ព័ត៌មាន

«ឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាម៉េរិក» ដោយបណ្ឌិត ឈឹម ផាន់ណា នាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

2020-03-03 04:44:18 ថ្ងៃអង្គារ, 03 មីនា 2020, 04:44 AM
post_detail

ជម្លោះពាណិជ្ជកម្មរវាងប្រទេសចិននិងសហរដ្ឋអាម៉េរិក បានចាប់ផ្ទុះឡើងមុនដំបូងនៅដើមឆ្នាំ២០១៨។ សង្រ្គាមពាណិជ្ជកម្មវាងប្រទេសមហាអំណាចទាំងពីរនេះ បានអូសបន្លាយជាច្រើនខែដែលអាចជះឥទ្ធិពលដ៏ខ្លាំងក្លាមួយបណ្តាលឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ សេដ្ឋកិច្ចនៅតំបន់អាស៊ី និងសេដ្ឋកិច្ចពិភពលោក។ តើឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្មរវាងប្រទេស​ចិន និងសហរដ្ឋអាម៉េរិក មានស្ថានភាពយ៉ាងណា និងបណ្តាលឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ សេដ្ឋកិច្ចតំបន់​អាស៊ី និងសេដ្ឋកិច្ចពិភពលោកយ៉ាងណាដែរ? តើប្រទេសមហាអំណាចទាំងពីរនេះ និងបណ្តាប្រទេសពាក់ព័ន្ធគួរតែមានវិធាន​ការ​យ៉ាងណាដើម្បីដោះស្រាយពីផលប៉ះពាល់សេដ្ឋកិច្ច និងឈានទៅបញ្ចប់សង្គ្រាមពាណិជ្ជកម្មដោយរបៀបណា?

យោងតាមសារព័ត៌មានប៊ីប៊ីស៊ី (BBC News) ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិននិងសហរដ្ឋអាម៉េរិក ត្រូវបានគេមើលឃើញថា សហរដ្ឋអាម៉េរិកនិងចិនបានដាក់ពន្ធលើទំនិញគ្នាទៅវិញទៅមករាប់រយពាន់​លាន​ដុល្លារសហរដ្ឋអាម៉េរិក។ សហរដ្ឋអាម៉េរិកបានដាក់ពន្ធគយលើទំនិញចិនជាង ៣៦០ ពាន់លានដុល្លារសហរដ្ឋអាម៉េរិក ហើយ​ប្រទេសចិនបានសងសឹកវិញជាមួយនឹងការយកពន្ធលើផលិតផលអាម៉េរិកជាង ១១០ ពាន់លានដុល្លារសហរដ្ឋអាម៉េរិក។ ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ បានចោទប្រកាន់ប្រទេសចិនជាយូរមកហើយពីការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌ និងការលួចកម្មសិទ្ធិបញ្ញា។ ប្រទេសចិនយល់ថា សហរដ្ឋអាម៉េរិកកំពុងតែព្យាយាមទប់ស្កាត់ការលេចត្រដែតឡើងរបស់​ចិនដែលអាចក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចពិភពលោក។ ចំណែកឯគោលនយោបាយពន្ធរបស់លោក ត្រាំ មានគោល​បំណងលើកទឹកចិត្តអតិថិជនឱ្យទិញផលិតផលសហរដ្ឋអាម៉េរិកដោយធ្វើឱ្យទំនិញនាំចូលមានតម្លៃថ្លៃ។

