ព័ត៌មាន

«ភាពតានតឹងសហរដ្ឋអាម៉េរិក-អ៊ីរ៉ង់ និងបម្រែបម្រួលទីផ្សារប្រេងពិភពលោក» ដោយ៖ បណ្ឌិត ហុង វណ្ណៈ នាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

2020-03-17 03:23:57 ថ្ងៃអង្គារ, 17 មីនា 2020, 03:23 AM
post_detail

អាម៉េរិកនិងអ៊ីរ៉ង់ គឺជាគូសត្រូវនឹងគ្នារាប់សតវត្សរ៍មកហើយ។ ការប៉ុនប៉ងរារាំងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នៅតែជាអាទិភាព​នៅក្នុងគោលនយោបាយរបស់សហរដ្ឋអាម៉េរិកតាំងពីឆ្នាំ២០០២មកម្ល៉េះ។ សហរដ្ឋអាម៉េរិកបានព្យាយាមរារាំងមិនឱ្យអ៊ីរ៉ង់​អាចទិញសម្ភារៈទ្រទ្រង់កម្មវិធីអាវុធនុយក្លេអ៊ែរនិងការអភិវឌ្ឍមីស៊ីលផ្លោងរបស់ខ្លួន។ ភាពតានតឹងរវាងប្រទេសទាំងពីរចេះ​តែ​បន្តរហូតដល់សហរដ្ឋអាម៉េរិកបានសម្លាប់ឧត្តមសេនីយ៍ជាន់ខ្ពស់របស់អ៊ីរ៉ង់លោក កាស៊ីម សូលីម៉ានី (Qassem Soleimani) ហើយអាម៉េរិកគិតថា អាចនឹងមានវិធានការសងសឹកពីក្រុងតេអេរ៉ង់មកវិញ។ ចាប់តាំងពីពេលនោះមក ភាព​តាន​តឹងរួមទាំងមានការបាញ់ផ្លោងចេះតែកើតឡើងជាបន្តបន្ទាប់មក។ មកទល់នឹងពេលនេះ ភាពមិនចុះសម្រុងគ្នារវាងប្រទេស​អ៊ីរ៉ង់និងសហរដ្ឋអាម៉េរិក ហាក់នៅមានភាពមន្ទិលនិងការយល់ឃើញខុសៗគ្នាពីគ្រប់មជ្ឈដ្ឋានជុំវិញពិភពលោក។ ជារឿយៗ អ៊ីរ៉ង់តែងតែបដិសេធនូវសិទ្ធិរបស់សហរដ្ឋអាម៉េរិកក្នុងការសម្រេចអនាគតរបស់ប្រទេសខ្លួននិងប្រទេសមួយចំនួនទៀត​ដូចជា អាហ្វហ្កានីស្ថានជាដើម។ ខណៈពេលដែលភាពតានតឹងរវាងប្រទេសទាំងពីរកាន់តែឡើងកម្ដៅឬអាចឈានដល់មាន​ការវាយប្រហារគ្នា នោះអាចនឹងមានផលប៉ះពាល់យ៉ាងខ្លាំងដល់ហេដ្ឋារចនាសម្ព័ន្ធថាមពល ពិសេស គឺទីផ្សារប្រេងឆៅនឹងរាំងស្ទះជាស្វ័យប្រវត្តិ។ 

នៅដើមខែមីនា ឆ្នាំ២០២០ អ៊ីរ៉ង់បានបរិហារលើកិច្ចព្រមព្រៀងសន្តិភាពដែលសហរដ្ឋអាម៉េរិកនិងពួកតាលីបង់អាហ្វហ្កានីស្ថានបានចុះហត្ថលេខាកាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងទីក្រុងដូហា ប្រទេសកាតាកន្លងទៅ។ រដ្ឋាភិបាលទីក្រុងតេហេរ៉ង់យល់ឃើញថា រដ្ឋបាលសហរដ្ឋអាម៉េរិកគ្មានសិទ្ធិស្របច្បាប់ក្នុងការកំណត់និងសម្រេចពីអនាគតរបស់ប្រទេសអាហ្វហ្កានីស្ថានទេ។ ចំណែក​ប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក ហ្កានី បានថ្លែងកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ ថា បទឈប់បាញ់បណ្តោះអាសន្ន​រយៈពេល១សប្តាហ៍នឹងបន្តមាននិងសង្ឃឹមចង់មានបទឈប់បាញ់ទាំងស្រុងមួយ។ ទាក់ទងនឹងបញ្ហានេះដែរ អ៊ីរ៉ង់ក៏មាន​ប្រតិកម្ម​ឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយដោយក្រសួងបរទេសរបស់ខ្លួនថា «សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់យល់ឃើញថា កិច្ចព្រមព្រៀងសន្តិភាពមួយយូរអង្វែងនៅអាហ្វហ្កានីស្ថាននឹងអាចកើតមានឡើងតែក្នុងក្របខណ្ឌនៃកិច្ចសន្ទនា​អន្តរអាហ្វហ្កានីស្ថានដោយមានការចូលរួមពីគ្រប់ភាគីនយោបាយទាំងអស់ រួមទាំងភាគីតាលីបង់ផង» ។

