Royal Academy of Cambodia
ការរត់ប្រណាំងមនោគមន៍វិជ្ជារវាងប្លុកសេរីនិងប្លុកកុម្មុយនីស្តក្នុងអំឡុងសង្គ្រាមត្រជាក់ បានបង្ហាញពិភពលោកថា មានមហាអំណាចធំៗពីរឬបរិបទនៃមហាអំណាចទ្វេប៉ូល ដែលក្នុងនោះប្លុកសេរីដឹកនាំដោយសហរដ្ឋអាម៉េរិកនិងប្លុកកុម្មុយនីស្តដឹកនាំដោយសហភាពសូវៀត។ ការប្រកួតប្រជែងរបស់ទ្វេប៉ូលអំណាចត្រូវបានបញ្ចប់នៅចុងទសវត្សរ៍ឆ្នាំ១៩៨០ ដែលត្រូវបានសន្មតថា ជាការបិទបញ្ចប់នៃសង្រ្គាមត្រជាក់។ សហភាពសូវៀតជាអតីតមេដឹកនាំប្លុកកុម្មុយនីស្តបានជួបវិបត្តិសេដ្ឋកិច្ច ដែលជាហេតុផលចម្បងក្នុងការរំលេចមេដឹកនាំប្លុកសេរី គឺសហរដ្ឋអាម៉េរិកឱ្យក្លាយជាមហាអំណាចធំជាងគេលើពិភពលោកដែលទាញពិភពលោកឆ្ពោះទៅកាន់ប្រព័ន្ធឯកប៉ូល។
ប៉ុន្តែ ទិដ្ឋភាពពិតប្រាកដនៃមហាអំណាចនាពេលបច្ចុប្បន្នគឺផ្អែកទៅលើការវិវត្តនិងប្រែប្រួលវិស័យសេដ្ឋកិច្ចនិងវិស័យយោធា ត្រូវកំណត់នូវប៉ូលអំណាចជាថ្មីឡើងវិញ។ ការស្ទុះឡើងរបស់មហាយក្សចិននិងការពង្រីកឥទ្ធិពលខ្លួនឡើងវិញរបស់សហព័ន្ធរុស្ស៊ី ព្រមទាំងការងើបឡើងនៃប្រទេសមហាអំណាចមធ្យមនិងអង្គការតំបន់នានា បានធ្វើឱ្យពិភពលោកវិលត្រឡប់ពីប្រព័ន្ធឯកប៉ូលមកកាន់ប្រព័ន្ធពហុប៉ូលវិញ។
តថភាពជាក់ស្តែងនាពេលនេះ សហរដ្ឋអាម៉េរិកដែលជាមហាអំណាចឯកប៉ូលក្រោយសង្រ្គាមត្រជាក់បញ្ចប់ភ្លាម ក៏បានថយឥទ្ធិពលផ្តាច់មុខរបស់ខ្លួននៅលើឆាកអន្តរជាតិដែរ។ កត្តាសម្ទុះរីកចម្រើនខាងបច្ចេកវិជ្ជាយោធារបស់ប្រទេសរុស្ស៊ី បានជំរុញឱ្យអាម៉េរិកដើរចេញពីសន្ធិសញ្ញាកម្លាំងនុយក្លេអ៊ែរចម្ងាយមធ្យម (Intermediate-Range Nuclear Forces Treaty) ដោយចោទទៅលើភាគីរុស្ស៊ីថា មិនគោរពនូវសន្ធិសញ្ញានេះ។ ម្យ៉ាងទៀត ដោយមានការបារម្ភនឹងការរីកចម្រើនខាងផ្នែកសេដ្ឋកិច្ចនិងឥទ្ធិពលរបស់ចិន សហរដ្ឋអាម៉េរិកបានដាក់ចេញនូវយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលមានគោលដៅក្នុងការជំរុញរដ្ឋក្នុងតំបន់មហាសមុទ្រទាំងពីរ គឺមហាសមុទ្រឥណ្ឌានិងប៉ាស៊ីហ្វិក ឱ្យរក្សាជំហរឯករាជ្យ មិនចំណុះចិន។ យុទ្ធសាស្រ្តនេះក៏មានប្រសិទ្ធភាពបង្អាក់នូវយុទ្ធសាស្រ្តខ្សែក្រវាត់និងផ្លូវរបស់ចិនផងដែរ។
