ព័ត៌មាន

«ស្ថានភាពនយោបាយនៅម៉ាឡេស៊ីក្រោយការចាកចេញរបស់មហាធៀរ មហាម៉ាត់» ដោយ៖ លោក អ៊ុច លាង នាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឍិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

2020-03-10 09:40:26 ថ្ងៃអង្គារ, 10 មីនា 2020, 09:40 AM
post_detail

ការលាលែងពីតំណែងជានាយករដ្ឋមន្ត្រីរបស់លោក មហាធៀរ មហាម៉ាត់ កាលពីចុងខែកុម្ភៈ ឆ្នាំ២០២០ បានធ្វើឱ្យស្ថានភាពនយោបាយនៅម៉ាឡេស៊ីមានភាពមិនច្បាស់លាស់។ វិបត្តិគ្មានគណៈរដ្ឋមន្ត្រីរយៈពេលខ្លីរបស់ម៉ាឡើស៊ីនេះនាំឱ្យមានការសង្ស័យថាវាជាយុទ្ធសាស្ត្ររបស់លោក មហាធៀរ មហាម៉ាត់ ក្នុងការរំលាយគណៈរដ្ឋមន្ត្រី ដើម្បីបំភ្លេចចោលនូវការសន្យារបស់ខ្លួនក្នុងការផ្ទេរតំណែងនាយករដ្ឋមន្ត្រីឱ្យលោក អានវ៉ា អ៊ីប្រាហ៊ីម ហើយខ្លួនលោកផ្ទាល់នឹងវិលត្រឡប់មកកាន់តំណែងជានាយករដ្ឋមន្ត្រីជាថ្មីម្តងទៀត។ តែទីបំផុតទៅ ទាំងលោក មហាធៀរ មហាម៉ាត់ ទាំងលោក អានវ៉ា អ៊ីប្រាហ៊ីម មិនត្រូវបានព្រះមហាក្សត្រម៉ាឡេស៊ីតែងតាំងជានាយករដ្ឋមន្ត្រីថ្មីទេ។ លោក មូយីដឌីន យ៉ាស៊ីន (Muhyiddin Yassin) ដែលគេស្គាល់ថា ធ្លាប់ជាមនុស្សស្និទ្ធនឹងលោក លោក មហាធៀរ មហាម៉ាត់ ដែរនោះ ត្រូវបានព្រះមហាក្សត្រម៉ាឡេស៊ីតែងតាំងជានាយករដ្ឋមន្ត្រីថ្មី។ តើស្ថានភាពនយោបាយនៅម៉ាឡេស៊ីនឹងទៅជាយ៉ាងណា? តើវិបត្តិគណៈរដ្ឋមន្ត្រីនេះនឹងនាំទៅដល់ការបោះឆ្នោតមុនអាណត្តិដែរឬទេ?

ប្រទេសម៉ាឡេស៊ី ជារាជាណាចក្រសហព័ន្ធអាស្រ័យរដ្ឋធម្មនុញ្ញ។ ព្រះមហាក្សត្រជាអ្នកជ្រើសរើសបេក្ខជននាយករដ្ឋមន្រ្តី ទៅតាមការស្នើរបស់គណបក្សនយោបាយនានាមុននឹងដាក់ឈ្មោះបេក្ខជននាយករដ្ឋមន្រ្តីនោះទៅឱ្យសភាជាអ្នកបោះឆ្នោតគាំទ្រ។ បេក្ខជនដែលបានទទួលសំឡេងគាំទ្រភាគច្រើនស្មើ្៥០%+១ ឬ ស្មើ១១២សំឡេង ក្នុងចំណោមសំឡេងសរុបនៅក្នុងសភាដែលមានអាសនៈចំនួន២២២ នោះទើបអាចក្លាយជានាយករដ្ឋមន្រ្តី។

តាមការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ (RFI) បានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ លោក មហាធៀរ មហាម៉ាត់ បានលាលែងពីតំណែងនាយករដ្ឋមន្ត្រី ដែលលោកបានជាប់បោះឆ្នោតកាលពីខែឧសភា ឆ្នាំ២០១៨។ ការទទួលបានតំណែងរបស់លោក មហាធៀរ ក៏ដោយសារតែមានការចាប់ដៃរួមគ្នាក្នុងសម្ព័ន្ធបក្សប្រឆាំងដែលហៅ «កតិកសញ្ញានៃក្តីសង្ឃឹម» រវាងលោក មហាធៀរ និងលោក អ៊ីប្រាហ៊ីម ទើប គាត់បានជ័យជម្នះធំធេងនាការបោះឆ្នោតសភាក្នុងខែឧសភា ឆ្នាំ២០១៨។ លោក មហាធៀរ បានសន្យាថា នឹងប្រគល់តំណែងនាយករដ្ឋមន្រ្តីទៅឱ្យលោក អ៊ីប្រាហ៊ីម ក្រោយពីលោកកាន់តំណែងនេះបាន ១ឆ្នាំ ឬ២ឆ្នាំ។ ការសន្យាប្រគល់តំណែងទៅឱ្យលោក អ៊ីប្រាហ៊ីម ត្រូវធ្វើនៅឆ្នាំ២០២០នេះ ប៉ុន្តែ ម៉ាឡេស៊ីបែរជាត្រូវធ្លាក់ក្នុងវិបត្តិនយោបាយ ដោយសារការប្រកាសចុះចេញពីតំណែងនាយករដ្ឋមន្រ្តីរបស់លោក មហាធៀរ មហាម៉ាត់ ក្រោយពីក្រុមសម្ព័ន្ធមិត្តក្នុងរដ្ឋាភិបាលចម្រុះ បានព្យាយាមរារាំង លោក មហាធៀរ មិនឱ្យទទួលយកលោក អាន់វ៉ា អ៊ីប្រាហ៊ីម ជាអ្នកស្នងតំណែង ដូចដែលលោក មហាធៀរបានសន្យា។ លោក អ៊ីប្រាហ៊ីម បានចាត់ទុកទង្វើរបស់ក្រុមសម្ព័ន្ធមិត្តជាការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលចម្រុះ និងបានលើកឡើងពីទង្វើក្បត់ពាក្យសន្យា។ យ៉ាងណាក៏ដោយ ក៏ការលាចុះពីតំណែងរបស់លោក មហាធៀរ កំពុងរុញច្រាននយោបាយម៉ាឡេស៊ីឱ្យធ្លាក់ក្នុងភាពស្រពិចស្រពិល និងត្រូវជាប់គាំង។ ប៉ុន្តែ លោក មហាធៀរ នៅតែត្រូវបានព្រះមហាក្សម៉ាឡេស៊ី ព្រះចៅ អាប់ឌុលឡាហ៍ ប៊ីលឡាហ៍ ហ្សាហ៍ (Abdullah Ri’ayatuddin Al-Mustafa Billah Shah) សម្រេចឱ្យលោកធ្វើជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្នសិនទម្រាំជ្រើសរើសបាននាយករដ្ឋមន្ត្រីថ្មី ហើយការសម្រេចបែបនេះ គឺស្របទៅនឹងរដ្ឋធម្មនុញ្ញម៉ាឡេស៊ី មាត្រា៤៣ ដែលបានបញ្ជាក់ថា នាយករដ្ឋមន្ត្រីស្តីទី ឬបណ្តោះអាសន្ន នឹងត្រូវកាន់តំណែងយ៉ាងយូរបំផុតរយៈពេល១០ថ្ងៃ រហូតដល់គណៈរដ្ឋមន្ត្រី ព្រមទាំងនាយករដ្ឋមន្ត្រីថ្មីត្រូវបានជ្រើសតាំង។

មួយថ្ងៃក្រោយការលាលែងពីតំណែងរបស់លោក មហាធៀ មហាម៉ាត់ ការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ក៏បានចាប់ផ្ដើម។ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ មហាក្សត្រម៉ាឡេស៊ី បានកោះហៅសមាជិកសភាទាំងអស់ទៅកាន់រាជវាំងដើម្បីសាកសួរពីលទ្ធភាពក្នុងការបង្កើតរដ្ឋាភិបាលថ្មី។

