ព័ត៌មាន

«សណ្តាប់ធ្នាប់ពិភពលោកថ្មីក្នុងបរិបទប្រព័ន្ធពហុប៉ូល» ដោយ៖ លោក ឯម សុវណ្ណរ៉ា នាយកដ្ឋានសិក្សានយោបាយនិងសន្តិសុខអន្តរជាតិ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា

2020-03-16 12:42:48 ថ្ងៃច័ន្ទ, 16 មីនា 2020, 12:42 PM
post_detail

ការរត់ប្រណាំងមនោគមន៍វិជ្ជារវាងប្លុកសេរីនិងប្លុកកុម្មុយនីស្តក្នុងអំឡុងសង្គ្រាមត្រជាក់ បានបង្ហាញពិភពលោកថា មានមហាអំណាចធំៗពីរឬបរិបទនៃមហាអំណាចទ្វេប៉ូល ដែលក្នុងនោះប្លុកសេរីដឹកនាំដោយសហរដ្ឋអាម៉េរិកនិងប្លុកកុម្មុយនីស្តដឹកនាំដោយសហភាពសូវៀត។ ការប្រកួតប្រជែងរបស់ទ្វេប៉ូលអំណាចត្រូវបានបញ្ចប់នៅចុងទសវត្សរ៍ឆ្នាំ១៩៨០ ដែលត្រូវបានសន្មតថា ជាការបិទបញ្ចប់នៃសង្រ្គាមត្រជាក់។ សហភាពសូវៀតជាអតីតមេដឹកនាំប្លុកកុម្មុយនីស្តបានជួបវិបត្តិសេដ្ឋកិច្ច ដែលជាហេតុផលចម្បងក្នុងការរំលេចមេដឹកនាំប្លុកសេរី គឺសហរដ្ឋអាម៉េរិកឱ្យក្លាយជាមហាអំណាចធំជាងគេលើពិភពលោកដែលទាញពិភពលោកឆ្ពោះទៅកាន់ប្រព័ន្ធឯកប៉ូល។

ប៉ុន្តែ ទិដ្ឋភាពពិតប្រាកដនៃមហាអំណាចនាពេលបច្ចុប្បន្នគឺផ្អែកទៅលើការវិវត្តនិងប្រែប្រួលវិស័យសេដ្ឋកិច្ចនិងវិស័យយោធា ត្រូវកំណត់នូវប៉ូលអំណាចជាថ្មីឡើងវិញ។ ការស្ទុះឡើងរបស់មហាយក្សចិននិងការពង្រីកឥទ្ធិពលខ្លួនឡើងវិញរបស់សហព័ន្ធរុស្ស៊ី ព្រមទាំងការងើបឡើងនៃប្រទេសមហាអំណាចមធ្យមនិងអង្គការតំបន់នានា បានធ្វើឱ្យពិភពលោកវិលត្រឡប់ពីប្រព័ន្ធឯកប៉ូលមកកាន់ប្រព័ន្ធពហុប៉ូលវិញ។

តថភាពជាក់ស្តែងនាពេលនេះ សហរដ្ឋអាម៉េរិកដែលជាមហាអំណាចឯកប៉ូលក្រោយសង្រ្គាមត្រជាក់បញ្ចប់ភ្លាម ក៏បានថយឥទ្ធិពលផ្តាច់មុខរបស់ខ្លួននៅលើឆាកអន្តរជាតិដែរ។ កត្តាសម្ទុះរីកចម្រើនខាងបច្ចេកវិជ្ជាយោធារបស់ប្រទេសរុស្ស៊ី បានជំរុញឱ្យអាម៉េរិកដើរចេញពីសន្ធិសញ្ញាកម្លាំងនុយក្លេអ៊ែរចម្ងាយមធ្យម (Intermediate-Range Nuclear Forces Treaty) ដោយចោទទៅលើភាគីរុស្ស៊ីថា មិនគោរពនូវសន្ធិសញ្ញានេះ។ ម្យ៉ាងទៀត ដោយមានការបារម្ភនឹងការរីកចម្រើនខាងផ្នែកសេដ្ឋកិច្ចនិងឥទ្ធិពលរបស់ចិន សហរដ្ឋអាម៉េរិកបានដាក់ចេញនូវយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលមានគោលដៅក្នុងការជំរុញរដ្ឋក្នុងតំបន់មហាសមុទ្រទាំងពីរ គឺមហាសមុទ្រឥណ្ឌានិងប៉ាស៊ីហ្វិក ឱ្យរក្សាជំហរឯករាជ្យ មិនចំណុះចិន។ យុទ្ធសាស្រ្តនេះក៏មានប្រសិទ្ធភាពបង្អាក់នូវយុទ្ធសាស្រ្តខ្សែក្រវាត់និងផ្លូវរបស់ចិនផងដែរ។