ម្យ៉ាងវិញទៀត សង្រ្គាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចទាំងពីរនេះ បានកើតឡើងដោយសារតែ រដ្ឋាភិបាលសហរដ្ឋអាម៉េរិក មានបំណងឱ្យចិនផ្លាស់ប្តូរគំរូនៃការធ្វើពាណិជ្ជកម្ម ដែលអាម៉េរិកគិតថាចិនដើរខ្សែលើ។ ប៉ុន្តែមានអ្នករិះគន់ខ្លះបានលើក​ឡើងថា សហរដ្ឋអាម៉េរិកធ្លាប់តែដើរខ្សែលើគេបាន ដល់ពេលចិនចាប់ផ្តើមដើរផ្លូវនេះម្តងបែរជាសម្ដែងការខឹងក្រោធចំពោះ​ចិនវិញ។ សហរដ្ឋអាម៉េរិកចង់ឱ្យប្រទេសចិនធ្វើកំណែទម្រង់ស៊ីជម្រៅ ហើយបិទបញ្ចប់វប្បធម៌ធ្វើជំនួញដែលមិនស្មោះត្រង់។ ទន្ទឹមគ្នានេះផងដែរ ប្រទេសចិនត្រូវឈប់ប្រើយុទ្ធសាស្ត្រលួចកម្មសិទ្ធិបញ្ញានិងបច្ចេកវិទ្យាថ្មីៗរបស់សហរដ្ឋអាម៉េរិក ដោយគ្មាន​ការគោរពច្បាប់កម្មសិទ្ធិបញ្ញា។ ប្រទេសចិន ក៏បានខឹងសម្បារនឹងសហរដ្ឋអាម៉េរិកផងដែរ រហូតដល់មានសង្គ្រាមពាណិជ្ជកម្ម​ជាមួយគ្នា ពីព្រោះប្រធានាធិបតីសហរដ្ឋអាម៉េរិកដែលប្រកាន់យកគោលការណ៍អាត្មានិយម(គាំពារនិយម) បានតម្លើង​ពន្ធលើទំនិញចិននាំដែលចូលទៅកាន់សហរដ្ឋអាម៉េរិកដោយឯកតោភាគី ហើយរដ្ឋាភិបាលរបស់លោកត្រាំបានបង្កើតច្បាប់កំណត់ពន្ធគយរបស់សហរដ្ឋអាម៉េរិក ដែលកម្រិតពន្ធលើទំនិញនាំចូលពីចិនជាមួយនឹងការដាក់រនាំងពន្ធគយចំនួន​២៥ភាគរយ ចំពោះទំនិញជាង ៨០០មុខរបស់ចិនដែលនាំចូលទៅក្នុងទឹកដីសហរដ្ឋអាម៉េរិក។ ទន្ទឹមគ្នានេះផងដែរ មហាយក្ស​ចិន​បានចោទប្រកាន់សហរដ្ឋអាម៉េរិកថាជាអ្នកបង្កសង្គ្រាមពាណិជ្ជកម្មជាប្រវត្តិសាស្ត្រ ហើយសហរដ្ឋអាម៉េរិកកំពុងតែរំលោភគោលការណ៍ផ្លាស់ប្តូរពាណិជ្ជកម្មសេរីរបស់អង្គការពាណិជ្ជកម្មពិភពលោកដែរ។

បញ្ហាចម្បងៗដែលជាការលំបាកក្នុងការចរចាពាណិជ្ជកម្មនេះ គឺថាអាម៉េរិកចង់ចរចាឱ្យចិនកាត់បន្ថយនូវ មហិច្ឆតាសេដ្ឋកិច្ចនិង​ពាណិជ្ជកម្មរបស់ខ្លួន។ វាមិនមែនជារឿងងាយទេ បើយើងក្រឡេកមើលគោលនយោបាយ វាតទីប្រកបដោយឆន្ទៈមុះមុតរបស់លោកប្រធានាធិបតីចិន ដូចនៅក្នុងផែនការផលិតផលចិន «Made in China 2025» លោក ស៊ី ជីនពីង មានបំណងផ្លាស់​ប្តូរចិន ដែលធ្លាប់ជាជង្រុករោងចក្រផលិតទំនិញកំប៉ិកកំប៉ុកឱ្យក្លាយទៅជាអ្នកឈានមុខគេក្នុងវិស័យបច្ចេកវិទ្យា ពោលក្នុងវិស័យ «ប្រាជ្ញាសិប្បនិម្មិត(AI)» ជាដើម។ បច្ចុប្បន្ន ចិនមានសេដ្ឋកិច្ចរីកចម្រើនគ្រប់គ្រាន់ ដែលអាចប្រកួតជាមួយសហរដ្ឋអាម៉េរិកបាន។

សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិននិងសហរដ្ឋអាម៉េរិក បានធ្វើឱ្យផលប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេស ទាំងពីរ និងសេដ្ឋកិច្ចអន្តរជាតិ ដូចជា អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិបានលើកឡើងថា សង្រ្គាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចទាំងពីរនេះបានអូសបន្លាយយូរ និងជះផលអវិជ្ជមានដល់កំណើនសេដ្ឋកិច្ចសកល ព្រមទាំង ទីផ្សារហិរញ្ញវត្ថុអន្តរជាតិ។ កាលពីពេលថ្មីៗនេះ នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានបញ្ជាក់ដែរថា សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាម៉េរិក អាចនឹងធ្វើឱ្យខាតបង់ដល់សេដ្ឋកិច្ចសកលប្រមាណ ៧០០ពាន់លានដុល្លារអាម៉េរិក ឬស្មើនឹងប្រមាណ ០.៨ ភាគរយនៃ GDP របស់ពិភពលោកនៅឆ្នាំ២០២០នេះ ដោយសារតែអត្រាកំណើនសេដ្ឋកិច្ចសកលធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន។ អ្នក​ជំនាញខ្លះបានរិះគន់សង្រ្គាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះថា វាមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសទាំងពីរ​ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ថែមទាំងធ្វើឱ្យមានភាពរង្គោះរង្គើដល់ទីផ្សារសកលផងដែរ ដោយសារតែវាអាចមានទំហំធំប្រហាក់ប្រហែល​ទៅនឹងវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ២០០៨។ អ្នកប្រឹក្សាសេដ្ឋកិច្ចជាច្រើនបានមើលឃើញថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិកលើកនេះគឺជាគំនិតព្យុះសង្ឃរា ដែលបោកបក់លើសេដ្ឋកិច្ចពាណិជ្ជកម្មពិភពលោកទាំងមូល។

