Royal Academy of Cambodia
អាម៉េរិកនិងអ៊ីរ៉ង់ គឺជាគូសត្រូវនឹងគ្នារាប់សតវត្សរ៍មកហើយ។ ការប៉ុនប៉ងរារាំងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នៅតែជាអាទិភាពនៅក្នុងគោលនយោបាយរបស់សហរដ្ឋអាម៉េរិកតាំងពីឆ្នាំ២០០២មកម្ល៉េះ។ សហរដ្ឋអាម៉េរិកបានព្យាយាមរារាំងមិនឱ្យអ៊ីរ៉ង់អាចទិញសម្ភារៈទ្រទ្រង់កម្មវិធីអាវុធនុយក្លេអ៊ែរនិងការអភិវឌ្ឍមីស៊ីលផ្លោងរបស់ខ្លួន។ ភាពតានតឹងរវាងប្រទេសទាំងពីរចេះតែបន្តរហូតដល់សហរដ្ឋអាម៉េរិកបានសម្លាប់ឧត្តមសេនីយ៍ជាន់ខ្ពស់របស់អ៊ីរ៉ង់លោក កាស៊ីម សូលីម៉ានី (Qassem Soleimani) ហើយអាម៉េរិកគិតថា អាចនឹងមានវិធានការសងសឹកពីក្រុងតេអេរ៉ង់មកវិញ។ ចាប់តាំងពីពេលនោះមក ភាពតានតឹងរួមទាំងមានការបាញ់ផ្លោងចេះតែកើតឡើងជាបន្តបន្ទាប់មក។ មកទល់នឹងពេលនេះ ភាពមិនចុះសម្រុងគ្នារវាងប្រទេសអ៊ីរ៉ង់និងសហរដ្ឋអាម៉េរិក ហាក់នៅមានភាពមន្ទិលនិងការយល់ឃើញខុសៗគ្នាពីគ្រប់មជ្ឈដ្ឋានជុំវិញពិភពលោក។ ជារឿយៗ អ៊ីរ៉ង់តែងតែបដិសេធនូវសិទ្ធិរបស់សហរដ្ឋអាម៉េរិកក្នុងការសម្រេចអនាគតរបស់ប្រទេសខ្លួននិងប្រទេសមួយចំនួនទៀតដូចជា អាហ្វហ្កានីស្ថានជាដើម។ ខណៈពេលដែលភាពតានតឹងរវាងប្រទេសទាំងពីរកាន់តែឡើងកម្ដៅឬអាចឈានដល់មានការវាយប្រហារគ្នា នោះអាចនឹងមានផលប៉ះពាល់យ៉ាងខ្លាំងដល់ហេដ្ឋារចនាសម្ព័ន្ធថាមពល ពិសេស គឺទីផ្សារប្រេងឆៅនឹងរាំងស្ទះជាស្វ័យប្រវត្តិ។
នៅដើមខែមីនា ឆ្នាំ២០២០ អ៊ីរ៉ង់បានបរិហារលើកិច្ចព្រមព្រៀងសន្តិភាពដែលសហរដ្ឋអាម៉េរិកនិងពួកតាលីបង់អាហ្វហ្កានីស្ថានបានចុះហត្ថលេខាកាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងទីក្រុងដូហា ប្រទេសកាតាកន្លងទៅ។ រដ្ឋាភិបាលទីក្រុងតេហេរ៉ង់យល់ឃើញថា រដ្ឋបាលសហរដ្ឋអាម៉េរិកគ្មានសិទ្ធិស្របច្បាប់ក្នុងការកំណត់និងសម្រេចពីអនាគតរបស់ប្រទេសអាហ្វហ្កានីស្ថានទេ។ ចំណែកប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក ហ្កានី បានថ្លែងកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ ថា បទឈប់បាញ់បណ្តោះអាសន្នរយៈពេល១សប្តាហ៍នឹងបន្តមាននិងសង្ឃឹមចង់មានបទឈប់បាញ់ទាំងស្រុងមួយ។ ទាក់ទងនឹងបញ្ហានេះដែរ អ៊ីរ៉ង់ក៏មានប្រតិកម្មឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយដោយក្រសួងបរទេសរបស់ខ្លួនថា «សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់យល់ឃើញថា កិច្ចព្រមព្រៀងសន្តិភាពមួយយូរអង្វែងនៅអាហ្វហ្កានីស្ថាននឹងអាចកើតមានឡើងតែក្នុងក្របខណ្ឌនៃកិច្ចសន្ទនាអន្តរអាហ្វហ្កានីស្ថានដោយមានការចូលរួមពីគ្រប់ភាគីនយោបាយទាំងអស់ រួមទាំងភាគីតាលីបង់ផង» ។