បន្ទាប់ពីការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបនៅចុងឆ្នាំ២០១៩មក សហភាពអឺរ៉ុបត្រូវការបង្គោលគ្រឹះដ៏ចាំបាច់ពីជំហររបស់ប្រទេសអាឡឺម៉ង់និងបារាំង ដើម្បីរក្សាឥទ្ធិពលនិងវឌ្ឍភាពនយោបាយ និងសន្តិសុខក្នុងតំបន់និងក្នុងក្របខណ្ឌសកល។ ប៉ុន្តែ បញ្ហាប្រឈមនានារបស់សហភាពអឺរ៉ុបមិនទាន់បានស្រាកស្រាន្តនៅឡើយទេ ពីព្រោះ ប្រទេសបារាំងក៏មាននិន្នាការដូចប្រទេសអង់គ្លេសដែរ។ រីឯបញ្ហាចម្បងមួយទៀតនោះគឺ ការអនុវត្តនូវគោលនយោបាយថ្មីរបស់បណ្តារដ្ឋដែលចូលជាសមាជិកក្រោយគេ បានបើកឱ្យមានគោលនយោបាយថ្មីដើម្បីស្រូបយកទុនមកក្នុងប្រទេសរបស់ខ្លួនគឺការផ្តល់នូវទិដ្ឋាការមាសដែលជាបញ្ហាប្រឈមនឹងសន្តិសុខនិងស្ថិរភាពក្នុងតំបន់អឺរ៉ុប។ បញ្ហានេះបានជំរុញឱ្យបណ្តារដ្ឋគន្លឹះៗ ដូចជា បារាំង ជាដើម ធ្វើការពិចារណាលើផ្លូវនៃការចាកចេញរបស់អង់គ្លេសផងដែរ។

ក្នុងការកំណត់រចនាសម្ព័ន្ធថ្មីនៃអំណាចនៅសតវត្សរ៍ទី២១ គឺមិនមែនមានតែមហាអំណាចខាងបស្ចិមលោកដែលឈានមុខគេក្នុងការគ្រប់គ្រងសេដ្ឋកិច្ចពិភពលោកអស់រយៈពេលជាច្រើនទសវត្សរ៍មកនោះទេ។ ប៉ុន្តែ ចរន្តនៃការវិវត្តរីកចម្រើនខាងបច្ចេក​វិជ្ជា និងបច្ចុប្បន្នភាពកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ក៏បានរួមចំណែកក្នុងការផ្លាស់ប្តូរនិងការកំណត់នូវមហាអំណាច​ពហុប៉ូល​ដែរ។ តាមរយៈយុទ្ធសាស្រ្តរបស់ចិននេះ ប្រទេសចិនទទួលជោគជ័យយ៉ាងខ្លាំងនិងមានការគាំទ្រជា​សកល​លើ​គោល​នយោបាយ​​ចិនតែមួយរបស់ខ្លួននិងត្រូវបានគេរំពឹងថា នឹងមានការកើនឡើងនូវឥទ្ធិពលការទូតនិងអំណាចនៅក្នុងតំបន់និង​ពិភពលោកថែមទៀត នេះបើយោងតាមការលើកឡើងរបស់ប្រធានស្ថាប័នធនាគារខួរក្បាលដ៏មានឥទ្ធិពលរបស់ក្រុមប្រឹក្សាកិច្ចការអន្តរជាតិរបស់ប្រទេសរុស្ស៊ី។

