ព័ត៌មាន

‌«ទីផ្សារកំពុងដាំក្បាលចុះ, វីរុសកូរ៉ូណាកំពុងរាតត្បាត ឯលោក Donald Trump កំពុងវាយប្រហារ​លោក Joe Biden និងប្រព័ន្ធផ្សព្វផ្សាយ» ប្រែសម្រួល៖ ដោយ លោក ជា ធារិទ្ធ នាយកដ្ឋានសិក្សាអាម៉េរិក អាម៉េរិកឡាទីន និងអូសេអានី

2020-03-11 10:12:51 ថ្ងៃពុធ, 11 មីនា 2020, 10:12 AM
post_detail

លោកប្រធានាធិបតី Donald Trump ដែលរដ្ឋបាលរបស់លោកកំពុងស្ថិតនៅក្រោមសម្ពាធ និងទទួលរងនូវការរិះគន់កាន់តែខ្លាំងចំពោះការឆ្លើយតបរបស់ខ្លួនទៅនឹងការរាលដាលមេរោគកូរ៉ូណា បានផ្ទុះឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយធ្វីតធ័រកាលពីថ្ងៃទី៩ ខែមីនា ២០២០កន្លងទៅនេះ ស្របពេលដែលទីផ្សារសកលកំពុងតែដាំក្បាលចុះដោយសារការរាតត្បាតមេរោគកូរ៉ូណា ចំណែកឯលោក Joe Biden ហាក់ដូចជាកំពុងឈានក្លាយជាបេក្ខភាពរបស់បក្សប្រជាធិបតេយ្យ។

លោក Donald Trump បានស្ដីបន្តោសលើប្រព័ន្ធផ្សព្វផ្សាយ ដោយបានចោទប្រកាន់ថា ប្រព័ន្ធផ្សព្វផ្សាយបានឃុបឃិតជាមួយខាងគណបក្សប្រជាធិបតេយ្យចំពោះការព្យាយាម «ដុតកម្ដៅបន្ថែមលើស្ថានភាពមេរោគកូរ៉ូណា»។ លោកបានចោទប្រកាន់គណបក្សប្រជាធិបតេយ្យថា កំពុងតែ «បង្ខូចកេរ្តិ៍ឈ្មោះ» សមាជិកព្រឹទ្ធសភា គឺលោក Bernie Sanders ដែលបានបាត់បង់ឋានៈជាបេក្ខភាពអ្នកនាំមុខលោក Biden នៅក្នុងកម្មវិធី Super Tuesday។ លោកប្រធានាធិបតីក៏បានវាយប្រហារទៅលើអ្នកកាន់តំណែងអាណត្តិមុនគាត់ថា៖ «រដ្ឋបាលរបស់លោក Obama/Biden គឺជារដ្ឋាបាលដែលពុករលួយជាងគេបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេស»។ រដ្ឋបាលរបស់លោក Donald Trump និងខ្លួនគាត់ផ្ទាល់ក្នុងនាមជាប្រធានាធិបតី កំពុងរងការរិះគន់ចំពោះអ្វីដែលត្រូវបានគេហៅថា ជាការឆ្លើយតបយឺតយ៉ាវនិងទន់ខ្សោយចំពោះការផ្ទុះឡើងដំបូងនៃមេរោគកូរ៉ូណា។

បទយកការណ៍ដែលបានធ្វើការរិះគន់ រួមមានសារព័ត៌មាន The Atlantic, The Washington Post និងNBC News បានគូររូបថ្លុករបស់សេតវិមានក្នុងស្ថានការណ៍វឹកវរមួយ។ យោងតាមរបាយណ៍ សមាជិកមួយចំនួននៃរដ្ឋបាលបានអំពាវនាវឱ្យមានការឆ្លើយតបឱ្យបានខ្លាំងជាងមុន ចាប់តាំងពីថ្ងៃដំបូងនៃការផ្ទុះឡើងមេរោគកូរ៉ូណាមកម៉្លេះ។ អ្នកផ្សេងទៀត រួមទាំងលោក Donald Trump និងទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចរបស់គាត់ គឺលោក Larry Kudlow បានព្យាយាមរកមធ្យោបាយបង្អាក់ភាពធ្ងន់ធ្ងរនៃការផ្ទុះឡើងនេះ។

