ព័ត៌មាន

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អឺរ៉ុប-វៀតណាម ដោយលោក អ៊ុច លាង នាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ានៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជ​បណ្ឌិត្យ​សភាកម្ពុជា

2020-03-04 04:22:16 ថ្ងៃពុធ, 04 មីនា 2020, 04:22 AM
post_detail

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ត្រូវបានបង្កើតឡើងដើម្បីជួយជ្រោមជ្រែងដល់អ្នកនាំចេញ ឬអ្នកនាំ ចូលទៅប្រ​ទេស​​​​ជាដៃគូតាមរយៈការផ្តល់ទីផ្សារ និងការបន្តយរបាំងពាណិជ្ជកម្ម។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប ត្រូវបានបញ្ចប់ការចរចាតាំងពីខែធ្នូ ឆ្នាំ២០១៥ មកម្ល៉េះ ហើយរហូតមកដល់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ទើបបានចុះហត្ថលេខាជាផ្លូវការនៅក្នុងក្រុងហាណូយ ហើយសភាអឺរ៉ុបបានបោះឆ្នោតអនុម័តកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គឺជាកិច្ចព្រមព្រៀងទីពីររបស់សហភាពអឺរ៉ុបនៅតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងប្រទេសសិង្ហបុរីត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ហើយសភាអ៊ឺរ៉ុបបានផ្តល់ការយល់ព្រមចំពោះកិច្ចព្រមព្រៀងនេះនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុបនិងប្រទេសវៀតណាម ធ្វើឡើងក្នុងគោលបំណងដើម្បី បង្កើននូវផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចទាំងរបស់បណ្តាប្រទេសសហភាពអឺរ៉ុប និងប្រទេសវៀតណាម ដោយការកាត់បន្ថយពន្ធគយនាំចូលរហូត៩៩% រវាងសហភាពអឺរ៉ុបនិងប្រទេសវៀតណាម ដោយវៀតណាមនាំចេញនូវគ្រឿងសមុទ្រ វាយ​នភណ្ឌ និងផលិតផលធ្វើពីឈើទៅកាន់សហភាពអឺរ៉ុប ហើយសហភាពអឺរ៉ុបបង្កើនការនាំចូលមកវៀតណាមវិញនូវភេសជ្ជៈ គ្រឿងម៉ាស៊ីន និងថ្នាំពេទ្យមកវៀតណាមវិញ។ ដើម្បីទទួលបានការបណ្តាក់ទុនពីបណ្តាប្រទេសមួយចំនួនក្នុងសហភាពអឺរ៉ុប វៀតណាមត្រូវតែបង្កើនការគោរពសិទ្ធិមនុស្ស សិទ្ធិរបស់កម្មករ និង ការពារបរិស្ថាន។ យោងតាមសារព័ត៌មានភ្នំពេញប៉ុស្តិ៍បានលើកឡើងថា ការចរចាពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុបនិងវៀតណាម បានចាប់ផ្តើមកាលពី៧ឆ្នាំមុន ហើយសហភាពអឺរ៉ុបបានរងការរិះគន់ដោយសារមិនបានដាក់សម្ពាធវៀតណាម ឱ្យបានគ្រប់គ្រាន់ដើម្បីកែលម្អកំណត់ត្រាសិទ្ធិមនុស្សមិនល្អរបស់ខ្លួន។

ការបោះឆ្នោតអនុម័តរបស់សហភាពអឺរ៉ុប យល់ព្រមលើកិច្ចព្រមព្រៀងជាមួយប្រទេសវៀតណាមយ៉ាង ឆាប់រហ័សបែបនេះ ដោយសារតែសហភាពអឺរ៉ុបខ្លួនឯងមានការព្រួយបារម្ភថានឹងអាចមានការប៉ះពាល់ដល់ សេដ្ឋកិច្ចរបស់ខ្លួន ក្រោយដៃគូពាណិជ្ជកម្មផ្សេងទៀតរបស់ខ្លួនដូចជា អង់គ្លេសបានចាកចេញ, សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិកនិងចិន, ដោយសារការឆ្លងរាលដាលនៃមេរោគកូរ៉ូណាថ្មី ឬCOVID-19 និងការណ៍ដែលប្រធានាធិបតីសហរដ្ឋអាមេរិកបានងាកមកយកពន្ធគយបន្ថែមលើទំនិញរបស់សហភាពអឺរ៉ុប ជាដើម។