ជាទូទៅ គេកម្រឃើញអ៊ីរ៉ង់ចាប់អារម្មណ៍លើស្ថានការណ៍នៅអាហ្វហ្កានីស្ថានណាស់ ទោះបីជាប្រទេសអាស៊ីខាងត្បូងមួយនេះ បានធ្លាក់ក្នុងសង្រ្គាមជាមួយសហរដ្ឋអាម៉េរិកជិត២០ឆ្នាំក៏ដោយ។ តែការចេញមុខឈឺឆ្អាលរបស់អ៊ីរ៉ង់ពេលនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីសហរដ្ឋអាម៉េរិក និងក្រុមតាលីបង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយដោយគ្មានវត្តមានភាគីរដ្ឋាភិបាល​អាហ្វហ្កានីស្ថាន។ អ៊ីរ៉ង់បានបញ្ជាក់ដាច់ណាត់ថា វត្តមានទាហានបរទេសនៅអាហ្វហ្កានីស្ថានគឺខុសច្បាប់ និងជាដើម​ចម​មួយនៃសង្រ្គាមហែកហួរនៅក្នុងប្រទេសមួយនេះ។ ក្រសួងការបរទេសអ៊ីរ៉ង់បានបន្ថែមថា ការដកកម្លាំងទ័ពបរទេសជារឿងចាំ​បាច់ ដើម្បីឈានទៅសម្រេចបានសន្តិភាពមួយពិតប្រាកដ និងថាមានតែអង្គការសហប្រជាជាតិទេ ដែលអាច​ជួយ​សម្រួល​ដល់​ការចរចារវាងភាគីជម្លោះអាហ្វហ្កានីស្ថាន ហើយអ៊ីរ៉ង់បានត្រៀមខ្លួនផ្តល់ជំនួយគ្រប់យ៉ាង ដើម្បីចូលរួមស្ថាបនាសន្តិភាពឱ្យអាហ្វហ្កានីស្ថាន។

ទិដ្ឋភាពធំៗបី គឺការចោទប្រកាន់អ៊ីរ៉ង់ពីការប៉ុនប៉ងកសាងអាវុធនុយក្លេអ៊ែរ ការសម្លាប់ឧត្តមសេនីយ៍ជាន់ខ្ពស់អ៊ីរ៉ង់ដោយសហរដ្ឋអាម៉េរិក និងប្រតិកម្មខ្លាំងៗរបស់អ៊ីរ៉ង់មកលើសហរដ្ឋអាម៉េរិកអំពីការឃុបឃិតរៀបចំកិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាម៉េរិកនិងតាលីបង់ ដែលគ្មានវត្តមានរដ្ឋាភិបាលអាហ្វហ្កានីស្ថានកាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នោះ គឺជាមូលហេតុចម្បងនៃភាពតានតឹងនិងជម្លោះរវាងប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក។ អ្នកវិភាគជាច្រើនយល់ថា ការកើនឡើងយ៉ាងខ្លាំងនៃភាពតានតឹងខាងភូមិសាស្ត្រនយោបាយ នឹងបង្កឱ្យមានកង្វះខាតនូវការផ្គត់ផ្គង់ប្រេងដែលមិនបានគ្រោងទុកនៅមជ្ឈិមបូព៌ានិងបញ្ហាថ្លៃប្រេងផងដែរ។ ជាក់ស្តែង ប្រេងឆៅអន្តរជាតិប្រភេទ Brent បានកើនថ្លៃខ្ពស់ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៩ ដល់ ៧០ដុល្លារក្នុងមួយបារ៉ែល ហើយថ្លៃប្រេងនៅសហរដ្ឋអាម៉េរិកក៏បានឡើងថ្លៃខ្ពស់បំផុតចាប់តាំងពីខែមេសា ឆ្នាំ២០១៩ មកដែរ។