នៅព្រឹកថ្ងៃទី៩ ខែមីនា ២០២០ នៅលើប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមធ្វីតធ័រ លោកDonald Trump បានកោតសរសើរចំពោះការឆ្លើយតបរបស់រដ្ឋបាលរបស់លោកចំពោះជំងឺនេះ ដោយទទួលបានការសរសើរពីការជួយសង្គ្រោះ «ជីវិតមនុស្សជាច្រើននាក់» ហើយក៏បានកោតសរសើរផងដែរដល់ក្រុមការងារដែលដឹកនាំដោយលោកអនុប្រធានាធិបតី Mike Pence។ លោកបានបន្ថែមតាមក្រោយទៀតផងដែរ៖ «មានព័ត៌មានក្លែងក្លាយច្រើនណាស់!» (“So much FAKE NEWS!”)។

លោកប្រធានាធិតបីបានចំណាយពេលនាចុងសប្ដាហ៍របស់ខ្លួននៅរដ្ឋ Florida ហើយគាត់គ្រោងនឹងស្នាក់នៅបន្តរហូតដល់ព្រឹកថ្ងៃចន្ទដើម្បីចូលរួមកម្មវិធីរៃអង្គាសប្រាក់ និងជួបជជែកកំសាន្តជាមួយនឹងអ្នកគាំទ្រ មុនពេលត្រឡប់មកកាន់សេតវិមានវិញនៅពេលរសៀល។ សារព័ត៌មាន CNBC បានរាយការណ៍ថា ជម្រើសសេដ្ឋកិច្ច «ពេញលេញ» មួយ ត្រូវបានបង្ហាញជូនលោក Donald Trump ដើម្បីឆ្លើយតបទៅនឹងមេរោគនេះ លោក Donald Trump នឹងបង្ហាញ បន្ទាប់ពីលោកត្រឡប់មកដល់សេតវិមានវិញ។

បើយោងតាម លោក Johns Hopkins ចំនួនករណីឆ្លងមេរោគកូរ៉ូណានៅសហរដ្ឋុះអាម៉េរិកបានកើនឡើងដល់ ៥៦៤នាក់ កាលពីចុងសប្ដាហ៍ ខណៈដែលមនុស្សយ៉ាងហោចណាស់ ២២នាក់ បានស្លាប់ដោយសារជំងឺនេះនៅសហរដ្ឋអាម៉េរិក។ ទូទាំងពិភពលោក មានមនុស្សជាង ១១១ ០០០នាក់ បានឆ្លងមេរោគនេះ ហើយយ៉ាងហោចណាស់មានមនុស្ស ៣ ៨៥០ នាក់បានស្លាប់បាត់បង់ជីវិត។

ទីផ្សារស្ថិតនៅក្នុងភាពច្របូកច្របល់ដោយសារតែមួយផ្នែកធំទាក់ទងនឹងការរាលដាលជំងឺនេះ និងផលប៉ះពាល់របស់វាទៅលើពាណិជ្ជកម្ម និងតម្រូវការប្រើប្រាស់។ ក្រុមហ៊ុនឧស្សាហកម្ម Dow Jones ជាមធ្យមបានធ្លាក់ចុះជាង ១ ៨០០ពិន្ទុ ក្នុងពេលចាប់ផ្ដើមធ្វើពាណិជ្ជកម្មកាលពីថ្ងៃចន្ទ។ ទីផ្សារភាគហ៊ុនសកលមានការធ្លាក់ចុះយ៉ាងខ្លាំង ដោយនាំឱ្យមានការបញ្ចប់យ៉ាងឆាប់រហ័សនៅក្នុងការជួញដូរភាគហ៊ុនភ្លាមៗបន្ទាប់ពីទីផ្សារបានបើកឡើង។

តម្លៃប្រេងបានធ្លាក់ចុះផងដែរ ដោយសារតែការភ័យខ្លាចចំពោះតម្រូវការរុញឱ្យកើតមានសង្រ្គាមតម្លៃប្រេងរវាងអារ៉ាប់ប៊ីសាអ៊ូឌីត និងរុស្សីដែលជាសមាជិករបស់ OPEC។ លោក Donald Trump បានលើកឡើងជាយូរមកហើយអំពីភាពជោគជ័យនៃទីផ្សារភាគហ៊ុននៅក្នុងអាណត្តិរបស់លោក ដែលវាជាការពិភាក្សាដ៏សំខាន់សម្រាប់គោលនយោបាយរបស់លោក។ សេតវិមានបានបដិសេធមិនធ្វើអត្ថាធិប្បាយ នៅពេលដែលអ្នកសារព័ត៌មានសួរអំពីចំណាត់ការរបស់រដ្ឋបាលចំពោះការធ្លាក់ចុះនៃទីផ្សារភាគហ៊ុន។

