Royal Academy of Cambodia
សហរដ្ឋអាម៉េរិកបានក្លាយជាដៃគូចរចារបស់អាស៊ានចាប់តាំងពីឆ្នាំ១៩៧៧ ពោលគឺបន្ទាប់ពីអាស៊ានបានបង្កើតបាន១០ឆ្នាំមកម្ល៉េះ។ ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកនិងអាស៊ានមានការអភិវឌ្ឍនិងជិតស្និទ្ធជាលំដាប់រហូតក្លាយជាដៃគូសហប្រតិបត្តិការដែលមិនអាចកាត់ផ្ដាច់បាន។ នៅក្នុងបរិបទនៃកំណើនការប្រកួតប្រជែងនិងភាពមិនប្រាកដប្រជាខាងភូមិសាស្រ្តនយោបាយ ដែលបានបង្កឡើងដោយការប្រកួតប្រជែងកាន់តែខ្លាំងរវាងមហាអំណាច សង្គ្រាមពាណិជ្ជកម្ម និន្នាការគាំពារនិយមនិងចរន្តប្រឆាំងនឹងសាកលភាវូបនីយកម្ម សហរដ្ឋអាម៉េរិក រឹតតែត្រូវការអាស៊ាន។ ប៉ុន្តែ សហរដ្ឋអាម៉េរិកក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ ត្រូវបានគេមើលឃើញថាហាក់ដូចជាមិនសូវផ្តល់សារៈសំខាន់ចំពោះអាស៊ានដោយសារតែលោកមិនចូលរួមក្នុងជំនួបកំពូលអាស៊ានចំនួនពីរលើកជាប់ៗគ្នា។ តើទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកនិងអាស៊ានពិតជាធ្លាក់ចុះឬ?
ទំនាក់ទំនងរវាងអាស៊ាននិងសហរដ្ឋអាម៉េរិកបានបង្កើតឡើងតាំងពីឆ្នាំ១៩៧៧ ដោយសហរដ្ឋអាម៉េរិកស្ថិតនៅជាដៃគូសន្ទនារបស់អាស៊ាន។ ចាប់តាំងពីពេលនោះមក សហរដ្ឋអាម៉េរិកបានបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអាស៊ានដោយបង្កើតឡើងនូវកិច្ចប្រជុំនិងពិភាក្សាជាច្រើនកម្រិត ដើម្បីផ្លាស់ប្តូរមតិយោបល់គ្នាជុំវិញបញ្ហានយោបាយ សេដ្ឋកិច្ច និងសន្តិសុខ ជាដើម។ រហូតដល់ដើមទសវត្សរ៍ឆ្នាំ១៩៩០ ទើបភាគីទាំងពីរបានផ្តល់ អាទិភាពលើកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ថាមពល ការដឹកជញ្ជូន ធនធានមនុស្ស សន្តិសុខស្បៀង និងជំរុញការផ្ទេរបច្ចេកវិទ្យាជាមួយគ្នា ជាដើម។
នៅក្នុងឆ្នាំ២០០៥ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងសហរដ្ឋអាម៉េរិកត្រូវបានរៀបចំធ្វើឡើងនៅក្នុងទីក្រុងញូវយ៉ក ដោយភាគីទាំងពីរបានឯកភាពគ្នាចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលជាផែនទីចង្អុលផ្លូវសម្រាប់ពង្រឹងនិងពង្រីកភាពជាដៃគូរួមគ្នា។ នៅឆ្នាំ២០០៦ អាស៊ាននិងសហរដ្ឋអាម៉េរិក បានរួមគ្នាអនុម័តនូវផែនការសកម្មភាពសម្រាប់លើកកម្ពស់ភាពជាដៃគូនិងការកែសម្រួលឡើងវិញនូវចំណុចអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការក្រោមភាពជាដៃគូអាស៊ាននិងសហរដ្ឋអាម៉េរិក ហើយពីរឆ្នាំក្រោយមក មានសេចក្តីថ្លែងការណ៍រួមមួយទៀតស្តីពី «ការពង្រីកភាពជាដៃគូសហរដ្ឋអាម៉េរិក-អាស៊ាន ដើម្បីរក្សាសន្តិភាពនិងវិបុលភាព» ត្រូវបានភាគីទាំងពីរអនុម័តរួមគ្នា។ សេចក្តីថ្លែងការណ៍រួមនោះបានកំណត់យ៉ាងច្បាស់អំពីវិធានការសំខាន់ៗនិងចំណុចអាទិភាពមួយចំនួន ដែលអាចពង្រឹងភាពជាដៃគូអាស៊ាននិងសហរដ្ឋអាម៉េរិកបានក្នុងទំនាក់ទំនងទាំងបួន គឺនយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម-វប្បធម៌ ព្រមទាំងកិច្ចសហប្រតិបត្តិការអភិវឌ្ឍផងដែរ។
នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ នាកិច្ចប្រជុំកំពូលអាស៊ាន និងសហរដ្ឋអាម៉េរិក នៅប្រទេសម៉ាឡេស៊ី ភាគីទាំងពីរបានឯកភាពគ្នាចេញសេចក្តីថ្លែងការណ៍រួមដើម្បីដំឡើងកម្រិតទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រ ដែលមានន័យថា ទំនាក់ទំនងអាស៊ាន និងសហរដ្ឋអាម៉េរិក ឈានមកដល់កម្រិតថ្មី ដែលមានភាពរឹងមាំ និងកាន់តែស៊ីជម្រៅជាងពេលណាៗទាំងអស់។ ស្របពេលដែលអាស៊ានបានចាប់ផ្តើមដំណើរការសហគមន៍សេដ្ឋកិច្ចជាផ្លូវការ ភាពជាដៃគូយុទ្ធសាស្ត្រថ្មីអាស៊ាន និងសហរដ្ឋអាម៉េរិកនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការត្រួសត្រាយផ្លូវសម្រាប់ភាគីទាំងពីរ ពង្រឹងនិងពង្រីកចំណងមិត្តភាពឱ្យកាន់តែស្អិតរមួតជាមួយគ្នា។
សហរដ្ឋអាម៉េរិកជាទីផ្សារធំសម្រាប់ផលិតផលអាស៊ាន ចំណែកឯអាស៊ានវិញក៏ជាទីផ្សារធំសម្រាប់ផលិតសហរដ្ឋអាម៉រិកផងដែរ ព្រោះអាស៊ានមានប្រជាជនប្រហែល៦៦០លាននាក់ ហើយភាគច្រើនជាក្មេងៗ។ ចំណែកឯទំហំសេដ្ឋកិច្ចអាស៊ានវិញស្ថិតនៅលំដាប់ទី៧នៃពិភពលោក ហើយផលិតផលរបស់សហរដ្ឋអាម៉េរិកបានក្លាយជាផលិតផលដ៏ពេញនិយមនៅក្នុងទីផ្សារអាស៊ានផងដែរ។ បើយោងតាមរបាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាម៉េរិក ទីផ្សារអាស៊ានបានជួយគាំទ្រដល់ការងារប្រជាជនសហរដ្ឋអាម៉េរិកជាងកន្លះលាននាក់ឯណោះ។ សហរដ្ឋអាម៉េរិកជាដៃគូសេដ្ឋកិច្ចដ៏ធំមួយរបស់អាស៊ាន ហើយក៏ជាទីផ្សារធំទី៣សម្រាប់ផលិតផលអាស៊ាន ចំណែកឯអាស៊ានវិញ ក៏ជាទីផ្សារធំទី៤សម្រាប់ផលិតផលសហរដ្ឋអាម៉េរិកនៅក្នុងពិភពលោកផងដែរ។
ក្រៅពីវិស័យសេដ្ឋកិច្ច អាស៊ានក៏ជាតួអង្គសំខាន់ដែលសហរដ្ឋអាម៉េរិកអាចធ្វើកិច្ចសហការបានក្នុងការដោះស្រាយបញ្ហាសន្តិសុខក្នុងតំបន់ជាច្រើន។ សហរដ្ឋអាម៉េរិកមិនអាចដោះស្រាយបញ្ហានានាបានឡើយ បើគ្មានកិច្ចសហការជាមួយអាស៊ានទេនោះ ដូចជា បញ្ហាសន្តិសុខ ភេរវកម្ម ហិង្សាជ្រុលនិយម ការប្រែប្រួលអាកាសធាតុ បញ្ហាបំពុលបរិស្ថាន ថាមពល សន្តិសុខអ៊ិនធឺណែត ការជួញដូរមនុស្ស ការជួញដូរសត្វព្រៃ ការជួញដូរព្រៃឈើខុសច្បាប់ ការជួញដូរអាវុធ ការនេសាទខុសច្បាប់ ការសាយភាយអាវុធមហាប្រល័យ និងចុងក្រោយបញ្ហាជម្លោះសមុទ្រចិនខាងត្បូង។
