ក៏បានជំទាស់នឹងការសន្យារបស់លោក អេដូហ្កាន់ ថានឹងផ្តាច់ប្រទេសតួកគីចេញពីក្រុមឧទ្ទាមជ្រុលនិយមដូចជាលោក Hayat Tahrir al-Sham ដែលជាសមាជិកនៃក្រុមអាល់កៃដា។ លោកបានសួរថាតើនេះអាចទៅរួចទេ? «គ្មានមធ្យោបាយណាដែលអាចផ្តាច់ចេញពីគ្នាបានទេ»។

ប្រទេសតួកគីបានធ្វើកិច្ចព្រមព្រៀងជាមួយប្រទេសរុស្ស៊ីក្នុងឆ្នាំ២០១៨ ដើម្បីអនុញ្ញាតឱ្យតួកគីបង្កើតប៉ុស្តិ៍សង្កេតការណ៍នៅតំបន់អ៊ីដលីប ដោយខ្លួនសន្យាថា មិនគាំទ្រក្រុមជ្រុលនិយម ដូចជា Tahrir al-Sham។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ទីក្រុងអង់ការ៉ាបានសម្របសម្រួលឱ្យក្រុមនោះចូលទៅក្នុងប្រទេសស៊ីរីតាំងពីសង្គ្រាមចាប់ផ្តើមមកម្ល៉េះ។ ពួកគេឆ្លងកាត់ដោយសេរីនិងផ្គត់ផ្គង់ឱ្យពួកគេនូវសារធាតុគីមីសម្រាប់ផលិតគ្រាប់បែក។ លើសពីនេះ ក្រុមជ្រុលនិយមបានលុបបំបាត់ក្រុមប្រឆាំងមួយចំនួន​ដែលគេហៅថា «ក្រុមនិយមកណ្តាល» អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ លោក Ahmet Kamil Erozan មកពីគណបក្សល្អ​បាននិយាយថា៖ «ប្រទេសតួកគី ត្រូវតែប្រាប់ថា ខ្លួននឹងបំបែកក្រុមនិយមកណ្តាលចេញពីក្រុមជ្រុលនិយម ប៉ុន្តែ មិនអាចធ្វើ​បានឡើយ»។

សមាជិកសភានៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានប្រជាមានិតជឿនលឿនឃឺដ(HDP) លោក Necdet Ipekyuz បានចោទប្រកាន់ថា «អ៊ីដលីបបានក្លាយជាសំបុករបស់ក្រុមជីហាដទាំងអស់។ វាបានប្រែក្លាយទៅជាកន្លែងមានបញ្ហាសម្រាប់ប្រទេស​តួកគីនិងពិភពលោក ហើយថាតើអ្នកណាការពារក្រុមជីហាដទាំងនេះ? តើអ្នកណារក្សាសុវត្ថិភាពពួកគេ?» លោក អេដូហ្កាន់ បាន​ចាប់សមាជិកសភា HDP ជាច្រើននាក់ដាក់ពន្ធនាគារ ហើយគណបក្ស AKP របស់លោកក៏បានផ្លាស់ប្តូអភិបាលក្រុងមួយចំនួនផងដែរ។ មនុស្សរាប់ម៉ឺននាក់បានជាប់ពន្ធនាគារ ហើយមនុស្សរាប់ម៉ឺននាក់ទៀតត្រូវបានបណ្តេញចេញពីការងារ។ ប្រព័ន្ធ​ផ្សព្វផ្សាយត្រូវបានបំបិទមាត់ដោយការបង្ខិតបង្ខំ។ សូមបញ្ជាក់ថា មានតែប្រទេសតួកគីទេដែលបានចាប់អ្នកសារព័ត៌មាន​ដាក់ពន្ធនាគារច្រើនជាងប្រទេសណាៗទាំងអស់នៅលើពិភពលោក។