លោក Joe Biden ដែលមានសម្លេងគាំទ្រច្រើនជាងលោក Sanders ក្នុងការរាប់ចំនួនប្រតិភូ បន្ទាប់ពីការបង្ហាញដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងកម្មវិធី Super Tuesday ហើយបានបំពេញលើសន្ទុះរបស់លោកជាមួយនឹងការគាំទ្រដ៏សំខាន់មួយដោយបានព្យាយាមពង្រឹងការនាំមុខរបស់ខ្លួននៅក្នុងការប្រកួតប្រជែងបឋមនៅជុំបន្ទាប់ទៀតនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។ ក្រសែភ្នែកទាំងអស់បានផ្ដោតលើរដ្ឋ Michigan ដែលជារដ្ឋមានសមាជិកប្រតិភូច្រើននាក់ ដែលក្នុងនោះ ការស្ទង់មតិបានបង្ហាញថា លោក Biden មានការនាំមុខទៅលើលោក Sanders ។

មួយសប្ដាហ៍មុនកម្មវិធី Super Tuesday យុទ្ធនាការរបស់លោក Biden បានបាត់បង់សន្ទុះស្ទើរតែទាំងស្រុងទៅលើលោក Sanders ដែលទទួលបានជោគជ័យនៅក្នុងការជួបប្រជុំនៅក្នុងរដ្ឋណាវ៉ាដា (Nevada) ហើយបានរីករាយជាមួយនឹងការនាំមុខប្រតិភូយ៉ាងងាយស្រួល។ ប៉ុន្តែលោក Biden ទទួលបានជោគជ័យដ៏ធំធេងមកវិញនៅក្នុងរដ្ឋការ៉ូលីណាភាគខាងត្បូង (South Corolina) នៅថ្ងៃទី២៩ ខែកុម្ភៈនៅក្នុងកម្មវិធី Super Tuesday នៅពេលដែលរដ្ឋចំនួន១៤ផ្សេងទៀតបានរៀបចំការប្រកួតប្រជែងក្នុងការជ្រើសតាំងពួកគេ។

លោក Joe Biden គឺជាគោលដៅចម្បងនៃប្រតិកម្មរបស់លោក Donald Trump ចាប់តាំងពីគាត់បានចូលរួមប្រកួតប្រជែងនៅក្នុងឆ្នាំ២០២០នេះ។ លោក Donald Trump បានស្នើឱ្យលោក Volodymr Zelenskiy ប្រធានាធិបតីប្រទេសអ៊ុយក្រែន ប្រកាសពីការស៊ើបអង្កេតចំពោះគារចោទប្រកាន់ទៅលើបទពុករលួយប្រឆាំងនឹងលោក Biden និង លោក Hunter ដែលជាកូនប្រុសរបស់គាត់តាមរយៈការតភ្ជាប់ទំនាក់ទំនងរបស់ពួកគេជាមួយនឹងក្រុមហ៊ុនឧស្ម័នធម្មជាតិអ៊ុយក្រែន។

កិច្ចខិតខំប្រឹងប្រែងទាំងនេះ ត្រូវបានអ្នករិះគន់មើលឃើញថា ជាការប៉ុនប៉ងធ្វើឱ្យប៉ះពាល់ដល់បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យតាមរយៈការចោទប្រកាន់ពីអំពើពុករលួយនិងបានជំរុញឱ្យសភាដែលដឹកនាំដោយបក្សប្រជាធិបតេយ្យចោទប្រកាន់ដកតំណែងលោក Trump ពីបទរំលោភអំណាចនិងរារាំងសភា។ លោកប្រធានាធិបតី បានរួចផុតពីការចោទប្រកាន់ទាំងពីរនៅក្នុងព្រឹទ្ធសភាដឹកនាំដោយគណបក្សសាធារណរដ្ឋ។ នៅពេលដែលលោក Biden ទទួលបានការគាំទ្រនាំមុខដាច់វិញ លោក Donald Trump បានផ្តោតមកលើរូបលោក Biden សារជាថ្មី។