ក្រោយជំនួបពិភាក្សាជាមួយសមាជិកសភាទាំង២២២រូប ដែលរួមមានទាំងលោក មហាធៀរ ផងនោះ ទីបំផុត ព្រះមហាក្សត្រម៉ាឡេស៊ី បានប្រកាសតែងតាំងលោក មូយីដឌីន យ៉ាស៊ីន (Muhyiddin Yassin) ជានាយករដ្ឋមន្រ្តីថ្មីជំនួស លោក មហាធៀរ មហាម៉ាត់ ដែលបានលាចុះពីតំណែងកាលពីថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២០ កន្លងទៅ។

លោក មូយីដឌីន យ៉ាស៊ីន មានអាយុ៧២ឆ្នាំ និងជាអតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្បថចូលកាន់តំណែងកាលពីថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២០។ ការឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីរបស់លោក មូយីដឌីន យ៉ាស៊ីន ពេលនេះ មិនត្រឹមតែជាការបិទបញ្ចប់សករាជនៃការកាន់អំណាចរបស់លោក មហាធៀរ មហាម៉ាត់ប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាការបិទបញ្ចប់ទាំងស្រុងនូវសំណាងរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលត្រូវស្នងតំណែងពី មហាធៀរ មហាម៉ាត់ តាមការសន្យាផងដែរ។

តាមបណ្តាញព័ត៌មាន Channel News Asia (CNA) បានបញ្ជាក់ថា ក្រោយការស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីថ្មី កិច្ចប្រជុំ លើកដំបូងនៃសម័យប្រជុំលើកទី៣របស់រដ្ឋសភានីតិកាលទី១៤ ដែលដំបូងឡើយគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ដើម្បីបោះឆ្នោតរកសំឡេងគំាទ្រភាគច្រើន ក្នុងការបញ្ជាក់ថា លោក មូយីដឌីន យ៉ាស៊ីន អាចអង្គុយលើកៅអីជានាយករដ្ឋមន្ត្រីដែរឬក៏បែបណា។ ប៉ុន្តែត្រូវបានពន្យាពេលរហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ វិញតាមការស្នើសុំពីសំណាក់នាយករដ្ឋមន្រ្តីថ្មី។ បើតាមច្បាប់រដ្ឋធម្មនុញ្ញម៉ាឡេស៊ី សមាជិកសភារូបណាដែលអាចប្រមូលសំឡេងគំទ្របានលើសពាក់កណ្ដាលនៃសមាជិកសភាទាំងអស់ (៥០%+១) ទើបអាចបង្កើតរដ្ឋាភិបាលបាន។

ដូច្នេះ ស្ថានភាពនយោបាយរបស់ម៉ាឡេស៊ីនឹងត្រូវអូសបន្លាយជាង២ខែទៅមុខទៀត ដើម្បីអាចឈាន ទៅបង្កើតរដ្ឋាភិបាលស្របច្បាប់មួយបាន។ លោក មូយីដឌីន យ៉ាស៊ីន ត្រូវរកសំឡេងគាំទ្រពីសមាជិកសភាទាំងអស់ឱ្យបានយ៉ាងហោចណាស់១១២សំឡេងគឺ៥០%+១ លើចំនួនសមាជិកសភាសរុប២២២រូប ទើបអាច បង្កើតរដ្ឋាភិបាលបាន។ ប៉ុន្តែ ប្រសិនបើលោកនាយករដ្ឋមន្រ្តី មូយីដឌីន យ៉ាស៊ីន មិនអាចទទួលបានសំឡេងគាំទ្រ ភាគច្រើននៅសភាទេ នោះការបោះឆ្នោតមុនកាលកំណត់នឹងត្រូវរៀបចំសាជាថ្មីនៅម៉ាឡេស៊ី។ ហេតុនេះ ជារួមស្ថានការណ៍វិវត្តខាងនយោបាយរបស់ម៉ាឡេស៊ី នៅបន្តស្ថិតក្នុងភាពមិនច្បាស់លាស់ទាំងតំណែងនាយករដ្ឋមន្ត្រីថ្មី ទាំងគណៈបក្សដែលនឹងទទួលបានសំឡេងគាំទ្រភាគច្រើនដែលអាចឈានទៅរៀបចំរដ្ឋាភិបាលថ្មីបាន៕ 


