Royal Academy of Cambodia
នៅព្រឹកថ្ងៃព្រហស្បតិ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសរាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ លោកបណ្ឌិត ផុន កសិកា ប្រធានស្ដីទីវិទ្យាស្ថានមនុស្ស និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំសមាជិកសិក្សាស្រាវជ្រាវគម្រោង ស្ដីពី «បន្លែកម្ពុជា៖ ផលិតកម្ម ចរន្តទីផ្សារ បញ្ហាប្រឈម និងដំណោះស្រាយ (Cambodia’s Vegetable: Production, Supply Chains, Challenge and Practical Resolutions) » ដែលមាន លោក ឈឿន សាវន លោក យិន ពោ និង លោក សាន ចេង ចុះសិក្សាស្វែងយល់ពីបច្ចេកទេសដាំបន្លែសរីរាង្គដោយប្រើសំណង់គ្របទំនើប (Green house) ស្វែងយល់ពីកសិកម្មស្មាត ទីផ្សារ ដើមទុន កម្លាំងពលកម្មដែលកំពុងរៀបចំដោយក្រុមហ៊ុនអាគ្រីសម្បត្តិខ្មែរ មានទីតាំងស្ថិតនៅស្រុកកោះធំ ខេត្តកណ្ដាល។ សំណង់គ្រប (Green House) នេះ មានទំហំ ៨០ម. X ៧៦ម. ព្រមទាំងសំណង់គ្របមួយទៀត សម្រាប់បណ្ដុះកូនបន្លែត្រូវបានបំពាក់សម្រាប់ដាំបន្លែសរីរាង្គ (បន្លែសុវត្ថិភាព)។
សូមជម្រាបថា ដោយមានការណែនាំចង្អុលបង្ហាញនិងជួយសម្របសម្រួលពីឯកឧត្តម ម៉េត មករា នាយរងខុទ្ទកាល័យ បញ្ជាការដ្ឋានអង្គរក្ស និងជាប្រធានក្រុមសិក្សាស្រាវជ្រាវអភិវឌ្ឍន៍បន្លែកសិកម្មធម្មជាតិ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ទើបលោកបណ្ឌិតប្រធានស្ដីទី សុំការអនុញ្ញាតចុះមកសិក្សាស្រាវជ្រាវផ្ទាល់ដល់ទីតាំង និងបានជួបពិភាក្សាជាមួយលោក គង់ វណ្ណៈ ប្រធានក្រុមប្រឹក្សាក្រុមហ៊ុនអាគ្រីសម្បតិ្តខ្មែរ និងអ្នកបច្ចេកទេសកសិកម្មជនជាតិឥណ្ឌា ព្រមទាំងអ្នកជំនាញខ្មែរចំនួន៤រូបទៀតដែលទើបបញ្ចប់ការសិក្សាជំនាញកសិកម្មនៅប្រទេសអ៊ីស្រាអែល។ ជាមួយគ្នានេះដែរ លោកបណ្ឌិតប្រធានស្តីទីបានបង្ហាញពីគម្រោងស្រាវជ្រាវរបស់វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា ស្ដីពីបន្លែកម្ពុជា៖ ផលិតកម្ម ចរន្តទីផ្សារ បញ្ហាប្រឈម និងដំណោះស្រាយ» ដែលរៀបចំឡើងក្នុងគោលបំណងវិភាគទីផ្សារបន្លែនៅក្នុងប្រទេសកម្ពុជា និងរៀបចំយុទ្ធសាស្ត្រ ការផ្គត់ផ្គង់បន្លែក្នុងស្រុក ដើម្បីទប់ស្កាត់លំហូរចូលបន្លែមកពីបណ្តាប្រទេសជិតខាងដូចជា វៀតណាម ថៃ កូរ៉េ ដើម្បីធ្វើម៉េចជួយជម្រុញការដំាបន្លែរបស់ប្រជាកសិកខ្មែរ ក៏ដូចជាអនុសាស្ត្រសម្រាប់រៀបចំផែនការយុទ្ធសាស្រ្តជូនរដ្ឋាភិបាលផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុនអាគ្រីសម្បតិ្តខ្មែរ គឺជាក្រុមហ៊ុនដែលបង្កើតកសិកម្មស្មាតលើកដំបូងក្នុងការដាំបន្លែសរីរាង្គ នៅកម្ពុជា ដោយសហការជាអ្នកជំនាញបច្ចេកទេសមកពីបណ្តាប្រទេសមួយចំនួនដូចជា ប្រទេសឥណ្ឌា ប្រទេសចិន ប្រទេសសឹង្ហបូរី និងនិស្សិតខ្មែរដែលបានបញ្ចប់ការសិក្សាជំនាញដាំបន្លែសរីរាង្គមកពីប្រទេសអ៊ីស្រាអ៊ែលជាដើម។ល។