លោក Trump បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយធ្វីតធ័រ កាលពីថ្ងៃសុក្រ ដែលជាការវាយប្រហារលើកដំបូងរបស់លោក ប្រឆាំងនឹងលោក Biden ចាប់តាំងពីកម្មវិធី Super Tuesday ថា «ខ្ញុំនឹងការពារសន្តិសុខសង្គម និងការថែទាំការព្យាបាល ដូចដែលខ្ញុំបានធ្វើកាលពី៣ឆ្នាំមុនដូចនោះដែរ។ លោក Joe Biden ដែលស្ពឹកស្រពន់នឹងបំផ្លាញគម្រោងទាំងពីរនេះនៅក្នុងពេលដ៏ខ្លីមួយ ហើយគាត់នឹងមិនដឹងថា គាត់កំពុងតែបំផ្លាញវានោះទេ!»។

យុទ្ធនាការរបស់លោក Biden បានបរិហារការវាយប្រហាររបស់លោកប្រធានាធិបតី។ អ្នកនាំពាក្យ លោក Andrew Bates បានលើកឡើងថា «ហេតុអ្វីបានជាលោក Donald Trump មកចំណាយពេលរបស់គាត់ សរសេរបែបរឿងភាគតាមសារព័ត៌មាន Breitbart នៅពេលដែលគាត់គួរតែនាំមុខគេក្នុងការឆ្លើយតបទៅនឹងមេរោគកូរ៉ូណា?»។ យុទ្ធនាការរបស់លោក Sanders មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ CNBC នៅឡើយទេ។

ទោះបីជា កូវីដ-១៩ បានលេចឡើងនៅក្នុងអាណត្តិរបស់លោក Trump នៅក្នុងតំណែងប្រធានាធិតបីក៏ដោយ ក៏លោកទទូចថា រដ្ឋបាលរបស់លោក Obama ត្រូវទទួលការស្តីបន្ទោសចំពោះការខ្វះខាតកញ្ចប់ឧបករណ៍តេស្តសុខភាពដែលអាចស្វែងរកបាននៅក្នុងសហរដ្ឋអាម៉េរិក។

លោក Trump បានអះអាងដោយគ្មានភស្តុតាងនៅក្នុងព្រឹត្តិការណ៍តុមូលមួយកាលពីថ្ងៃ៤ ខែមីនា ឆ្នាំ២០២០ នៅសេតវិមានថា «រដ្ឋបាលលោក Obama បានធ្វើសេចក្តីសម្រេចចិត្តមួយលើការតេស្តសុខភាពដែលបានធ្វើឱ្យខូចប្រយោជន៍ដល់អ្វីដែលយើងកំពុងតែធ្វើ ហើយយើងបានច្រានចោលសេចក្តីសម្រេចចិត្តនោះកាលពីប៉ុន្មានថ្ងៃមុន ដូច្នេះ ការធ្វើការតេស្តសុខភាពបានប្រព្រឹត្តទៅកាន់តែមានលក្ខណៈត្រឹមត្រូវ និងលឿនទាន់សម័យជាងមុន»។

បើតាមគេហទំព័រ FactCheck.org ការអះអាងរបស់លោក Trump ដែលថា លោក «បដិសេធ» នឹងច្បាប់ណាមួយលើកញ្ចប់តេស្តសុខភាពនៅសម័យលោក Obama គឺមិនត្រឹមត្រូវនោះទេ។ មួយថ្ងៃក្រោយមក លោក Trump បានបដិសេធថា លោកមិនបានស្ដីបន្ទោសលោក អូបាម៉ា ចំពោះភាពលំបាកលើកញ្ចប់តេស្តសុខភាពនោះទេ។

នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីវាយប្រហារលើរដ្ឋបាលលោក Obama-Biden មក លោក Trump បានការពារការឆ្លើយតបរបស់ខ្លួនជាថ្មីម្ដងទៀតចំពោះការផ្ទុះឡើងនេះ។ លោក Trump បានសរសើរ លោក Pence ដែលត្រូវបានដាក់ឱ្យទទួលបន្ទុកលើការឆ្លើយតបរបស់សហរដ្ឋអាម៉េរិកចំពោះមេរោគកូរ៉ូណា។ ហើយគាត់ទទួលបានការកោតសរសើរចំពោះការជួយសង្រ្គោះ «ជីវិតមនុស្សជាច្រើននាក់» តាមរយៈការធានានិងការរឹតបន្ដឹងការធ្វើដំណើរនៅចុងខែមករានេះ។

កាលវិភាគរបស់លោក Donald Trump ដែលបង្ហាញជាសាធារណៈ បានឱ្យដឹថា គាត់ចំណាយពេលវេលារបស់គាត់ជាច្រើនថ្ងៃជាមួយព្រឹត្តិការណ៍រៃអង្គាសប្រាក់នៅរដ្ឋ Florida មុននឹងគាត់ធ្វើដំណើរត្រឡប់ទៅកាន់សេតវិមានវិញនៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០៕



អត្ថបទទាក់ទង

«គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ បើកដំណើរដូចធម្មតា...»