យោងតាមសារព័ត៌មានរបស់សហភាពអឺរ៉ុបក្នុងឆ្នាំ២០១៨ ប្រទេសវៀតណាមបាននាំចេញទៅអឺរ៉ុប មានទំហំទឹកប្រាក់សរុបប្រមាណ ៤២.៥ពាន់លានអឺរ៉ូ ហើយការនាំចូលពីអឺរ៉ុបមកវៀតណាមវិញមានទឹកប្រាក់ប្រមាណ ១៣.៨ពាន់លានអឺរ៉ូ។ ជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ភាគីទាំងពីរសង្ឃឹមថា ទំហំនៃការនាំចេញនឹងមានការកើនឡើងទាំងសងខាង។

យោងតាមវិទ្យុសំឡេងវៀតណាម (VOV) ផ្សាយជាភាសាបរទេសបង្ហាញថា ក្នុងផែនការអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គមសម្រាប់ដំណាក់កាល ២០១៦-២០២០ វៀតណាមរក្សាបាននូវកំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងកម្រិតខ្ពស់គឺ ៦.៨៤% ដែលក្នុងនោះឆ្នាំ ២០១៨ សម្រេចបាន ៧.០៨% ហើយឆ្នាំ២០១៩ រំពឹងថានឹងឈានដល់ ៧.១% ហើយកំណើននេះនឹងរក្សាបាននូវស្ថិរភាពក្រោយទទួលបានបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។

ដូច្នេះ ការទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់វៀតណាមពីសហភាពអឺរ៉ុបនេះ គឺជាឱកាស មាសរបស់​វៀតណាមដើម្បីបង្កើនទីផ្សារការងារ បង្កើនការធ្វើពាណិជ្ជកម្ម ការគាំទ្រការងារ និងជួយគាំទ្រឱ្យមានកំណើនសេដ្ឋកិច្ចរបស់ភាគីទាំងពីរតាមរយៈការកាត់បន្ថយពន្ធរហូត៩៩% ទៅលើមុខទំនិញដ៏ច្រើន សន្ធឹកសន្ធាប់ ដោយគ្រាន់តែធ្វើការដោះដូរជាមួយនឹងលក្ខខណ្ឌមួយចំនួនដែលទាក់ទងនឹងការគោរពសិទ្ធិមនុស្ស សិទ្ធិ កម្មករ និងការការពារបរិស្ថាន៕

RAC Media


អត្ថបទទាក់ទង

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាប្រចាំឆ្នាំ២០២០

នាព្រឹកថ្ងៃពុធ ២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុ...

2020-12-16 08:37:02   Wed, 16,12,2020, 08:37 AM
តម្លៃអច្ចន្តបរមាក្នុងសំណុំទិន្នន័យមួយអថេរ Outliers in Univariate Data ដោយ៖ បណ្ឌិត ម៉ុង ម៉ារ៉ា វិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា, រាជបណ្ឌិត្យសភាកម្ពុជា

2020-12-15 04:56:19   Tue, 15,12,2020, 04:56 AM
ប្រព័ន្ធធារាសាស្ត្រនៅតំបន់ភាគខាងកើតបន្ទាយលង្វែក ក្នុងឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ដោយ៖ ផុន កសិកា, ឡេង វិទូ, តាកេត ស័កដា និង សួ ប៉ុណ្ណារ៉ាត់

RAC Media

2020-12-12 04:10:09   Sat, 12,12,2020, 04:10 AM
បឹងពិតត្រង់ និង កំណាត់ដើមឈើរយឆ្នាំ ដោយ៖ អ្នកស្រី ម៉ិល វាសនា មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ រាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ

2020-12-09 07:22:36   Wed, 09,12,2020, 07:22 AM
ព្រះលោកេសូរប្រែកាយជាព្រះនរាយណ៍ ដោយ៖ បណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម

RAC Mediaប្រភព៖ វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

2020-12-02 04:01:39   Wed, 02,12,2020, 04:01 AM
យុទ្ធសាស្រ្តសេដ្ឋកិច្ចចិននៅក្នុងសម័យកូវីដ-១៩ ដោយ៖ លោក ផាញ់ សារឿន មន្ត្រីនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2020-11-30 03:28:38   Mon, 30,11,2020, 03:28 AM

សេចក្តីប្រកាស