Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ដើម្បីជំរុញប្រសិទ្ធភាព និងប្រសិទ្ធផលការងារវិទ្យាសាស្ត្រ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែ ផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានណែនាំមន្ត្រីថ្មីដែលទើបចូលបម្រើការងារនៅក្នុងរាជបណ្ឌិត្យសភាកម្ពុជាដែលជាស្ថាប័នសិក្សាស្រាវជ្រាវជាន់ខ្ពស់របស់ជាតិត្រូវគោរពវិន័យ ពេលវេលាការងារ និងខិតខំប្រឹងប្រែងបំពេញវិជ្ជាជីវៈការងារ ដើម្បីបង្ហាញ និងបន្សល់ស្នាដៃការងារជូនស្ថាប័ន និងសង្គមជាតិ។
នៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍បទបញ្ជាផ្ទៃក្នុងរបស់រាជបណ្ឌិត្យសភាកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាដល់មន្ត្រីថ្មី និងបូកសរុបការងាររបស់អគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជានៅក្នុងបន្ទប់ប្រជុំ RAC 2-11 អគារឥន្ទ្រទេវីនៃរាជបណ្ឌិត្យសភាកម្ពុជា អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ បានមានប្រសាសន៍លើកឡើងថា រាជបណ្ឌិត្យសភាកម្ពុជាជាស្ថាប័នសិក្សាស្រាវជ្រាវជាន់ខ្ពស់របស់ជាតិដែលមានវិសាលភាពការងារស្រាវជ្រាវគ្របដណ្តប់លើគ្រប់វិស័យ សម្រាប់ផ្តល់ធាតុចូលជូនរាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនប្រកបដោយនិរន្តរភាព។ ហេតុនេះ រាជបណ្ឌិត្យសភាកម្ពុជាត្រូវការមន្ត្រីដែលមានចំណេះជំនាញសមត្ថភាពស្វាហាប់ជាមួយនឹងការងារ សហការបំពេញការងារ មានក្រមសីលធម៌ គោរពវិន័យ មានវិជ្ជាជីវៈការងារ និងការទទួលខុសត្រូវលើការបំពេញការងាររបស់ខ្លួន ដើម្បីជំរុញការអភិវឌ្ឍន៍ស្ថាប័ន និងសង្គមជាតិឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។
ជាមួយនេះ ដើម្បីពង្រឹងពង្រីកសមត្ថភាពចំណេះជំនាញរបស់មន្ត្រីបន្ថែមទៀត ឯកឧត្តមបណ្ឌិត យង់ ពៅ បានលើកទឹកចិត្តមន្ត្រីទាំងអស់ត្រូវចេះអភិវឌ្ឍន៍ខ្លួនប្រចាំ ស្វែងយល់អំពីកិច្ចការងារវិទ្យាសាស្ត្រ និងសិក្សារៀនសូត្រស្វែងយល់ពីសហការីរួមការងារជាមួយគ្នាទៅវិញទៅមកក្នុងស្ថាប័នវិទ្យាសាស្រ្ត។
បន្ថែមលើសពីនេះ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ចាត់ទុកមន្ត្រីថ្មីទាំងអស់គឺជាកម្លាំងចលករថ្មីដែលចូលរួមចំណែកជំរុញការអភិវឌ្ឍស្ថាប័ន និងសង្គមជាតិឱ្យកាន់តែមានកិត្តិយសល្បីល្បាញទាំងនៅក្នុងប្រទេសជាតិ និងលើឆាកអន្តរជាតិ។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិតសង្ឃឹមជឿជាក់យ៉ាងមុតមាំថា មន្ត្រីទាំងអស់នឹងបំពេញការងារប្រកបដោយមានឆន្ទៈ មន សិការ ក្រមសីលធម៌ គោរពវិន័យ មានទំនួលខុសត្រូវចំពោះការងាររបស់ខ្លួន និងខិតខំប្រឹងប្រែងបំពេញការងារឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ជូនស្ថាប័ន និងសង្គមជាតិ។
សូមជម្រាបជូនថា រាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.) គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃទីស្តីការគណៈរដ្ឋមន្ត្រីនិងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ហើយ រ.ប.ស.ក. មានបេសកកម្មដឹកនាំគ្រប់គ្រង អភិវឌ្ឍការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត បច្ចេកវិទ្យា បច្ចេកទេស បណ្តុះបណ្តាល និងអភិវឌ្ឍធនធានបញ្ញាញាណជាន់ខ្ពស់របស់ជាតិ។