សង្រ្គាមពិតជាបណ្តាលឱ្យតួកគីមហន្តរាយនិងជួបបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ។ ភាពអត់ការងារធ្វើមានអត្រាខ្ពស់ និងតម្លៃប្រាក់ Lira របស់តួកគីនៅតែបន្តធ្លាក់ចុះ។ ការស្ទង់មតិបង្ហាញថា ប្រជាជនតួកគីភាគច្រើនដែលមានចំនួនរហូតដល់៥៧ ភាគរយកំពុងខ្វល់ខ្វាយអំពីបញ្ហាសេដ្ឋកិច្ចជាជាងភេរវកម្ម។ ខណៈដែលប្រជាជនតួកគីបានប្រមូលផ្តុំគ្នានៅជុំវិញទាហាន មុនពេលមានឧបទ្ទវហេតុថ្មីៗកើតឡើង ប្រជាជនតួកគីជាងពាក់កណ្តាលបានប្រឆាំងជំទាស់នឹងការបង្កសង្គ្រាម។

ការបង្កបញ្ហាជាមួយអ្នកជិតខាង

ទន្ទឹមនឹងនេះប្រទេសទួរគីហាក់ដូចជាដាច់ឆ្ងាយពីគេ។ លោក អេដូហ្កាន់ បានអំពាវនាវឱ្យណាតូកោះប្រជុំជាបន្ទាន់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។ ប៉ុន្តែ ទទួលបានការគាំទ្រតិចតួចខាងសីលធម៌។ ណាតូមិនចង់ធ្វើអ្វីជាមួយស៊ីរីទេ ហើយក៏ច្បាស់ជាមិនចង់ប្រឈមមុខជាមួយរុស្ស៊ីដែរ ពីព្រោះសមាជិកនៃសម្ព័ន្ធមិត្តជាច្រើនមិនសុខចិត្តនឹងអន្តរាគមន៍របស់តួកគីនៅស៊ីរីទេ។ ថ្វីបើតួកគីមិនស្ថិតនៅក្រោមការវាយប្រហារក៏ដោយ ក៏មានទាហានរបស់ខ្លួនដែលកំពុងកាន់កាប់ដោយរំលោភលើច្បាប់អន្តរជាតិលើផ្នែកខ្លះនៃប្រទេសស៊ីរី ដែលទហានទាំងនេះអាចនឹងងាយរងគ្រោះ។ ជនជាតិអាម៉េរិកក៏បានសម្រេចចិត្តបង្កើតតំបន់គ្មានការហោះហើរនៅតំបន់អ៊ីដលីប។

លោក អេដូហ្កាន់ មិនត្រឹមតែត្រូវបានគាបសង្កត់ដោយក្រុមប្រឆាំងប៉ុណ្ណោះទេ ប៉ុន្តែ ក៏មានសម្ពាធពីគណបក្សចលនាជាតិនិយម (MHP) នៅក្នុងសម្ព័ន្ធភាពគ្រប់គ្រងរបស់ខ្លួនដែរ។ សូមបញ្ជាក់ថា គណបក្សចលនាជាតិនិយម (MHP) ឬ "ក្រុមចចកខ្មៅ" គឺជាក្រុមតំណាងឱ្យក្រុមស្តាំនិយមជ្រុលរបស់ប្រទេសតួកគី។ លោក Devlet Bahceli មេដឹកនាំ MHP មានប្រសាសន៍ថា «ប្រទេសទួរគីត្រូវតែដើរចូលទៅក្នុងក្រុងដាម៉ាសរួមជាមួយកងទ័ពតួកគី»។

លោក អេដូហ្កាន់ មិនមានចេតនាវាយលុកចូលរដ្ឋធានីរបស់ប្រទេសស៊ីរីទេ ទោះបីជាគាត់មានសមត្ថភាពក៏ដោយ។ លោកប្រធានាធិបតីចង់ឱ្យតួកគីក្លាយជាអ្នកលេងប្រចាំតំបន់ ហើយកាន់កាប់ផ្នែកខ្លះនៃប្រទេសស៊ីរី និងរក្សាទីក្រុងអង់ការ៉ាឱ្យនៅដដែល។ ប៉ុន្តែហេតុផលដែលបានគូសវាសនោះ ឥឡូវកំពុងតែប្រតិបត្តិការ។ សម្ព័ន្ធមិត្តរបស់តួកគីក្នុងសង្គ្រាមស៊ីវិលស៊ីរីមិនមាន​ប្រសិទ្ធភាពទាល់តែសោះ បើគ្មានការដឹកនាំនិងគាំទ្រពីកងទ័ពតួកគី។ ក្រៅពីនេះ បើគ្មានកងទ័ពអាកាសទេ ទាហាន​តួកគីកំណត់យ៉ាងជាក់ច្បាស់ចំពោះអ្វីដែលខ្លួនធ្វើបានដែលធ្វើឱ្យរុស្ស៊ីបាត់ការអត់ធ្មត់។