ម្យ៉ាងវិញទៀត សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាម៉េរិក បានធ្វើឱ្យទីផ្សារហិរញ្ញវត្ថុនៅអាស៊ី អឺរ៉ុប និងអាម៉េរិកធ្លាក់ចុះយ៉ាងខ្លាំង។ ជម្លោះពាណិជ្ជកម្មនេះ ក៏បានជះឥទ្ធិពលដល់បណ្តាប្រទេសជាច្រើន ដែលដើរតួនាទីសំខាន់នៅក្នុងការផ្គត់​ផ្គង់​ចង្វាក់ផលិតកម្មផងដែរ។ ប្រទេសសឹង្ហបុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង និង តៃវ៉ាន់ ដែលជាប្រទេសសេដ្ឋកិច្ចទីផ្សារសេរី នឹងទទួល​រងផលប៉ះពាល់ចំពោះការផ្គត់ផ្គង់។ សង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចសហរដ្ឋអាម៉េរិកក្រោមការដឹកនាំរបស់លោកប្រធានាធីបតី ដូណាល់ ត្រាំ និងមហាយក្សចិនក្រោមការដឹកនាំរបស់លោកប្រធានាធីបតី ស៊ី ជីនពីង កំពុងរុញច្រានឱ្យសេដ្ឋកិច្ច​ពិភពលោករំកិលទៅរកមាត់ជ្រោះនៃវិបត្តិ។ ឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចនេះ អាចកើតឡើងបានគ្រប់ពេល និងពាសពេញ​ពិភពលោក។ ជាក់ស្តែង សង្រ្គាមពាណិជ្ជកម្មនេះបាននាំឱ្យក្រុមហ៊ុនអេឡិចត្រូនិចយក្យ LG និង Samsung Electronics របស់កូរ៉េខាងត្បូងផ្លាស់ប្តូរទីកន្លែងផលិតបច្ចេកវិទ្យារបស់ពួកគេពីប្រទេសចិនទៅកាន់ប្រទេសវៀតណាម ដើម្បីជៀសវាងការ​យក​ពន្ធរបស់សហរដ្ឋអាម៉េរិក។ ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលមានទំនាក់ទំនងល្អជាមួយប្រទេសចិន ជាពិសេស ទំនាក់​ទំនងខាងសេដ្ឋកិច្ច ក៏គួរតែមានការប្រុងប្រយ័ត្នដែរ។ ប្រទេសកម្ពុជាអាចជួបប្រទះវិបត្តិសេដ្ឋកិច្ចខ្លះ ប្រសិនបើប្រទេស​ចិន​ជួប​ប្រទះវិបត្តិសេដ្ឋកិច្ច ពីព្រោះប្រទេសកម្ពុជាមានទំនាក់ទំនងសេដ្ឋកិច្ចជិតស្និតជាមួយប្រទេសចិន ហើយវិស័យទេសចរណ៍ និង​ការវិនិយោគធំបំផុតនៅកម្ពុជាបច្ចុប្បន្នក៏ពឹងអាស្រ័យលើទេសចរចិន និងវិនិយោគិនចិនដែរ។

