Royal Academy of Cambodia
ផលប៉ះពាល់ដែលមិនអាចប៉ាន់ប្រមាណបាន ដែលកើតចេញពីសង្គ្រាមពាណិជ្ជកម្មរវាងមហាយក្សសេដ្ឋកិច្ចទាំងពីរ ពោលគឺសហរដ្ឋអាម៉េរិកនិងចិន ទៅលើសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់ខ្លួន បានបង្ខំឱ្យមហាយក្សសេដ្ឋកិច្ចពិភពលោកទាំងពីរនេះ បានខិតជិតគ្នាបន្តិចវិញបន្ទាប់ពីសង្ក្រៀតធ្មេញដាក់គ្នាមួយរយៈតាមរយៈការដំឡើងពន្ធលើមុខទំនិញទៅវិញទៅមកតែរៀងៗខ្លួន។ ការខិតជិតគ្នានេះ បាននាំឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ដែលត្រូវបានចុះហត្ថលេខាជាផ្លូវការនៅសេតវិមាន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ដោយប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងឧបនាយករដ្ឋមន្រ្តីចិន លីវ ហឹ។ បន្ទាប់ពីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ នេះ តើសង្គ្រាមពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាម៉េរិកមានស្ថានភាពយ៉ាងណា?
ទោះជាមិនទាំងស្រុង យ៉ាងហោចណាស់ កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១នេះ បានបន្ថយភាពតានតឹងខ្លះៗនៅក្នុងជម្លោះពាណិជ្ជកម្មមួយដែលបានទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោក ប៉ះពាល់ឧស្សាហករសហរដ្ឋអាម៉េរិក និងដាក់សម្ពាធលើសេដ្ឋកិច្ចចិន។ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ យល់ថា ការបន្ធូរបន្ថយភាពតានតឹងខាងពាណិជ្ជកម្មមានសារសំខាន់ណាស់ ដោយលោកបាននិយាយថា «ការណ៍ដែលទុកឱ្យមហាអំណាចទាំងពីរនេះសុខស្រួលជាមួយគ្នា វាមានសារសំខាន់ចំពោះពិភពលោកកំពុងសម្លឹងមើលពិធីនេះនៅថ្ងៃនេះ»។ កិច្ចព្រមព្រៀងនេះ មានបំណងសម្រាលទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកមកលើប្រទេសចិន ខណៈពេលដែលរដ្ឋាភិបាលក្រុងប៉េកាំង នឹងបង្កើនការទិញកសិផលសហរដ្ឋអាម៉េរិកនិងទំនិញផ្សេងៗទៀត។
យោងតាមសារព័ត៌មានស៊ីអិនអិន (CNN News) ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ បានលើកឡើងថា ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសចិននិងសហរដ្ឋអាម៉េរិក កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ទាមទារឱ្យមានការកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់ប្រទេសចិនក្នុងវិស័យកម្មសិទ្ធិបញ្ញា ការផ្ទេរបច្ចេកវិទ្យា កសិកម្ម សេវាកម្មហិរញ្ញវត្ថុ និងរូបិយប័ណ្ណនិងអត្រាប្តូរប្រាក់បរទេស។ វាជាការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការទិញទំនិញ និងសេវាកម្មរបស់សហរដ្ឋអាម៉េរិកចំនួន២០០ពាន់លានដុល្លារសហរដ្ឋអាម៉េរិកបន្ថែមទៀត និងអំពាវនាវឱ្យប្រទេសចិនទិញផលិតផលកសិកម្មរបស់សហរដ្ឋអាម៉េរិកចំនួន៣២ពាន់លានដុល្លារក្នុងរយៈពេលពីរឆ្នាំខាងមុខ។ ទោះយ៉ាងណាក៏ដោយ ក៏អ្នកទិញជនជាតិចិនបានបន្តការទិញសណ្តែកសៀងសហរដ្ឋអាម៉េរិកមួយចំនួន បន្ទាប់ពីមានពីមានកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរ។ ទីក្រុងប៉េកាំងបានចេញប្រកាសបន្ថែមលើការលើកលែងពន្ធសម្រាប់ការដឹកជញ្ជូនទំនិញអាម៉េរិកមួយចំនួន ដើម្បីបង្ហាញកាយវិការសុច្ឆន្ទៈដល់ទីក្រុងវ៉ាស៊ីនតោន។
ពាក់ព័ន្ធនឹងរឿងពន្ធរវាងប្រទេសចិននិងសហរដ្ឋអាម៉េរិក ប្រទសចិនបានកាត់បន្ថយពន្ធលើទំនិញមួយចំនួនរបស់សហរដ្ឋអាម៉េរិកពី១០% ទៅ ៥% និងពី ៥% ទៅ ២,៥% លើទំនិញដទៃទៀត។ ការផ្លាស់ប្តូរនេះបានចូលជាធរមានចាប់ពីម៉ោង ១:០១ នាទីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។ ការផ្លាស់ប្តូរនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃពាណិជ្ជកម្មរវាងប្រទេសចិននិងសហរដ្ឋអាម៉េរិក។ តាមសារព័ត៌មាន CNBC ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ប្រទេសចិនបានប្រកាសថា