ជាទូទៅ គេកម្រឃើញអ៊ីរ៉ង់ចាប់អារម្មណ៍លើស្ថានការណ៍នៅអាហ្វហ្កានីស្ថានណាស់ ទោះបីជាប្រទេសអាស៊ីខាងត្បូងមួយនេះ បានធ្លាក់ក្នុងសង្រ្គាមជាមួយសហរដ្ឋអាម៉េរិកជិត២០ឆ្នាំក៏ដោយ។ តែការចេញមុខឈឺឆ្អាលរបស់អ៊ីរ៉ង់ពេលនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីសហរដ្ឋអាម៉េរិក និងក្រុមតាលីបង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយដោយគ្មានវត្តមានភាគីរដ្ឋាភិបាលអាហ្វហ្កានីស្ថាន។ អ៊ីរ៉ង់បានបញ្ជាក់ដាច់ណាត់ថា វត្តមានទាហានបរទេសនៅអាហ្វហ្កានីស្ថានគឺខុសច្បាប់ និងជាដើមចមមួយនៃសង្រ្គាមហែកហួរនៅក្នុងប្រទេសមួយនេះ។ ក្រសួងការបរទេសអ៊ីរ៉ង់បានបន្ថែមថា ការដកកម្លាំងទ័ពបរទេសជារឿងចាំបាច់ ដើម្បីឈានទៅសម្រេចបានសន្តិភាពមួយពិតប្រាកដ និងថាមានតែអង្គការសហប្រជាជាតិទេ ដែលអាចជួយសម្រួលដល់ការចរចារវាងភាគីជម្លោះអាហ្វហ្កានីស្ថាន ហើយអ៊ីរ៉ង់បានត្រៀមខ្លួនផ្តល់ជំនួយគ្រប់យ៉ាង ដើម្បីចូលរួមស្ថាបនាសន្តិភាពឱ្យអាហ្វហ្កានីស្ថាន។
ទិដ្ឋភាពធំៗបី គឺការចោទប្រកាន់អ៊ីរ៉ង់ពីការប៉ុនប៉ងកសាងអាវុធនុយក្លេអ៊ែរ ការសម្លាប់ឧត្តមសេនីយ៍ជាន់ខ្ពស់អ៊ីរ៉ង់ដោយសហរដ្ឋអាម៉េរិក និងប្រតិកម្មខ្លាំងៗរបស់អ៊ីរ៉ង់មកលើសហរដ្ឋអាម៉េរិកអំពីការឃុបឃិតរៀបចំកិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាម៉េរិកនិងតាលីបង់ ដែលគ្មានវត្តមានរដ្ឋាភិបាលអាហ្វហ្កានីស្ថានកាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នោះ គឺជាមូលហេតុចម្បងនៃភាពតានតឹងនិងជម្លោះរវាងប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក។ អ្នកវិភាគជាច្រើនយល់ថា ការកើនឡើងយ៉ាងខ្លាំងនៃភាពតានតឹងខាងភូមិសាស្ត្រនយោបាយ នឹងបង្កឱ្យមានកង្វះខាតនូវការផ្គត់ផ្គង់ប្រេងដែលមិនបានគ្រោងទុកនៅមជ្ឈិមបូព៌ានិងបញ្ហាថ្លៃប្រេងផងដែរ។ ជាក់ស្តែង ប្រេងឆៅអន្តរជាតិប្រភេទ Brent បានកើនថ្លៃខ្ពស់ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៩ ដល់ ៧០ដុល្លារក្នុងមួយបារ៉ែល ហើយថ្លៃប្រេងនៅសហរដ្ឋអាម៉េរិកក៏បានឡើងថ្លៃខ្ពស់បំផុតចាប់តាំងពីខែមេសា ឆ្នាំ២០១៩ មកដែរ។
តាមការសន្និដ្ឋានចុងក្រោយបានអះអាងថា ការកើនឡើងនូវតម្លៃប្រេងនេះ គឺមកពីមានការភ័យខ្លាចពីសកម្មភាពសងសឹកពីក្រុងតេហេរ៉ង់ បន្ទាប់ពីសហរដ្ឋអាម៉េរិកបានសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់។ ចំណុចនេះហាក់មានភាពស្របគ្នាជាមួយគំនិតលោក តាម៉ាស់ វ៉ាហ្គា (Tamas Varga) អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន PVM Oil Associates ដែលបាននិយាយថា វិបាកមួយអាចទាញចេញពីទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកនិងអ៊ីរ៉ង់គឺបុព្វហេតុហានិភ័យភូមិសាស្ត្រនយោបាយ។ លោកបន្តថាសំណួរតែមួយគត់ «ថាតើពេលណានិងក្នុងទម្រង់បែបណា»។ ទាំងនេះឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ពីប្ញសគល់នៃទំនាស់និងភាពងាយនឹងកើតមានទំនាស់រវាងភាគីទាំងពីរ។
