ព័ត៌មាន

«ឯកឧត្តមបណ្ឌិត យង់ ពៅ លើកទឹកចិត្តមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាគោរពវិន័យ និងប្រឹងប្រែងបំពេញការងារ បន្សល់ស្នាដៃ និងកេរ្តិ៍ឈ្មោះក្នុងស្ថាប័ន និងសង្គមជាតិ»

2020-03-11 06:29:20 ថ្ងៃពុធ, 11 មីនា 2020, 06:29 AM
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានលើកទឹកចិត្តមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ត្រូវគោរពវិន័យ និងប្រឹងប្រែងបំពេញការងារ ដើម្បីបន្សល់ស្នាដៃ និងកេរ្តិ៍ឈ្មោះនៅក្នុងស្ថាប័ន និងសង្គមជាតិ។

ថ្លែងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកុម្ភៈ នៅថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នាសាលប្រជុំ RAC 2-11 អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ក្រើនរមឹ្លកថ្នាក់ដឹកនាំវិទ្យាស្ថាន និងអង្គភាពឧបសម្ព័ន្ធរបស់រាជបណ្ឌិត្យសភាកម្ពុជាថា រាជបណ្ឌិត្យសភាកម្ពុជាគឺជាស្ថាប័នសិក្សាស្រាវជ្រាវវិទ្យា​សាស្រ្ត ដូចនេះមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ត្រូវតែគោរពវិន័យ និងខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារ​របស់​ខ្លួនឱ្យបានខ្ជាប់ខ្ជួន ដើម្បីបន្សល់ស្នាដៃ និងកេរ្តិ៍ឈ្មោះនៅក្នុងស្ថាប័ន និងសង្គមជាតិ។

ឯកឧត្តមបណ្ឌិតអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍បន្ថែមថា ប្រសិនមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាទាំងឡាយណាដែលមានសមត្ថភាព ក្រមសីលធម៌ គោរពវិន័យ និងខិតខំប្រឹងប្រែងបំពេញការងារសកម្ម​ជូន​ស្ថាប័នខ្លួន ពួកគេនឹងទទួលបានកិត្តិយស ការសរសើរ ការតែងតាំងក្នុងមុខតំណែង និងលាភការផ្សេងៗទៀតរបស់ខ្លួន។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ក្រើនរម្លឹកបញ្ជាក់ផងដែរថា ប្រសិនមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជារូបណាពុំគោរពវិន័យ ពុំបានអនុវត្តសកម្មភាពការងារសកម្មនោះទេ ពួកគេនឹងត្រូវរងការពិន័យតាមវិធានវិន័យផ្ទៃក្នុង និងច្បាប់ជាធរមាន តាមរយៈក្រុមប្រឹក្សាវិន័យរបស់វិទ្យាស្ថាន និងអង្គភាពចំណុះរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមប្រឹក្សាវិន័យរបស់រាជបណ្ឌិត្យសភាកម្ពុជា។

ក្នុងគោលបំណងជំរុញលើកកម្ពស់ការងាររបស់ស្ថាប័នវិទ្យាសាស្រ្តឱ្យកាន់តែមានប្រសិទ្ធភាព, ឯកឧត្តមបណ្ឌិតអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍បញ្ជាក់ថា៖ «ក្នុងនាមជាស្ថាប័នវិទ្យាសាស្រ្ត, រាជបណ្ឌិត្យសភាកម្ពុជាត្រូវធ្វើកំណែទម្រង់ការងារ បុគ្គលិកមន្ត្រីទាំងអស់ឱ្យមានគម្រូល្អក្នុងស្ថាប័ន និងសង្គមជាតិ។ ថ្នាក់ដឹកនាំវិទ្យាស្ថាន និងអង្គភាពរបស់យើងទាំងអស់ត្រូវចូលរួមជំរុញការងារនេះទាំងអស់ឱ្យបានកាន់តែល្អប្រសើរ ក្នុងគោល​បំណង​ជំរុញលើកកម្ពស់កេរ្តិ៍ឈ្មោះកិត្តិយសមុខមាត់ស្ថាប័នវិទ្យាសាស្ត្រ និងជាតិយើងទាំងអស់គ្នា»។

សូមជម្រាបជូនថា រាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.) ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃទីស្តីការគណៈរដ្ឋមន្ត្រីនិងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ហើយ រ.ប.ស.ក. មានបេសកកម្មដឹកនាំគ្រប់គ្រង អភិវឌ្ឍការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត បច្ចេកវិទ្យា បច្ចេកទេស បណ្តុះបណ្តាល និងអភិវឌ្ឍធនធានបញ្ញាញាណជាន់ខ្ពស់របស់ជាតិ។

ផ្អែកតាមព្រះរាជក្រឹត្យលេខ នស/រកត/១២១៩/១៩៦២ ចុះថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ រាជបណ្ឌិត្យសភាកម្ពុជា មានភារកិច្ចជាអាទិ៍ ដូចតទៅ៖

- គ្រប់គ្រងនិងពង្រីកការស្រាវជ្រាវវិទ្យាសាស្រ្តលើគ្រប់វិស័យ

- ធ្វើកិច្ចសហប្រតិបត្តិការលើផ្នែកស្រាវជ្រាវជាមួយក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍនានាដែលមានគោលបំណងដូចគ្នា

- រៀបចំវេទិកាវិទ្យាសាស្រ្តលើគ្រប់វិស័យដើម្បីផ្តល់ធាតុចូលក្នុងការរួមចំណែកអភិវឌ្ឍប្រទេស