ដើម្បីដោះស្រាយភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិននិងសហរដ្ឋអាម៉េរិក និងឈានទៅបញ្ចប់សង្រ្គាមពាណិជ្ជនេះ ប្រទេសទាំងពីរបានបង្កើតគណៈកម្មការមួយសម្រាប់ពិភាក្សាគ្នា ដើម្បីជំរុញឱ្យមានកិច្ចព្រមព្រៀងជាមួយគ្នា។ យោងតាមសារព័ត៌មានរស្មីកម្ពុជា បានចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ បានលើកឡើងថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២០ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ជាមួយចិនដែលត្រូវបាន​គេរំពឹងថានឹងជំរុញការនាំចេញពីសហរដ្ឋអាម៉េរិក និងបន្ថយភាពតានតឹងនៃជម្លោះពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរ។ ឧបនាយករដ្ឋមន្រ្តីចិន លោក លីវ ហឹ និងប្រធានាធិបតីអាម៉េរិក បង្ហាញកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលត្រូវបានចុះហត្ថលេខាក្នុងពិធីចុះហត្ថលេខានៅសេតវិមាន ដោយលោកត្រាំ បាននិយាយថា កិច្ចព្រមព្រៀងនេះ «កែកំហុសពីអតីតកាល»។

យោងតាមសារព័ត៌មានស៊ីអិនអិន (CNN News) ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ កិច្ចព្រមព្រៀងនៃប្រទេសទាំងពីរតម្រូវឱ្យមានការកែទម្រង់រចនាសម្ព័ន្ធចំពោះរបបសេដ្ឋកិច្ច​និងពាណិជ្ជកម្មរបស់ប្រទេសចិនក្នុងវិស័យកម្មសិទ្ធិបញ្ញា ការផ្ទេរបច្ចេកវិទ្យា កសិកម្ម សេវាកម្មហិរញ្ញវត្ថុ ព្រមទាំងរូបិយប័ណ្ណនិងការប្តូរប្រាក់បរទេស។ កិច្ចព្រមព្រៀងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការទិញទំនិញ និងសេវាកម្មរបស់​អាម៉េរិកចំនួន ២០០ ពាន់លានដុល្លារបន្ថែមទៀតក្នុងរយៈពេលពីរឆ្នាំខាងមុខ។ លើសពីនេះទៀត កិច្ចព្រមព្រៀងនេះក៏អំពាវនាវឱ្យប្រទេសចិនទិញផលិតផលកសិកម្មរបស់សហរដ្ឋអាម៉េរិកចំនួន ៣២ ពាន់លានដុល្លារសហរដ្ឋអាម៉េរិកក្នុងរយៈពេលពីរឆ្នាំខាងមុខដែរ។

ម្យ៉ាងវិញទៀត បើតាមសារព័ត៌មាន The New York Time ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ប្រទេសចិននឹងកាត់បន្ថយ​ពន្ធលើទំនិញផលិតនៅសហរដ្ឋអាម៉េរិកដែលមានតម្លៃ ៧៥ ពាន់លានដុល្លារសហរដ្ឋអាម៉េរិកដែលជាជំហានមួយ បង្ហាញ​ពី​ចេតនារបស់ខ្លួនក្នុងការបញ្ចប់សង្គ្រាមពាណិជ្ជកម្មជាមួយប្រធានាធិបតី ដូណាល់ត្រំា។ សហរដ្ឋអាម៉េរិកបានយល់ព្រមកាត់បន្ថយ​ពន្ធលើទំនិញដែលផលិតដោយចិនមានតម្លៃ ១២០ ពាន់លានដុល្លារដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនោះ។ ក្រសួង​ហិរញ្ញវត្ថុចិនបាននិយាយថា ខ្លួននឹងកាត់បន្ថយពន្ធពាក់កណ្តាលដែលខ្លួនបានដាក់កាលពីខែកញ្ញា ឆ្នាំ២០១៩ លើរថយន្តរបស់អាម៉េរិក ប្រេងឆៅ សណ្តែកសៀង និងទំនិញផ្សេងទៀត។ ការកាត់បន្ថយពន្ធនឹងចូលជាធរមាននៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ​២០២០។

សរុបសេចក្តីមក សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាម៉េរិក ពិតជាមានឥទ្ធិពលខ្លាំងក្លា ដែលបណ្តាលឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសទាំងពីរ សេដ្ឋកិច្ចពិភពលោក និងសេដ្ឋកិច្ចនៅតំបន់អាស៊ី។ ជាការណ៍ពិត ប្រសិន​បើ​សង្គ្រាម​ពាណិជ្ជកម្មនេះនៅតែបន្តក្នុងរយៈពេលវែង វាមិនត្រឹមតែធ្វើឱ្យមានវិបត្តិដល់សេដ្ឋកិច្ចរបស់ប្រទេសដែលជាដៃគូរពាណិជ្ជកម្ម​របស់ប្រទេសមហាអំណាចទាំងពីរនោះទេ ប៉ុន្តែ វាក៏អាចបង្កឱ្យមានវិបត្តិនិងជម្លោះផ្សេងៗទៀតកើតឡើងផងដែរ។ ដូច្នេះ ការអត់ធ្មត់ និងការថយក្រោយមួយជំហានម្នាក់រវាងប្រទេសតួអង្គជម្លោះទាំងពីរ ដើម្បីស្វែងដំណោះស្រាយដោយសន្តិវិធី និង​ការយោយល់ក្នុងបំណងបញ្ចប់សង្គ្រាម គឺជារឿងចាំបាច់ដែលត្រូវធ្វើជាអាទិភាព។ បើមិនដូច្នោះទេ ហានិភ័យធំៗដែលស្មានមិន​ដល់នឹងអាចកើតឡើងលើប្រទេសទាំងពីរ ប្រទេសក្នុងតំបន់ និងពិភពលោកទាំងមូល៕