បន្ទាប់ពីការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបនៅចុងឆ្នាំ២០១៩មក សហភាពអឺរ៉ុបត្រូវការបង្គោលគ្រឹះដ៏ចាំបាច់ពីជំហររបស់ប្រទេសអាឡឺម៉ង់និងបារាំង ដើម្បីរក្សាឥទ្ធិពលនិងវឌ្ឍភាពនយោបាយ និងសន្តិសុខក្នុងតំបន់និងក្នុងក្របខណ្ឌសកល។ ប៉ុន្តែ បញ្ហាប្រឈមនានារបស់សហភាពអឺរ៉ុបមិនទាន់បានស្រាកស្រាន្តនៅឡើយទេ ពីព្រោះ ប្រទេសបារាំងក៏មាននិន្នាការដូចប្រទេសអង់គ្លេសដែរ។ រីឯបញ្ហាចម្បងមួយទៀតនោះគឺ ការអនុវត្តនូវគោលនយោបាយថ្មីរបស់បណ្តារដ្ឋដែលចូលជាសមាជិកក្រោយគេ បានបើកឱ្យមានគោលនយោបាយថ្មីដើម្បីស្រូបយកទុនមកក្នុងប្រទេសរបស់ខ្លួនគឺការផ្តល់នូវទិដ្ឋាការមាសដែលជាបញ្ហាប្រឈមនឹងសន្តិសុខនិងស្ថិរភាពក្នុងតំបន់អឺរ៉ុប។ បញ្ហានេះបានជំរុញឱ្យបណ្តារដ្ឋគន្លឹះៗ ដូចជា បារាំង ជាដើម ធ្វើការពិចារណាលើផ្លូវនៃការចាកចេញរបស់អង់គ្លេសផងដែរ។
ក្នុងការកំណត់រចនាសម្ព័ន្ធថ្មីនៃអំណាចនៅសតវត្សរ៍ទី២១ គឺមិនមែនមានតែមហាអំណាចខាងបស្ចិមលោកដែលឈានមុខគេក្នុងការគ្រប់គ្រងសេដ្ឋកិច្ចពិភពលោកអស់រយៈពេលជាច្រើនទសវត្សរ៍មកនោះទេ។ ប៉ុន្តែ ចរន្តនៃការវិវត្តរីកចម្រើនខាងបច្ចេកវិជ្ជា និងបច្ចុប្បន្នភាពកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ក៏បានរួមចំណែកក្នុងការផ្លាស់ប្តូរនិងការកំណត់នូវមហាអំណាចពហុប៉ូលដែរ។ តាមរយៈយុទ្ធសាស្រ្តរបស់ចិននេះ ប្រទេសចិនទទួលជោគជ័យយ៉ាងខ្លាំងនិងមានការគាំទ្រជាសកលលើគោលនយោបាយចិនតែមួយរបស់ខ្លួននិងត្រូវបានគេរំពឹងថា នឹងមានការកើនឡើងនូវឥទ្ធិពលការទូតនិងអំណាចនៅក្នុងតំបន់និងពិភពលោកថែមទៀត នេះបើយោងតាមការលើកឡើងរបស់ប្រធានស្ថាប័នធនាគារខួរក្បាលដ៏មានឥទ្ធិពលរបស់ក្រុមប្រឹក្សាកិច្ចការអន្តរជាតិរបស់ប្រទេសរុស្ស៊ី។
ទន្ទឹមនឹងការរីកចំរើនរបស់មហាអំណាចចិន ប្រទេសរុស្ស៊ីដែលបានរើខ្លួនចេញពីការបរាជ័យក្នុងសង្រ្គាមត្រជាក់នោះ ក៏ត្រូវបានគេរំពឹងថា នឹងប្រើសមត្ថភាពបច្ចេកវិជ្ជាថ្មីៗដែលខ្លួនបានកសាងឡើងសម្រាប់ពង្រឹងអានុភាពកម្លាំងយោធាដ៏សន្ធឹកសន្ធាប់របស់ខ្លួននៅលើឆាកអន្តរជាតិផងដែរ។ សហព័ន្ធរុស្ស៊ីបាននិងកំពុងស្តារទំនាក់ទំនងការទូតនិងសេដ្ឋកិច្ចដ៏រស់រវើករបស់ខ្លួនឡើងវិញតាមរយៈសមត្ថភាពយោធានិងការចងសម្ព័ន្ធភាពការទូតជាមួយបណ្តាអតីតរដ្ឋនៅក្នុងប្លុកកុម្មុយនីស្តចាស់ក្នុងអំឡុងសង្រ្គាមត្រជាក់និងពង្រីកសម្ព័ន្ធថ្មីជាមួយបណ្តារដ្ឋមហាអំណាចមធ្យមក្នុងតំបន់ ដូចជា ឥណ្ឌា និងមហាអំណាចសេដ្ឋកិច្ចចិន។
