ព័ត៌មាន

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា៖ មន្ត្រីរាជការដែលប្រឡងជាប់ថ្មី ត្រូវធ្វើខ្លួនឱ្យក្លាយទៅជាអ្នកបន្តវេនជាអ្នកធានានូវសុចរិត តម្លាភាព និងយុត្តិធម៌

2020-03-11 06:23:56 ថ្ងៃពុធ, 11 មីនា 2020, 06:23 AM
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ កាលពីព្រឹកថ្ងៃអង្គារ៍ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នេះ ក្នុងកិច្ចប្រជុំរួមនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានចាប់ផ្ដើមពីម៉ោង ៩:០០ នាទីព្រឹកនៅ​សាល​ប្រជុំវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា បានផ្ដល់អនុសាសន៍និងណែនាំការប្រកាន់ឥរិយាបថក្នុងការបំពេញការងារ ដល់មន្ត្រីរាជការទាំង១៧រូប ដែលទើបប្រឡងជាប់នាពេលថ្មីៗកន្លងមក​នេះ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ដល់មន្ត្រីរាជការទាំង១៧រូបថា មន្ត្រីរាជការថ្មីដែលនឹងត្រូវចូលបំពេញការងារនាពេលខាងមុខនេះ ត្រូវប្រកាន់យកនូវឥរិយាបថភាតរភាពរវាងគ្នា ចេះផ្ដល់និងចែករំលែកព័ត៌មានដល់គ្នា និងបើកចំហបេះដូងចំពោះគ្នាទៅវិញទៅមកក្នុងនាមជាបញ្ញវន្តនិងជាមន្ត្រីនៃរាជបណ្ឌិត្យសភាកម្ពុជាដែលជាស្ថាប័នស្រាវជ្រាវជាន់ខ្ពស់របស់ជាតិ។ បន្ថែមពីនេះ មន្ត្រីថ្មីទាំង១៧រូបត្រូវមកបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយទំនួលខុសត្រូវតាមការចាត់តាំង នៅតាមអង្គភាពដែលថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជាប្រគល់ជូន។

ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា សូមឱ្យមន្ត្រីថ្មីទាំងអស់ ដែលទទួលឱកាសក្លាយជាមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈការប្រឡងប្រជែងជ្រើសរើសប្រកបដោយតម្លាភាពនិងយុត្តិធម៌នេះត្រូវធ្វើខ្លួនឱ្យក្លាយទៅជាអ្នកបន្ត​វេន ជាអ្នកធានានូវសុចរិត តម្លាភាព និងយុត្តិធម៌។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា «ប្អូនៗដែលទទួលបានឱកាសក្លាយជាមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈការប្រឡងប្រជែងជ្រើសរើសប្រកបដោយតម្លាភាពនិងយុត្តិធម៌នេះ ត្រូវធ្វើខ្លួនឱ្យក្លាយទៅជាអ្នកបន្តវេន គឺត្រូវធ្វើចរិតឱ្យដូចដែលខ្ញុំបានធ្វើចំពោះប្អូន ដោយនៅពេលខ្លួនឯងក្លាយជាមេដឹកនាំ ត្រូវជ្រើសរើសមន្ត្រីប្រកបដោយតម្លាភាពនិងយុត្តិធម៌។ សូមប្អូនចងចាំ!»។

គួរបញ្ជាក់ផងដែរថា កាលពីចុងខែកុម្ភៈ ឆ្នាំ២០២០ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការចំនួន១៧នាក់ លើឯកទេសចំនួន ១១។ ការប្រឡងជ្រើសរើសនេះ ត្រូវបានធ្វើឡើងជា២ដំណាក់កាល ដោយដំណាក់កាលទីមួយជា ការប្រឡងប្រជែងលើវិញ្ញាសាសរសេរ ប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ចំណែកដំណាក់កាលទីពីរ ដែលជាការប្រឡងវិញ្ញាសាផ្ទាល់មាត់ ប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ដោយលទ្ធផលនៃការប្រឡងត្រូវបានប្រកាសនៅល្ងាចថ្ងៃដដែល៕

RAC Media | លឹម សុវណ្ណរិទ្ធ


អត្ថបទទាក់ទង

«ទស្សនកិច្ចសិក្សាពីផលិតកម្មបន្លែរបស់សហគមន៍អភិវឌ្ឍន៍កសិកម្មបន្លែចម្រុះ ជាយក្រុងកំពង់ស្ពឺ» ដោយ៖ លោក យិន ពោ មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

សកម្មភាពកសិករផលិតបន្លែសម្អាតបន្លែមុនថ្លឹងលក់ឱ្យសហគមន៍អភិវឌ្ឍន៍កសិកម្មបន្លែចម្រុះជាយក្រុងកំពង់ស្ពឺក្រុមការងារស្រាវជ្រាវដំណាំបន្ថែរបស់រាជបណ្ឌិត្យសភាកម្ពុជា បន្តចុះសិក្សាតាមសហគមន៍បន្លែដែលមានដំណើរការល្អ ន...

2020-06-27 08:56:28   Sat, 27,06,2020, 08:56 AM
«បារាំងមានបំណងដាក់ទុនវិនិយោគផលិតឈីស (Cheese) ពីទឹកដោះគោស្រស់នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប»

(ព្រះវិហារ)៖ ក្រុមហ៊ុន Thalis និងអ្នកជំនាញផលិតឈីស (Cheese) មកពីប្រទសបារាំង ព្រមទាំងសមាគមភោជនីយដ្ឋានកម្ពុជាមានបំណងដាក់ទុនវិនិយោគផលិតឈីស (Cheese) ពីទឹកដោះគោស្រស់នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែ...

2020-06-26 03:56:14   Fri, 26,06,2020, 03:56 AM
«វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជារៀបចំពិធីចែករង្វាន់ និងបណ្ណសរសើរជូនបេក្ខជនដែលទទួលបានជ័យលាភីក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីស្ពានភាសាចិន»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នាថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកម្មវិធីវគ្គផ្តាច់ព្រ័ត្រ «ស្ពានភាសាចិ...

2020-06-26 01:44:19   Fri, 26,06,2020, 01:44 AM
«កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការកសិកម្ម»

កាលពីសៀលថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ប៊ី សុខគង់ អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបើកកិច...

2020-06-25 02:59:41   Thu, 25,06,2020, 02:59 AM
«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីវាយតម្លៃបេក្ខភាពសមាជិកពេញសិទ្ធិ និងសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រ...

2020-06-23 08:27:44   Tue, 23,06,2020, 08:27 AM
«ឯកឧត្តមបណ្ឌិត យង់ ពៅ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីរៀបចំផលិតវីដេអូចម្រៀងព្រះនាងឥន្ទ្រទេវី និងបង្កើតមូលនិធិ ឥន្ទ្រទេវី»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីរ...

2020-06-23 08:20:12   Tue, 23,06,2020, 08:20 AM

សេចក្តីប្រកាស