ព័ត៌មាន

ល្បែងនយោបាយក្នុងបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង ដោយ៖ ធន ឆាយពិសិដ្ឋមន្រ្តីស្រាវជ្រាវនៃនាយកដ្ឋាននយោបាយនិងសន្តិសុខអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

2020-03-09 09:51:47 ថ្ងៃច័ន្ទ, 09 មីនា 2020, 09:51 AM
post_detail

កម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជាប្រធានបទដ៏ក្តៅគគុក ដែលមិនត្រឹមតែបង្កការព្រួយបារម្ភដល់ប្រទេសជិតខាងនៅឧបទ្វីបកូរ៉េប៉ុណ្ណោះទេ គឺនៅជុំវិញពិភពលោកតែម្ដង ជាពិសេស សហរដ្ឋអាម៉េរិក ព្រោះថាកូរ៉េខាងជើងត្រូវបានគេមើលឃើញថាជាការគំរាមកំហែងដ៏ធំនិងមានគោលបំណងអភិវឌ្ឍអាវុធដែលអាចវាយប្រហាររយៈចម្ងាយឆ្ងាយរហូតដល់សហរដ្ឋអាម៉េរិក។ កូរ៉េខាងជើងមានកម្មវិធីអភិវឌ្ឍន៍សព្វាវុធ នុយក្លេអ៊ែរជាច្រើនទសវត្សរ៍មកហើយ ហើយក៏បានសាកល្បងសព្វាវុធនេះជាច្រើនលើកច្រើនសារមកហើយដែរ ជួនកាលត្រូវនឹងថ្ងៃប្រារព្ធពិធីសំខាន់របស់ជាតិ ឬនៅក្នុងអំឡុងពេលនៃភាពតានតឹងក្នុងតំបន់។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកជំនាញជាច្រើនយល់ឃើញថា កូរ៉េខាងជើងកំពុងមានភាពជឿនលឿនគួរឱ្យកត់សម្គាល់ ហើយដែលអាចឈានទៅសម្រេចបានដល់គោលដៅផលិតមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលអាចបំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែរ និងអាចបាញ់ដល់ផ្នែកខ្លះនៃសហរដ្ឋអាម៉េរិកបាន។

សូមរំឭកថា ការចរចាលើបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង គឺចាប់ផ្ដើមតាំងពីឆ្នាំ២០០៣មកម្ល៉េះ ដោយមាន៦ភាគី រួមមាន កូរ៉េខាងជើង កូរ៉េខាងត្បូង ជប៉ុន អាម៉េរិក ចិន និងរុស្ស៊ី ដើម្បីជំរុញឱ្យទីក្រុងព្យុងយ៉ាងបោះបង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយប្តូរយកមកវិញនូវជំនួយពីសហគមន៍អន្តរជាតិ ប៉ុន្តែ ក្រោយមក ការចរចាត្រូវជាប់គាំងដោយនៅខែមេសា ឆ្នាំ២០០៩ ក៏មានការខ្វែងគំនិតគ្នារហូតធ្វើឱ្យកូរ៉េខាងជើងធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរម្ដងហើយម្ដងទៀត។ បញ្ហាការចរចានុយក្លេអ៊ែរនេះជាប់គាំងរហូតដល់ឆ្នាំ២០១៨ ទើបមានការចរចាដ៏សំខាន់មួយ គឺជំនួបរវាងលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកនិងលោក គីម ជុងអ៊ុន ប្រធានាធិបតីកូរ៉េខាងជើង នៅក្នុងប្រទេសសិង្ហបុរី ដោយបានពិភាក្សាលើប្រធានបទស្តីពីការរំសាយកម្មវិធីផលិតអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ការចុះសន្ធិសញ្ញាបញ្ចប់សង្គ្រាមនៅឧបទ្វីបកូរ៉េ ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ-សហរដ្ឋអាម៉េរិកទៅលើកូរ៉េខាងជើង ការធានាសន្តិសុខរបស់ប្រទេសកូរ៉ខាងជើង និងបញ្ហារំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង។ ទីបំផុតជំនួបចរចា សម្រេចបានកិច្ចព្រមព្រៀងដែលមិនច្បាស់លាស់មួយ ពោលគឺជាកិច្ចព្រមព្រៀងដែលមានតែនៅលើក្រដាស។ បន្ទាប់ពីជំនួបដែលទទួលបានតែកិច្ចព្រមព្រៀងលើក្រដាស អាម៉េរិកក៏ដូចជាសហគមន៍អន្តរជាតិបានខិតខំជំរុញឱ្យមានជំនួបចរចាជាលើកទី២ ដែលបានធ្វើឡើងនៅក្នុងប្រទេសវៀតណាម ប៉ុន្តែ វាត្រូវបរាជ័យនិងបញ្ចប់ទៅដោយគ្មានសម្រេចបានកិច្ចព្រមព្រៀងណាមួយទាំងអស់។