ក្រៅពីមហាអំណាចពហុប៉ូលដែលបានបង្ហាញនូវអានុភាពខាងលើនេះ ក៏នៅមានបណ្តារដ្ឋមហាអំណាចមធ្យមមួយចំនួនដែលមានសេដ្ឋកិច្ចនិងបច្ចេកវិជ្ជានាំមុខគេមួយចំនួន ដូចជា ប្រទេសជប៉ុន ឥណ្ឌា ប្រេស៊ីល កាណាដា ជាដើម ដែលមានសកម្មភាពខាងសេដ្ឋកិច្ចនាំមុខនិងចូលរួមដោះស្រាយបញ្ហានិងថែរក្សាស្ថិរភាពនិងសន្តិភាពក្នុងក្របខណ្ឌពិភពលោកដែលគួរឱ្យសរសើរ។ ប៉ុន្តែ បណ្តារដ្ឋទាំងនេះនៅមិនទាន់មានឥទ្ធិពលគ្រប់គ្រាន់ក្នុងការរក្សានិងបង្កឱ្យមានការប្រែប្រួលក្នុងពិភពលោកនៅឡើយទេ។
អ្នកសិក្សានិងអ្នកធ្វើគោលនយោបាយគួរកត់សម្គាល់ថា ពិភពលោកដែលមានធម្មនុញ្ញអង្គការសហប្រជាជាតិជាបទដ្ឋានគតិយុត្តកំពូលសម្រាប់សមាជិក១៩៣ប្រទេស រក្សាជំហរប្រតិបត្តិគោលនយាបាយជាតិរបស់ប្រទេសនីមួយៗនិងសម្រាប់ជាត្រីវិស័យក្នុងការដោះស្រាយនិងថែរក្សាសណ្តាប់ពិភពលោក។ ទន្ទឹមនឹងបទដ្ឋានគតិយុត្តអន្តរជាតិស្ថិតនៅជាធរមាននេះ ក៏នៅតែមានចរន្តឥទ្ធិពលនៃការត្រួតត្រាជាច្រើននិងស្ថានភាពនៃសហប្រតិបត្តិការខុសប្លែកគ្នាលេចចេញជារូបរាងមកជាមួយផងដែរ។ ភាពខុសគ្នានេះបាននាំឱ្យមានភាពមិនចុះសម្រុង ទំនាស់ និងភាពមិនច្បាស់លាស់នៃសណ្តាប់ធ្នាប់ពិភពលោកនាពេលថ្មីៗនេះ ដែលបានធ្វើឱ្យបាត់បង់ខ្លះៗនូវការអនុវត្តគោលការណ៍ច្បាប់ជាមូលដ្ឋានមួយចំនួនសម្រាប់រក្សាសណ្តាប់ពិភពលោក៕
រាជបណ្ឌិត្យសភាកម្ពុជា បាននឹងកំពុងយកអភិក្រមទាំង៥ មកអនុវត្ដនៅក្នុងស្ថាប័នរបស់ខ្លួនដើម្បីជំរុញកំណើនការងារ សមធម៌ និងប្រសិទ្ធភាពការងាររបស់មន្ដ្រីរាជការនានា។ សំខាន់ គឺដើម្បីជំរុញឱ្យស្ថាប័នមានការអភិវឌ្ឍ ក៏ដូ...
«...ផ្នែកបុរាណវិទ្យា ផ្នែកវប្បធម៌ត្រូវចាប់ដៃកិច្ចសហការជាមួយផ្នែកសិល្បៈ ដើម្បីរៀបចំការសម្តែងសិល្បៈ ក្នុងការផ្សព្វផ្សាយនូវស្នាដៃរបស់ខ្លួន នេះមានន័យថា អ្វីដែលផ្នែកបុរាណវិទ្យាបានកកាយរកឃើញនៅតាមទីទួលបុរាណរួ...
ពិធីបំពាក់គ្រឿងឥស្សរិយយសជូនដល់សមាជិកក្រុមប្រឹក្សាស្តង់ដាជាតិ និងគណៈកម្មការបច្ចេកទេសដែលមានស្នាដៃឆ្នើមក្នុងការអភិវឌ្ឍស្តង់ដាជាតិ ត្រូវបានប្រារព្ធឡើងនាព្រឹកថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស...
នៅថ្ងៃសុក្រ ៥រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែសីហាឆ្នាំ២០១៨ គណៈប្រតិភូរបស់រាជបណ្ឌិត្យ សភាកម្ពុជា ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អមដំណើរដោយឯកឧត្តមបណ្ឌិតសភាច...
កាលព្រឹកថ្ងៃអង្គារ ២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) បានរៀបចំកិច្ចប...