ខ្លួននឹងកាត់បន្ថយពន្ធពាក់កណ្តាលទៅលើទំនិញរាប់រយមុខរបស់សហរដ្ឋអាម៉េរិក ដែលមានតម្លៃប្រហែល ៧៥ពាន់លានដុល្លារសហរដ្ឋអាម៉េរិក ជាជំហានមួយដែលបង្ហាញពីចេតនារបស់ខ្លួនក្នុងការបញ្ចប់សង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក បើទោះបីជាមានវិបត្ដិមេរោគកូរ៉ូណាវីរុស២០១៩ (Covid-19) ឆ្លងរីករាលដាលយ៉ាងច្រើននៅក្នុងប្រទេសរបស់ខ្លួនក៏ដោយ។ សង្គ្រាមពាណិជ្ជកម្មនេះអាចនឹងបញ្ចប់ឆាប់ៗ ប្រសិនបើប្រទេសចិនអនុវត្តតាមកិច្ចព្រមព្រៀងខាងលើ។
ដោយផ្អែកលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ សហរដ្ឋអាម៉េរិកបានកាត់បន្ថយអត្រាពន្ធ ១៥ ភាគរយ ដែលបានដាក់លើការនាំចូលរបស់ចិនចំនួន១២០ពាន់លានដុល្លារសហរដ្ឋអាម៉េរិក ជាថ្នូរនឹងការប្តេជ្ញាចិត្តរបស់ទីក្រុងប៉េកាំងក្នុងការទិញផលិតផលអាម៉េរិកបន្ថែមទៀត និងពង្រឹងការការពារកម្មសិទ្ធិបញ្ញារបស់ខ្លួន។ ប៉ុន្តែ ដំណើរវិវឌ្ឍន៍ចុងក្រោយ នៅចំពេលដែលប្រទេសចិនកំពុងប្រយុទ្ធជាមួយនឹងការផ្ទុះឡើងនៃជំងឺបង្កដោយវីរុស COVID-19 ថ្មី ដែលបានជះឥទ្ធិពលដល់សកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេសចិននិងនៅក្នុងតំបន់ ដែលក្នុងនោះបានបង្កើតឱ្យមានភាពមិនប្រាកដប្រជាថា តើទីក្រុងប៉េកាំងនឹងអាចទិញទំនិញនិងសេវាកម្មរបស់សហរដ្ឋអាម៉េរិកបន្ថែមទៀតដល់កម្រិតកំណត់ដែរឬទេ។
រួមសេចក្តីមក ផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិននិងសហរដ្ឋអាម៉េរិក បានធ្វើឱ្យប្រទេសទាំងពីរផ្តល់សម្បទានដល់គ្នាទៅវិញទៅមក រហូតដល់មានការចុះហត្ថលេខាជាផ្លូវការនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ហើយប្រទេសមហាអំណាចទាំងពីរនេះបានព្យាយាមបន្ធូរបន្ថយពន្ធលើទំនិញនាំចេញចូលគ្នាទៅវិញទៅមក ប៉ុន្តែប្រទេសទាំងពីរកំពុងសម្លឹងមើលគ្នាថា តើប្រទេសនីមួយៗបានគោរពកិច្ចព្រមព្រៀងនោះបានកម្រិតណា។ ប្រទេសចិនបានប្តេជ្ញាចិត្តគោរពតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ទោះបីជាមានវិបត្ដិនៃវីរុស COVID-19ឆ្នាំ២០១៩ ឆ្លងរាលដាល និងសម្លាប់ពលរដ្ឋរបស់ខ្លួនអស់រាប់ពាន់នាក់ក៏ដោយ។ ប៉ុន្តែ ដោយសារជំងឺឆ្លងរីករាលដាលនេះ បានធ្វើឱ្យប្រទេសចិនជួបវិបត្តិសេដ្ឋកិច្ចក្នុងប្រទេស ដែលជាហេតុនាំឱ្យអ្នកជំនាញសេដ្ឋកិច្ច និងរដ្ឋបាលសហរដ្ឋអាម៉េរិកបានចោទសួរថា តើប្រទេសចិនអាចមានលទ្ធភាពទិញទំនិញនិងសេវាកម្មរាប់ពាន់លានដុល្លារដូចដែលបានកម្រិតដែរឬទេ។ នេះជាអាចបញ្ហាស្មុគស្មាញថ្មីមួយទៀតដែលរំខាន់ដល់ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់ទី១រវាងមហាយក្សសេដ្ឋកិច្ចពិភពលោកទាំងពីរនេះ៕
កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ ៥កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៩:៣០នាទី ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្ដមបណ្ឌិត...
Cambodia and China have expanded strategic cooperation and upgraded relations to a “diamond cooperation framework” in six priority areas: political cooperation, production capacity and quality, agricu...
A country's national income often has a massive impact on its level of human development and the overall quality of life its residents enjoy. The World Bank, examines the GNI (Gross National Income) p...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា ក្នុងវេទិកាវិទ្យាសាស្ត្រ ស្ដីពី «ទំនាក់ទំនងកម្ពុជា-ចិន៖ ខួប៦៥ឆ្នាំនៃចំណងការទូតរវាងកម្ពុជា-ចិន» នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្ដមបណ្ឌិតស...