ព័ត៌មាន

«ស្ថានភាពនៃទំនាក់ទំនងអាស៊ាន-សហរដ្ឋអាម៉េរិក» ដោយ៖ បណ្ឌិត តឹក មេង នាយកដ្ឋានសិក្សាអាម៉េរិក អាម៉េរិកឡាទីន និងអូសេអានី

2020-03-10 09:20:55 ថ្ងៃអង្គារ, 10 មីនា 2020, 09:20 AM
post_detail

សហរដ្ឋអាម៉េរិកបានក្លាយជាដៃគូ​ចរចា​របស់អាស៊ាន​ចាប់តាំង​ពី​ឆ្នាំ​១៩៧៧ ពោលគឺបន្ទាប់ពីអាស៊ាន​បានបង្កើត​បាន​១០ឆ្នាំ​មកម្ល៉េះ។ ទំនាក់ទំនង​រវាង​សហរដ្ឋ​អាម៉េរិក​និង​អាស៊ាន​មានការ​អភិវឌ្ឍ​និង​ជិតស្និទ្ធ​ជាលំដាប់​រហូត​ក្លាយ​ជាដៃគូ​សហប្រតិបត្តិការដែល​មិនអាច​កាត់ផ្ដាច់​បាន។ នៅក្នុងបរិបទ​នៃកំណើន​ការប្រកួតប្រជែង​និងភាព​មិនប្រាកដ​ប្រជាខាង​ភូមិសាស្រ្តនយោបាយ ដែលបានបង្កឡើង​ដោយការប្រកួត​ប្រជែង​កាន់តែខ្លាំង​រវាងមហា​អំណាច សង្គ្រាម​ពាណិជ្ជកម្ម និន្នាការ​គាំពារនិយម​និង​ចរន្តប្រឆាំងនឹង​សាកលភាវូបនីយកម្ម សហរដ្ឋអាម៉េរិក រឹតតែត្រូវការ​អាស៊ាន។ ប៉ុន្តែ សហរដ្ឋអាម៉េរិក​ក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ ត្រូវបានគេ​មើលឃើញ​ថាហាក់ដូចជា​មិនសូវ​ផ្តល់សារៈសំខាន់​ចំពោះ​អាស៊ាន​ដោយសារ​តែលោកមិន​ចូលរួមក្នុង​ជំនួប​កំពូល​អាស៊ាន​ចំនួន​ពីរលើក​ជាប់ៗគ្នា។ តើទំនាក់ទំនង​រវាងសហរដ្ឋ​អាម៉េរិក​និង​អាស៊ានពិត​ជាធ្លាក់ចុះឬ?

ទំនាក់ទំនងរវាងអាស៊ាននិងសហរដ្ឋអាម៉េរិកបានបង្កើត​ឡើងតាំងពីឆ្នាំ១៩៧៧ ដោយសហរដ្ឋអាម៉េរិកស្ថិតនៅជាដៃគូសន្ទនារបស់អាស៊ាន។ ចាប់តាំងពីពេលនោះមក សហរដ្ឋអាម៉េរិកបានបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអាស៊ានដោយ​បង្កើតឡើង​នូវកិច្ចប្រជុំនិងពិភាក្សា​ជាច្រើនកម្រិត ដើម្បីផ្លាស់ប្តូរមតិ​យោបល់គ្នាជុំវិញ​បញ្ហានយោបាយ សេដ្ឋកិច្ច និងសន្តិសុខ ជាដើម។ រហូតដល់ដើម​ទសវត្សរ៍ឆ្នាំ​១៩៩០ ទើបភាគីទាំងពីរបានផ្តល់ អាទិភាពលើ​កិច្ចសហប្រតិបត្តិការ​ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ថាមពល ការដឹកជញ្ជូន ធនធានមនុស្ស សន្តិសុខស្បៀង និងជំរុញការផ្ទេរបច្ចេកវិទ្យាជាមួយគ្នា ជាដើម។