ផ្អែកតាមព្រះរាជក្រឹត្យលេខ នស/រកត/១២១៩/១៩៦២ ចុះថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ រាជបណ្ឌិត្យសភាកម្ពុជា មានភារកិច្ចជាអាទិ៍ដូចតទៅ៖
- គ្រប់គ្រងនិងពង្រីកការស្រាវជ្រាវវិទ្យាសាស្រ្តលើគ្រប់វិស័យ
- ធ្វើកិច្ចសហប្រតិបត្តិការលើផ្នែកស្រាវជ្រាវជាមួយក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍនានាដែលមានគោលបំណងដូចគ្នា
- រៀបចំវេទិកាវិទ្យាសាស្រ្តលើគ្រប់វិស័យដើម្បីផ្តល់ធាតុចូលក្នុងការរួមចំណែកអភិវឌ្ឍប្រទេស
- បណ្តុះបណ្តាលដើម្បីអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យ
- ប្រមូល ចងក្រង បោះពុម្ពផ្សាយ និងតម្កល់ឯកសារ ស្នាដៃស្រាវជ្រាវនិងរបកគំហើយនានា
- ប្រមូលផ្តុំកម្លាំងបញ្ញាញាណរបស់ជាតិនិងអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍប្រទេស
- លើកសំណើជូនគ្រឿងឥស្សរិយយសឬគោរមងារវិទ្យាសាស្រ្តដល់ឥស្សរជនឆ្នើមជាតិនិងអន្តរជាតិ
- អភិរក្សនិងអភិវឌ្ឍការប្រើប្រាស់ភាសានិងអក្សរខ្មែរប្រកបដោយនិរន្តរភាព ព្រមទាំងរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ
- ស្រាវជ្រាវ អភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិនិងវប្បធម៌
- ចូលរួមចំណែកនិងធ្វើកិច្ចសហប្រតិបត្តិការក្នុងការការពារកម្មសិទ្ធិបញ្ញាខាងផ្នែកវិទ្យាសាស្រ្តគ្រប់វិស័យ
- ពិនិត្យនិងវាយតម្លៃស្នាដៃស្រាវជ្រាវវិទ្យាសាស្រ្តជាន់ខ្ពស់
- អនុវត្តភារកិច្ចផ្សេងៗទៀតដែលទីស្តីការគណៈរដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលប្រគល់ជូន៕
RAC Media | រឿន ភារុន
១-ជំនន់ទឹកភ្លៀងឆ្នាំ២០២០ចាប់តាំងពីថ្ងៃ១ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ប្រទេសកម្ពុជាបានទទួលរងនូវជំនន់ទឹកភ្លៀងដែលធ្វើឱ្យប៉ះពាល់ដល់១៩រាជធានី-ខេត្ត ក្រុង ស្មើ៩១ខណ្ឌ-ស្រុក។ ប្រជាជនកម្ពុជាប្រមាណ៧៨,០៥៦គ្រ...
ឯកឧត្តម វ៉ាង យី ជាទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានធ្វើដំណើរទស្សនកិច្ចការទូតថ្មីៗនេះ អញ្ជើញមកអាស៊ានក្នុងការបង្កើនសាមគ្គីភាពជាមួយចិន និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅនូវ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសថ្លែងសុន្ទរកថាបិទសិក្ខាសាលា ស្ដីពី «ការពិគ្រោះយោបល់លើសេចក្ដីព្រាងអនុ ក្រឹត្យ ស្ដីពី ការគ្រប់គ្រងលើការប្រើភាសាខ្មែរនៅលើរូបសញ្ញា និងការផ្សព្វផ្សាយសុសវែរសម្រាប់កំណែកំហុស...
ចិននិងឥណ្ឌា ជាប្រទេសធំបំផុតពីរនៅអាស៊ី ហើយក៏ជាប្រទេសដែលមានប្រជាជនច្រើនបំផុតពីរនៅលើពិភពលលោកផងដែរ។ ក្រៅពីទំហំទឹកដីនិងចំនួនប្រជាជន ប្រទេសទាំងពីរក៏មានវប្បធម៌និងអរិយធម៌ដែលមានប្រវត្តិសាស្រ្តដ៏យូរអង្វែងនិងម...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ អ្នកស្រី ត្រឹង ងា អ្នកនិពន្ធសៀវភៅអរិយធម៌ខ្មែរ ត្រូវបានប្រគល់សញ្ញាបត្រកិត្តិបណ្ឌិត ផ្នែកអក្សរសាស្ត្រ នៃរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈសេចក្ដីសម្រេច...