Royal Academy of Cambodia
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ត្រូវបានបង្កើតឡើងដើម្បីជួយជ្រោមជ្រែងដល់អ្នកនាំចេញ ឬអ្នកនាំ ចូលទៅប្រទេសជាដៃគូតាមរយៈការផ្តល់ទីផ្សារ និងការបន្តយរបាំងពាណិជ្ជកម្ម។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប ត្រូវបានបញ្ចប់ការចរចាតាំងពីខែធ្នូ ឆ្នាំ២០១៥ មកម្ល៉េះ ហើយរហូតមកដល់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ទើបបានចុះហត្ថលេខាជាផ្លូវការនៅក្នុងក្រុងហាណូយ ហើយសភាអឺរ៉ុបបានបោះឆ្នោតអនុម័តកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គឺជាកិច្ចព្រមព្រៀងទីពីររបស់សហភាពអឺរ៉ុបនៅតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងប្រទេសសិង្ហបុរីត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ហើយសភាអ៊ឺរ៉ុបបានផ្តល់ការយល់ព្រមចំពោះកិច្ចព្រមព្រៀងនេះនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុបនិងប្រទេសវៀតណាម ធ្វើឡើងក្នុងគោលបំណងដើម្បី បង្កើននូវផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចទាំងរបស់បណ្តាប្រទេសសហភាពអឺរ៉ុប និងប្រទេសវៀតណាម ដោយការកាត់បន្ថយពន្ធគយនាំចូលរហូត៩៩% រវាងសហភាពអឺរ៉ុបនិងប្រទេសវៀតណាម ដោយវៀតណាមនាំចេញនូវគ្រឿងសមុទ្រ វាយនភណ្ឌ និងផលិតផលធ្វើពីឈើទៅកាន់សហភាពអឺរ៉ុប ហើយសហភាពអឺរ៉ុបបង្កើនការនាំចូលមកវៀតណាមវិញនូវភេសជ្ជៈ គ្រឿងម៉ាស៊ីន និងថ្នាំពេទ្យមកវៀតណាមវិញ។ ដើម្បីទទួលបានការបណ្តាក់ទុនពីបណ្តាប្រទេសមួយចំនួនក្នុងសហភាពអឺរ៉ុប វៀតណាមត្រូវតែបង្កើនការគោរពសិទ្ធិមនុស្ស សិទ្ធិរបស់កម្មករ និង ការពារបរិស្ថាន។ យោងតាមសារព័ត៌មានភ្នំពេញប៉ុស្តិ៍បានលើកឡើងថា ការចរចាពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុបនិងវៀតណាម បានចាប់ផ្តើមកាលពី៧ឆ្នាំមុន ហើយសហភាពអឺរ៉ុបបានរងការរិះគន់ដោយសារមិនបានដាក់សម្ពាធវៀតណាម ឱ្យបានគ្រប់គ្រាន់ដើម្បីកែលម្អកំណត់ត្រាសិទ្ធិមនុស្សមិនល្អរបស់ខ្លួន។
ការបោះឆ្នោតអនុម័តរបស់សហភាពអឺរ៉ុប យល់ព្រមលើកិច្ចព្រមព្រៀងជាមួយប្រទេសវៀតណាមយ៉ាង ឆាប់រហ័សបែបនេះ ដោយសារតែសហភាពអឺរ៉ុបខ្លួនឯងមានការព្រួយបារម្ភថានឹងអាចមានការប៉ះពាល់ដល់ សេដ្ឋកិច្ចរបស់ខ្លួន ក្រោយដៃគូពាណិជ្ជកម្មផ្សេងទៀតរបស់ខ្លួនដូចជា អង់គ្លេសបានចាកចេញ, សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិកនិងចិន, ដោយសារការឆ្លងរាលដាលនៃមេរោគកូរ៉ូណាថ្មី ឬCOVID-19 និងការណ៍ដែលប្រធានាធិបតីសហរដ្ឋអាមេរិកបានងាកមកយកពន្ធគយបន្ថែមលើទំនិញរបស់សហភាពអឺរ៉ុប ជាដើម។
យោងតាមសារព័ត៌មានរបស់សហភាពអឺរ៉ុបក្នុងឆ្នាំ២០១៨ ប្រទេសវៀតណាមបាននាំចេញទៅអឺរ៉ុប មានទំហំទឹកប្រាក់សរុបប្រមាណ ៤២.៥ពាន់លានអឺរ៉ូ ហើយការនាំចូលពីអឺរ៉ុបមកវៀតណាមវិញមានទឹកប្រាក់ប្រមាណ ១៣.៨ពាន់លានអឺរ៉ូ។ ជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ភាគីទាំងពីរសង្ឃឹមថា ទំហំនៃការនាំចេញនឹងមានការកើនឡើងទាំងសងខាង។