នៅក្នុងឆ្នាំ២០០៥ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងសហរដ្ឋអាម៉េរិក​ត្រូវបានរៀបចំ​ធ្វើឡើង​នៅក្នុងទីក្រុងញូវយ៉ក ដោយ​ភាគីទាំងពីរបានឯកភាពគ្នាចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលជាផែនទីចង្អុលផ្លូវសម្រាប់ពង្រឹងនិងពង្រីកភាពជា​ដៃ​គូរួមគ្នា។ នៅឆ្នាំ២០០៦ អាស៊ាននិងសហរដ្ឋអាម៉េរិក បានរួមគ្នាអនុម័តនូវផែនការសកម្មភាពសម្រាប់លើកកម្ពស់ភាពជាដៃគូ​និងការកែសម្រួលឡើងវិញនូវចំណុចអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការក្រោមភាពជាដៃគូអាស៊ាននិងសហរដ្ឋអាម៉េរិក ហើយពីរឆ្នាំក្រោយមក មានសេចក្តីថ្លែងការណ៍រួមមួយទៀតស្តីពី «ការពង្រីកភាពជាដៃគូសហរដ្ឋអាម៉េរិក-អាស៊ាន ដើម្បី​រក្សាសន្តិភាពនិងវិបុលភាព» ត្រូវបានភាគីទាំងពីរអនុម័តរួមគ្នា។ សេចក្តីថ្លែងការណ៍រួមនោះបានកំណត់យ៉ាងច្បាស់អំពីវិធានការ​សំខាន់ៗ​និងចំណុចអាទិភាពមួយចំនួន ដែលអាចពង្រឹងភាពជាដៃគូអាស៊ាននិងសហរដ្ឋអាម៉េរិកបានក្នុងទំនាក់ទំនងទាំងបួន គឺនយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម-វប្បធម៌ ព្រមទាំងកិច្ចសហប្រតិបត្តិការអភិវឌ្ឍផងដែរ។

នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ នាកិច្ចប្រជុំកំពូលអាស៊ាន និងសហរដ្ឋអាម៉េរិក នៅប្រទេសម៉ាឡេស៊ី ភាគីទាំងពីរបានឯកភាពគ្នាចេញសេចក្តីថ្លែងការណ៍រួមដើម្បីដំឡើងកម្រិតទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រ ដែលមានន័យថា ទំនាក់ទំនងអាស៊ាន និងសហរដ្ឋអាម៉េរិក ឈានមកដល់កម្រិតថ្មី ដែលមានភាពរឹងមាំ និងកាន់តែស៊ីជម្រៅជាងពេលណាៗទាំងអស់។ ស្របពេលដែលអាស៊ានបានចាប់ផ្តើមដំណើរការសហគមន៍សេដ្ឋកិច្ចជាផ្លូវការ ភាពជាដៃគូយុទ្ធសាស្ត្រថ្មីអាស៊ាន និងសហរដ្ឋអាម៉េរិកនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការត្រួសត្រាយផ្លូវសម្រាប់ភាគីទាំងពីរ ពង្រឹងនិងពង្រីកចំណងមិត្តភាពឱ្យកាន់តែស្អិតរមួតជាមួយគ្នា។

សហរដ្ឋអាម៉េរិកជាទីផ្សារធំសម្រាប់ផលិតផលអាស៊ាន ចំណែកឯអាស៊ានវិញក៏ជាទីផ្សារធំសម្រាប់ផលិតសហរដ្ឋអាម៉រិកផងដែរ ព្រោះអាស៊ានមានប្រជាជនប្រហែល៦៦០លាននាក់ ហើយភាគច្រើនជាក្មេងៗ។ ចំណែកឯទំហំសេដ្ឋកិច្ចអាស៊ានវិញស្ថិតនៅលំដាប់ទី៧នៃពិភពលោក ហើយផលិតផលរបស់សហរដ្ឋអាម៉េរិកបានក្លាយជាផលិតផលដ៏ពេញនិយមនៅក្នុងទីផ្សារអាស៊ានផងដែរ។ បើយោងតាមរបាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាម៉េរិក ទីផ្សារអាស៊ានបានជួយគាំទ្រដល់ការងារប្រជាជនសហរដ្ឋអាម៉េរិកជាងកន្លះលាននាក់ឯណោះ។ សហរដ្ឋអាម៉េរិកជាដៃគូសេដ្ឋកិច្ចដ៏ធំមួយរបស់អាស៊ាន ហើយក៏ជាទីផ្សារធំទី៣សម្រាប់ផលិតផលអាស៊ាន ចំណែកឯអាស៊ានវិញ ក៏ជាទីផ្សារធំទី៤សម្រាប់ផលិតផលសហរដ្ឋអាម៉េរិកនៅក្នុងពិភពលោកផងដែរ។