អស់រយៈពេលជិត២ឆ្នាំ ដែលសហរដ្ឋអាម៉េរិកបានប្រើមធ្យោបាយខាងការទូតក្នុងការបញ្ចុះបញ្ចូលឱ្យ កូរ៉េខាងជើងបោះបង់មហិច្ឆតានុយក្លេអ៊ែរ ប៉ុន្តែ មកទល់ពេលនេះ ជំហររបស់ប្រទេសទាំងពីរនៅតែមិនផ្លាស់ប្ដូរ ជាហេតុនាំឱ្យមិនអាចសម្រេចបានកិច្ចព្រមព្រៀងអ្វីទាំងអស់។ ក្រោយមកប្រទេសស៊ុយអែត បានទទួលរៀបចំជំនួបចរចាទ្វេភាគី អាម៉េរិក កូរ៉េខាងជើង ក្នុងគោលដៅស្រោចស្រង់ឡើងវិញនូវការចរចាស្តីពីការរំសាយនុយក្លេអ៊ែរកូរ៉េខាងជើង ដែលបានជាប់គាំងអស់៧ខែមកហើយ ពោលគឺចាប់តាំងពីការចរចាជាលើកទី២រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅប្រទេសវៀតណាម បានជួបបរាជ័យកាលពីខែកុម្ភៈ ឆ្នាំ២០១៩។ នៅក្នុងជំនួបលើកនេះភាគីកូរ៉េខាងជើងបានដើរចេញពីតុចរចា ដោយសំអាងថាមិនអាចទទួលយកសំណើរបស់សហរដ្ឋអាម៉េរិកបាន ដោយនិយាយថាអាម៉េរិកមិនបាននាំយកអ្វីថ្មីមកដាក់លើតុចរចា ក្រៅតែពីនយោបាយអរិភាពជាមួយកូរ៉េខាងជើង។ ហើយតាំងពីពេលនោះមក រដ្ឋបាលក្រុងព្យុងយ៉ាងក៏គ្មានឥរិយាបថចង់ជួបជាមួយតំណាងក្រុងវ៉ាស៊ីនតោនតទៅទៀតដែរ។ ទីបំផុតកិច្ចប្រឹងប្រែងទាំងឡាយប្រៀបដូចអំបិលត្រូវទឹក គឺទទេ។ ទើបតែថ្មីៗនេះ បេសកជនពិសេសទទួលបន្ទុកបញ្ហាកូរ៉េខាងជើងនៃក្រសួងការបរទេសអាម៉េរិក បាននិយាយថា សហរដ្ឋអាម៉េរិកតៀមខ្លួនជាស្រេចបន្តការចរចាអំពីបញ្ហារំសាយអាវុធនុយក្លេអ៊ែរជាមួយកូរ៉េខាងជើង ប្រសិនបើទីក្រុងព្យុងយ៉ាងមានបំណងស្រដៀងគ្នា។