អត្ថបទទាក់ទង

កម្មវិធីកិច្ចពិភាក្សាតុមូល ស្ដីពី «ភាពតានតឹងរវាងបក្សសម្ព័ន្ធណាតូ និង សហព័ន្ធរុស្ស៊ី»

រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយនានាមេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំកិច្ចពិភាក្សាតុមូល ស្ដីពី «ភាពតានតឹងរវាងបក្សសម្ព័ន្ធណាតូ និង សហព័ន្...

2022-01-22 02:52:05   Sat, 22,01,2022, 02:52 AM
ព្រឹទ្ធសភា និង រាជបណ្ឌិត្យសភាកម្ពុជា សហការពង្រឹងការស្រាវជ្រាវនិងបណ្តុះបណ្តាលធនធានមនុស្ស

ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ រាជបណ្ឌិត្យសភាកម្ពុជា និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានចុះអនុស្សរណៈនៃការយោគយល់គ្នាដែលផ្តោតជាសំខាន់លើវិស័យសិក្សានិងស្រាវជ្រាវ។អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលដៅបង្កើតនិ...

2022-01-22 02:40:44   Sat, 22,01,2022, 02:40 AM
"វគ្គបណ្តុះបណ្តាលវិជ្ជាជីវ:ជំនាញចុងភៅ នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ដំណើរការហើយ"

រាជបណ្ឌិត្យសភាកម្ពុជា បានចាប់ដំណើរការវគ្គបណ្តុះបណ្តាលវិជ្ជាជីវ:ជំនាញចុងភៅ វគ្គទីមួយ ដែលរៀបចំនិងបណ្តុះបណ្តាល ដោយមានលោកគ្រូចុងភៅ ស័រ សំអាង ជាគ្រូបង្រៀនដែលមានបទពិសោធន៍យូរឆ្នាំជាអ្នកបណ្តុះបណ្តាលដោយផ្ទាល់...

2022-01-17 08:31:08   Mon, 17,01,2022, 08:31 AM
ឯកឧត្ដមបណ្ឌិត យង់ ពៅ៖ វិបត្តិមីយ៉ាន់ម៉ា គួរតែត្រូវបានដោះស្រាយដោយផ្ដោតទៅលើស្ថានភាពនៃសណ្ដាប់ធ្នាប់ពិភពលោកថ្មី

(រាជបណ្ឌិត្យសភាកម្ពុជា)៖ អញ្ជើញថ្លែងសុន្ទរកថាបិទកម្មវិធីបាឋកថា ស្ដីពី «អាស៊ាន-អូស្ត្រាលី៖ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ទី១៤ ខែ...

2022-01-14 12:10:44   Fri, 14,01,2022, 12:10 PM
រាជបណ្ឌិត្យសភាកម្ពុជា និងស្ថានទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជាសហការរៀបចំបាឋកថា ស្ដីពី «អាស៊ាន-អូស្ត្រាលី៖ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ទី១៤ ខែមករា ឆ្នាំ២០២២នេះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយស្ថានទូតអូស្ត្...

2022-01-14 09:33:13   Fri, 14,01,2022, 09:33 AM
ជំនួបពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច និងលោកស្រី Alissar Chaker ប្រធានអង្គការ UNDP ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានជួបពិភាក្សាការងារជាមួួយលោកស្រី Al...

2022-01-14 08:18:04   Fri, 14,01,2022, 08:18 AM

សេចក្តីប្រកាស