ក្រៅពីវិស័យសេដ្ឋកិច្ច អាស៊ានក៏ជាតួអង្គសំខាន់ដែលសហរដ្ឋអាម៉េរិកអាចធ្វើកិច្ចសហការបានក្នុងការដោះស្រាយបញ្ហាសន្តិសុខក្នុងតំបន់ជាច្រើន។ សហរដ្ឋអាម៉េរិកមិនអាចដោះស្រាយបញ្ហានានាបានឡើយ បើគ្មានកិច្ចសហការជាមួយអាស៊ានទេនោះ ដូចជា បញ្ហាសន្តិសុខ ភេរវកម្ម ហិង្សាជ្រុលនិយម ការប្រែប្រួលអាកាសធាតុ បញ្ហាបំពុលបរិស្ថាន ថាមពល សន្តិសុខអ៊ិនធឺណែត ការជួញដូរមនុស្ស ការជួញដូរសត្វព្រៃ ការជួញដូរព្រៃឈើខុសច្បាប់ ការជួញដូរអាវុធ ការនេសាទខុសច្បាប់ ការសាយភាយអាវុធមហាប្រល័យ និងចុងក្រោយបញ្ហាជម្លោះសមុទ្រចិនខាងត្បូង។

មកដល់ឆ្នាំ២០១៦ គេសង្កេតឃើញថា សហរដ្ឋអាម៉េរិក បានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងជាមួយរដ្ឋអាស៊ាននានា ព្រោះដើម្បីយកតំបន់អស៊ាន ជាខែលរក្សាតុល្យភាពអំណាចខ្លួននៅតំបន់អាស៊ីប៉ាស៊ីហ្វិ្រក។ ម្យ៉ាងទៀត សហរដ្ឋអាម៉េរិក ចង់ទប់ទល់នឹងការកើនឡើងនូវឥទ្ធិពលរបស់មហាយក្សចិន ជាពិសេសតាមរយៈយុទ្ធសាស្ត្រគម្រោងការមហិច្ឆតាប្រចាំសតវត្ស ខ្សែក្រវាត់ និងផ្លូវរបស់ចិន ដែលបានដាក់ចេញកាលពីឆ្នាំ២០១៣ ហើយនៅឆ្នាំ២០១៧ សហរដ្ឋអាម៉រិកបានដាក់ចេញនូវយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហផងដែរ។

ចាប់ពីឆ្នាំ២០១៨មក ទំនាក់ទំនងអាស៊ាននិងសហរដ្ឋអាម៉េរិក មើលទៅហាក់ដូចជាធ្លាក់ចុះបន្តិច ដោយសារតែអវត្តមានម្តងហើយម្តងទៀតនៃប្រធានាធិបតីសហរដ្ឋអាម៉េរិកក្នុងជំនួបកំពូលអាស៊ាន-សហរដ្ឋអាម៉េរិកទាំងនៅសិង្ហបូរី ឆ្នាំ២០១៨និងនៅថៃ ឆ្នាំ២០១៩។ ក្នុងជំនួបកំពូលនាប្រទេសសិង្ហបុរី ឆ្នាំ២០១៨ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិកដែលជាតួអង្គដ៏សំខាន់ម្នាក់ បានលុបចោលការចូលរួមក្នុងជំនួបកំពូលនៅនាទីចុងក្រោយដោយគ្រាន់តែបញ្ជូនអនុប្រធានាធិបតីមកចូលរួមជំនួស។ នៅឆ្នាំ២០១៩ ប្រទេសថៃ បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដោយចាប់ផ្តើមពីថ្ងៃទី២-៤ ខែវិចិ្ឆកា ហើយនៅក្រៅពីកិច្ចប្រជុំកំពូលអាស៊ានក៏នៅមានគម្រោងជំនួបជាលក្ខណៈទ្វេភាគីឬត្រីភាគីជាច្រើនផ្សេងទៀតជាមួយសហរដ្ឋអាម៉េរិក តែនៅទីបំផុត លោក ដូណាល់ ត្រាំ មិនបានមកចូលក្នុងកិច្ចប្រជុំកំពូលនោះទេ ដោយបានបញ្ជូនត្រឹមទីប្រឹក្សាសន្តិសុខជាតិថ្មី គឺលោក Robert O’Brien និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក Wilbur Ross ឱ្យមកចូលរួម។