- បណ្តុះបណ្តាលដើម្បីអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យ

- ប្រមូល ចងក្រង បោះពុម្ពផ្សាយ និងតម្កល់ឯកសារ ស្នាដៃស្រាវជ្រាវនិងរបកគំហើយនានា

- ប្រមូលផ្តុំកម្លាំងបញ្ញាញាណរបស់ជាតិនិងអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍប្រទេស

- លើកសំណើជូនគ្រឿងឥស្សរិយយសឬគោរមងារវិទ្យាសាស្រ្តដល់ឥស្សរជនឆ្នើមជាតិនិងអន្តរជាតិ

- អភិរក្សនិងអភិវឌ្ឍការប្រើប្រាស់ភាសានិងអក្សរខ្មែរប្រកបដោយនិរន្តរភាព ព្រមទាំងរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ

- ស្រាវជ្រាវ អភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិនិងវប្បធម៌

- ចូលរួមចំណែកនិងធ្វើកិច្ចសហប្រតិបត្តិការក្នុងការការពារកម្មសិទ្ធិបញ្ញាខាងផ្នែកវិទ្យាសាស្រ្តគ្រប់វិស័យ

- ពិនិត្យនិងវាយតម្លៃស្នាដៃស្រាវជ្រាវវិទ្យាសាស្រ្តជាន់ខ្ពស់

- អនុវត្តភារកិច្ចផ្សេងៗទៀតដែលទីស្តីការគណៈរដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលប្រគល់ជូន៕

RAC Media| រឿន ភារុន


អត្ថបទទាក់ទង

«ឯកឧត្តមបណ្ឌិត យង់ ពៅ លើកទឹកចិត្តមន្ត្រីឱ្យមកបំពេញការងារឱ្យទៀងទាត់ ដើម្បីបន្សល់កេរ្តិ៍ឈ្មោះស្នាដៃជូនស្ថាប័ន និងសង្គមជាតិ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកក្កដា និងខែសីហា ឆ្នាំ២០២០ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម...

2020-09-01 06:12:27   Tue, 01,09,2020, 06:12 AM
សកម្មភាពចុះសិក្សាអំពីផលិត​កម្មបន្លែនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ

ចាប់ពីថ្ងៃទី២៧ ដល់២៩ ខែសីហា ឆ្នាំ២០២០ សមាជិកស្រាវជ្រាវគម្រោង ស្ដីពី «បន្លែកម្ពុជា៖ ផលិតកម្ម ចរន្តទីផ្សារ បញ្ហាប្រឈម និងដំណោះស្រាយ»​នៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បានចុះសិក្សាអំពីផលិត​...

2020-08-31 09:02:47   Mon, 31,08,2020, 09:02 AM
សកម្មភាពស្រាវជ្រាវពីអតីតរាជធានី និងទីក្រុងបុរាណខ្មែរ

ការសិក្សាស្រាវជ្រាវអំពីអតីតរាជធានីនិងទីក្រុងបុរាណខ្មែរ ដឹកនាំដោយឯកឧត្តមបណ្ឌិតជូ ច័ន្ទដារី និងសហការី  (លោ​ក​បណ្ឌិត ហេង ហុកវេន លោកហៀង លាងហុង និងលោកសុង ចំណាន) បានចុះសិក្សានៅតាមទីតាំងអតីតរាជធានីផ្សេង...

2020-08-31 08:46:22   Mon, 31,08,2020, 08:46 AM
ជម្រើសនយោបាយនិងទំនាក់ទំនាក់ការបរទេសកម្ពុជា ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា

បច្ចុប្បន្ននេះ សភាពការណ៍ពិភពលោកកំពុងមានការវិវត្ថផ្លាស់ប្ដូរយ៉ាងជ្រាលជ្រៅឆាប់រហ័សប្រកបដោយភាពស្មុគស្មាញ ពិបាកប៉ាន់ស្មាន និងពោរពេញទៅដោយគ្រោះថ្នាក់។ ពិភពលោកបានដើរមកសករាជនៃភូមិសាស្រ្តនយោបាយថ្មីមួយទៀត ដែលក...

2020-08-29 16:15:02   Sat, 29,08,2020, 04:15 PM
ឯកឧត្តមបណ្ឌិត យង់ ពៅ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់បានដឹកនាំសមាជិក សមាជិកាចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាងសាលាបុណ្យនៅវត្តពោធិ៍រុន

(ខេត្តតាកែវ)៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់បានដឹកនាំសមាជិក សមាជិកាចូលរួមកម្មវិធីបញ្ចុះបឋមសិលាកស...

2020-08-29 05:52:30   Sat, 29,08,2020, 05:52 AM
បណ្ឌិតសភាចារ្យ សុខ ទូច៖ វៀតណាមអាចផ្លុំផ្សែងដាក់កម្ពុជា ហើយកម្ពុជាក៏អាចផ្លុំផ្សែងដាក់វៀតណាមវិញដែរ តែការផ្លុំផ្សែងដាក់គ្នា មិនមែនជាដំណោះស្រាយក្នុងសម័យសាកលភាវូបនីយកម្មនោះទេ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «តើកម្ពុជាត្រៀមខ្លួនយ៉ាងដូចម្តេចសម្រាប់ថ្ងៃនេះនិងថ្ងៃស្អែក» ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទ...

2020-08-29 05:37:16   Sat, 29,08,2020, 05:37 AM

សេចក្តីប្រកាស