ព័ត៌មាន

«ស្ថានភាពសង្គ្រាមពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាម៉េរិក» ដោយបណ្ឌិត ឈឹម ផាន់ណា នាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

2020-03-05 04:45:48 ថ្ងៃព្រហស្បតិ៍, 05 មីនា 2020, 04:45 AM
post_detail

ផលប៉ះពាល់ដែលមិនអាចប៉ាន់ប្រមាណបាន ដែលកើតចេញពីសង្គ្រាមពាណិជ្ជកម្មរវាងមហាយក្សសេដ្ឋកិច្ចទាំងពីរ ពោលគឺសហរដ្ឋអាម៉េរិកនិងចិន ទៅលើសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់ខ្លួន បានបង្ខំឱ្យមហាយក្សសេដ្ឋកិច្ចពិភពលោកទាំងពីរនេះ បានខិតជិតគ្នាបន្តិចវិញបន្ទាប់ពីសង្ក្រៀតធ្មេញដាក់គ្នាមួយរយៈតាមរយៈការដំឡើងពន្ធលើមុខទំនិញទៅវិញទៅមកតែរៀងៗខ្លួន។ ការខិតជិតគ្នានេះ បាននាំឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ដែលត្រូវបានចុះហត្ថលេខាជាផ្លូវការនៅសេតវិមាន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ដោយប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងឧបនាយករដ្ឋមន្រ្តីចិន លីវ ហឹ។ បន្ទាប់ពីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ នេះ តើសង្គ្រាមពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាម៉េរិកមានស្ថានភាពយ៉ាងណា?

ទោះជាមិនទាំងស្រុង យ៉ាងហោចណាស់ កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១នេះ បានបន្ថយភាពតានតឹងខ្លះៗនៅក្នុងជម្លោះពាណិជ្ជកម្មមួយដែលបានទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោក ប៉ះពាល់ឧស្សាហករសហរដ្ឋអាម៉េរិក និងដាក់សម្ពាធលើសេដ្ឋកិច្ចចិន។ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ យល់ថា ការបន្ធូរបន្ថយភាពតានតឹងខាងពាណិជ្ជកម្មមានសារសំខាន់ណាស់ ដោយលោកបាននិយាយថា «ការណ៍ដែលទុកឱ្យមហាអំណាចទាំងពីរនេះសុខស្រួលជាមួយគ្នា វាមានសារសំខាន់ចំពោះពិភពលោកកំពុងសម្លឹងមើលពិធីនេះនៅថ្ងៃនេះ»។ កិច្ចព្រមព្រៀងនេះ មានបំណងសម្រាលទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកមកលើប្រទេសចិន ខណៈពេលដែលរដ្ឋាភិបាលក្រុងប៉េកាំង នឹងបង្កើនការទិញកសិផលសហរដ្ឋអាម៉េរិកនិងទំនិញផ្សេងៗទៀត។

យោងតាមសារព័ត៌មានស៊ីអិនអិន (CNN News) ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ បានលើកឡើងថា ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសចិននិងសហរដ្ឋអាម៉េរិក កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ទាមទារឱ្យមានការកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់ប្រទេសចិនក្នុងវិស័យកម្មសិទ្ធិបញ្ញា ការផ្ទេរបច្ចេកវិទ្យា កសិកម្ម សេវាកម្ម​ហិរញ្ញវត្ថុ និងរូបិយប័ណ្ណនិងអត្រាប្តូរប្រាក់បរទេស។ វាជាការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការទិញទំនិញ និងសេវាកម្មរបស់សហរដ្ឋអាម៉េរិកចំនួន២០០ពាន់លានដុល្លារសហរដ្ឋអាម៉េរិកបន្ថែមទៀត និងអំពាវនាវឱ្យប្រទេសចិនទិញផលិតផលកសិកម្មរបស់សហរដ្ឋអាម៉េរិកចំនួន៣២ពាន់លានដុល្លារក្នុងរយៈពេលពីរឆ្នាំខាងមុខ។ ទោះយ៉ាងណាក៏ដោយ ក៏អ្នកទិញជនជាតិចិនបានបន្តការទិញសណ្តែកសៀងសហរដ្ឋអាម៉េរិកមួយចំនួន បន្ទាប់ពីមានពីមានកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរ។ ទីក្រុងប៉េកាំងបានចេញប្រកាសបន្ថែមលើការលើកលែងពន្ធសម្រាប់ការដឹកជញ្ជូនទំនិញអាម៉េរិកមួយចំនួន ដើម្បីបង្ហាញកាយវិការសុច្ឆន្ទៈដល់ទីក្រុងវ៉ាស៊ីនតោន។