តាមការសន្និដ្ឋានចុងក្រោយបានអះអាងថា ការកើនឡើងនូវតម្លៃប្រេងនេះ គឺមកពីមានការភ័យខ្លាចពីសកម្មភាពសងសឹកពីក្រុងតេហេរ៉ង់ បន្ទាប់ពីសហរដ្ឋអាម៉េរិកបានសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់។ ចំណុចនេះហាក់មានភាពស្របគ្នាជាមួយគំនិតលោក តាម៉ាស់ វ៉ាហ្គា (Tamas Varga) អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន PVM Oil Associates ដែលបាននិយាយថា វិបាកមួយអាចទាញចេញពីទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកនិងអ៊ីរ៉ង់គឺបុព្វហេតុហានិភ័យភូមិសាស្ត្រនយោបាយ។ លោកបន្តថាសំណួរតែមួយគត់ «ថាតើពេលណានិងក្នុងទម្រង់បែបណា»។ ទាំងនេះឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ពីប្ញសគល់នៃទំនាស់និងភាពងាយនឹងកើតមានទំនាស់រវាងភាគីទាំងពីរ។

 សហរដ្ឋអាម៉េរិក តាំងខ្លួនជាប្រទេសមហាអំណាចទីមួយរបស់ពិភពលោក ដូច្នេះ ក្នុងការបំពេញនូវមហិច្ឆិតាយូរអង្វែងរបស់ខ្លួនក្នុងតំណែងនេះ សហរដ្ឋអាម៉េរិកត្រូវតែស្វែងរកប្រភពចំណូលគ្រប់បែបយ៉ាងនិងគ្រប់ទីកន្លែង។ ប្រសិនបើ ក្នុងករណីមានប្រទេសណាមួយមានបំណងតបតឬចង់ប្រឆាំង នោះសហរដ្ឋអាម៉េរិកនឹងវាយបកយ៉ាងចាស់ដៃយ៉ាងពិតប្រាកដ ដូចករណីប្រទេសអ៊ីរ៉ង់ជាដើម ប៉ុន្តែប្រទេសទាំងឡាយដែលចង់តបតនឹងសហរដ្ឋអាម៉េរិកត្រូវតែមានហេតុផលច្បាស់លាស់។ សហរដ្ឋអាម៉េរិកក៏មានការក្រែងរអែងដែរ ព្រោះខ្លាចមតិអន្តរជាតិរិះគន់និងបាត់បង់ទំនុកចិត្តពីពហុភាពនិយមដែលជាគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំរបស់ខ្លួន។