រដ្ឋមន្ត្រីអប់រំអំពាវនាវ គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ បើកដំណើរដូចធម្មតានៅថ្ងៃចូលឆ្នាំចិននៅក្នុងឱកាសបុណ្យចូលឆ្នាំចិនជាពិសេសនៅរាជធានីភ្នំពេញ គឺមានសាលាឯកជនមួយចំនួនបានចេញសេចក្តីជូនដំណឹងរយៈពេល៤ ថ្ងៃ នៃការឈ...

2019-02-06 04:40:41   Wed, 06,02,2019, 04:40 AM
«ក្រុមហ៊ុន Pensonic កំពុងសម្លឹងការពង្រីកសាខាបន្ថែមនៅក្នុងប្រទេសកម្ពុជា»

Pensonic Holdings Bhd គឺជាក្រុមហ៊ុនដែលផលិតសម្ភារប្រើប្រាស់របស់ម៉ាឡេស៊ី ហើយក្រុមហ៊ុននេះមានគោលបំណងពង្រីកសាខានៅក្នុងប្រទេសកម្ពុជា ដោយបច្ចុប្បន្នក្រុមហ៊ុន Pensonic កំពុងសម្លឹងមើល ខេត្តបាត់ដំបង ខេត្តសៀមរាប...

2019-02-06 04:30:45   Wed, 06,02,2019, 04:30 AM
«នាវា២គ្រឿងរបស់ជប៉ុន នឹងធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៩»

ភ្នំពេញ៖ នាវាចំនួន ២ គ្រឿងរបស់កងកម្លាំងស្វ័យការពារជើងទឹកជប៉ុនដែលមានឈ្មោះថា “សេតូយុគិ” និង“ស៊ីម៉ាយុគិ” ដឹកនាំដោយវរនាវីឯក យ៉ូស៊ីយូគី ណាកាហ្គាម៉ា មេបញ្ជាការកងពលធំហ្វឹកហ្វឺនលេខ១ នៃកងកម្លាំងស្វ័យការពារជើងទ...

2019-02-06 04:18:19   Wed, 06,02,2019, 04:18 AM
«ឥទ្ធិពលជនជាតិចិននៅកម្ពុជា» ដោយ បណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ភ្នំពេញ៖ វត្តមាន​ប្រជាជន​ចិននៅកម្ពុជា មានចាប់តាំងពី​ចុង​សតវត្សរ៍​ទី១៣ ​រហូត​មកដល់បច្ចុប្បន្ន។ អន្ដោ​ប្រវេសន៍​ជនជាតិ​ចិន​ដែលមកដល់កម្ពុជាដំបូងៗ ភាគច្រើនបំផុតជា​បុរស ហើយ​ពួកគេ​បាន​យក​ស្ត្រី​ខ្មែរ​ធ្វើជា​...

2019-02-06 04:08:58   Wed, 06,02,2019, 04:08 AM
«ក្រុមវិស្វករប្រទេសថៃ និងជប៉ុន បានមកទស្សនកិច្ចឈ្វេងយល់នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីរៀបចំបង្កើតកសិដ្ឋានចិញ្ចឹមគោទឹកដោះ»

ខេត្តព្រះវិហារ៖ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់លោក Surachat Khahinthapong ប្រធានសមាគមចិញ្ចឹមគោទឹកដោះ វ៉ាងណាំយិនប្រ...

2019-02-06 03:02:57   Wed, 06,02,2019, 03:02 AM
«រាជបណ្ឌិត្យសភាកម្ពុជាបញ្ជូនសិក្ខាកាមទៅបណ្តុះបណ្តាលនៅកសិដ្ឋានចិញ្ចឹមគោទឹកដោះនៅប្រទេសថៃ»

កាលពីទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ ឯកឧត្តម សូត្រ សំណាង ប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំក្រុមការងារ និងសិក្ខាកាមទាំង៧នាក់ទៅចូលរួម​វគ្គបណ្តុះបណ្តាលជំនាញនៅកសិដ្ឋានចិញ្ចឹមគោវ៉ាងណាំយិន នៅខេត្តស្...

2019-02-04 02:57:26   Mon, 04,02,2019, 02:57 AM

សេចក្តីប្រកាស