ពាក់ព័ន្ធនឹងរឿងពន្ធរវាងប្រទេសចិននិងសហរដ្ឋអាម៉េរិក ប្រទសចិនបានកាត់បន្ថយពន្ធលើទំនិញមួយចំនួនរបស់សហរដ្ឋអាម៉េរិកពី១០% ទៅ ៥% និងពី ៥% ទៅ ២,៥% លើទំនិញដទៃទៀត។ ការផ្លាស់ប្តូរនេះបានចូលជាធរមានចាប់ពីម៉ោង ១:០១ នាទីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។ ការផ្លាស់ប្តូរនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃពាណិជ្ជកម្មរវាងប្រទេសចិននិងសហរដ្ឋអាម៉េរិក។ តាមសារព័ត៌មាន CNBC ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ​២០២០ ប្រទេសចិនបានប្រកាសថា ខ្លួននឹងកាត់បន្ថយពន្ធពាក់កណ្តាលទៅលើទំនិញរាប់រយមុខរបស់សហរដ្ឋអាម៉េរិក ដែលមាន​តម្លៃប្រហែល ៧៥ពាន់លានដុល្លារសហរដ្ឋអាម៉េរិក ជាជំហានមួយដែលបង្ហាញពីចេតនារបស់ខ្លួនក្នុងការបញ្ចប់សង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក បើទោះបីជាមានវិបត្ដិមេរោគកូរ៉ូណាវីរុស២០១៩ (Covid-19) ឆ្លងរីករាលដាលយ៉ាងច្រើននៅក្នុង​ប្រទេសរបស់ខ្លួនក៏ដោយ។ សង្គ្រាមពាណិជ្ជកម្មនេះអាចនឹងបញ្ចប់ឆាប់ៗ ប្រសិនបើប្រទេសចិនអនុវត្តតាមកិច្ចព្រមព្រៀងខាង​លើ។

ដោយផ្អែកលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ សហរដ្ឋអាម៉េរិកបានកាត់បន្ថយអត្រាពន្ធ ១៥ ភាគរយ ដែលបានដាក់លើការនាំចូលរបស់ចិនចំនួន១២០ពាន់លានដុល្លារសហរដ្ឋអាម៉េរិក ជាថ្នូរនឹងការប្តេជ្ញាចិត្តរបស់ទីក្រុងប៉េកាំងក្នុងការ​ទិញ​ផលិតផលអាម៉េរិកបន្ថែមទៀត និងពង្រឹងការការពារកម្មសិទ្ធិបញ្ញារបស់ខ្លួន។ ប៉ុន្តែ ដំណើរវិវឌ្ឍន៍ចុងក្រោយ នៅចំពេលដែល​ប្រទេសចិនកំពុងប្រយុទ្ធជាមួយនឹងការផ្ទុះឡើងនៃជំងឺបង្កដោយវីរុស COVID-19 ថ្មី ដែលបានជះឥទ្ធិពលដល់សកម្មភាពសេដ្ឋកិច្ច​នៅក្នុងប្រទេសចិននិងនៅក្នុងតំបន់ ដែលក្នុងនោះបានបង្កើតឱ្យមានភាពមិនប្រាកដប្រជាថា តើទីក្រុងប៉េកាំងនឹង​អាចទិញទំនិញនិងសេវាកម្មរបស់សហរដ្ឋអាម៉េរិកបន្ថែមទៀតដល់កម្រិតកំណត់ដែរឬទេ។