យោងតាមវិទ្យុសំឡេងវៀតណាម (VOV) ផ្សាយជាភាសាបរទេសបង្ហាញថា ក្នុងផែនការអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គមសម្រាប់ដំណាក់កាល ២០១៦-២០២០ វៀតណាមរក្សាបាននូវកំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងកម្រិតខ្ពស់គឺ ៦.៨៤% ដែលក្នុងនោះឆ្នាំ ២០១៨ សម្រេចបាន ៧.០៨% ហើយឆ្នាំ២០១៩ រំពឹងថានឹងឈានដល់ ៧.១% ហើយកំណើននេះនឹងរក្សាបាននូវស្ថិរភាពក្រោយទទួលបានបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។
ដូច្នេះ ការទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់វៀតណាមពីសហភាពអឺរ៉ុបនេះ គឺជាឱកាស មាសរបស់វៀតណាមដើម្បីបង្កើនទីផ្សារការងារ បង្កើនការធ្វើពាណិជ្ជកម្ម ការគាំទ្រការងារ និងជួយគាំទ្រឱ្យមានកំណើនសេដ្ឋកិច្ចរបស់ភាគីទាំងពីរតាមរយៈការកាត់បន្ថយពន្ធរហូត៩៩% ទៅលើមុខទំនិញដ៏ច្រើន សន្ធឹកសន្ធាប់ ដោយគ្រាន់តែធ្វើការដោះដូរជាមួយនឹងលក្ខខណ្ឌមួយចំនួនដែលទាក់ទងនឹងការគោរពសិទ្ធិមនុស្ស សិទ្ធិ កម្មករ និងការការពារបរិស្ថាន៕
RAC Media
និស្សិតនិងអ្នកស្រាវជ្រាវភាគច្រើនតែងត្រូវការទិន្នន័យពីឯកសារដែលមានស្រាប់ដើម្បីឱ្យដឹងថា ការស្រាវជ្រាវមុនៗបានធ្វើដល់ណាហើយមុននឹងចាប់ផ្តើមប្រមូលទិន្នន័យបថម។ ក្នុងការសរសេរកិច្ចការគរុកោសល្យមួយ សេចក្តីស្មោះត្រ...
ទីអវសាននៃរបបសាធារណរដ្ឋខ្មែរ បានមកដល់ចំពេលដែលប្រជាជនកម្ពុជាទើបប្រារឰពិធីបុណ្យចូលឆ្នាំថ្មីបានពីរបីថ្ងៃ។ ក្តីស្រមៃពីសន្តិភាពបានកើតមានឡើងស្របពេលមានវត្តមានកងទ័ពរំដោះចូលមកដល់ខេត្ត ក្រុងនានាជាបន្តបន្ទាប់។ នៅ...
នៅលើលោកនេះមិនថាប្រទេសណាឬប្រទេសណា គឺគ្រប់ជាតិសាសន៍ទាំងអស់ តែងតែមានការប្រារព្ធពិធីចូលឆ្នាំថ្មីដែលជាប្រពៃណីរបស់ប្រជាជាតិរៀងខ្លួន គ្រាន់តែថាគេកំណត់ពេលវេលានៃការរៀបចំបុណ្យនេះផ្សេងគ្នា ដោយស្របទៅតាមជំនឿទំនៀម...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ជាការឆ្លើយតបទៅនឹងការរារាំងគ្រប់រូបភាពចំពោះការកសាងព្រែកជីកហ្វូណនតេជោ នៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ នៅក្នុងវេទិកាអ្នកវិទ្យាសាស្ត្រនិងអ្នកសារព័ត៌មាន ស្ដីពី «ការឆ្លើយតបរបស់អ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងនៅក្នុងវេទិកាអ្នកវិទ្យាសាស្ត្រនិងអ្នកសារព័ត៌មាន ស្ដីពី «ការឆ្លើយតបរបស់អ្នកវិទ្យាសាស្ត្រកម្ពុជាចំពោះការមួលបង្កាច់មកលើកម្ពុជា ជុំវិញករណីព្រែកជីកហ្វូណនតេជោ» ន...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ ឱកាសថ្លែងនៅក្នុងវេទិកាអ្នកវិទ្យាសាស្ត្រនិងអ្នកសារព័ត៌មាន ស្ដីពី «ការឆ្លើយតបរបស់អ្នកវិទ្យាសាស្ត្រកម្ពុជាចំពោះការមួលបង្កាច់មកលើកម្ពុជា ជុំវិញ...