មកដល់ឆ្នាំ២០១៦ គេសង្កេតឃើញថា សហរដ្ឋអាម៉េរិក បានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងជាមួយរដ្ឋអាស៊ាននានា ព្រោះដើម្បីយកតំបន់អស៊ាន ជាខែលរក្សាតុល្យភាពអំណាចខ្លួននៅតំបន់អាស៊ីប៉ាស៊ីហ្វិ្រក។ ម្យ៉ាងទៀត សហរដ្ឋអាម៉េរិក ចង់ទប់ទល់នឹងការកើនឡើងនូវឥទ្ធិពលរបស់មហាយក្សចិន ជាពិសេសតាមរយៈយុទ្ធសាស្ត្រគម្រោងការមហិច្ឆតាប្រចាំសតវត្ស ខ្សែក្រវាត់ និងផ្លូវរបស់ចិន ដែលបានដាក់ចេញកាលពីឆ្នាំ២០១៣ ហើយនៅឆ្នាំ២០១៧ សហរដ្ឋអាម៉រិកបានដាក់ចេញនូវយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហផងដែរ។
ចាប់ពីឆ្នាំ២០១៨មក ទំនាក់ទំនងអាស៊ាននិងសហរដ្ឋអាម៉េរិក មើលទៅហាក់ដូចជាធ្លាក់ចុះបន្តិច ដោយសារតែអវត្តមានម្តងហើយម្តងទៀតនៃប្រធានាធិបតីសហរដ្ឋអាម៉េរិកក្នុងជំនួបកំពូលអាស៊ាន-សហរដ្ឋអាម៉េរិកទាំងនៅសិង្ហបូរី ឆ្នាំ២០១៨និងនៅថៃ ឆ្នាំ២០១៩។ ក្នុងជំនួបកំពូលនាប្រទេសសិង្ហបុរី ឆ្នាំ២០១៨ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិកដែលជាតួអង្គដ៏សំខាន់ម្នាក់ បានលុបចោលការចូលរួមក្នុងជំនួបកំពូលនៅនាទីចុងក្រោយដោយគ្រាន់តែបញ្ជូនអនុប្រធានាធិបតីមកចូលរួមជំនួស។ នៅឆ្នាំ២០១៩ ប្រទេសថៃ បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដោយចាប់ផ្តើមពីថ្ងៃទី២-៤ ខែវិចិ្ឆកា ហើយនៅក្រៅពីកិច្ចប្រជុំកំពូលអាស៊ានក៏នៅមានគម្រោងជំនួបជាលក្ខណៈទ្វេភាគីឬត្រីភាគីជាច្រើនផ្សេងទៀតជាមួយសហរដ្ឋអាម៉េរិក តែនៅទីបំផុត លោក ដូណាល់ ត្រាំ មិនបានមកចូលក្នុងកិច្ចប្រជុំកំពូលនោះទេ ដោយបានបញ្ជូនត្រឹមទីប្រឹក្សាសន្តិសុខជាតិថ្មី គឺលោក Robert O’Brien និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក Wilbur Ross ឱ្យមកចូលរួម។
ដើម្បីប៉ះប៉ូវការខកខានរបស់ខ្លួនក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាម៉េរិកនៅប្រទេសថៃកាលពីចុងឆ្នាំ២០១៩ ដែលប្រទេសថៃជាប្រធានអាស៊ាននោះ ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ បានអញ្ជើញមេដឹកនាំអាស៊ានទៅចូលរួមកិច្ចប្រជុំកំពូលអាម៉េរិក-អាស៊ានពិសេស ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ក្នុងទីក្រុងឡាវេហ្គាស (Las Vegas) រដ្ឋនេវ៉ាដា (Nevada)។ ក្នុងកិច្ចប្រជុំពីរថ្ងៃរបស់ខ្លួននៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានរួមទាំងកម្ពុជាផង បានស្វាគមន៍ការអញ្ជើញរបស់លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ចំពោះមេដឹកនាំអាស៊ានដើម្បីចូលរួមកិច្ចប្រជុំកំពូលអាម៉េរិក-អាស៊ានពិសេសលើកទី៨។ ប៉ុន្តែ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ សហរដ្ឋអាម៉េរិកបានលើកពេលប្រជុំកំពូលអាស៊ាន-អាម៉េរិក ដែលគ្រោងធ្វើនៅទីក្រុងឡាសវេហ្គាស (Las Vegas) នោះ ក្រោមហេតុផលការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19) និងការបដិសេធមិនចូលរួមរបស់មេដឹកនាំនៃរដ្ឋជាសមាជិកអាស៊ានមួយចំនួន។