ដើម្បីប៉ះប៉ូវការខកខានរបស់ខ្លួនក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាម៉េរិកនៅប្រទេសថៃកាលពីចុងឆ្នាំ២០១៩ ដែលប្រទេសថៃជាប្រធានអាស៊ាននោះ ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ បានអញ្ជើញមេដឹកនាំអាស៊ានទៅចូលរួមកិច្ចប្រជុំកំពូលអាម៉េរិក-អាស៊ានពិសេស ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ក្នុងទីក្រុងឡាវេហ្គាស (Las Vegas) រដ្ឋនេវ៉ាដា (Nevada)។ ក្នុងកិច្ចប្រជុំពីរថ្ងៃរបស់ខ្លួននៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានរួមទាំងកម្ពុជាផង បានស្វាគមន៍ការអញ្ជើញរបស់លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ចំពោះមេដឹកនាំអាស៊ានដើម្បីចូលរួមកិច្ចប្រជុំកំពូលអាម៉េរិក-អាស៊ានពិសេសលើកទី៨។ ប៉ុន្តែ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ សហរដ្ឋអាម៉េរិកបានលើកពេលប្រជុំកំពូលអាស៊ាន-អាម៉េរិក ដែលគ្រោងធ្វើនៅទីក្រុងឡាសវេហ្គាស (Las Vegas) នោះ ក្រោមហេតុផលការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19) និងការបដិសេធមិនចូលរួមរបស់មេដឹកនាំនៃរដ្ឋជាសមាជិកអាស៊ានមួយចំនួន។

សរុបមក ទំនាក់ទំនងរវាងអាស៊ាននិងសហរដ្ឋអាម៉េរិក បានចាប់ផ្តើមដំបូងជាដៃគូសន្ទនា តែក្រោយមក បានប្រែក្លាយជាទំនាក់ទំនងសហប្រតិបត្តិការលើផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ព្រមទាំងជំរុញការអភិវឌ្ឍផងដែរ។ ហើយមកដល់ឆ្នាំ២០១៥ ភាគីទាំងពីរបានឈានមកដល់ទំនាក់ទំនងយុទ្ធសាស្រ្ត និងស៊ីជម្រៅលើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ថាមពល ការដឹកជញ្ជូន ធនធានមនុស្ស សន្តិសុខស្បៀង និងជំរុញការផ្ទេរបច្ចេកវិទ្យាជាមួយគ្នា។

មកដល់រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ជាប្រធានាធិបតីសហរដ្ឋអាម៉េរិក ទំនាក់ទំនងរវាងអាស៊ាន​និងសហរដ្ឋអាម៉េរិក មើលទៅហាក់ដូចជាធ្លាក់ចុះ​បន្តិចដោយសារតែអវត្តមាន​របស់លោកចំនួនពីរលើក​ក្នុងជំនួបកំពូលអាស៊ាន-សហរដ្ឋអាម៉េរិក ដែលនាំឱ្យគេគិតថាលោកប្រធានាធិបតី ដូណាល់ ត្រាំ ឱ្យតម្លៃមកលើអាស៊ានតិចពេក ជាពិសេសការលុបចោលនូវកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក ដែលគ្រោងធ្វើនៅ​ខែមីនាឆ្នាំ២០២០ នៅទីក្រុងឡាវេហ្គាស (Las Vegas) នោះ។ ប៉ុន្តែ ក្នុងបរិបទបច្ចុប្បន្ន ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកនិងអាស៊ានមិនអាចធ្លាក់ចុះបានទេ គឺរីកចម្រើនទ្វេឡើងនិងជាដៃគូដែលមិនអាចកាត់ផ្ដាច់បាន ទាំងក្របខណ្ឌនយោបាយ សន្តិសុខ យុទ្ធសាស្ត្រ ភូមិសាស្ត្រនយោបាយ ជាពិសេស វិស័យសេដ្ឋកិច្ច ព្រោះសេដ្ឋកិច្ចសំខាន់របស់សហរដ្ឋអាម៉េរិក គឺពឹងលើពាណិជ្ជកម្មក្រៅប្រទេស ជាពិសេសនៅតំបន់អាស៊ាន ដែលសហរដ្ឋអាម៉េរិកគិតថា អាស៊ានគឺជាទីកន្លែងផលិតទំនិញរបស់ខ្លួនយ៉ាងសំខាន់នៅលើពិភពលោក។ ម៉្យាងវិញទៀត អាស៊ានក៏ជាទីផ្សារសំខាន់សម្រាប់សហរដ្ឋអាម៉េរិក ព្រោះប្រជាពលរដ្ឋអាស៊ាន មានប្រមាណដល់ទៅជាង៦០០លាននាក់៕