អត្ថបទទាក់ទង

«បេក្ខជនបណ្ឌិតមកពីអាម៉េរិក សិក្សាពីវប្បធម៌ខ្មែរ»

កញ្ញា អេមីលី ហាវ ជាបេក្ខជនបណ្ឌិត ជនជាតិអាម៉េរិក មកពីសាកលវិទ្យាល័យបូស្តុន សហរដ្ឋអាមេរិក សិក្សា ពីវប្បធម៌ខ្មែរ ហើយកញ្ញាជាស្រ្តីបរទេសដែលកំពុងតែជក់ចិត្តនឹងការសិក្សាពីតូរតន្ត្រីរបស់កម្ពុជា ជាមួយឯកឧត្តមបណ្ឌ...

2018-09-12 09:03:45   Wed, 12,09,2018, 09:03 AM
ដំណឹងជ្រើសរើសបុគ្គលិកបន្ទាន់

ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប សូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា យើងខ្ញុំត្រូវការជ្រើសរើសមន្ត្រីស្ម័គ្រចិត្ត ជំនាញអគ្គិសនីចំនួន ០២រូប ដើម្បីបំពេញការងារនៅទីស្នាក់ការ ឧទ្យានផ្ទាល់នៅ ក...

2018-09-12 04:59:32   Wed, 12,09,2018, 04:59 AM
«ស្នាដៃតន្រ្តីបង្សុកូល៖ អតីតកាលជាមេរៀនសម្រាប់បច្ចុប្បន្ន​បច្ចុប្បន្នដើម្បីអនាគត»

«បង្សុកូល៖ អតីតកាលជាមេរៀនសម្រាប់បច្ចុប្បន្ន បច្ចុប្បន្នដើម្បីអនាគត» គឺជាស្នាដៃ​និពន្ធថ្មី​​ស្រឡាងមួយដែលកើតចេញពីគំនិត និងការ​​​ច្នៃ ប្រឌិតខ្ពស់របស់កូនខ្មែរ​​​ដោយរួមបញ្ចូល​ការនិពន្ធ​បទភ្លេងថ្មី ចម្រៀង​​...

2018-09-12 03:22:49   Wed, 12,09,2018, 03:22 AM
បោកខោអាវក្នុងផ្ទះ ជាភាពចាំបាច់សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

បន្ទាប់ពីការងារចុះស្រាវជ្រាវយ៉ាងមមាញឹកអំពីការចិញ្ចឹមគោយកទឹកដោះនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹបកន្លងទៅ។ នៅព្រឹកថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខ...

2018-09-11 04:24:56   Tue, 11,09,2018, 04:24 AM
«គម្រោងការចិញ្ចឹមគោយកទឹកដោះ ឈានដល់ដំណាក់កាលសំខាន់»

អស់រយៈពេលជិត១ឆ្នាំកន្លងមកហើយដែលរាជបណ្ឌិត្យសភាកម្ពុជា បាន​ដាក់​ចេញ​នូវ​គោល​ដៅ​​រៀបចំ​​គម្រោង​​​សិក្សា​ពីលទ្ធភាពនៃការចិញ្ចឹមគោយកទឹកដោះនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ គម្រោងការនេះ ជា​ចំណែក​​​មួយ​​ដែល​ថ្...

2018-09-08 09:59:36   Sat, 08,09,2018, 09:59 AM
«ថ្ងៃនេះ ឆ្នាំមុន គឺគម្រប់ខួបមួយឆ្នាំនៃពិធីក្រុងពាលី និងបញ្ចុះបឋមសីលា សាងសង់អគារខេមរវិទូ»

បើគិតចាប់ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ដល់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ គឺមានរយៈពេលមួយឆ្នាំគត់ដែលថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា បានចូលរួមក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលា សាង...

2018-09-07 07:35:15   Fri, 07,09,2018, 07:35 AM

សេចក្តីប្រកាស