សហរដ្ឋអាម៉េរិក តាំងខ្លួនជាប្រទេសមហាអំណាចទីមួយរបស់ពិភពលោក ដូច្នេះ ក្នុងការបំពេញនូវមហិច្ឆិតាយូរអង្វែងរបស់ខ្លួនក្នុងតំណែងនេះ សហរដ្ឋអាម៉េរិកត្រូវតែស្វែងរកប្រភពចំណូលគ្រប់បែបយ៉ាងនិងគ្រប់ទីកន្លែង។ ប្រសិនបើ ក្នុងករណីមានប្រទេសណាមួយមានបំណងតបតឬចង់ប្រឆាំង នោះសហរដ្ឋអាម៉េរិកនឹងវាយបកយ៉ាងចាស់ដៃយ៉ាងពិតប្រាកដ ដូចករណីប្រទេសអ៊ីរ៉ង់ជាដើម ប៉ុន្តែប្រទេសទាំងឡាយដែលចង់តបតនឹងសហរដ្ឋអាម៉េរិកត្រូវតែមានហេតុផលច្បាស់លាស់។ សហរដ្ឋអាម៉េរិកក៏មានការក្រែងរអែងដែរ ព្រោះខ្លាចមតិអន្តរជាតិរិះគន់និងបាត់បង់ទំនុកចិត្តពីពហុភាពនិយមដែលជាគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំរបស់ខ្លួន។
ប្រសិនបើមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងវ៉ាស៊ីនតោននិងក្រុងតេហេរ៉ង់ ក៏អាចធ្វើឱ្យការសម្រេចចិត្តរបស់ធុរជនឬវិនិយោគិនជាច្រើនក្នុងវិស័យប្រេងមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ក្នុងដំណើរការធុរកិច្ចរបស់ខ្លួនក្នុងផលិតកម្មប្រេង រួមមាន ចង្វាក់ផលិតកម្ម ការលក់ ការស្តុកទុក និងការដឹកជញ្ជូន។ ម៉្យាងទៀត យើងអាចនិយាយបានថា ជម្លោះកាន់តែរីករាលដាលពិតជាអាចរំខានដល់ការផ្គត់ផ្គង់ប្រេងទាំងបរិមាណ ទាំងថ្លៃប្រេងក្នុងទីផ្សារពិភពលោក។ ជាការណ៍ពិត ការជួញដូរប្រេងឆៅក្នុងទីផ្សារអន្តរជាតិមានការប្រែប្រួលទៅតាមស្ថានការណ៍នយោបាយក្នុងតំបន់និងពិភពលោក ហើយវាបានជះឥទ្ធិពលរយៈពេលខ្លីឬវែងអាស្រ័យទៅលើវិស័យនេះយ៉ាងពិតប្រាកដ។ ជាក់ស្តែង ក្នុងដើមត្រីមាសទី៤ នៃឆ្នាំ២០១៩ ថ្លៃប្រេងបានធ្លាក់ចុះខ្លះដោយប្រេងឆៅប្រភេទ Brent ធ្លាក់ចុះស្ទើរតែ ១% មកនៅត្រឹម ៦៨,២៣ ដុល្លារក្នុងមួយបារ៉ែល ប្រភេទប្រេងសហរដ្ឋអាម៉េរិកឈ្មោះវ៉ាធីអាយលក់ក្នុងតម្លៃ ៦២,៧៣ ដុល្លារក្នុងមួយបារ៉ែល ទាបជាង ០,៩% ថ្លៃនៅទីក្រុងឡុងដ៍ ក្នុងពេលវេលាប្រហែលគ្នានេះ។ ផ្ទុយទៅវិញ ក៏មានក្រុមអ្នកវិភាគនៅក្រុមហ៊ុន Eurasia Group បាននិយាយថា តម្លៃប្រេងម៉ាកប្រេន (Brent) បានឡើងថ្លៃជិត១០ដុល្លារក្នុងមួយបារ៉ែលបន្ថែម នៅចុងត្រីមាស ពោលគឺចាប់ពីដើមខែធ្នូ ឆ្នាំ២០១៩ ស្របនឹងមានបញ្ហាស្ថានភាពភូមិសាស្ត្រនយោបាយ ការស្លាប់របស់ កាស៊ីម សូលីម៉ានី និងការផ្ទុះឡើងនៃមេរោគកូវីដ-១៩។ ក្រុមអ្នកវិភាគដដែលនេះ ក៏បានអះអាងបន្តថា ជាមួយនឹងការសងសឹករបស់ក្រុងតេហេរ៉ង់ ចំពោះការធ្វើកូដកម្មប្រឆាំងសហរដ្ឋអាម៉េរិកនិងក្រុងវ៉ាស៊ីនតោន ក៏គំរាមកំហែងដល់ការផ្គត់ផ្គង់ប្រេងយ៉ាងច្រើននៅមជ្ឈិមបូព៌ា ហើយជាលទ្ធផលថ្លៃប្រេងក៏បានហក់ឡើងខ្ពសពីការគិតទុក។ ជាមួយនេះដែរ ក៏មានអ្នកពិគ្រោះយោបល់ផ្នែកនយោបាយបាននិយាយថា ថ្លៃប្រេងគោលសម្រាប់ឆ្នាំ២០២០ អាចមានតម្លៃចាប់ពី ៦៥ ដុល្លារទៅ ៧៥ ដុល្លារក្នុងមួយបារ៉ែល បើទោះបីជាមានហានិភ័យមួយចំនួនកើតឡើងក៏ដោយ។