រួមសេចក្តីមក ផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិននិងសហរដ្ឋអាម៉េរិក បានធ្វើឱ្យប្រទេសទាំងពីរផ្តល់សម្បទានដល់គ្នាទៅវិញទៅមក រហូតដល់មានការចុះហត្ថលេខាជាផ្លូវការនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ហើយប្រទេស​មហា​អំណាចទាំងពីរនេះបានព្យាយាមបន្ធូរបន្ថយពន្ធលើទំនិញនាំចេញចូលគ្នាទៅវិញទៅមក ប៉ុន្តែប្រទេសទាំងពីរកំពុងសម្លឹងមើលគ្នាថា តើប្រទេសនីមួយៗបានគោរពកិច្ចព្រមព្រៀងនោះបានកម្រិតណា។ ប្រទេសចិនបានប្តេជ្ញាចិត្តគោរពតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ទោះបីជាមានវិបត្ដិនៃវីរុស COVID-19ឆ្នាំ២០១៩ ឆ្លងរាលដាល និងសម្លាប់ពលរដ្ឋរបស់ខ្លួនអស់រាប់ពាន់នាក់ក៏ដោយ។ ប៉ុន្តែ ដោយសារជំងឺឆ្លងរីករាលដាលនេះ បានធ្វើឱ្យប្រទេសចិនជួបវិបត្តិសេដ្ឋកិច្ចក្នុងប្រទេស ដែលជាហេតុនាំឱ្យអ្នកជំនាញសេដ្ឋកិច្ច និងរដ្ឋបាលសហរដ្ឋអាម៉េរិកបានចោទសួរថា តើប្រទេសចិនអាចមានលទ្ធភាពទិញទំនិញនិងសេវាកម្មរាប់​ពាន់លានដុល្លារដូចដែលបានកម្រិតដែរឬទេ។ នេះជាអាចបញ្ហាស្មុគស្មាញថ្មីមួយទៀតដែលរំខាន់ដល់ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់ទី១រវាងមហាយក្សសេដ្ឋកិច្ចពិភពលោកទាំងពីរនេះ៕ 


អត្ថបទទាក់ទង

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពព្រឹទ្ធាចារ្យ ឡោ សាន

ភ្នំពេញ៖ នាវេលាម៉ោង១១:៣០នាទី ព្រឹកថ្ងៃអង្គារ៍ ២រោច ខែអាសាឍ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្...

2020-07-07 08:41:55   Tue, 07,07,2020, 08:41 AM
រំឭក ដើម្បីការចងចាំ! ...«ប្រាសាទព្រះវិហារខ្មែរ ៖ ក្ដីរំភើប ដែលបញ្ចប់ដោយការឈឺចាប់»...

នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ប្រាសាទព្រះវិហារ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ដំណឹងល្អនេះ បានផ្សព្វផ្សាយភ្លាមៗនៅទូទាំង ប្រទេសតាមរយៈបណ្ដាញទូរទស្សន៍ CTN។ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនៅទូទាំងប្រទេស...

2020-07-07 04:41:28   Tue, 07,07,2020, 04:41 AM
«ជប៉ុនមានបំណងរៀបចំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បច្ចេកវិទ្យាមនុស្សយន្ត និងបញ្ញាសិប្បនិមិ្មត(AI) នៅរាជបណ្ឌិត្យសភាកម្ពុជា »

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានជួបប្រជុំជាមួយថ្នាក់ដឹកនា...

2020-07-06 12:50:29   Mon, 06,07,2020, 12:50 PM
របាយការណ៍នៃការសិក្សាស្រាវជ្រាវស្តីពី «ការពិនិត្យគុណភាពទឹកនៅភ្នំគូលេន» ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប

...

2020-07-06 04:57:40   Mon, 06,07,2020, 04:57 AM
ព្រឹត្តិការណ៍ថ្ងៃទី៥-៦ កក្កដា ១៩៩៧

តាមប្រសាសន៍របស់ឯកឧត្ដមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានបង្ហាញនៅក្នុងទំព័រហ្វេសប៊ុក កាលពីព្រឹកថ្ងៃទី៥ ខែកក្កដានេះ ក្រុមការងារយើងសូមលើកយកមកចែកផ្សាយ...

2020-07-05 05:52:58   Sun, 05,07,2020, 05:52 AM
រាជបណ្ឌិត្យសភាកម្ពុជា សូមស្វាគមន៍រាល់សំណើពិនិត្យអនុម័តបច្ចេកសព្ទថ្មីពីក្រសួងស្ថាប័នជំនាញទូទៅ

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍បញ្ជាក់ជូនអ្នកសារព័ត៌មានថា ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា មានគណ:កម្មការបច្ចេកសព្ទជំនាញឯកទេសចំនួន១៧គណ:កម្មការ និងគណ:កម្មការជាតិភាសាខ្មែរមួ...

2020-06-30 05:29:13   Tue, 30,06,2020, 05:29 AM

សេចក្តីប្រកាស