បើតាមប្រសាន៍របស់លោក លោក គង់ វណ្ណៈ ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន អាគ្រីសម្បតិ្តខ្មែរ បច្ចុប្បន្ននេះក្រុមហ៊ុនកំពុងសាងសង់រោងបន្លែកសិកម្មស្មាត(Green House) នេះលើផ្ទៃដីទំហំ៨៣២០ម៉ែតក្រឡា និងរោងសម្រាប់បណ្តុះបន្លែសរីរាង្គ (បន្លែសុវត្ថិភាព)ទៅតាមបច្ចេកទេស និងបទពិសោធន៍ពីបណ្តាប្រទេសដែលបានជោគជ័យកន្លងមក។
ជាចុងក្រោយ លោក គង់ វណ្ណៈ ប្រធានក្រុមប្រឹក្សាបច្ចេកទេសនៃក្រុមហ៊ុន អាគ្រីសម្បត្តិខ្មែរ សូមស្វាគមន៍ និងរីករាយធ្វើកិច្ចសហប្រតិ្តការជាមួយក្រុមស្រាវជាវទៅតាមស្ថានភាពជាក់ស្តែងនៃការងារ។
ឆ្លៀតពេលជាមួយគ្នានេះដែរ ក្រុមការងារក៏បានធ្វើការសិក្សាអង្កេតពីការដាំបន្លែរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកកោះធំ ពិសេសនៅឃុំកោះខែល ដែលប្រជាពលរដ្ឋចូលចិត្តដាំស្ពៃក្ដោប ស្បៃក្រញាញ់ ខាត់ណា ខាត់ណាផ្កា ត្រសក់ ម្រេះ និងសាលាដ ម្ទេស ជាដើម។
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានថៃ Thai Public Broadcasting Service (Thai PBS...
សម្តេចតេជោ ហ៊ុន សែន ដែលជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា ហើយនឹងជាប្រធានព្រឹទ្ធសភាកម្ពុជានាពេលបច្ចុប្បន្ន គឺជាថា្នក់ដឹកនាំកម្ពុជាមួយរូបដែលបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្កើតទំនាក់ទំនងការទូតជាផ្លូវការរវាងព...
នៅក្នុងសង្វៀននយោបាយ គេតែងតែឃើញតួអង្គនយោបាយនីមួយៗប្រើប្រាស់យុទ្ធសាស្ត្រ យុទ្ធវិធី ក៏ដូចជាដើរតួនាទីគ្រប់រូបភាព និងនៅគ្រប់ទិដ្ឋភាព ធ្វើយ៉ាងណាដើម្បីមានប្រៀបលើដៃគូប្រជែង និងដើម្បីទទួលបានប្រជាប្រិយភាពព...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសអញ្ជើញជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «ស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ា» នៅព្រឹកថ្ងៃអង្គារ ៧ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ៧ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំនូវកិច្ចពិភាក្សាតុមូលមួយស្ដីពី «ស្ថានការណ៍ជម្លោះនៅ...