សរុបមក ទំនាក់ទំនងរវាងអាស៊ាននិងសហរដ្ឋអាម៉េរិក បានចាប់ផ្តើមដំបូងជាដៃគូសន្ទនា តែក្រោយមក បានប្រែក្លាយជាទំនាក់ទំនងសហប្រតិបត្តិការលើផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ព្រមទាំងជំរុញការអភិវឌ្ឍផងដែរ។ ហើយមកដល់ឆ្នាំ២០១៥ ភាគីទាំងពីរបានឈានមកដល់ទំនាក់ទំនងយុទ្ធសាស្រ្ត និងស៊ីជម្រៅលើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ថាមពល ការដឹកជញ្ជូន ធនធានមនុស្ស សន្តិសុខស្បៀង និងជំរុញការផ្ទេរបច្ចេកវិទ្យាជាមួយគ្នា។
មកដល់រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ជាប្រធានាធិបតីសហរដ្ឋអាម៉េរិក ទំនាក់ទំនងរវាងអាស៊ាននិងសហរដ្ឋអាម៉េរិក មើលទៅហាក់ដូចជាធ្លាក់ចុះបន្តិចដោយសារតែអវត្តមានរបស់លោកចំនួនពីរលើកក្នុងជំនួបកំពូលអាស៊ាន-សហរដ្ឋអាម៉េរិក ដែលនាំឱ្យគេគិតថាលោកប្រធានាធិបតី ដូណាល់ ត្រាំ ឱ្យតម្លៃមកលើអាស៊ានតិចពេក ជាពិសេសការលុបចោលនូវកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក ដែលគ្រោងធ្វើនៅខែមីនាឆ្នាំ២០២០ នៅទីក្រុងឡាវេហ្គាស (Las Vegas) នោះ។ ប៉ុន្តែ ក្នុងបរិបទបច្ចុប្បន្ន ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកនិងអាស៊ានមិនអាចធ្លាក់ចុះបានទេ គឺរីកចម្រើនទ្វេឡើងនិងជាដៃគូដែលមិនអាចកាត់ផ្ដាច់បាន ទាំងក្របខណ្ឌនយោបាយ សន្តិសុខ យុទ្ធសាស្ត្រ ភូមិសាស្ត្រនយោបាយ ជាពិសេស វិស័យសេដ្ឋកិច្ច ព្រោះសេដ្ឋកិច្ចសំខាន់របស់សហរដ្ឋអាម៉េរិក គឺពឹងលើពាណិជ្ជកម្មក្រៅប្រទេស ជាពិសេសនៅតំបន់អាស៊ាន ដែលសហរដ្ឋអាម៉េរិកគិតថា អាស៊ានគឺជាទីកន្លែងផលិតទំនិញរបស់ខ្លួនយ៉ាងសំខាន់នៅលើពិភពលោក។ ម៉្យាងវិញទៀត អាស៊ានក៏ជាទីផ្សារសំខាន់សម្រាប់សហរដ្ឋអាម៉េរិក ព្រោះប្រជាពលរដ្ឋអាស៊ាន មានប្រមាណដល់ទៅជាង៦០០លាននាក់៕
(ហូជីមិញ)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានប្រតិភូកម្ពុជា រួមដំណើរដោយឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថាន ជីវសាស្រ្ត វេជ្ជសាស្ត្រ និងកសិកម្ម និងលោក ហេង វ...
នៅព្រឹកថ្ងៃ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០១៨ រាជបណ្ឌិត្យសភាកម្ពុជា បានធ្វើសន្និសីទការសែតស្តីពីសមិទ្ធផលមួយឆ្នាំ ក្រោមការដឹកនាំរបស់ ឯកឧត្តមប...
ឆ្លៀតក្នុងឱកាសបើកកម្មវិធីបាឋកថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ថា «កម្មវិធីនេះពិតជាល្អប្រសើរណាស់ ព្រោះថាយើងមានបញ្ញវន្តដែលអាចចែករំលែកបទពិសោធន៍ជាមួយអ្នកសិក្សាស្រាវជ្រាវរបស់រាជបណ្ឌិត...
ក្នុងឱកាសស្វាគមន៍ដល់ភ្ញៀវជប៉ុន ដែលមានគម្រោងដាក់វិនិយោគបង្កើតសួនសត្វដ៏ធំនៅកម្ពុជា នៅក្នុងទីតាំងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បង្ហាញពីក្តីពេញចិត្តចំពោះទឹកចិត...