ប្រសិនបើមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងវ៉ាស៊ីនតោននិងក្រុងតេហេរ៉ង់ ក៏អាចធ្វើឱ្យការសម្រេចចិត្តរបស់ធុរជនឬវិនិយោគិនជាច្រើនក្នុងវិស័យប្រេងមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ក្នុងដំណើរការធុរកិច្ចរបស់ខ្លួនក្នុងផលិតកម្ម​ប្រេង រួមមាន ចង្វាក់ផលិតកម្ម ការលក់ ការស្តុកទុក និងការដឹកជញ្ជូន។ ម៉្យាងទៀត យើងអាចនិយាយបានថា ជម្លោះ​​កាន់តែរីករាលដាលពិតជាអាចរំខានដល់ការផ្គត់ផ្គង់ប្រេងទាំងបរិមាណ ទាំងថ្លៃប្រេងក្នុងទីផ្សារពិភពលោក។ ជាការណ៍ពិត ការជួញដូរប្រេងឆៅក្នុងទីផ្សារអន្តរជាតិមានការប្រែប្រួលទៅតាមស្ថានការណ៍នយោបាយក្នុងតំបន់និងពិភពលោក ហើយ​វាបានជះឥទ្ធិពលរយៈពេលខ្លីឬវែងអាស្រ័យទៅលើវិស័យនេះយ៉ាងពិតប្រាកដ។ ជាក់ស្តែង ក្នុងដើមត្រីមាសទី៤ នៃឆ្នាំ២០១៩ ថ្លៃប្រេងបានធ្លាក់ចុះខ្លះដោយប្រេងឆៅប្រភេទ Brent ធ្លាក់ចុះស្ទើរតែ ១% មកនៅត្រឹម ៦៨,២៣ ដុល្លារក្នុងមួយបារ៉ែល ប្រភេទប្រេង​សហរដ្ឋអាម៉េរិកឈ្មោះវ៉ាធីអាយលក់ក្នុងតម្លៃ ៦២,៧៣ ដុល្លារក្នុងមួយបារ៉ែល ទាបជាង ០,៩% ថ្លៃនៅទីក្រុងឡុងដ៍ ក្នុងពេល​វេលាប្រហែលគ្នានេះ។ ផ្ទុយទៅវិញ ក៏មានក្រុមអ្នកវិភាគនៅក្រុមហ៊ុន Eurasia Group បាននិយាយថា តម្លៃប្រេងម៉ាកប្រេន (Brent) បានឡើងថ្លៃជិត១០ដុល្លារក្នុងមួយបារ៉ែលបន្ថែម នៅចុងត្រីមាស ពោលគឺចាប់ពីដើមខែធ្នូ ឆ្នាំ២០១៩ ស្របនឹងមាន​បញ្ហាស្ថានភាពភូមិសាស្ត្រនយោបាយ ការស្លាប់របស់ កាស៊ីម សូលីម៉ានី និងការផ្ទុះឡើងនៃមេរោគកូវីដ-១៩។ ក្រុមអ្នកវិភាគ​​ដដែលនេះ ក៏បានអះអាងបន្តថា ជាមួយនឹងការសងសឹករបស់ក្រុងតេហេរ៉ង់ ចំពោះការធ្វើកូដកម្មប្រឆាំងសហរដ្ឋអាម៉េរិក​និងក្រុងវ៉ាស៊ីនតោន ក៏គំរាមកំហែងដល់ការផ្គត់ផ្គង់ប្រេងយ៉ាងច្រើននៅមជ្ឈិមបូព៌ា ហើយជាលទ្ធផលថ្លៃប្រេងក៏បាន​ហក់ឡើងខ្ពសពីការគិតទុក។ ជាមួយនេះដែរ ក៏មានអ្នកពិគ្រោះយោបល់ផ្នែកនយោបាយបាននិយាយថា ថ្លៃប្រេងគោលសម្រាប់​ឆ្នាំ២០២០ អាចមានតម្លៃចាប់ពី ៦៥ ដុល្លារទៅ ៧៥ ដុល្លារក្នុងមួយបារ៉ែល បើទោះបីជាមានហានិភ័យមួយចំនួនកើតឡើង​ក៏ដោយ។

សរុបសេចក្តីមក យើងអាចនិយាយបាន ជម្លោះរវាងអ៊ីរ៉ង់-សហរដ្ឋអាម៉េរិក គឺជាបុព្វហេតុចម្បងដែលធ្វើឱ្យមានបម្រែបម្រួលពាណិជ្ជប្រេងឆៅនៅទីផ្សារអន្តរជាតិ ពីព្រោះប្រទេសអ៊ីរ៉ង់គឺជាសមាជិកប្រទេសផលិតប្រេងរបស់អូប៉ិច ហើយក៏ជាអ្នកផ្គត់ផ្គង់ប្រេងឱ្យប្រទេសមហាអំណាចមួយចំនួននិងប្រទេសមួយចំនួនក្នុងតំបន់អាស៊ី និងអឺរ៉ុប។ ចំណុចដែលគួរពិចារណានៅត្រង់ថា តើវិបត្តិនេះនឹងត្រូវបញ្ចប់នៅពេលណា និងដោយរបៀបណា?។ វាពិតជាលំបាកណាស់ក្នុងការប្រមើលមើលពីភាពតានតឹងនានា​​ខាងភូមិសាស្ត្រនយោបាយដែលបានបង្កើតឡើងនាពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។ ប្រទេសមហាអំណាចតែងតែចង់​​ដណ្តើមប្រៀបឈ្នះនិងចង់ធ្វើជាម្ចាស់លើប្រទេសតូចៗមិនឈប់ឈរឬចង់ជំរុញការលក់អាវុធតាមរយៈគោលនយោបាយបង្កើត​ទីផ្សារនៅតាមសមរភូមិនានាតាមដែលអាចធ្វើទៅបាន រីឯប្រទេសតូចៗតែងតែចង់ងើបឈរតស៊ូទប់ទល់ជាមួយទេសធំៗ​ទាំងនោះ។ ភាពមិននឹងនរនៃថ្លៃប្រេង ឬពាណិជ្ជកម្មប្រេងនៅក្នុងទីផ្សារអន្តរជាតិ អាចធ្វើឱ្យវិនាសអន្តរាយនិងខ្ទេចខ្ទាំ​សេដ្ឋកិច្ចពិភពលោកទៀតផង៕ 