ទន្ទឹមនឹងការរីកចំរើនរបស់មហាអំណាចចិន ប្រទេសរុស្ស៊ីដែលបានរើខ្លួនចេញពីការបរាជ័យក្នុងសង្រ្គាមត្រជាក់នោះ ក៏ត្រូវបានគេរំពឹងថា នឹងប្រើសមត្ថភាពបច្ចេកវិជ្ជាថ្មីៗដែលខ្លួនបានកសាងឡើងសម្រាប់ពង្រឹងអានុភាពកម្លាំងយោធាដ៏សន្ធឹកសន្ធាប់របស់ខ្លួននៅលើឆាកអន្តរជាតិផងដែរ។ សហព័ន្ធរុស្ស៊ីបាននិងកំពុងស្តារទំនាក់ទំនងការទូតនិងសេដ្ឋកិច្ចដ៏រស់រវើករបស់​ខ្លួនឡើងវិញតាមរយៈសមត្ថភាពយោធានិងការចងសម្ព័ន្ធភាពការទូតជាមួយបណ្តាអតីតរដ្ឋនៅក្នុងប្លុកកុម្មុយនីស្តចាស់ក្នុង​អំឡុងសង្រ្គាមត្រជាក់និងពង្រីកសម្ព័ន្ធថ្មីជាមួយបណ្តារដ្ឋមហាអំណាចមធ្យមក្នុងតំបន់ ដូចជា ឥណ្ឌា និងមហាអំណាចសេដ្ឋកិច្ចចិន។

ក្រៅពីមហាអំណាចពហុប៉ូលដែលបានបង្ហាញនូវអានុភាពខាងលើនេះ ក៏នៅមានបណ្តារដ្ឋមហាអំណាចមធ្យមមួយចំនួនដែលមាន​សេដ្ឋកិច្ច​និងបច្ចេកវិជ្ជានាំមុខគេ​មួយចំនួន ដូចជា ប្រទេសជប៉ុន ឥណ្ឌា ប្រេស៊ីល កាណាដា ជាដើម ដែលមានសកម្មភាព​ខាងសេដ្ឋកិច្ចនាំមុខ​និងចូលរួមដោះស្រាយ​បញ្ហា​និង​ថែរក្សាស្ថិរភាព​និងសន្តិភាព​ក្នុងក្របខណ្ឌ​ពិភពលោកដែលគួរ​ឱ្យសរសើរ។ ប៉ុន្តែ បណ្តារដ្ឋទាំងនេះ​នៅមិនទាន់មាន​ឥទ្ធិពល​គ្រប់គ្រាន់​ក្នុងការរក្សានិងបង្កឱ្យមាន​ការប្រែប្រួលក្នុងពិភពលោកនៅឡើយទេ។

អ្នកសិក្សានិងអ្នកធ្វើគោលនយោបាយគួរកត់សម្គាល់ថា ពិភពលោកដែលមានធម្មនុញ្ញអង្គការសហប្រជាជាតិជាបទដ្ឋាន​គតិយុត្ត​កំពូលសម្រាប់សមាជិក១៩៣ប្រទេស រក្សាជំហរប្រតិបត្តិគោលនយាបាយជាតិរបស់ប្រទេសនីមួយៗនិងសម្រាប់ជាត្រី​វិស័យ​ក្នុងការដោះស្រាយនិងថែរក្សាសណ្តាប់ពិភពលោក។ ទន្ទឹមនឹងបទដ្ឋានគតិយុត្តអន្តរជាតិស្ថិតនៅជាធរមាននេះ ក៏នៅតែមាន​ចរន្តឥទ្ធិពលនៃការត្រួតត្រាជាច្រើននិងស្ថានភាពនៃសហប្រតិបត្តិការខុសប្លែកគ្នាលេចចេញជារូបរាងមកជាមួយផងដែរ។ ភាពខុសគ្នានេះបាននាំឱ្យមានភាពមិនចុះសម្រុង ទំនាស់ និងភាពមិនច្បាស់លាស់នៃសណ្តាប់ធ្នាប់ពិភពលោកនាពេលថ្មីៗ​នេះ ដែលបានធ្វើឱ្យបាត់បង់ខ្លះៗនូវការអនុវត្តគោលការណ៍ច្បាប់ជាមូលដ្ឋានមួយចំនួនសម្រាប់រក្សាសណ្តាប់ពិភពលោក៕