អត្ថបទទាក់ទង

«ការអភិវឌ្ឍសហគមន៍ទេសចរណ៍បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការ​លើក​កម្ពស់​ជីវភាពរស់​នៅ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ​នៅសហគមន៍​មូលដ្ឋាន»

នាថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ថោ ង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំមន្ត្រីចុះពិនិត្យស្ថានភាពនិងការគ្រប់គ្រងអាជីវកម្មទេសចរណ៍ សន្តិសុខ សុវត្ថិភាពទេសចរណ៍ អនាម័យ បរិស្ថាន និង កាណូតដឹកជញ្ជ...

2018-10-30 15:57:22   Tue, 30,10,2018, 03:57 PM
មហាព្រឹត្តិការណ៍ដ៏អស្ចារ្យដែលមិនធ្លាប់មាន«ក្រសួងនិងស្ថាប័នជាច្រើនចូលរួមតាំងពិព័រណ៍ ក្នុងឱកាសសម្ពោធវិមានឈ្នះ-ឈ្នះ» នៅចុងឆ្នាំ២០១៨ខាងមុខ...

គិតទៅដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ គោលនយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជាមានរយៈពេល២០ឆ្នាំហើយ ស្របគ្នានោះដែរ ថ្ងៃនោះក៏ជាថ្ងៃសម្ពោធវិមានឈ្នះ ឈ្នះ ដែលបានសាងសង់លើផ្ទៃដី ៨ហិចតា ស្ថិតក្នុងតំបន់អភិវឌ្ឍន៍...

2018-10-29 09:30:34   Mon, 29,10,2018, 09:30 AM
«គ្រប់មុខទំនិញលើកលែងសព្វាវុធ...»

ដោយ៖ លោកស្រីបណ្ឌិត​ ព្រុំ​ ទេវី អនុប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃ រាជបណ្ឌិត្យសភាកម្ពុជា។ RAC Media

2018-10-29 09:10:49   Mon, 29,10,2018, 09:10 AM
«ឯកឧត្តមបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូឯកទេស និងគ្រូភាសាចិនក្នុងតំបន់ នៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា»

ថ្ងៃអាទិត្យ ៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨  ខែតុលា ឆ្នាំ ២០១៨ នៅសាលប្រជុំលេខ៣១ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលគ្រូឯកទេស និងគ្រូភាសាច...

2018-10-28 07:15:42   Sun, 28,10,2018, 07:15 AM
«ក្រសួងមហាផ្ទៃបានបិទគណនីហ្វេសប៊ុកយ៉ាងតិចចំនួន៤ និងបានបញ្ជាក់អត្តសញ្ញាណជូនគេហទំព័រហ្វេសបុកផ្លូវការ (Verified Facebook Page) ចំនួន១០ នៃក្រសួងស្ថាប័នចំនួន៦»

ភ្នំពេញ៖ មានគណនីហ្វេសប៊ុកយ៉ាងតិចចំនួន ៤ ដែលត្រូវបានក្រសួងមហាផ្ទៃចាត់វិធានការបិទចោលតែម្ដង ហើយជាមួយគ្នានេះដែរក្រសួងក៏បានបញ្ជាក់អត្តសញ្ញាណជូនគេហទំព័រហ្វេសបុកផ្លូវការ(Verified Facebook Page) ចំនួន១០ នៃក្រ...

2018-10-27 16:40:15   Sat, 27,10,2018, 04:40 PM
«វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ៖ រចនាសម្ព័ន្ធឡកុលាលភាជន៍ និងផលិតផលកុលាលភាជន៍ សម័យមុនអង្គរ និងអង្គរ នៅស្ថានីយជើងឯក...»

អាណាចក្រអង្គរដែលមានអាយុកាលចាប់ពីសតវត្សទី៩ ដល់សតវត្សទី១៥ នៃគ្រិស្ត​សករាជ ត្រូវបានចាត់​ទុកថាជាយុគមាសនៃ​ប្រវត្តិសាស្រ្តកម្ពុជា ដោយអាណាចក្រនេះមានវិសាលភាពទឹកដីគ្របដណ្តប់​មួយភាគ​ធំនៃ​តំបន់​អាស៊ី​អាគ្នេយ៍​ដី...

2018-10-27 15:55:45   Sat, 27,10,2018, 03:55 PM

សេចក្តីប្រកាស