មែនទែនទៅ ទាំងរដ្ឋបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋបាលក្រុងព្យុងយ៉ាង សុទ្ធតែលេងល្បែងនយោបាយក្នុង ការចរចាជារហូត ខាងសហរដ្ឋអាម៉េរិក លោក ត្រាំ បានអះអាងម្តងហើយម្តងទៀតថា អាម៉េរិកនៅតែរក្សាជំហរប្រឆាំងទៅនឹងកូរ៉េខាងជើង ហើយអាម៉េរិកនឹងយល់ព្រមធ្វើតាមសំណើរបស់កូរ៉េខាងជើង ដរាបណាមានការរំសាយអាវុធនុយក្លេអ៊ែរ និងត្រូវបានត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ត្រឹមត្រូវដោយសហគមន៍អន្តរជាតិជាមុន ហើយដូចជានៅក្នុងកិច្ចប្រ ជុំណាតូនៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស លោក ត្រាំ បានលើកឡើងទាក់ទងនឹងកូរ៉េខាងជើងថា សហរដ្ឋអាម៉េរិកមាន «កងទ័ពដ៏មានអានុភាព» ហើយបើចាំបាច់ អាម៉េរិកនឹងប្រើកងទ័ពក្នុងការដោះស្រាយបញ្ហា។

តាមពិត អ្វីដែលអាម៉េរិកពិភាក្សាជាមួយកូរ៉េខាងជើង គ្រាន់តែវិធីពន្យារពេលដើម្បីឱ្យទីក្រុងព្យុងយ៉ាង ផ្អាកសកម្មភាពនុយក្លេអ៊ែរនិងទទួលបានប្រជាប្រិយភាពពីពលរដ្ឋអាម៉េរិកតែប៉ុណ្ណោះ។ ប៉ុន្តែ កូរ៉េខាងជើងមិនចាញ់ល្បិចរបស់អាម៉េរិកនោះឡើយ ដោយបន្តកម្មវិធីនុក្លេអ៊ែរនិងកាំជ្រួចដដែល។ ឯមេដឹកនាំនៅទីក្រុងព្យុងយ៉ាង ក៏ត្រូវការសហរដ្ឋអាម៉េរិកធ្វើជាសត្រូវ ដើម្បីបង្ហាញពីភាពត្រឹមត្រូវនិងអង់អាចរបស់ខ្លួនក្នុងការដឹកនាំប្រទេស ហើយនឹងបន្តលេងល្បែងនយោបាយរបស់ពួកគេដែរ។ ម្យ៉ាងវិញទៀត កូរ៉េខាងជើងមិនអាចបោះបង់កម្មវិធីនុយក្លែអ៊ែររបស់ខ្លួនទេ ព្រោះវាជាឧបករណ៍តែមួយគត់សម្រាប់បន្តភាពរស់រាននៃរបបគ្រប់គ្រងដ៏ឯកោមួយនេះ។

ផ្អែកតាមស្ថានភាពជាក់ស្តែង របបដឹកនាំកូរ៉េខាងជើងមានសុទិដ្ឋិនិយមខ្ពស់ថា វាដល់ពេលខ្លួនអាចក្លាយជាសមាជិកក្លិបប្រទេសនុយក្លេអ៊ែរហើយ។ កូរ៉េខាងជើងអាចផលិតអាវុធនុយក្លេអ៊ែរនិងសាកល្បងបានជោគជ័យ ហើយវាក៏គ្មានឧបសគ្គអ្វីដែលរារាំងខ្លួនមិនឱ្យក្លាយជារដ្ឋនុយក្លេអ៊ែរស្មើមុខស្មើមាត់នឹងប្រទេសប្រាំបីផ្សេងទៀតដែរ។