អត្ថបទទាក់ទង

ឯកឧត្តមបណ្ឌិត យង់ ពៅ អញ្ជើញបើកសិក្ខាសាលា ស្តីពី «អត្តសញ្ញាណបដិមាព្រះនាងឥន្ទ្រទេវី»

«ការកំណត់អត្តសញ្ញាណបដិមាព្រះនាងឥន្ទ្រទេវី ជាការលើកបង្ហាញពីវីរភាពរបស់ស្ត្រី(មេ) ព្រោះស្ត្រីដើរតួនាទីសំខាន់ណាស់ទាំងក្នុងគ្រួសារនិងសង្គមជាតិ» នេះបើតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ...

2019-06-27 05:29:50   Thu, 27,06,2019, 05:29 AM
«បញ្ហាការកត់សូរភាសាបរទេសជាអក្សរខ្មែរ និងការកត់សូរភាសាខ្មែរជាអក្សរឡាតាំងបែបខ្មែរ»

នៅព្រឹកនេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ (ក.ជ.ភ.ខ.) នៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំសិក្ខាសាលាមួយ ស្ដីពី «បញ្ហាការកត់សូរភាសាបរទេសជាអក្សរខ្មែរ និងការកត់សូរភាសាខ្មែរជាអក្សរឡាតាំងបែបខ្មែរ»។ភ្នំពេញ៖ នៅព្រឹកថ្ងៃ...

2019-06-27 05:16:13   Thu, 27,06,2019, 05:16 AM
«ជ្រុងមួយអំពីអត្តសញ្ញាណរបស់ព្រះនាងឥន្ទ្រទេវី»

ភ្នំពេញ៖ តាមសិលាចារឹកប្រាសាទភិមានអាកាសនិពន្ធដោយព្រះនាងឥន្ទ្រទេវីផ្ទាល់ បានឱ្យដឹងថា ព្រះនាងឥន្រ្ទទេវី មានព្រះទ័យសប្បុរស និងព្រះបញ្ញាញាណខាងបរមត្ថវិជ្ជា [1]  ហើយក៏ជាព្រះប្រធានសាស្រ្តាចារ្យ និងគ្រូបង...

2019-06-27 04:56:39   Thu, 27,06,2019, 04:56 AM
«ជំនួបជាមួយឥស្សរជនមានគោរមងារជា«កិត្តិសេដ្ឋាបណ្ឌិត»នៃក្រសួងផែនការ»

បន្ទាប់ពីបានជួបសំណេះសំណាលជាមួយលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ កាលពីម្សិលមិញនេះ នៅរសៀលថ្ងៃដដែល ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជប...

2019-06-26 11:43:33   Wed, 26,06,2019, 11:43 AM
«ការសំណេះសំណាល ជាមួយឥស្សរជនមានគោរមងារជា«កិត្តិសង្គហបណ្ឌិត»នៅរដ្ឋសភា»

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា កា...

2019-06-26 11:17:10   Wed, 26,06,2019, 11:17 AM
«អំណោយសប្បុរសធម៌ ជីកអណ្តូង នៅភូមិធម្មជាតិដងផ្លិត»

នៅរសៀលមុនបន្តិច លោក Love Englund បាននាំយកថវិកាសម្រាប់សាងសង់អណ្តូងទឹក ចំនួន $5,400 ជូនដល់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប សម្រាប់រួមចំណែកកសាងអណ្តូងទឹកចំនួន០៣ នៅភូមិធម្មជាតិដងផ្លឹត ដែលមានទ...

2019-06-26 09:51:36   Wed, 26,06,2019, 09:51 AM

សេចក្តីប្រកាស