សរុបសេចក្តីមក យើងអាចនិយាយបាន ជម្លោះរវាងអ៊ីរ៉ង់-សហរដ្ឋអាម៉េរិក គឺជាបុព្វហេតុចម្បងដែលធ្វើឱ្យមានបម្រែបម្រួលពាណិជ្ជប្រេងឆៅនៅទីផ្សារអន្តរជាតិ ពីព្រោះប្រទេសអ៊ីរ៉ង់គឺជាសមាជិកប្រទេសផលិតប្រេងរបស់អូប៉ិច ហើយក៏ជាអ្នកផ្គត់ផ្គង់ប្រេងឱ្យប្រទេសមហាអំណាចមួយចំនួននិងប្រទេសមួយចំនួនក្នុងតំបន់អាស៊ី និងអឺរ៉ុប។ ចំណុចដែលគួរពិចារណានៅត្រង់ថា តើវិបត្តិនេះនឹងត្រូវបញ្ចប់នៅពេលណា និងដោយរបៀបណា?។ វាពិតជាលំបាកណាស់ក្នុងការប្រមើលមើលពីភាពតានតឹងនានាខាងភូមិសាស្ត្រនយោបាយដែលបានបង្កើតឡើងនាពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។ ប្រទេសមហាអំណាចតែងតែចង់ដណ្តើមប្រៀបឈ្នះនិងចង់ធ្វើជាម្ចាស់លើប្រទេសតូចៗមិនឈប់ឈរឬចង់ជំរុញការលក់អាវុធតាមរយៈគោលនយោបាយបង្កើតទីផ្សារនៅតាមសមរភូមិនានាតាមដែលអាចធ្វើទៅបាន រីឯប្រទេសតូចៗតែងតែចង់ងើបឈរតស៊ូទប់ទល់ជាមួយទេសធំៗទាំងនោះ។ ភាពមិននឹងនរនៃថ្លៃប្រេង ឬពាណិជ្ជកម្មប្រេងនៅក្នុងទីផ្សារអន្តរជាតិ អាចធ្វើឱ្យវិនាសអន្តរាយនិងខ្ទេចខ្ទាំសេដ្ឋកិច្ចពិភពលោកទៀតផង៕
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ទទួលជំនួបលោកជំទាវ Amanda Milling អនុរដ្ឋមន្ត្រីការបរទេស ចក្រភពអង់គ្លេស ទទួលបន្ទុកកិច្ចការអាស៊ីនៅសាលទន្លេសាប នៃអគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្...
(តាកែវ)÷ ឯកឧត្តមបណ្ឌិត យង់ ពៅ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំត្រពាំងធំខាងជើង និងលោកជំទាវ ព្រមទាំងសហការីចំនួន ៨រូប មានឯកឧត្តមបណ្ឌិត ជូ ច័ន្ទដារី ឯកឧត្តមបណ្ឌិត អ៊ាប បុណ្ណា ឯកឧត្តមបណ្ឌិត មាឃ...
(រូបភាព៖ Vitou Ouch)ថ្ងៃ៧ ខែមករា ឆ្នាំ២០២២ ឆ្នាំនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៤៣ឆ្នាំ នៃទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ក្នុងបរិបទដែលកម្ពុជាកំពុងធ្វើដំណើរលើគន្លងវិថីប្រជាធិបតេយ្យសេរីពហុបក្ស ពហ...
Dear Researchers and Scholars,Under the auspice of the CHEY Institute for Advanced Studies (CIAS) of the Republic of Korea since 2004, the Asia Research Center of the Royal Academy of Cambodia (ARC-RA...
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រចាំឆ្នាំ២០២១ នៃវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ រាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យជីវជាំង នឹងបន្តកិច្ចសហប្រតិបត្...
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជំនួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក សាដា អ៊ូម៉ា អាឡាម នាយកការិយាល័យនៅភ្នំពេញ និងជាតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ថ្ងៃទី៥ មករា...