អត្ថបទទាក់ទង

លិខិតបទដ្ឋានគតិយុត្ត ដោយ៖ បណ្ឌិត ហែម ឡាច មន្ត្រីនាយកដ្ឋាននីតិសាស្ត្រ វិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

លិខិតបទដ្ឋានគតិយុត្ត គឺជាវិធានច្បាប់ ឬវិធានគតិយុត្តទាំងឡាយណាដែលចេញដោយស្ថាប័ន ឬអាជ្ញាធរមានសមត្ថកិច្ចតាមលំដាប់ថ្នាក់ដើម្បីដឹកនាំ គ្រប់គ្រងទំនាក់ទំនងរបស់មនុស្សក្នុងសង្គម គ្រប់វិស័យឱ្យមានរបៀបរៀបរយ សន្តិសុ...

2024-01-22 03:43:40   Mon, 22,01,2024, 03:43 AM
[English below] កម្មវិធីអាហារូបករណ៍ផ្លាស់ប្តូរការសិក្សាអន្តរជាតិសម្រាប់ឆ្នាំ២០២៤- ២០២៥

មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយស សូមជម្រាបជូនថា ដោយមានកិច្ចសហការណ៍ រវាងវិទ្យាស្ថានជ័យសម្រាប់ការសិក្សាកម្រិតខ្ពស់ នៃសាធារណរដ្ឋកូរ៉េ មជ្ឈមណ្ឌលបានផ្តល់ជូនព័ត៌មានកម្មវិធី...

2024-01-16 11:55:17   Tue, 16,01,2024, 11:55 AM
ជ្រុងមួយនៃការជំរុញដល់ការស្តារ និងការអភិវឌ្ឍរបស់ប្រទេសឥណ្ឌា ដោយ បណ្ឌិត វង់ សំអូន ជំនួយការខុទ្ទកាល័យប្រធានរាជបណ្ឌិត្យសភាកម្ពុជា

ប្រទេសឥណ្ឌាមានប្រជាជន១៤០០លាននាក់ មានរដ្ឋ (ខេត្ត) ចំនួន ២៨រដ្ឋ ៧៦៤ស្រុក ៧៦៥៤ឃុំ ២៥២០០០ភូមិ ១២ សហគមន៍ ១៧ភាសាដែលត្រូវបានប្រើប្រាស់ជាផ្លូវការ និង៤០%នៃប្រជាជនសរុបរស់នៅក្រោមខ្សែបន្ទាត់សេដ្ឋកិច្ច (យោងតាមការធ...

2024-01-12 12:05:52   Fri, 12,01,2024, 12:05 PM
[ English below ] ខួបអនុស្សាវរីយ៍លើក៤៥ឆ្នាំ ថ្ងៃជ័យជំនះ ៧ មករា៖ យុវជនជាស្ពានភ្ជាប់ចំណងមិត្តភាព

 ក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូល មានសុខសន្តិភាព និងអភិវឌ្ឍន៍រីកចម្រើ...

2024-01-05 12:46:34   Fri, 05,01,2024, 12:46 PM
ម្ចាស់គណនី TikTok ជនជាតិវៀតណាមដែលបង្ហោះវីដេអូប៉ះពាល់ប្រាសាទអង្គរវត្តត្រូវរងពិន័យ

លោក Hua Quoc Anh (ស្តាំ) ធ្វើការជាមួយអាជ្ញាធរទីក្រុងហូជីមិញ - រូបភាព៖ នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនង ក្រុងហូជីមិញប្រភពព័ត៌មានពីសារព័ត៌មានអនឡាញរបស់វៀតណាម VN Express ចេញផ្សាយកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២...

2024-01-04 04:43:56   Thu, 04,01,2024, 04:43 AM
[English below] ខួបអនុស្សាវរីយ៍លើក៤៥ ថ្ងៃជ័យជំនះ ៧ មករា៖ កម្ពុជា-វៀតណាម បន្តពូនជុំ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងគ្រប់កម្រិត

ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤គឺជាខួបលើកទី៤៥ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៤) នៃថ្ងៃ ដែលប្រជាជានកម្ពុជាត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជា ប្រជាធិបតេយ្យ ឬ ហៅថារបប ប្រល័យ ពូជសាសន៍ ប៉ុល ពត ដែលបានធ្វើអោយ...

2024-01-02 09:45:31   Tue, 02,01,2024, 09:45 AM

សេចក្តីប្រកាស