ទីក្រុងមូស្គូចង់បញ្ចប់សង្គ្រាមស៊ីរីនិងដកទ័ពមួយចំនួនរបស់ខ្លួនត្រឡប់មករុស្ស៊ីវិញ ហើយលោក អេដូហ្កាន់ កំពុងធ្វើឱ្យពិបាក។ ទីក្រុងម៉ូស្គូអាចនឹងពិបាកផងដែរ ខណៈដែលប្រទេសតួកគីអាចនឹងរកឃើញដំណោះស្រាយបានឆាប់រហ័ស។ ប្រទេសទាំងពីរមានចំណងទាក់ទងគ្នាយ៉ាងជិតស្និទ្ធស្តីពីថាមពលនិងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកក្នុងការរាំងខ្ទប់ប្រេងនិងឧស្ម័នពីអ៊ីរ៉ង់។ ទីក្រុងអង់ការ៉ាពឹងផ្អែកប្រភពថាមពលពីរុស្ស៊ីកាន់តែខ្លាំងឡើង។ ប្រទេសរុស្ស៊ីទើបតែបានបង្កើតបំពង់បង្ហូរឧស្ម័ន TurkStream ថ្មីៗ ដែលឆ្លងកាត់សមុទ្រខ្មៅ ហើយកំពុងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរឱ្យប្រទេសតួកគី។ លោក អេដូហ្កាន់ អាចគ្រាន់តែធ្វើឱ្យគេមើលឃើញថា គាត់នៅឆ្ងាយពីរុស្ស៊ី ប៉ុណ្ណោះ។

ឧបសគ្គនៅក្នុងប្រទេសស៊ីរីនិងកាដាក់សម្ពាធពីក្នុងប្រទេស បានធ្វើឱ្យ លោក អេដូហ្គាន់ កំណត់បានជម្រើសជាច្រើន។ គាត់ប្រហែលជាព្យាយាមឱ្យតួកគីពាក់ព័ន្ធកាន់តែខ្លាំងនៅក្នុងប្រទេសស៊ីរី ប៉ុន្តែ បញ្ហានេះអាចមានហានិភ័យខ្ពស់។ គាត់បានបង្ហូរ​ជន​ភៀសខ្លួនចូលទៅសហភាពអឺរ៉ុប។ ប៉ុន្តែ មិនមានមនុស្សច្រើននាក់ចង់ទៅទេ ហើយអឺរ៉ុបក៏កំពុងរារាំងពួកគេយ៉ាងឃោរឃៅ​​ដែរ។ លោក អេដូហ្គាន់ អាចនឹងប្រកាសឱ្យមានការបោះឆ្នោតមុនកំណត់ មុនពេលដែលសំឡេងគាំទ្រក្នុងស្រុករបស់លោក​ធ្លាក់ចុះតទៅទៀត។ ទោះយ៉ាងណាក៏ដោយ ក៏លោក អេដូហ្គាន់ អាចនឹងចាញ់ការបោះឆ្នោតនោះ ជាពិសេស ចាប់តាំងពីគណបក្ស AKP របស់លោកបានបំបែកជាពីរ។ ការស្ទង់មតិចុងក្រោយនេះបានរកឃើញថា ៥០ ភាគរយនៃប្រជាជនតួកគី បាននិយាយថា ពួកគេនឹងមិនបោះឆ្នោតឱ្យលោក អេដូហ្គាន់ ទេ ឬមួយលោកអាចវិលត្រឡប់ទៅរកគោលនយោបាយឈ្នះ-ឈ្នះរបស់លោកកាលពីមួយទសវត្សរ៍មុនដែលមិនធ្លាប់មានបញ្ហាជាមួយប្រទេសជិតខាងរបស់លោក៕

អត្ថបទទាក់ទង

«ទស្សនទានស្តីពីមីក្រូសហគ្រាស សហគ្រាសធុនតូចនិងមធ្យម នៅប្រទេសកម្ពុជា» ដោយ៖ បណ្ឌិត ព្រុំ ទេវី អនុប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម

ក្របខណ្ឌគោលនយោបាយសម្រាប់ការអភិវឌ្ឍន៍មីក្រូសហគ្រាស សហគ្រាសធុនតូចនិងមធ្យម (Micro Small and Medium Enterprises: MSMEs) ទើបតែបានបង្កើតនៅកម្ពុជាក្នុងទសវត្សរ៍ទី៩០ប៉ុណ្ណោះ។ MSMEs មានតួនាទីជាឆ្អឹងខ្នងនៃសេដ្ឋក...