ក្រៅពីមហាអំណាចប្រាំដែលឈ្នះសង្គ្រាមលោកលើកទីពីរ ដែលគេទទួលស្គាល់ជារដ្ឋនុយក្លេអ៊ែរស្របច្បាប់ ឥណ្ឌា ប៉ាគីស្ថាន និងអ៊ីស្រាអែល ជារដ្ឋនុយក្លេអ៊ែរមិនស្របច្បាប់ឡើយ។ មិនស្របច្បាប់ត្រង់ថា ក្រុមប្រទេសទាំងនេះព្យាយាមផលិតអាវុធនុយក្លេអ៊ែរក្រោយពេលសន្ធិសញ្ញាស្តីពីការហាមឃាត់ការសាយភាយអាវុធនុយក្លេអ៊ែរ (NPT) បង្កើតឡើងឆ្នាំ១៩៦៨ និងចូលជាធរមានឆ្នាំ១៩៧០នោះ។ ប៉ុន្តែ ប្រទេសទាំងនេះមិនរងសម្ពាធឬទណ្ឌកម្មពី សហគមន៍អន្តរជាតិទេ ហើយវាក៏ត្រូវគេចាត់ទុករដ្ឋនុយក្លេអ៊ែរតាមស្ថានភាពជាក់ស្តែងដែរ (de facto)។ សហរដ្ឋអាម៉េរិកកាលនោះអះអាងថា ស្ថានភាពឥណ្ឌា ប៉ាគីស្ថាន និងអ៊ីស្រាអែលអាចគ្រប់គ្រងបាន ហើយវាមិនបង្កគ្រោះថ្នាក់ខ្លាំងដល់សន្តិភាពនិងស្ថិរភាពពិភពលោកឡើយ។

ចំណែកបញ្ហាកូរ៉េខាងជើងវិញ គឺខុសគ្នា។ ខុសគ្នាត្រង់ថា ប្រទេសកូរ៉េខាងជើងធ្លាប់ជាសមាជិកកិច្ចព្រមព្រៀង NPT។ ប៉ុន្តែ ប្រទេសនេះសម្រេចដើរចេញពីសន្ធិសញ្ញានេះនៅឆ្នាំ២០០៣ ដោយសម្ងំផលិតអាវុធទាំងខុសច្បាប់។ ឆ្នាំ ២០០៦ ក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ីល កូរ៉េខាងជើងបានសម្រេចបាញ់សាកល្បងអាវុធនុយក្លេអ៊ែរលើកដំបូង ទាក់ទាញទណ្ឌកម្មច្រើនសន្ធឹកពីសហគមន៍អន្តរជាតិផងដែរ។ ទណ្ឌកម្មនេះត្រូវបានគេបន្ថែមរហូតមកដើម្បីដាក់គំនាបឱ្យក្រុងព្យុងយ៉ាងប្តូរជំហរ និងបោះបង់អាវុធរបស់ខ្លួននោះ។​

ដូច្នេះ ភាគីទាំងពីរហាក់នៅឆ្ងាយពីគ្នា ពិបាកក្នុងការឈានទៅរកកិច្ចព្រមព្រៀងរួមគ្នាណាស់ លទ្ធផលជាដុំកំភួនជាដុំកំភួនណាមួយក៏ប្រហែលជាមិនអាចទៅរួចដែរ។ ស្ថានភាពនេះ បើផ្លូវការទូតមិនទទួលបានផល នោះអាចទៅរួចថា កូរ៉េខាងជើងនឹងងាកទៅចងសម្ព័ន្ធភាពកាន់តែស៊ីជម្រៅជាមួយចិននិងរុស្ស៊ី ហើយបន្តអភិវឌ្ឍកម្មវិធីអាវុធ នុយ ក្លេអ៊ែររបស់ខ្លួនជាហេតុនាំឱ្យមានការគំរាមកំហែងកាន់តែធំចំពោះសន្តិសុខនៅឧបទ្វីបកូរ៉េ៕

RAC Media

ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា


អត្ថបទទាក់ទង

លិខិតបទដ្ឋានគតិយុត្ត ដោយ៖ បណ្ឌិត ហែម ឡាច មន្ត្រីនាយកដ្ឋាននីតិសាស្ត្រ វិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

លិខិតបទដ្ឋានគតិយុត្ត គឺជាវិធានច្បាប់ ឬវិធានគតិយុត្តទាំងឡាយណាដែលចេញដោយស្ថាប័ន ឬអាជ្ញាធរមានសមត្ថកិច្ចតាមលំដាប់ថ្នាក់ដើម្បីដឹកនាំ គ្រប់គ្រងទំនាក់ទំនងរបស់មនុស្សក្នុងសង្គម គ្រប់វិស័យឱ្យមានរបៀបរៀបរយ សន្តិសុ...