2019-01-02 10:19:21   Wed, 02,01,2019, 10:19 AM
«សង្គ្រាមពាណិជ្ជកម្មផ្តើមដោយដូ ណាល់ត្រាំ នាំឱ្យចិនបង្កើននយោបាយការទូតស្វែងរកមិត្ត» ដោយ លោក ស៊ឺន សម

កាលពីឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ព័ត៌មានក្នុងពិភពលោក ហាក់ដូចជាបានគ្របដណ្តប់ដោយព័ត៌មានស្តីពីជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងប្រទេសចិន ដោយប្រទេសទាំងពីរបានបន្តឹងការយកពន្ធលើមុខទំនិញរបស់គ្នាទៅវិញទៅមក ...

2019-01-02 05:46:43   Wed, 02,01,2019, 05:46 AM
វិមានឈ្នះឈ្នះ៖ និមិត្តរូបនៃការកសាងសន្តិភាពរបស់កម្ពុជា និងជាសំណង់ដែលបង្កប់តម្លៃវប្បធម៌និងប្រវត្តិសាស្ត្រ

ភ្នំពេញ៖ ថ្ងៃសោរិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨ នេះ កម្ពុជាបានប្រារព្ធទិវានយោបាយឈ្ន ឈ្នះ ជាលើកដំបូង បន្ទាប់រយៈពេល២០ឆ្នាំ នៃការអនុវត្តប្រកបដោយជោគជ័យនិងពេញលេញនូវ នយោបាយឈ្នះ ឈ្នះ ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបា...

2018-12-29 04:45:16   Sat, 29,12,2018, 04:45 AM
«មូលហេតុដែលអាម៉េរិកដកខ្លួនចេញពីសង្គ្រាមស៊ីរី គឺជាមេរៀនថ្មីមួយទៀតសម្រាប់ប្រទេសអាស៊ីក្នុងការទុកចិត្តសហរដ្ឋអាម៉េរិក»​​​​​​​​ ដោយ៖ ស៊ឺន សម

លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូ ណាល់ត្រាំ បានសម្រេចចិត្តភ្លាមៗ​ក្នុង​ការដក​ទ័ព​អាម៉េរិក​ទាំង​អស់ចេញ​ពី​ប្រទេស​ស៊ីរី ហើយ​ចំណុច​នេះ​គឺជា​ការ​រំលឹក​ថ្មីមួយ​ទៀត​ដល់​អ្នក​ដែល​ជឿ​ការសន្យារបស់អាមេរិក។នាយឧត្...

2018-12-29 04:04:26   Sat, 29,12,2018, 04:04 AM
«ជ្រុងមួយនៃភាពរុងរឿងពីសម័យកាលអាណាចក្រអង្គរ»

តាមអត្ថបទស្រាវជ្រាវរបស់លោកសាស្ត្រាចារ្យ កុល សារូ អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌វិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលបានធ្វើបទបង្ហាញអំពីប្រធានបទមួយ ស្តីពី «ជ្រុងមួយនៃបេតិកភណ្ឌវប្បធ...

2018-12-28 08:36:55   Fri, 28,12,2018, 08:36 AM
តើលំហូរអន្តោប្រវេសន៍ចិន ធ្វើឱ្យខ្មែរអាចក្លាយជាជនជាតិដើមភាគតិចទេ? ដោយ៖ មជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

លំហូរជនអន្តោប្រវេសន៍ពីប្រទេសចិនចូលមកនៅប្រទេសកម្ពុជា ក្នុងរយៈកាល២ឆ្នាំចុងក្រោយនេះ បានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួន មានការព្រួយបារម្ភ ខ្លាចខ្លួនក្លាយជាជនជាតិដើមភាគតិចទៅវិញ នេះបើតាមការលើកឡើង ក្នុងវិទ្យុបារា...

2018-12-28 02:23:12   Fri, 28,12,2018, 02:23 AM

សេចក្តីប្រកាស