2024-01-22 03:43:40   Mon, 22,01,2024, 03:43 AM
[English below] កម្មវិធីអាហារូបករណ៍ផ្លាស់ប្តូរការសិក្សាអន្តរជាតិសម្រាប់ឆ្នាំ២០២៤- ២០២៥

មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយស សូមជម្រាបជូនថា ដោយមានកិច្ចសហការណ៍ រវាងវិទ្យាស្ថានជ័យសម្រាប់ការសិក្សាកម្រិតខ្ពស់ នៃសាធារណរដ្ឋកូរ៉េ មជ្ឈមណ្ឌលបានផ្តល់ជូនព័ត៌មានកម្មវិធី...

2024-01-16 11:55:17   Tue, 16,01,2024, 11:55 AM
ជ្រុងមួយនៃការជំរុញដល់ការស្តារ និងការអភិវឌ្ឍរបស់ប្រទេសឥណ្ឌា ដោយ បណ្ឌិត វង់ សំអូន ជំនួយការខុទ្ទកាល័យប្រធានរាជបណ្ឌិត្យសភាកម្ពុជា

ប្រទេសឥណ្ឌាមានប្រជាជន១៤០០លាននាក់ មានរដ្ឋ (ខេត្ត) ចំនួន ២៨រដ្ឋ ៧៦៤ស្រុក ៧៦៥៤ឃុំ ២៥២០០០ភូមិ ១២ សហគមន៍ ១៧ភាសាដែលត្រូវបានប្រើប្រាស់ជាផ្លូវការ និង៤០%នៃប្រជាជនសរុបរស់នៅក្រោមខ្សែបន្ទាត់សេដ្ឋកិច្ច (យោងតាមការធ...

2024-01-12 12:05:52   Fri, 12,01,2024, 12:05 PM
[ English below ] ខួបអនុស្សាវរីយ៍លើក៤៥ឆ្នាំ ថ្ងៃជ័យជំនះ ៧ មករា៖ យុវជនជាស្ពានភ្ជាប់ចំណងមិត្តភាព

 ក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូល មានសុខសន្តិភាព និងអភិវឌ្ឍន៍រីកចម្រើ...

2024-01-05 12:46:34   Fri, 05,01,2024, 12:46 PM
ម្ចាស់គណនី TikTok ជនជាតិវៀតណាមដែលបង្ហោះវីដេអូប៉ះពាល់ប្រាសាទអង្គរវត្តត្រូវរងពិន័យ

លោក Hua Quoc Anh (ស្តាំ) ធ្វើការជាមួយអាជ្ញាធរទីក្រុងហូជីមិញ - រូបភាព៖ នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនង ក្រុងហូជីមិញប្រភពព័ត៌មានពីសារព័ត៌មានអនឡាញរបស់វៀតណាម VN Express ចេញផ្សាយកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២...

2024-01-04 04:43:56   Thu, 04,01,2024, 04:43 AM
[English below] ខួបអនុស្សាវរីយ៍លើក៤៥ ថ្ងៃជ័យជំនះ ៧ មករា៖ កម្ពុជា-វៀតណាម បន្តពូនជុំ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងគ្រប់កម្រិត

ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤គឺជាខួបលើកទី៤៥ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៤) នៃថ្ងៃ ដែលប្រជាជានកម្ពុជាត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជា ប្រជាធិបតេយ្យ ឬ ហៅថារបប ប្រល័យ ពូជសាសន៍ ប៉ុល ពត ដែលបានធ្វើអោយ...

2024-01-02 09:45:31   Tue, 02,01,2024, 09:45 AM

សេចក្តីប្រកាស